
លោក Tan ថ្លែងថាមានក្រុមហ៊ុនជាច្រើនបានចូលមកក្នុងទីផ្សារកម្ពុជា ដូច្នេះមនុស្សកាន់តែច្រើនបានយល់ដឹងអំពីសារៈសំខាន់នៃការធានារ៉ាប់រងអាយុជីវិត ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណា្ណភូមិ ឡាយហ្វ៍ បង្កើនការលក់បុព្វលាភរបស់ខ្លួនទ្វេដងក្នុងឆ្នាំនេះ បន្ទាប់ពីមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការលក់បុព្វលាភរបស់ខ្លួនកាលពីឆ្នាំមុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណា្ណភូមិឡាយហ្វ៍ មានសុទិដ្ឋិនិយមអំពីចក្ខុវិស័យកំណើនរបស់ខ្លួននៅក្នុងឆ្នាំនេះដែលអាចកើនឡើងទ្វេដងធៀបនឹងឆ្នាំ ២០១៨។
លោក Tan Jiak Hiang អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណា្ណភូមិ ឡាយហ្វ៍បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងសម្រេចបានលទ្ធផលល្អ។ យើងទទួលបានពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកលូតលាស់លឿនបំផុតក្នុងឆ្នាំ ២០១៨។ ដោយគ្រាន់តែនៅក្នុងឆ្នាំ ២០១៨ តែមួយ ទីផ្សារអាជីវកម្មថ្មីរបស់យើងបានកើនឡើងចំនួន ១០ ភាគរយធៀបនឹង ១ ភាគរយកាលពីឆ្នាំ ២០១៧ ពោលគឺវាបានកើនឡើងយ៉ាងខ្លាំង ហើយចំណែកទីផ្សារនេះបានកើនឡើងជាង ១៧ ភាគរយនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ ២០១៩ នេះ»។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណា្ណភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ីគឺជាក្រុមហ៊ុនមេ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) មកពីប្រទេសថៃ។
បច្ចុប្បន្នវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយសារតែកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាជាមធ្យមក្នុងរង្វង់ ៧ ភាគរយ កំណើនប្រជាជនមានចំណូលមធ្យមចំនួនប្រជាជនវ័យក្មេង ហើយអ្វីដែលសំខាន់ជាងនេះទៀតគឺការយល់ដឹងអំពីសារៈសំខាន់នៃធានារ៉ាប់រងអាយុជីវិតក្នុងចំណោមសាធារណជន។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍ មានទំនុកចិត្តចំពោះកំណើននាពេលអនាគត ខណៈទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ ។
ប៉ុន្តែចំនួនអ្នកដែលមានធានារ៉ាប់រងអាយុជីវិតនៅមានចំនួនទាបនៅឡើយ។ បច្ចុប្បន្នមានតែប្រជាជនប្រមាណ ៤០០ ០០០ នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជន ១៦ លាននាក់ដែលមានធានារ៉ាប់រងអាយុជីវិត។ វិស័យធានារ៉ាប់រងអាយុជីវិតទើបតែចូលមកទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ប៉ុណ្ណោះ។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជា (IAC) បានឲ្យដឹងថា ការលក់ធានារ៉ាប់រងអាយុជីវិតបានកើនឡើង ៥០,៦ ភាគរយបើធៀបទៅនឹងធានារ៉ាប់រងទូទៅដែលមាន ១៥ ភាគរយ។ បុព្វលាភសរុបនៃឧស្សាហកម្មធានារ៉ាប់រងបានកើនឡើង ៣០ ភាគរយនៅក្នុងឆ្នាំ ២០១៨ ដែលភាគច្រើនជំរុញដោយផ្នែកធានារ៉ាប់រងអាយុជីវិត។ បុព្វលាភដុលមានតម្លៃ ១៩៦,៤ លានដុល្លារកាលពីឆ្នាំមុន បើធៀបនឹង ១៥១,៦ លានដុល្លារកាលឆ្នាំ ២០១៧។
«ធានារ៉ាប់រងអាយុជីវិតគឺមានអាយុកាលប្រហែល ៧ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឧស្សាហកម្មមួយនេះកំពុងរីកលូតលាស់យ៉ាងខ្លាំង។ កាលពីជាង ១ ឆ្នាំមុន មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតែ ៧ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានរហូតដល់ ១០ ឬ ១១ [ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត]»។
លោក Tan បន្ថែមថា៖ «នៅពេលដែលក្រុមហ៊ុនកាន់តែច្រើនចូលមកក្នុងទីផ្សារនេះ នោះនឹងមានមនុស្សកាន់តែច្រើនផ្តល់ការណែនាំដល់សាធារណជនទូទៅអំពីធានារ៉ាប់រងនេះ។ ដូច្នេះការយល់ដឹងជាទូទៅគឺកាន់តែប្រសើរ ហើយប្រជាជនកាន់តែច្រើនបានយល់ដឹងអំពីសារៈសំខាន់នៃអាជីវកម្មធានារ៉ាប់រង»។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍ មានទំនុកចិត្តចំពោះកំណើននាពេលអនាគត ខណៈទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ ។
លោក Tan គឺជាជនជាតិសិង្ហបុរីដែលមានបទពិសោធនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតជាង ៣០ ឆ្នាំមកហើយនោះបានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាមានសក្តានុពលដ៏ធំសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ខណៈដែលប្រជាជនភាគច្រើននៅមិនមានធានារ៉ាប់រងនេះនៅឡើយ។
«ក្នុងឆ្នាំ ២០១៨ យើងលក់ធានារ៉ាប់រងបានស្ទើរតែទ្វេដងគឺ ៩២ ភាគរយធៀបទៅនឹងឆ្នាំ ២០១៧។ វាជាអត្រាកំណើនដ៏ល្អ ហើយបច្ចុប្បន្នប្រជាជនមានការយល់ដឹង និងមានការធានារ៉ាប់រងអាយុជីវិតកាន់តែច្រើន»។
លោក Tan បានបន្ថែមថា៖ «អត្រាធានារ៉ាប់រងអាយុជីវិតគឺមានតិចជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបបើធៀបទៅនឹងប្រទេសម៉ាឡេស៊ីមាន ៤ ឬ ៥ ភាគរយ និងប្រទេសសិង្ហបុរីគឺមានរហូតដល់ ៨ ភាគរយ។ វានៅមានគម្លាតធំ ប៉ុន្តែសក្តានុពលក៏មានច្រើន»។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណា្ណភូមិ ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលការពារឥណទាន សន្សំសម្រាប់ការសិក្សា ការសន្សំប្រាក់ដែលមានភាពបត់បែន និងដំណោះស្រាយជីវិត (ធានាលើថ្លៃព្យាបាលជំងឺធ្ងន់ធ្ងរ និងអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិតជាច្រើនទៀត)។
លោកបន្ថែមថា៖ «ធានារ៉ាប់រងឥណទាន និងសន្សំសម្រាប់ការសិក្សាគឺជាផលិតផលលក់ដ៏សំខាន់របស់យើង។ ផលិតផលទាំងនេះបំពេញសេចក្តីត្រូវការរបស់អតិថិជនកម្ពុជា។ ប្រជាជនកម្ពុជាយកចិត្តទុកខ្លាំងចំពោះការសិក្សារបស់កូនៗពួកគេ និងការពារទ្រព្យបញ្ចាំនៅពេលពួកគេខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។ យើងរីករាយជាមួយនឹងការរីកលូតលាស់ នេះដែលស្របតាមទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា»៕