រាជធានីភ្នំពេញពុំសូវមានកន្លែងកម្សាន្តដើម្បីទាក់ទាញភ្ញៀវទេសចរនោះទេ ហើយក៏ពុំមាន «កន្លែងលម្ហែ» សម្រាប់គ្រួសារដែលរស់នៅក្នុងទីក្រុងនេះ ក៏ដូចជាភ្ញៀវទេសចរក្នុងការពិសាអាហារ ទិញទំនិញ និងការកម្សាន្តផ្ទាល់ៗនោះទេ។ ដោយមើលឃើញពីចំណុចទាំងអស់នេះក្រុមហ៊ុន Worldbridge Group បានសម្រេចសាងសង់កន្លែងមួយដែលមានឈ្មោះថា WB Arena។
គម្រោងដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅមាត់ទន្លេបាសាក់នាភាគខាងត្បូងនៃរាជធានីភ្នំពេញនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក World-bridge Group ក្នុងតម្លៃ ១០ លានដុល្លារលើផ្ទៃដីទំហំ ១,៣ ហិកតាក្នុងសង្កាត់ចាក់អង្រែក្រោម។ WB Arena រួមមានហាងលក់ទំនិញហាងលក់ចំណីអាហារ កន្លែងសម្រាកលម្ហែ និងកន្លែងកម្សាន្តជាច្រើនថែមទាំងមានសាលមហោស្រពដែលអាចអង្គុយបានដល់ទៅ ៤០០ នាក់សម្រាប់កម្មវិធីនាពេលរាត្រីទៀតផង។
លោក Tan Teck Kee នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Worldbridge Land បាននិយាយថា លោករំពឹងថាគម្រោងនៅមាត់ទន្លេនេះនឹងក្លាយជា «គោលដៅកន្លែងសម្រាប់លម្ហែសម្រាប់ក្រុមគ្រួសារ»នៅពេលដែលគម្រោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខ។
លោកមានប្រសាសន៍បន្តថា៖ «វានឹងក្លាយជាគោលដៅកម្សាន្តនៅមាត់ទន្លេសម្រាប់ប្រជាជនក្នុងស្រុក ជនបរទេស និងភ្ញៀវទេសចរផងដែរ។ យើងបានសាងសង់នូវកន្លែងសម្រាប់ប្រកួតកីឡាដែលនឹងមានបើកស្វាគមន៍ទទួលការប្រកួត និងការប្រារព្ធកម្មវិធីជាច្រើនទៀត។ យើងបានគ្រោងនឹងធ្វើព្រឹត្តិការណ៍នានាសម្រាប់មនុស្សគ្រប់វ័យផងដែរ»។
គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មនៅប្រទេសសិង្ហបុរី Chin Kam and Associates (CK&A) ដែលជាក្រុមហ៊ុនធ្លាប់ត្រូវបានក្រុមហ៊ុន Worldbridge Group និងដៃគូវិនិយោគរបស់ខ្លួនគឺ Oxley International Holdings ជួលឲ្យរចនាប្លង់គម្រោង The Bridge និង The Peak។ WB Arena ត្រូវបានគេរចនាស្រដៀងគ្នានឹង Clarke Quay នៅសិង្ហបុរី។ យ៉ាងណាមិញការរចនាប្លង់នេះត្រូវបានរចនាយ៉ាងផិ្ចតផ្ចង់ដើម្បីឱ្យស៊ីគ្នាទៅនឹងបរិបទកន្លែងកម្សាន្តបែបខ្មែរនៅតាមបណ្តោយមាត់ទន្លេ។
លោក Tan Teck Kee បានថ្លែងថា៖ «យើងបានរៀបចំឲ្យគម្រោងនេះស៊ីគ្នាទៅនឹងបរិបទបែបខ្មែរ និងទាក់ទាញភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា»។
បើតាមលោក Simon Griffiths នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Urban Asset Solutions ដែលជាភ្នាក់ងារទទួលបន្ទុកការជួល និងជួបអតិថិជនរបស់គម្រោង WB Arena បានឲ្យដឹងថា គម្រោងនេះមានផ្ទៃសរុប ៦០០០ ម៉ែត្រការ៉េ ហើយបែងចែកតំបន់ផ្សេងៗគ្នាសម្រាប់ហាងលក់ទំនិញ ហាងលក់ចំណីអាហារ និងភេសជ្ជៈ និងកន្លែងកម្សាន្ត។
តំបន់លក់ទំនិញដែលមានចំនួន ៩០ ស្តង់នឹងរួមមានហាងលក់សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិក ផលិតផលថែរក្សាសុខភាព និងសម្រស់ផងដែរ។
លោក Simon Griffiths បាននិយាយថា៖ «យើងចង់ធ្វើអ្វីៗដែលទាក់ទាញភ្ញៀវទេសចរ»។
គម្រោងនេះនឹងមានស្តង់ដែលបម្រីអាហារព្រមទាំងភេសជ្ជៈជាច្រើនមុខសម្រាប់អ្នកទៅកម្សាន្តក៏ដូចជាកន្លែងពិសាអាហារមាត់ឆ្នេរក្រោមម្លប់ដើមត្នោតប្របមាត់ទន្លេផងដែរ។ ភោជនីយដ្ឋានជាច្រើនបានកក់ស្តង់មួយចំនួនរួចទៅហើយ ហើយពេលនេះ Urban AssetSolutions កំពុងតែជួបពិភាក្សាជាមួយអ្នកគ្រប់គ្រងហាងលក់ចំណីអាហារចំនួន ៣ ដើម្បីគ្រប់គ្រងលើហាងលក់អាហារពិសេសប្លែកពីគេនេះ។
នៅចំកណ្តាលគម្រោង WB Arena គឺអគារសាលមហោស្រពដែលមានកន្លែងអង្គុយចំនួន ៤០០ កន្លែង។ អគារនេះនឹងប្រើសម្រាប់កម្មវិធីពេលរាត្រី ដូចជា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ឬពិធីសម្តែងនានា និងកម្មវិធីពិសេសៗផ្សេងទៀត។
លោក Griffiths ថ្លែងថា៖ «សម្រាប់ប្រជាជនក្នុងស្រុកយើងចង់បង្កើតនូវរោងកុនមួយ ប៉ុន្តែយើងសាងសង់មហោស្រពជំនួសវិញដែលទាក់ទាញភ្ញៀវទេសចរជាង ប៉ុន្តែយើងសង្ឃឹមថាអ្នករាល់គ្នានឹងរីករាយជាមួយកម្មវិធីនេះ»។
យ៉ាងណាមិញការសម្តែងផ្ទាល់នឹងមិនត្រឹមតែប្រព្រឹត្តទៅនៅក្នុងអគារនេះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានកន្លែងសម្តែងដែលគេនឹងដាក់នៅប្លុកកន្លែងកម្សាន្តចំនួន ៣ ដែល ១ នឹងដាក់នៅមាត់ទន្លេ ហើយ ២ ទៀតនៅក្នុងអគារនេះតែម្តង ដែលអ្នករៀបចំកម្មវិធីអាចដោតឧបករណ៍តន្ត្រីរបស់ខ្លួនដើម្បីប្រគំបាន។
«ផ្នត់គំនិតនេះគឺគេយកមកពីកន្លែងកម្សាន្ត London Underground ដែលគេបិទស្ទីកគ័រនៅលើឥដ្ឋដើម្បីប្រាប់អំពីកន្លែងដែលតន្ត្រីករធ្វើការប្រគំ» លោក Griffiths ថ្លែង និងបន្ថែមទៀតថា៖ «យើងនឹងដាក់ឥដ្ឋការ៉ូពណ៌ក្នុងតំបន់ទាំងនេះ ហើយយើងនឹងមិនយកកម្រៃនោះទេសម្រាប់ការសម្តែង»។
គម្រោងនេះក៏មានកន្លែងសម្រាប់ក្មេងៗដែលមានស្តង់លក់របស់ក្មេងលេង និងកន្លែងសម្រាប់ក្មេងលេងដោយមានអ្នកជួយមើលផងដែរ។
ដោយរចនាជា «គោលដៅទាក់ទាញ» និងអាចទៅកម្សាន្តតាមផ្លូវគោកក៏បាន ឬទន្លេក៏បាន WB Arena គឺជាគម្រោង ១ ដែលគេបង្កើតឡើងដើម្បីបំពេញចន្លោះក្នុងទីផ្សារទេសចរណ៍ក្នុងទីក្រុងនេះ។
លោក Griffiths ថ្លែងថា៖ «ភ្នំពេញពិតជាខ្វះកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរមែន ពិសេសគឺនៅពេលយប់តែម្តង។ នេះគឺជាគម្រោងគោលដៅពហុកម្សាន្តសម្រាប់គ្រួសារទាំងមូលតែម្តង»។
ទូកឯកជន និងទូកឈ្នួលនឹងដឹកភ្ញៀវទេសចរនៅកំពង់ផែរបស់ WBArena ហើយទីនោះអាចក្លាយជាចំណតទូកឈ្នួលថ្មីមួយរបស់ទីក្រុងភ្នំពេញ ដែលនឹងមានបណ្តាទូកឈ្នួលរត់ពីព្រែកព្នៅទៅកាន់ទីក្រុងតាខ្មៅ។
លោកបន្តថា៖ «វាត្រូវបានគេរចនាឡើងដើម្បីផ្តល់នូវការកម្សាន្ត និងការសប្បាយរាប់ទាំងការធ្វើដំណើរតាមទូកដើម្បីទៅដល់កន្លែងរបស់យើងតែម្តង។ យើងរំពឹងថានឹងឃើញមានភ្ញៀវទេសចរមកកម្សាន្តនៅពេលរាត្រី ដោយពិសាអាហារពេលល្ងាចប្របមាត់ទន្លេ មើលការសម្តែង ទិញទំនិញបន្តិចបន្តួច និងចូលម៉ាស្សា ខណៈក្មេងៗកំពុងលេងយ៉ាងសប្បាយក្អាកក្អាយ»។
អគារ WB Arena កំពុងតែត្រូវបានសាងសង់ ហើយបើតាមផែនការនឹងរួចរាល់ក្នុងខែមិថុនាដែលម្ចាស់ស្តង់លក់អាហារ និងភេសជ្ជៈនឹងចូលមករៀបចំបើកដំណើរការក្នុងខែកក្កដា។ ការសម្ពោធបឋមនឹងធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ឆិកា ហើយនឹងបើកសម្ពោធផ្លូវការនារយៈពេល ២ សប្តាហ៍បន្ទាប់ពីនោះដែលនឹងចំរដូវកាលបុណ្យអុំទូកតែម្តង៕