ការអភិវឌ្ឍលើអតីតដីបឹងកក់ដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ បានក្លាយមកជាប្រធានបទដ៏ចម្រូងចម្រាស់បំផុតមួយ ហើយស្របពេលនេះដែរក៏វាជាតំបន់អភិវឌ្ឍអចលនទ្រព្យយ៉ាងឆាប់រហ័ស និងធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ហើយឥឡូវនេះទំព័រប្រវត្តិសាស្ត្រក្នុងតំបន់អភិវឌ្ឍអចលនទ្រព្យនេះជិតចាប់ផ្តើមហើយ។ ក្នុងទស្សនវិស័យរបស់ក្រុមហ៊ុនអចលទ្រព្យឯកជន ShukakuInce. ដែលជាក្រុមហ៊ុនអចលទ្រព្យទទួលបានការផ្តល់ សម្បទានរយៈពេល៩៩ឆ្នាំ សម្រាប់ ការអភិវឌ្ឍលើតំបន់នេះកាលពីឆ្នាំ២០០៨កន្លងទៅ ការចាប់ផ្តើមអភិវឌ្ឍនៅលើដីក្នុងតំបន់នេះនឹងមិនងាយស្រួលនោះឡើយ។
សេចក្តីកែតម្រូវ
នៅក្នុងអត្ថបទ «Shukaku នឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយនៅបឹងកក់» នៃប៉ុស្តិ៍អចលនទ្រព្យ ចេញផ្សាយកាលពីថ្ងៃ ២៣ ខែមិថុនា នៅកថាខណ្ឌទី៣ ដែលថា [ក្នុងទស្សនវិស័យរបស់ក្រុមហ៊ុនអចលទ្រព្យឯកជន ShukakuInce. ដែលជាក្រុមហ៊ុនអចលទ្រព្យទទួលបានការផ្តល់ សម្បទានរយៈពេល៩៩ឆ្នាំ សម្រាប់ ការអភិវឌ្ឍលើតំបន់នេះកាលពីឆ្នាំ២០០៨កន្លងទៅ ការចាប់ផ្តើមអភិវឌ្ឍនៅលើដីក្នុងតំបន់នេះនឹងមិនងាយស្រួលនោះឡើយ។] សូមអានថា [ក្រុមហ៊ុន ShukakuInc. មានកិច្ចសន្យាជួលរយៈពេលចំនួន ៩៩ឆ្នាំ នៅលើដីដែលធ្លាប់តែជាអតិតបឹងកក់។ នេះគឺមិនពិតទេ។ បើយោងតាមការអះអាងរបស់ក្រុមហ៊ុន Shukaku គឺក្រុមហ៊ុននេះមានសិទ្ធិកាន់កាប់ដីនេះដោយមិនកំណត់រយៈពេលវេលា។]
ដោយមានការបូមទឹកចេញ និងចាក់ខ្សាច់បំពេញបឹងក្នុងឆ្នាំ២០០៨ សារព័ត៌មានល្បីៗជាច្រើនបានចុះផ្សាយនូវបញ្ហាវិវាទ កម្មសិទ្ធិរបស់អតីតអ្នកភូមិរស់នៅបឹងកក់ប្រមាណ ២ម៉ឺននាក់ ដែលត្រូវបានបណ្តេញចេញពីទីនោះ ហើយពុំបានទទួលសំណងសមស្រប ហើយភ្លាមៗនោះអាជ្ញាធរបាន គេច វេសពីសំណួរដែលសួរថា តើដីនោះ នឹងត្រូវអភិវឌ្ឍទៅជាអ្វី?
រឿងដែលអាក្រក់ជាងនេះទៅទៀតនោះ គឺបញ្ហាទឹកជំនន់ដែលបានកើតឡើងក្រោយពេលចាក់ខ្សាច់លុបបឹងនោះ ដែលបានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កន្លែងស្តុកទឹក និងកន្លែងទឹកហូរពីទីក្រុងភ្នំពេញ ក្នុងរដូវ វស្សា។
បើទោះបីជាបញ្ហាទឹកជំនន់ និងការផ្តល់សំណងទៅឲ្យជនរងគ្រោះ ដែលត្រូវបានបណ្តេញចេញពុំទាន់បានដោះស្រាយចប់រួចរាល់ ដោយសាលាក្រុងក្តី ក្រុមហ៊ុន Shukaku ត្រូវបានរងការរិះគន់ពីមតិសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះមានសំណួរធំមួយមិនទាន់ឆ្លើយចេញ គឺ៖ តើគេនឹងធ្វើអ្វីនៅលើផ្ទៃដីបឹងទំហំ ១១១.៦ ហិកតា ដែលគេទើបតែចាក់ដីបំពេញ ហើយវាជាកន្លែងអភិវឌ្ឍសំណង់អចលនទ្រព្យដ៏ធំជាងគេមួយនៅចំចំណុចកណ្តាលបេះដូងនៃរាជធានីភ្នំពេញ?
ក្នុងបទសម្ភាសន៍លើកដំបូងជាមួយភ្នំពេញប៉ុស្តិ៍ Michelle Lau ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះ បានទទួលស្គាល់ថា ការផ្លាស់ទីលំនៅរបស់អ្នកភូមិបឹងកក់គួរតែត្រូវបានដោះស្រាយល្អប្រសើរជាងនេះ ឯបញ្ហាទឹកជំនន់ក៏នៅតែមានដដែល។
បើទោះជាយ៉ាងនេះក្តីអ្នកនាងស្នើ និយាយតែអំពីអនាគតវិញ ព្រោះក្រុមហ៊ុន Shukaku បានរៀបចំរួចរាល់នូវទិសដៅក្នុងការអភិវឌ្ឍលើអតីតបឹងកក់នេះ ដែលឥឡូវនេះ Shukaku ហៅតំបន់នេះថា Phnom Penh City Centre (PPCC)។
ស្ត្រីម្នាក់វ័យ២៦ឆ្នាំ ដែលត្រូវបានគេដឹងថាជាកូនស្រីសមាជិកព្រឹទ្ធសភា និងសមាជិកគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃិន គឺជាអ្នកគ្រប់គ្រងដោះស្រាយលើបញ្ហានេះសម្រាប់ក្រុមហ៊ុន Shukaku តាំងពីឆ្នាំ ២០១២មកម្ល៉េះ។ អ្នកនាងជាម្ចាស់ និងជាអ្នកគ្រប់គ្រងកិច្ចសហការមុខជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជា និងមានបរិញ្ញាបត្រខាងផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី។
មុខនាទីរបស់អ្នកនាង គឺធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយពីសំណង់អចលនទ្រព្យនៅបឹងកក់ទទួលបានភាពជោគជ័យ ចាប់តាំងពីការចាប់ផ្តើមគ្រាដំបូងដ៏លំបាកលំបិន ទំនាក់ទំនងដែលជួបបញ្ហាចម្រូងចម្រាស់យ៉ាងច្រើន ដោយធ្វើយ៉ាងណាឲ្យសាធារណជនស្គាល់ពីវិសាលភាព និងទំហំដ៏ធំនៃគម្រោងអភិវឌ្ឍមួយនេះ។
នៅពាក់កណ្តាលដំណើរការនៃគម្រោងអភិវឌ្ឍដ៏ធំនេះ ប៉ុស្តិ៍អចលនទ្រព្យ បានជួប Lau ដែលពេលនោះ អ្នកនាងមានភាពស្ងប់ស្ងាត់ និងស្លៀកខោខៅប៊យពណ៌ខៀវអាវយឺតដៃវែងយ៉ាងសាមញ្ញ។ តែអ្នកនាងបាននិយាយយ៉ាងម៉ឺងម៉ាត់ និងមានភាពវិជ្ជមានចំពោះភាពជោគជ័យដ៏ធំរបស់ PPCC។
គម្រោងអភិវឌ្ឍសម្រាប់ប្លង់មេថ្មីរបស់ PPCC បានចាប់ផ្តើមក្នុងឆ្នាំ២០១២ គឺជាឆ្នាំដែលអ្នកនាង Lau ឈានជើងចូលទៅក្នុងក្រុមហ៊ុន Shukaku។
លាតសន្ធឹងនៅលើផ្ទៃដី ១១១.៦ហិកតា Shukaku ហាក់ដូចជាមានការជោគជ័យ ក្នុងការអភិវឌ្ឍ និងផ្តល់នូវប្លង់មេសម្រាប់គម្រោងអភិវឌ្ឍយ៉ាងច្បាស់លាស់ និងមានតម្លាភាពបំផុតនៅក្នុងប្រទេសកម្ពុជា។
ប្លង់មេថ្មីនេះបានពុះចែកដីទៅជាដីឡូត៍ ៤០កន្លែង ដោយឡែកពីគ្នា ដោយដីឡូត៍នីមួយៗសុទ្ធតែមានគម្រោងសម្រាប់ការអភិវឌ្ឍច្បាស់លាស់រៀងៗខ្លួន ហើយសំខាន់បំផុតនោះវាបង្កើតនូវ «ទីក្រុងថ្មីមួយស្ថិតនៅក្នុងទីក្រុងដែលមានស្រាប់ទៅហើយនោះ ហើយថែមទាំងអាចរស់នៅបានទៀតផងជាមួយនឹងការរចនា និងរៀបចំសម្រាប់គម្រោងសំណង់គេហដ្ឋានទីក្រុង ដែលមានស្តង់ដាអន្តរជាតិក្រោមគោលការណ៍ណែនាំគម្រោងអភិវឌ្ឍច្បាស់ លាស់ និងមានរបៀបរៀបរយ»។ នេះបើតាមសម្តីរបស់អ្នកនាង Lau។
ពិតណាស់ តំបន់ដ៏ធំដូច PPCC មិនអាចអភិវឌ្ឍបានដោយក្រុមហ៊ុនអភិវឌ្ឍតែមួយឯកឯងបាននោះទេ។
ជំនួសឲ្យការព្យាយាមសហការធំៗជាមួយក្រុមហ៊ុនផ្សេង ដែលធ្លាប់បានសាកល្បងរួចមកហើយក្នុងឆ្នាំ២០១៤ ជាមួយក្រុមហ៊ុនចិនឈ្មោះ Erdos Hongiun Investment Corporation ដែលមានបំណងចង់សហការអភិវឌ្ឍលើផ្ទៃដីប្រហែល ៥០ភាគ រយ នៃផ្ទៃដីនោះទាំងមូល តែត្រូវបរាជ័យនោះ ក្រុមហ៊ុន Shukaku បានប្តូរទស្សនៈវិស័យរបស់ខ្លួនហើយផ្លាស់មកស្វែងរកដៃគូសហការវិញម្តង។
អ្នកនាង Lau បានថ្លែងថា ៖ «ដោយសារយើងបានរួមបញ្ជូលនូវការគ្រប់គ្រងគម្រោងអភិវឌ្ឍទីក្រុងទៅក្នុងគម្រោងរបស់យើង ព្រមទាំងប្រព័ន្ធទាំងមូលរួចហើយនោះ នាពេលបច្ចុប្បន្ន យើងកំពុងស្វែងរកសហគ្រាសចាប់ពីខ្នាតតូចទៅខ្នាតកណ្តាលសម្រាប់ការ សហការគ្នាជាដៃគូ»។
ខណៈដែលដីឡូត៍ខ្លះត្រូវបានលក់ ឬនឹងត្រូវបានលក់ទៅឲ្យវិនិយោគិន ដែលយើងពុំបានស្គាល់នោះ Shukaku នឹងនៅតែដំណើរការអភិវឌ្ឍលើដីមួយចំនួនធំនៅតំបន់នេះដដែល។
អ្នកនាង Lau ថ្លែងបន្តថា ៖ «យើងកំពុងតែស្វែងរកក្រុមហ៊ុនទាំងឡាយណាដែលយល់ពីអ្វីដែលពួកយើងកំពុងធ្វើ ព្រោះពួកគេត្រូវតែយល់ថា យើងមិនត្រឹមតែបង្កើតនូវគម្រោងសំណង់ដាច់ដោយឡែកពីគេដូចនៅតំបន់ បឹងកេងកង ឬទួលគកនោះទេ តែយើងចង់បង្កើតទីក្រុងមួយតែម្តង»។
ខុសពីទីក្រុងភ្នំពេញ គម្រោង PPCC មានបំណងចង់រៀបចំគម្រោងអភិវឌ្ឍផ្សេងៗគ្នា ទៅក្នុងតំបន់តែមួយតែមានផ្នែក និងប្រភេទនៃសំណង់ខុសៗគ្នា។ នៅ «ទីក្រុងនៅក្នុងទីក្រុង» របស់ Shukaku សំណង់អាគារគេហដ្ឋាន ពាណិជ្ជកម្ម និងអាគារចម្រុះ ត្រូវបានរៀបចំឲ្យស្ថិតនៅតាមប្រភេទក្នុងតំបន់ច្បាស់លាស់។
យោងតាម អ្នកនាង Lauគុណប្រយោជន៍នៃការកំណត់ឲ្យបានច្បាស់នូវតំបន់ និងទីតាំងថា តើកន្លែងណា ត្រូវដាក់បញ្ជូល និងកន្លែងណាមិនត្រូវដាក់បញ្ជុលនោះ គឺនឹងមាន «តំបន់ស្ថិតនៅចំណុចកណ្តាលមួយ សម្រាប់ការធ្វើជំនួញដើម្បីជម្រុញនូវប្រសិទ្ធិភាព ភាពងាយស្រួល និងដំណើរការការងារប្រកបដោយភាពជឿជាក់។ PPCC នឹងក្លាយជាតំបន់ជំនួញ ពាណិជ្ជកម្ម និងច្រកចេញចូលហិរញ្ញវត្ថុថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ»។
អ្នកនាងបានបន្ថែមថា ៖ «មិនមែនមានតែប៉ុណ្ណឹងទេ។ ទស្សនៈវិស័យរបស់ខ្ញុំ គឺដើម្បីបង្កើតនូវកន្លែងមួយដែលសហគមន៍អាចរស់នៅបាននៅថ្ងៃអនាគតនៅក្នុងប្រទេសកម្ពុជា ដោយពុំចាំបាច់ចេញ ក្រៅពីតំបន់នេះក៏បាន។ ហើយវាបូករួមទាំងទីធ្លាដើមឈើ និងសួនច្បារព្រមទាំងផ្លូវថ្នល់ដែលមានសុវត្ថិភាពក៏ដូចជាផ្តល់នូវច្រកពាណិជ្ជកម្មនៅចំកណ្តាល ដើម្បីជម្រុញនូវប្រសិទ្ធិភាពខ្ពស់ ភាពងាយស្រួលកាន់តែប្រសើរ និងដំណើរការការងារប្រកបដោយភាពជឿជាក់។ PPCC នឹងក្លាយ ជាទីក្រុងនៃរាជធានីភ្នំពេញ»។
រហូតមកដល់ពេលនេះ Shukaku បានបង្ហាញគម្រោងចំនួន ៤ នៅក្នុងតំបន់ PPCC ហើយត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញគម្រោងមួយទៀតនៅថ្ងៃសុក្រនេះ។
កាលពីម្សិលម៉ិញ Salomon Wolf សហស្ថាបនិកក្រុមហ៊ុនវិនិយោគអចលនទ្រព្យអាល្លឺម៉ង់ និងហុងកុងឈ្មោះ Meridian Holdings ក៏បានបង្ហាញគម្រោងអភិវឌ្ឍថ្មីរបស់ខ្លួនជាចុងក្រោយបង្អស់នៅក្នុង PPCC ដែរ ដោយមានតម្លៃប្រមាណ៤០០លានដុល្លារ ដែលរួមមានអគារចម្រុះហើយមានឈ្មោះថា Meridian Square ក្រោមកិច្ចសហការជាមួយ Shukaku។ ក្រុមហ៊ុន Meridian រំពឹងថា នឹងមានការប្រកាសស្រដៀងគ្នានេះដែរ នៅប៉ុន្មានខែខាងមុខនេះ។
ជាមួយនឹងរយៈពេលអភិវឌ្ឍដែលរំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៥ PPCC អាចរំពឹងថា នឹងមានភ្ញៀវចូលទស្សនាប្រមាណ ២សែននាក់ រហូតដល់ពេលសាងសង់រួច ហើយក្នុងនោះ ៥៦០០០ នាក់ ជាអតិថិជនដែលនឹងស្នាក់នៅទីនោះផ្ទាល់តែម្តង៕
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com