នៅ​ជាន់​ខាងលើ​នៃ​បន្ទប់​តាំង​បង្ហាញ​នាឡិកាដៃ​ម៉ាក​ «​ពូ​» ​អ្នក​ច្នៃ​ម៉ូដ​កំពុង​រចនា និង​ដំឡើង​នាឡិកាដៃ​ដ៏ស្រស់ស្អាត​សម្រាប់​លក់​នៅលើ​ទីផ្សារ​។ អស់​រយៈពេល​ ២ ​ឆ្នាំ​កន្លងមក​នេះ ក្រុមហ៊ុន​បាន​ផលិត​នាឡិកា​ដៃ​ប្រណីតៗ​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ក៏ដូចជា​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​។ នាឡិកាដៃ​ម៉ាក​ «​ពូ​» ជា​នាឡិកាដៃ​ដំបូង​គេ​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​ការលក់​នាឡិកាដៃ​ ៣ ​ម៉ូដែល​ដំបូង​ដោយ​ជោគជ័យ ស្ថាបនិក​ក្រុមហ៊ុន​នាឡិកាដៃ​ម៉ាក​ «​ពូ​» លោក ពូ ទី កំពុង​សម្លឹងមើល​ទីផ្សារ​នាឡិកា​វៀតណាម​ដែល​មាន​តម្លៃ​ ៧៥០ ​លាន​ដុល្លារ​ជាមួយ​នឹង​ម៉ូដែល​ «Oyster» ដែល​នឹង​ត្រូវ​ចេញលក់​នៅ​ខែក្រោយ​។

មោទនភាព​នាឡិកាដៃ​ម៉ូដែល PU Oyster ដែល​​ផលិត​នៅ​ស្រុក​ខ្មែរ​នេះ​វា​គឺជា​និមិត្តសញ្ញា​ដ៏សំខាន់​សម្រាប់​ក្រុមហ៊ុន​។ វា​គឺជា​សក្ខីភាព​បញ្ជាក់​ពី​មហិច្ឆតា​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​អ្នក​ផលិត​នាឡិកា​ដែល​កំពុង​កែច្នៃ និង​រចនា និង​ផលិត​នាឡិកា​ប្រណីត​។

លោក​ ទី បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​​ថា​៖ «​ការចំណាយ​ប្រាក់​ចំនួន​ ៣០០ ​ដុល្លារ ឬ​ ៤០០ ​ដុល្លារ​គឺ​វា​មិន​ច្រើន​ទេ​សម្រាប់​ជនបរទេស ប៉ុន្តែ​នៅ​កម្ពុជា​វា​គឺជា​ចំនួន​ទឹកប្រាក់​ដ៏ច្រើន​។ ដូច្នេះ​យើង​បាន​ផលិត​នូវ​អ្វី​ដែល​ប្រជាជន​ចង់បាន ប៉ុន្តែ​ប្រហែល​វា​មិន​ងាយស្រួល​ទេ​សម្រាប់​ប្រជាជន​នៅក្នុង​ប្រទេស​របស់ខ្ញុំ​ក្នុង​ការទិញ​នាឡិកា​នេះ​»​។

នាឡិកាដៃ​ម៉ូដែល Oyster នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការអភិវឌ្ឍ​ផលិត​នាឡិកាដៃ​ឲ្យ​កាន់តែ​មាន​លក្ខណពិសេស​។

ក្រុមហ៊ុន​ត្រូវ​ចំណាយ​ពេល​ ១ ​សប្តាហ៍​ដើម្បី​ផលិត​នាឡិកាដៃ​ម៉ូដែល​«Traditional» របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​មាន​គោលបំណង​ផលិត​នាឡិកាដៃ​ម៉ូដែល Oyster ឲ្យ​បាន​ចំនួន​ ១០ ​គ្រឿង​ក្នុង​រយៈពេល​ត្រឹមតែ​ ៣ ​ថ្ងៃ​។

លោក​ទី​ថ្លែង​ថា នាឡិកា​នេះ​យក​គំរូ​តាម​ម៉ាក Rolex Oyster Perpetual ។ ទ្រនិច​ចង្អុល​ម៉ោង​ដើរ​ដោយ​ទៅមុខ​ឥត​កញ្ឆក់ៗ ហើយ​ផ្ទៃ​ធ្វើ​ពី​កញ្ចក់​ពិសេស​ដ៏ប្រណីត​។

«​នៅពេល​យើង​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ខ្ញុំ​ត្រូវ​សម្រេច​ថា តើ​ខ្ញុំ​ចង់​ធ្វើ​អ្វីដែល​ងាយស្រួល​ដែល​នរណា​ក៏​អាច​ចម្លង​បាន ឬក៏​ផលិត​អ្វីដែល​ពិបាក ដែល​គ្មាន​នរណាម្នាក់​អាចធ្វើ​បាន​»​។

លោក​ ទី លើក​ឡើង​ថា​៖ «​ធ្វើ​ដោយ​ខ្លួនឯង​គឺជា​គោលដៅ​របស់​ក្រុមហ៊ុន​នាឡិកាដៃ​ «​ពូ​» ​តាំងពី​ដំបូង ហើយ​នេះ​គឺជា​ជំហាន​មួយ​ឆ្ពោះ​ទៅមុខ​។ យើង​តែងតែ​ចង់​ផ្តល់​នូវ​គុណភាព​ល្អ​បំផុត​សម្រាប់​តម្លៃ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើបាន​»​។

លោក​ ទី សង្កត់ធ្ងន់​ថា លោក​បាន​ខិតខំ​តស៊ូ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ម៉ូដែល​ដំបូង​របស់លោក ដោយ​លោក​បាន​លើកឡើង​ថា​៖ «​អតិថិជន​ជាច្រើន​ទូរស័ព្ទ​មក​ខ្ញុំ​ធ្វើការ​កុម្ម៉ង់​នាឡិកា​ដែល​ពួកគេ​មិនទាន់​បាន​មើលឃើញ​នៅឡើយ​»​។

គ្រឿង​ផ្គុំ​នាឡិកា «​ពូ​» ​បាន​មកពី​ក្រុមហ៊ុន​នាឡិកា​ម៉ាក Citizen ដ៏ល្បីល្បាញ (21-jewel Miyota) សម្រាប់​ម៉ូដែល Classic, Traditional និង​ម៉ូដែល Engraved ។

ក្រុមហ៊ុន​លក់​នាឡិកាដៃ​បាន​ជាង​ ១៥០ ​គ្រឿង​នៅ​ទីផ្សារ​បរទេស និង​ ៥៥០ ​គ្រឿង​ជា​សរុប​ចាប់តាំងពី​ពេល​ចាប់ផ្តើម​មក​។ ខណៈ​ចំនួន​នេះ​ស្តាប់​ទៅ​ហាក់​តិច​តូច ប៉ុន្តែ​ ២ ​ម៉ូដែល​មុន​គឺ​ម៉ូដែល Classic និង Traditional ក្រុមហ៊ុន​លក់ដាច់​ទាំងអស់​ដែល​ចំណាយពេល ១ សប្តាហ៍​ក្នុង​ការផលិត​ ១ ​គ្រឿង​។

ចំពោះ​ស៊េរី «Engraved » ​ដែល​ចំនួន​មានកំណត់​ត្រូវ​លក់រាយ​ក្នុង​តម្លៃ​ ៣៥០០ ​ដុល្លារ​ទៅ​ ១០ ០០០ ​ដុល្លារ​ក្នុង​ ១ ​គ្រឿង​ដែល​ត្រូវបាន​ដាក់លក់​ដើម្បី​អបអរ​ខួប​ ២ ​ឆ្នាំ​របស់​ក្រុមហ៊ុន​។ ម៉ូដែល​នេះ​ត្រូវ​ចំណាយពេល​ ៣០ ​ថ្ងៃ​ដើម្បី​ផលិត​ក្នុង​ ១ ​គ្រឿង​។

នៅ​ផ្ទៃ​ខាង​មាន​ក្បាច់​ចរនា​ដ៏ស្រស់ស្អាត​មាន​ចម្លាក់​រូប​ «​រាហូ​» ដែល​ត្រូវបាន​ដាក់ឈ្មោះ​តាម​រូបភាព​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជា​ចម្លាក់​យ៉ាង​ប្រណីត​នៅ​ផ្ទៃ​ខាង​នាឡិកាដៃ​ដែល​ស្រោប​ដោយ​មាស​ ២៤ ​ការ៉ាត់​។

នាឡិកាដៃ​ដែល​ចំនួន​មាន​កំណត់​នេះ​ធ្វើឡើង​ពី​ដែក​អ៊ីណុក​ជាមួយ​នឹង​ទ្រនិច​លេខ​ធ្វើ​ពី​ពេជ្រ និង​ខ្សែ​ធ្វើ​ពី​ស្បែក​ដ៏ស្រស់ស្អាត​។

លោក​ ទី ថ្លែង​ថា​៖ «​ទាំងនេះ​គឺជា​នាឡិកាដៃ​ពិសេស ពីព្រោះ​យើង​ឆ្លាក់​រូប​សិល្បៈ​ដែល​មាន​នៅលើ​ប្រាសាទ​អង្គរវត្ត​ពិតៗ​។

ម៉ូដែល​ផ្សេងទៀត​ដូចជា Patek Philipe ក៏ផលិត​នាឡិកា​ដ៏ស្រស់ស្អាត​ផងដែរ ប៉ុន្តែ​នេះ​ជា​អ្វីដែល​ពួកគេ​មិនអាច​ធ្វើបាន​ពីព្រោះ​វា​ជា​សិល្បៈ និង​ប្រវត្តិ​របស់​យើង​។ យើង​ប្រហែល​ជា​មិន​ធ្វើ​អ្វី​ដូចនេះ​ទៀត​ទេ​»​។

ចក្ខុវិស័យ​របស់​លោក​ ទី សម្រាប់​ក្រុមហ៊ុន​មិន​ត្រឹមតែ​ពង្រឹង​ក្រុមហ៊ុន​របស់លោក​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​នាឡិកាដៃ​ដែល​មាន​ការទទួល​ស្គាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​ចង់​ឲ្យ​នាឡិកាដៃ​របស់​លោក​ក្លាយ​ជា​ម៉ាក​ប្រណីត​របស់​កម្ពុជា​ផងដែរ ដោយ​ពង្រីក​វត្តមាន​របស់​ខ្លួន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។

«​ទោះបី​ហាង​លក់​គ្រឿង​អលង្ការ​មួយចំនួន​បាន​ទាក់ទង​មក​យើង​ចង់​លក់​នាឡិកា​របស់​យើង​ក្តី ប៉ុន្តែ​យើង​បាន​ជ្រើសរើស​ផ្តោត​ទៅ​លើ​យីហោ​របស់​យើង​ជាមុន ពីព្រោះ​ពួកគេ​អាច​លក់​នាឡិកា​របស់​យើង​រួមជាមួយ​ម៉ាក​ល្បីៗ​ ឬ​នាឡិកា​ក្លែងក្លាយ ដូច្នេះ​ឈ្មោះ​របស់​យើង​នឹង​បាត់បង់​កិត្តិនាម​»​។

លោក​បន្តថា​៖ «​ខ្ញុំ​មិន​ចង់បាន​លុយ​ទេ​ក្នុង​ពេល​ឥឡូវនេះ ខ្ញុំ​ចង់​កសាង​គុណ​តម្លៃ​ម៉ាក​យីហោ​របស់​ខ្ញុំ​ជាមុនសិន​»៕