ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានចាប់ផ្តើមឆ្នាំថ្មី ២០២០ ដោយការតភ្ជាប់ជើងហោះហើរទៅកាន់ទីក្រុងមួយទៀតនៅក្នុងបញ្ជីនៃគោលដៅថ្មីរបស់ខ្លួនដែលកំពុងកើនឡើងគឺទីក្រុងឆឹងទូ (Chengdu) នៅភាគខាងលិចប្រទេស ចិន។
ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកការហោះហើរត្រង់យ៉ាងទៀងទាត់របស់ខ្លួនដោយជោគជ័យរវាងទីក្រុងភ្នំពេញ និងឆឹងទូកាលពីថ្ងៃទី ៨ ខែមករា ហើយជើងហោះហើរថ្មីនេះក៏ជាផ្លូវដំបូងពីប្រទេសកម្ពុជាទៅភាគខាងលិចនៃប្រទេសចិនផងដែរ។
ទីក្រុងឆឹងទូក្លាយជាទីក្រុងទី ៥ ក្នុងប្រទេស ចិន ដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានផ្តល់សេវាកម្មបន្ទាប់ពីទីក្រុងម៉ាកាវទីក្រុងហ្វូចូវ ទីក្រុងវិនចូវ និងទីក្រុងសិនជិន។
«ជើងហោះហើរដែលទើបនឹងបើកថ្មីរវាងទីក្រុងភ្នំពេញ និងទីក្រុងឆឹងទូរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានបំពេញចន្លោះ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាជីវកម្មទៅភាគខាងលិចនៃប្រទេសចិន ហើយក៏បានសាងសង់ច្រករបៀងផ្លូវអាកាសងាយស្រួលរវាងទីក្រុងប្រវត្តិសាស្ត្រទាំង ២ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចផងដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែមករា បានបញ្ជាក់ថា៖ «នៅពេលអនាគតភ្ញៀវទេសចរនឹងមានជម្រើសធ្វើដំណើរកាន់តែប្រសើរ។ កម្លាំងថ្មីត្រូវបានបញ្ចូលទៅក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ២»។ ជើងហោះហើរនេះមានចំនួន ៣ ជើងក្នុងមួយសប្តាហ៍ និងប្រតិបត្តិការដោយយន្តហោះប្រភេទ Airbus A319។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនបានបើកការហោះហើរជាផ្លូវការរបស់ខ្លួននៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ ដោយហោះពីទីក្រុងភ្នំពេញ ទៅខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានយន្តហោះ Airbus A319 និង A320 ដែលបម្រើដល់គោលដៅក្នុងស្រុក និងអន្តរជាតិជាច្រើន។
ឆឹងទូគឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ៣ ដែលមានប្រជាជនច្រើនបំផុតនៅភាគខាងលិចប្រទេសចិន (ទីក្រុងពីរទៀតគឺក្រុង Chongqing និង Xi''an) ហើយវាក៏ជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចត្រីកោណភាគខាងលិចដែលកំណត់ដោយប្រទេស ចិន ថា ជារបៀងវិនិយោគយុទ្ធសាស្ត្រមួយដ៏សំខាន់ផងដែរ។
ឆឹងទូគឺជាទីក្រុងរដ្ឋធានីនៃខេត្តស៊ីឈួនរបស់ប្រទេស ចិន ដែលត្រូវបានគេស្គាល់ថាជា «ទឹកដីសម្បូរបែប»។ វាក៏ជាទីក្រុងនយោបាយ ពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ទូលំទូលាយនៅភាគខាងលិចប្រទេស ចិន។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េក៏បានបន្ថែមថា៖ «អាកាសយានដ្ឋានអន្តរជាតិ Shuangliu របស់ទីក្រុងឆឹងទូមានចំនួនអ្នកដំណើរលើសពី ៥០ លាននាក់ក្នុងឆ្នាំ ២០១៨» ។
ការកើនឡើងនៃការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសកម្ពុជា និងចិននឹងជួយជំរុញដល់វិស័យទេសចរណ៍របស់ប្រទេស កម្ពុជា។ ទេសចរចិនប្រមាណ ២,៦ លាននាក់បានមកទស្សនាប្រទេស កម្ពុជា កាលពីឆ្នាំមុន ហើយក្រសួងទេសចរណ៍រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន ៣ លាននាក់នៅក្នុងឆ្នាំ ២០២០ នេះ។
ឆឹង ទូ ដែលជាទីក្រុងរដ្ឋធានីនៃខេត្តស៊ីឈួននេះមានប្រវត្តិសាស្ត្រដ៏រុងរឿងនិងគួរឱ្យកត់សម្គាល់ ហើយវាជាកន្លែងកំណើតនៃអរិយធម៌បុរាណស៊ូដែលជាអរិយធម៌មួយក្នុងចំណោមអរិយធម៌បុរាណទាំង ៣ របស់ចិន។
ទីក្រុងឆឹងទូបានទទួលឈ្មោះថាជា «ទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលមានក្នុងបញ្ជីរដ្ឋរបស់ប្រទេស ចិន» ជា «ទីក្រុងទេសចរណ៍កំពូលនៅប្រទេសចិន» ជា «ទីក្រុងអាហារឆ្ងាញ់នៅលើពិភពលោក» និងជា «ទីក្រុងកំណើតរបស់ផេនដា» ផងដែរ៕