វិនិយោគិនអចលនទ្រព្យព្រមទាំងគ្រួសារជាច្រើនទៀតនឹងបានចូលរួមក្នុងការពិសាអាហាពេលល្ងាចជាមួយនឹងកូនប្រុសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺ Trump Jr. នៅទីក្រុងដែលីក្នុងសប្តាហ៍នេះ ក្រោយពេលដែលលោកលក់បានផ្ទះជាច្រើនក្នុងអគារប្រណីត Trump Towers នៅជាយរដ្ឋធានីនៃប្រទេសឥណ្ឌា។
ដៃគូសហការក្នុងប្រទេសឥណ្ឌារបស់លោក Trump បានសន្យាដោយផ្តល់នូវការពិសាអាហារពេលល្ងាចជាមួយកូនប្រុសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះអតិថិជនទាំងឡាយណាដែលបានទិញផ្ទះពីអគារខ្ពស់ដែលមានការរចនាបង្អួចយ៉ាងធំតាំងពីបាតរហូតដល់ពិតាន និងមានការរចនាម៉ូដបែបសិល្បៈប្រកបដោយភាពប្រណីតនិង «ការរស់នៅលំដាប់អភិជនដែលមានអ្នកប្រចាំការបម្រើ»។
ជាមួយនឹងការតម្រូវឲ្យកក់ប្រាក់ជាមុនដល់ទៅ ២.៥ លានរូពី ឬប្រហែល ៣៩០០០ ដុល្លារអាមេរិកសម្រាប់ផ្ទះមានតម្លៃទាបជាងគេនោះតម្លៃនេះ គឺខ្ពស់ហួសពីសមត្ថភាពរបស់ប្រជាជនឥណ្ឌាភាគច្រើនទៅហើយ។
បើទោះជាមានអតិថិជនប្រមាណ ៧៥ រូបបានទិញហើយក្តី Tribeca ដែលជាក្រុមហ៊ុនសាងសង់របស់ឥណ្ឌារំពឹងថាអតិថិជននឹងកើនដល់ ១០០ រូបមុនកាលបរិច្ឆេទផុតកំណត់នៃប្រម៉ូសិនពិសេសនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសម្តីបុគ្គលិកម្នាក់បានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះ។
បុគ្គលិករូបនោះបាននិយាយថា៖ «ការជួបពិសាអាហារពេលល្ងាចនេះ គឺជាការអរគុណដល់អតិថិជនក្នុងការបង្ហាញនូវជំនឿទុកចិត្តយ៉ាងក្រៃលែងចំពោះគម្រោងដែលនឹងសាងសង់ចប់រួចរាល់ក្នុងពេលខាងមុខ»។
អគារដែលមានកម្ពស់ ៤៧ ជាន់នេះនឹងមានលំនៅឋានចំនួន ២៥០ យូនីតហើយរំពឹងថានឹងសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៣។
ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលើកាសែតឥណ្ឌាកាលពីថ្ងៃចន្ទបានឲ្យដឹងថា អ្នកដែលនឹងស្នាក់នៅអគារនេះនឹងរួមមាន «ឧស្សាហករដ៏ល្បីឈ្មោះម្នាក់» «សិល្បករដ៏ល្បីល្បាញ» និង «កីឡាករ Cricket ឥណ្ឌាដ៏ល្បីឈ្មោះ» ផងដែរបើទោះជាព័ត៌មាននេះមិនបានបញ្ជាក់ច្បាស់ថា តើជាអតិថិជនទាំងនេះបានទិញរួចហើយ ឬនៅក្តី។
«លោក Trump មកដល់ហើយ។ តើអ្នកត្រូវបានគេអញ្ជើញដែរឬទេ? នេះជាការសរសេរនៅលើទំព័រកាសែត Times of India ដែលចេញកាលពីថ្ងៃចន្ទ។
គម្រោងនេះស្ថិតនៅក្នុងទីក្រុងរណប Gurgaon ដែលក្រុមហ៊ុនធំៗជាច្រើនបានមកបោះទីតាំងនៅទីនោះ។
ឥណ្ឌា គឺជាទីផ្សារអន្តរជាតិធំជាងគេបង្អស់របស់ Trump Organization ទៅហើយដោយមានគម្រោងក្នុងទីក្រុងធំៗដល់ទៅ ៤ គឺទីក្រុង Mumbai,Pune, Gurgaon និង Kolkata។
គម្រោងទាំងអស់នេះសុទ្ធតែចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុកដោយបានទទួលការអនុញ្ញាតពី Trump Organization ឲ្យប្រើឈ្មោះខ្លួន និងយកចំណែកប្រាក់ចំណេញរបស់គម្រោងទាំងនេះ។
បើតាមរបាយការណ៍តម្លៃប៉ាន់ស្មាននៃគម្រោងទាំងអស់នេះមានតម្លៃប្រហែល ១.៥ ពាន់លានដុល្លារអាមេរិក។
គ្រួសារលោក Trump រកប្រាក់ចំណូលបានប្រហែល ៣ លានដុល្លារពីការយកឈ្មោះរបស់ក្រុមហ៊ុនទៅប្រើកាលពីឆ្នាំ ២០១៦ ក្នុងប្រទេសឥណ្ឌា។ នេះបើតាមរបាយការណ៍របស់កាសែត New York Times។
Trump Jr. និងប្អូនប្រុសរបស់លោកបច្ចុប្បន្ន គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះក្រោយពេលដែលឪពុករបស់ពួកគេបានដកខ្លួនចេញនៅពេលដែលក្លាយជាប្រធានាធិបតីដើម្បីបញ្ចៀសពីបញ្ហាទំនាស់ផលប្រយោជន៍ផ្សេងៗ។
បើទោះបីជាស្ថានទូតអាមេរិកបានថ្លែងថា លោកកំពុងនៅទីក្រុងដែលីក្នុងដំណើរទស្សនកិច្ចមិនផ្លូវការក្តីលោក Trump Jr. នឹងថ្លែងសុន្ទរកថាលើវេទិកាទំនាក់ទំនងឥណ្ឌូប៉ាស៊ីហ្វិកក្នុងកិច្ចប្រជុំមុខជំនួញមួយនៅថ្ងៃសុក្រដែលមានលោកប្រធានាធិបតីឥណ្ឌា Narendra Modi គឺជាវាគ្មិនសំខាន់។
គម្រោងអគារប្រណីតនៅ Gurgaon នេះកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ Tribeca និង M3M ដោយរំពឹងថានឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។
ទីផ្សារលំនៅឋាននៅប្រទេសឥណ្ឌាបានជួបនឹងបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែចំនួនលំនៅឋានក្នុងទីក្រុងបានកើនលើសតម្រូវការបូកផ្សំនឹងផលប៉ះពាល់ពីការផ្លាស់ប្តូរក្នុងការដោះស្រាយបញ្ហានៃការបង់ពន្ធក្នុងឆ្នាំ ២០១៦ ផងដែរ៕