ជាមួយនឹងការផ្ទុះឡើងនៃជំងឺ Covid-19 វានាំមកនូវភាពមិនប្រាកដប្រជាមួយចំនួន ដូច្នេះលោក Naim Khan-Turk តំណាងក្រុមហ៊ុន Asian Business Brokers ប្រចាំកម្ពុជាបានផ្តល់ដំបូន្មានសំខាន់ៗមួយចំនួនស្តីពីការធ្វើអាជីវកម្មនៅកម្ពុជា។
យោងតាមតួលេខឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេសដែលមានលក្ខណៈសកលនិយមដោយមានជនបរទេសប្រមាណ ១៦០ ០០០ នាក់មកពី ៩៣ ជាតិសាសន៍កំពុងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីបរទេសដែលពេញនិយមសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតធំមកពីទូទាំងពិភពលោក។ ទោះជាយ៉ាងណាការបង្កើតអាជីវកម្មមួយនៅក្រៅប្រទេសអាចប្រឈមនឹងឧបសគ្គមួយចំនួន ដូចជាបញ្ហាភាសា និងច្បាប់ផ្សេងៗដែលមានលក្ខណៈខុសៗគ្នា។
ដូច្នេះការស្វែងរកអ្នកជំនាញក្នុងស្រុកដើម្បីប្រឹក្សាឲ្យលោកអ្នកមានទំនុកចិត្តគឺជាជម្រើសដ៏ល្អបំផុតមួយ។
ក្រុមហ៊ុន Asian Business Brokers ផ្តល់ជូននូវសេវាកម្មទិញ លក់ និងជួល អាជីវកម្មភាពជាដៃគូអាជីវកម្ម អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម និងដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១២ នៅអាស៊ីរួមទាំងប្រទេសជិតខាងកម្ពុជា និងប្រទេសចិនដីគោក ហុងកុង និងឥណ្ឌាជាដើម។
តើលោកមានយោបល់ដូចម្តេច ប្រសិនបើនរណាម្នាក់ចង់វិនិយោគនៅកម្ពុជាពេលបច្ចុប្បន្ន?
សម្រាប់អ្នកវិនិយោគ វាពិបាកបន្តិចក្នុងការផ្តល់យោបល់នៅពេលនេះដោយសារតែរដ្ឋាភិបាលជាច្រើនបានហាមឃាត់ការធ្វើដំណើរ និងឲ្យស្នាក់នៅក្នុងផ្ទះ។ ប៉ុន្តែអាចនិយាយបានថាវាជាទីផ្សាររបស់អ្នកវិនិយោគ មានកិច្ចព្រមព្រៀងល្អប្រសើរមួយចំនួននៅលើគេហទំព័ររបស់យើង ហើយយើងរំពឹងថានឹងមានច្រើនទៀតនៅប៉ុន្មានខែខាងមុខ។ ដរាបណាវាមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងការត្រួតពិនិត្យបានត្រឹមត្រូវ នោះវានឹងមានលទ្ធភាពខ្ពស់សម្រាប់អ្នកចង់ធ្វើការវិនិយោគ។
តើម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះនៅក្នុងស្ថានភាពបច្ចុប្បន្ន?
សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសអ្នកដែលរកស៊ីនៅកន្លែងជួលគេ ពួកគេត្រូវវាយតម្លៃថា តើពួកគេអាចទ្រទ្រង់ការចំណាយបានក្នុងរយៈពេលយូរប៉ុនណាជាមួយនឹងប្រាក់ចំណូលតិចតួច ឬអំឡុងពេលដែលគ្មានប្រាក់ចំណូល។
ម្ចាស់អាជីវកម្មត្រូវយល់ថា ការរកស៊ីសូម្បីតែនៅក្នុងពេលធម្មតាត្រូវការពេលវេលាច្រើនខែ ឬច្រើនឆ្នាំ មិនមែនរកស៊ីតែប៉ុន្មានសប្តាហ៍ឬប៉ុន្មានថ្ងៃនោះទេ។ ដូច្នេះពួកគេចាំបាច់ត្រូវគិតគូរឲ្យបានល្អិតល្អន់មុនពេលប្រគល់សោទៅម្ចាស់អគារ ឬការិយាល័យ និងដើរចេញដោយគ្មានបានអ្វីសោះ។
ប្រសិនបើពួកគេវាយតម្លៃរឿងនេះថា វាអាចនឹងកើតឡើងនៅពេលអនាគតដ៏ខ្លី ពួកគេអាចទាក់ទងមកក្រុមហ៊ុន Asian Business Brokers ដើម្បីទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុកជាងមិនបានធ្វើអ្វីសោះ។
ម្ចាស់អាជីវកម្មក៏គួរពិចារណាស្នើសុំម្ចាស់អគារ ឬទីតាំងឲ្យជួយបញ្ចុះតម្លៃជួលរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ។ យើងបានឃើញម្ចាស់អាជីវកម្មមួយចំនួនធ្វើដូច្នេះ ហើយទទួលបានការបញ្ចុះតម្លៃជួលរហូតដល់ ៥០ ភាគរយ។
តើការវិនិយោគលើអាជីវកម្មខុសគ្នាពីការទិញអចលនទ្រព្យយ៉ាងដូចម្តេច?
ការវិនិយោគលើអាជីវកម្ម និងអចលនទ្រព្យបែបពាណិជ្ជកម្មគឺខុសគ្នាខ្លាំងពីការវិនិយោគលើអចលនទ្រព្យបែបលំនៅឋាន ដូចជាផ្ទះ ឬខុនដូជាដើម។ មានច្រើនដំណាក់កាលទៀតនៅក្នុងដំណើរការនេះ ហើយជាធម្មតាមានលក្ខខណ្ឌច្រើនត្រូវបានអនុវត្តចំពោះការលក់ដែលចាំបាច់ត្រូវពន្យល់ និងត្រួតពិនិត្យដោយប្រុងប្រយ័ត្ន។
ខណៈមានមនុស្សជាច្រើនយល់ពីដំណើរការទិញ និងលក់ខុនដូ ឬផ្ទះសំបែង ប៉ុន្តែមិនមានមនុស្សច្រើនទេដែលយល់អំពីដំណើរការវិនិយោគអាជីវកម្ម នេះហើយជាមូលហេតុដែលយើង ចូលមកដើម្បីណែនាំអ្នកចង់វិនិយោគ និងម្ចាស់អាជីវកម្មឲ្យទទួលបានភាពជោគជ័យ។ យើងជាក្រុមហ៊ុនជំនាញជួយដល់អាជីវកម្ម ហើយទិន្នន័យរបស់យើងមានតែអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្ម ដែលមិនមែនជាលក្ខណៈខុនដូ ឬផ្ទះសំបែង។
តើវិបត្តិជំងឺ Covid-19 បានផ្លាស់ប្តូរទស្សនៈអាជីវកម្មយ៉ាងដូចម្តេច?
ក្រុមហ៊ុន Asian Business Brokers ក្នុងរយៈពេលជាង ៣ ឆ្នាំជាប់គ្នាបានចុះបញ្ជីអាជីវកម្មថ្មីក្នុងអត្រាច្រើនជាងមួយក្នុង ១ ថ្ងៃ។ ប៉ុន្តែចំនួននេះបានថយចុះដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែយើងរំពឹងថា វានឹងកើនឡើងវិញ ហើយអាចកើនលើសចំនួនមុន នៅពេលទំនុកចិត្តអាជីវកម្មមានភាពប្រសើរឡើងវិញ។
ហេតុអ្វីកម្ពុជានៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីបរទេស?
លទ្ធភាពសម្រាប់ជនបរទេសក្នុងការធ្វើអាជីវកម្ម និងស្នាក់នៅក្នុងប្រទេសកម្ពុជាគឺមានភាពងាយស្រួលជាងបណ្តាប្រទេសអាស៊ីភាគច្រើនរួមទាំងប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម។ កត្តានេះជួយដល់ការវិនិយោគពីបរទេសនាពេលអនាគតក្នុងវិស័យអាជីវកម្មខ្នាតតូចនៅកម្ពុជា។
ប្រទេសកម្ពុជាគឺជាទីកន្លែងដ៏ងាយស្រួលសម្រាប់ជនបរទេសក្នុងការធ្វើអាជីវកម្មជាមួយនឹងសមត្ថភាពដែលអាចកាន់កាប់អាជីវកម្មបានរហូតដល់ ១០០ ភាគរយ។ ទោះបីជាយើង ក្រុមហ៊ុន Asian Business Brokers មិនទទួលខុសត្រូវចំពោះភាពជោគជ័យរបស់អ្នកក្តី ប៉ុន្តែយើងនឹងធ្វើឱ្យប្រាកដថាអ្នកមានឱកាសដ៏សមហេតុផល ដូច្នេះសូមឱ្យយើងដឹងនូវអ្វីដែលអ្នកចង់បាន អ្វីជាការរំពឹងទុករបស់អ្នក នោះយើងអាចនឹងចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវសម្រាប់អ្នក៕