
លោក Rayson ប្រធានផ្នែកលក់នៃក្រុមហ៊ុន R&F Properties។ រូបថត ស៊ីវ ម៉េង
ក្រុមហ៊ុនយក្ស ១ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ១០ នៅប្រទេសចិនដែលវិនិយោគលើវិស័យអចលនទ្រព្យ R&F Properties កាលពីពេលកន្លងមកបានសម្រេចចិត្តវិនិយោគលើគម្រោងដ៏ធំ ១ នៅកម្ពុជាដែលមានឈ្មោះថា R&F City ស្ថិតលើផ្ទៃដីទំហំជាង ៧ ហិកតានៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន។
លោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្តិ៍ កាលពីសប្តាហ៍មុនបានជួបជាមួយលោក RAYSON ប្រធានផ្នែកលក់នៃក្រុមហ៊ុន R&F Properties ដើម្បីស្វែងយល់ពីគម្រោង R&F City និងទស្សនវិស័យរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត។
តើក្រុមហ៊ុន R&F Properties ចូលមកប្រទេសកម្ពុជាពីពេលណា?
R&F Properties បានចូលមកបោះទុនវិនិយោគនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧។ កម្ពុជា គឺជាប្រទេសទី ២ ក្នុងតំបន់អាស៊ានដែលក្រុមហ៊ុនបានមកវិនិយោគ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា។ ហេតុផលដែលយើងមកទីនេះ ដោយសារគោលនយោបាយ «ខ្សែក្រវាត់ ១ ផ្លូវ ១» ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី ស៊ី ជីនភីង ខណៈកម្ពុជាជាប្រទេសមានលក្ខណពិសេសដែលនឹងទទួលផលប្រយោជន៍ច្រើនពីនយោបាយនេះ។
យើងចាប់ផ្តើមគម្រោងនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ព្រោះយើងចង់ផ្តល់នូវបែបផែនជីវិតថ្មី ១ សម្រាប់ប្រជាជនខ្មែរ និងសហគមន៍ចិនដែលមកវិនិយោគ និងធ្វើការនៅប្រទេសកម្ពុជា។
តើ R&F City ចាប់ផ្តើមសាងសាង់កាលពីពេលណា? បញ្ចប់ពេលណា? មានទុនវិនិយោគប៉ុន្មាន?
R&F City បានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនាឆ្នាំ ២០១៨ នេះដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០។ គម្រោងនេះមានទឹកប្រាក់វិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក។
តើគម្រោងនេះមានលក្ខណពិសេសអ្វីខ្លះ? ចាប់ផ្តើមបើកលក់ ឬនៅ?
គម្រោងនេះរួមមានអគារសរុបចំនួន ២០ ដែលអគារនីមួយៗមានកម្ពស់ ៣៣ ជាន់។ គម្រោងនេះមានផ្ទះស្នាក់នៅចំនួន ៥២៣២ យូនីត រួមជាមួយក្លិបកីឡាទំហំ ៣២០០ ម៉ែត្រការ៉េផ្ទះបែបអាជីវកម្មចំនួន ៣៨ និងមានសួនច្បារដ៏ធំទៀតផង។ គម្រោងនេះបានចាប់ផ្តើមបើកលក់ហើយ ដោយយើងផ្តោតលើទីផ្សារនៅប្រទេសចិន និងកម្ពុជា។ សំណង់ និងការរចនារបស់គម្រោងផ្តោតជាពិសេសលើអតិថិជនជនជាតិចិនដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។
យើងក៏ផ្តោតលើអតិថិជនជនជាតិខ្មែរផងដែរព្រោះខ្ញុំគិតថានៅពេលអនាគតប្រជាជនខ្មែរនឹងផ្លាស់ប្តូរទម្លាប់ការរស់ទៅរស់នៅក្នុងខុនដូ ឬអាផាតមិនដោយសារការរស់នៅខុនដូ ឬអាផាតមិន គឺមានភាពងាយស្រួល និងមានសុវត្ថិភាព។
ផ្ទះក្នុងគម្រោង R&F City លក់ក្នុងតម្លៃចាប់ពី ១៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េឡើងទៅ។
មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹង Royal Group ដើម្បីសង់សណ្ឋាគារ ១ ក្នុងខេត្តព្រះសីហនុ។ តើនេះជារឿងពិតដែរឬទេ?
បច្ចុប្បន្ននេះយើងមិនមានគម្រោង ឬបានចាប់ដៃគូជាមួយក្រុមហ៊ុន Royal Group ទេ ប៉ុន្តែសម្រាប់ពេលអនាគតយើងមិនទាន់ដឹងទេ ហើយបច្ចុប្បន្នយើងក៏មិនមានគម្រោងវិនិយោគនៅខេត្តព្រះសីហនុនោះទេ។
តើកត្តាអ្វីខ្លះដែលទាក់ទាញឲ្យក្រុមហ៊ុនចិនជាច្រើនចូលមកវិនិយោគនៅប្រទេសកម្ពុជា?
ហេតុផលចម្បងមានដូចជា ទី ១ ជាតំបន់ដែលមានវិថីសូត្រឆ្លងកាត់ ទី ២ ថ្នាក់ដឹកនាំកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ទី ៣ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ និងទី ៤ មានស្ថិរភាពនយោបាយល្អប្រសើរ។ នៅពេលនេះមានអ្នកវិនិយោគចិនជាច្រើនបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលមានដូចជា ព្រលានយន្តហោះ ផ្លូវហាយវេ រោងចក្រ សហគ្រាស និងវិស័យថាមពលអគ្គិសនីជាដើម។
បច្ចុប្បន្នចំនួនអ្នកវិនិយោគជនជាតិចិនដែលចង់ចេញទៅវិនិយោគនៅក្រៅប្រទេសមានចំនួនកើនឡើងជាលំដាប់។ កម្ពុជាជាទីផ្សារល្អ និងទាក់ទាញពិសេសរាជធានីភ្នំពេញ។
តើលោកយល់ឃើញបែបណាដែរចំពោះទីផ្សារនៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាប?
ទោះបីជាខេត្តព្រះសីហនុ និងខេត្តសៀមរាបមានសក្តានុពលខ្លាំង ប៉ុន្តែខេត្តទាំង ២ នេះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលដល់ការរស់នៅដូចរាជធានីភ្នំពេញនោះទេ។ សូម្បីតែខ្ញុំក៏ចង់រស់នៅក្នុងរាជធានីភ្នំពេញដែរ តែយើងអាចទៅកម្សាន្តនៅខេត្តព្រះសីហនុ និងសៀមរាបនៅថ្ងៃចុងសប្តាហ៍។
ហេតុអ្វីបានជាក្រុមហ៊ុនជ្រើសរើសយកមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាកន្លែងអភិវឌ្ឍគម្រោងរបស់ខ្លួន?
ទីតាំង និងស្ថានភាពដីនៅទីនោះមានភាពល្អប្រសើរទាំងពេលបច្ចុប្បន្ន និងពេលអនាគត ពិសេសទីនោះក៏មានចម្ងាយមិនឆ្ងាយពីព្រលានយន្តហោះផងដែរ។ ម្យ៉ាងវិញទៀតដោយសារសម្តេច ហ៊ុន សែន មានទំនាក់ទំនងល្អជាមួយមេដឹកនាំ និងប្រជាជនចិន។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន R&F Properties បានលើកស្លាកធំ ១ ទៀតនៅលើមហាវិថីព្រះមុនីវង្ស។ តើនោះជាគម្រោងអ្វី? ចាប់ផ្តើមនៅពេលណា?
ពិតហើយនោះជាគម្រោងដ៏ធំរបស់យើង ១ ទៀត ប៉ុន្តែយើងមិនទាន់ចាប់ផ្តើមទេ ដោយពេលនេះក្រុមហ៊ុនកំពុងសិក្សាទីផ្សារ។ ហេតុនេះយើងមិនទាន់អាចនិយាយថាគម្រោងនៅទីតាំងថ្មីនេះជាគម្រោងអ្វីបានទេ៕