សិង្ហបុរីៈ ការស្ទង់មតិ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​ ៧ ខែមេសា​បាន​បង្ហាញថា សតិអារម្មណ៍​អាជីវកម្ម​ក្នុងចំណោម​សហគ្រាស​ធុន​តូច​ និង​មធ្យម (SME) បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩ បាន​ផ្ទុះឡើង ដោយ​ក្រុមហ៊ុន​ជាច្រើន​កំពុង​សម្លឹងមើល​ទៅក្នុង​អនាគត​លើសពី​ការរស់រាន​ដើម្បី​ចាប់យក​ឱកាស​ថ្មីៗ​។

ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​ ១៨ ​ខែ​មករា​ដល់​ថ្ងៃទី​ ២៦ ​ខែកុម្ភៈ​ក្នុងចំណោម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​ចំនួន​ជាង​ ២ ១០០ ​។ សន្ទស្សន៍​ចំណាប់អារម្មណ៍ សម្រាប់​ត្រីមាស​ទី​ ២ ​ដល់​ត្រីមាស​ទី​ ៣ ​នៃ​ឆ្នាំនេះ​បាន​ឈានដល់ ៤៩,៩ ដែល​ជា​ការកើនឡើង​លើស​ពី​ ៤៨,២ ​ក្នុង​ត្រីមាស​មុន​។

នេះ​ជា​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​វាយប្រហារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០​។

ជា​ទិន្នន័យ​ស្ទង់​មតិ​ចងក្រង​ដោយ​សហព័ន្ធ​ធុរកិច្ច​សិង្ហបុរី (SBF) និង Experian សន្ទស្សន៍​នេះ​គ្របដណ្តប់​ក្រុមហ៊ុន​នានា​ក្នុង​វិស័យ​សំខាន់ៗ​ចំនួន​ ៦ ក្នុងប្រទេស​សិង្ហបុរី​ចំពោះ​ទស្សនវិស័យ​របស់​ពួកគេ​សម្រាប់​រយៈពេល​ ៦ ​ខែ​បន្ទាប់​រហូតដល់​ខែកញ្ញា​។

លោក Lam Yi Young នាយក​ប្រតិបត្តិ​របស់ SBF បញ្ជាក់​៖ «​នេះ​ជា​ទិន្នន័យ​ប្រសើរឡើង​ក្នុង​ ២ ​ត្រីមាស​ជាប់​គ្នា បង្ហាញ​ថា សតិអារម្មណ៍​អាជីវកម្ម​ក្នុងចំណោម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​កើនឡើង​»​។

លោក​បន្តថា​៖ «​ការបើក​ឡើងវិញ​បណ្តើរៗ​នៃ​សេដ្ឋកិច្ច​របស់​យើង ការបន្ថយ​ការរឹតត្បិត​លើ​អាជីវកម្ម និង​វិធានការ​ថវិកា​ច្រើនបែប​ដែល​បានប្រកាស​នៅ​ដើមឆ្នាំ​នេះ​បាន​ផ្តល់​នូវ​ការជំរុញ​ដែល​ត្រូវការ​ខ្លាំង​ដល់​ទំនុកចិត្ត​របស់ SMEs»៕ ST-ANN/RR