ក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីល្បាញចំនួន ២ បាននាំយកជំនាញបច្ចេកទេសរបស់ពួកគេមកកម្ពុជាជាកន្លែងដែលសិស្សនិស្សិតកម្ពុជាកំពុងត្រូវការការបណ្តុះបណ្តាលជំនាញយ៉ាងខ្លាំង។
ក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd និង Wuerth (Cambodia) Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់បានផ្តល់ជួននូវសម្ភារបណ្តុះបណ្តាល និងម៉ាស៊ីនអេឡិចត្រូនិកទំនើបៗដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យដើម្បីរួមចំណែកគាំទ្រដល់ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ការសហការគ្នានេះគឺធ្វើឡើងដើម្បីបង្ហាញដល់សិស្សនិស្សិតកម្ពុជានូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាល្លឺម៉ង់ដែលអាចជួយដល់សិស្សនិស្សិតនៅក្នុងប្រទេសកម្ពុជាឱ្យចាប់យកជំនាញវិស្វកម្មបានត្រឹមត្រូវដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលកំពុងរីកលូតលាស់។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ (RED IV) និងក្រុមពាណិជ្ជករអាល្លឺម៉ង់គឺជាអ្នកផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ជូនសម្ភារដល់វិទ្យាស្ថាននេះ ដើម្បីលើកកម្ពស់ការផ្តល់ជំនួយបច្ចេកទេសរវាងក្រុមហ៊ុនឈានមុខរបស់អាល្លឺម៉ង់ និងស្ថាប័នក្នុងស្រុក។
GIZ គឺជាសហគ្រាសសហព័ន្ធអាល្លឺម៉ង់មួយដែលជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូច្នេះហើយការឧបត្ថម្ភសម្ភារនឹងគ្រឿងម៉ាស៊ីនពីក្រុមហ៊ុន Wuerth និង Bosch នេះគឺជាឧទាហរណ៍ដ៏ល្អបំផុតមួយដែលបង្ហាញអំពីការគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនអាល្លឺម៉ង់ចំពោះការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
លោក Stefan Hanselmann ប្រធានកម្មវិធី RED ថ្លែងនៅឯពិធីប្រគល់សម្ភារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងទីក្រុងភ្នំពេញថា៖ «ខណៈសេដ្ឋកិច្ចកំពុងមានការផ្លាស់ប្តូរ ដូច្នេះហើយវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏មានការកើនទ្បើងផងដែរ»។
កិច្ចសហការនេះកើតមានឡើងចំពេលដែលកំពុងមានតម្រូវការកម្លាំងពលកម្មកើនឡើងនៅក្នុងទីផ្សារការងារនៅកម្ពុជាដោយបច្ចុប្បន្នកម្លាំងពលកម្មជំនាញនៅមានចំនួនទាបនៅឡើយ។
រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញដែលកំពុងមានតម្រូវការខ្ពស់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧- ២០២៥ ហើយគោលបំណងនៃគោលនយោបាយនេះគឺបង្កើតក្របខ័ណ្ឌរួមមួយសម្រាប់ដៃគូទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្ម។
បច្ចុប្បន្នប្រទេសកម្ពុជាគឺមានស្ថិរភាពហើយសេដ្ឋកិច្ចកំពុងរីកលូតលាស់ ប៉ុន្តែយើងត្រូវគិតពីរបៀបដើម្បីរក្សា (កំណើន) នេះនៅពេលអនាគត។ គោលនយោបាយរបស់រដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០។
លោក ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារបានថ្លែងថា៖ «នៅក្នុងឆ្នាំនេះ [ការផ្តោតរបស់យើង] គឺការអភិវឌ្ឍធនធានមនុស្សពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ហើយយើងត្រូវចាប់ផ្តើមនៅពេលនេះ។ ការអភិវឌ្ឍធនធានមនុស្សនៅមានកម្រិតលើផ្នែកខ្លះក្នុងវិស័យឯកជនហើយកម្លាំងពលកម្មជំនាញនៅមានគម្លាតនៅឡើយក្នុងទីផ្សារការងារ»។
នៅក្នុងពិធីប្រគល់សម្ភារនោះក្រុមហ៊ុន Bosch និង Wuerth បានផ្ដល់ជូនម៉ាស៊ីន និងសម្ភារសិក្សាមួយចំនួនដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យដើម្បីចូលរួមចំណែកសម្រួលការសិក្សារបស់សិស្ស និស្សិតនៅក្នុងវិទ្យាស្ថានមួយនេះ។
នៅក្នុងប្រទេសកម្ពុជា អាជីវកម្មរបស់ក្រុមហ៊ុន Bosch មានដូចជា សម្ភារផ្នែកយានយន្ត ឧបករណ៍អគ្គិសនីសម្ភារសម្រាប់វិស័យសំណង់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាសម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាវេចខ្ចប់ជាដើម។
លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំកម្ពុជាបានថ្លែងថា៖ «ទស្សនវិស័យរបស់ក្រុមហ៊ុន Bosch គឺលើកកម្ពស់គុណភាពជីវិត និងពង្រីកការអនុវត្តអាជីវកម្មឲ្យកាន់តែរីកចម្រើនផ្នែកសង្គម។ យើងពិតជាសប្បាយរីករាយក្នុងការគាំទ្រ ដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះ ហើយសង្ឃឹមថាវាជាការរួមចំណែក ផ្លាស់ប្តូរវិជ្ជមានក្នុងការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត» ។
ម្យ៉ាងវិញទៀតសម្រាប់ទីផ្សារក្នុងស្រុក ក្រុមហ៊ុន Wuerth មានផលិតផលជាច្រើនដូចជាផ្នែកថែទាំយានយន្ត សម្ភារសំណង់ និងសម្ភាររោងជាង (សម្រាប់ឧស្សាហកម្មកែច្នៃ) ជាដើមរាប់ចាប់ពីសម្ភារ DIN រហូតដល់គ្រឿងអគ្គិសនីដែលជាខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Wuerth ។
លោក ទេព ទីណូ នាយកគ្រប់គ្រងក្រុមហ៊ុន Wuerth ប្រចាំកម្ពុជាបានថ្លែងថា៖ «ការអប់រំ និងការបណ្តុះបណ្តាលជំនាញជាកត្តាជំរុញសំខាន់នៃការអភិវឌ្ឍ និងការរីកចម្រើនសម្រាប់មនុស្សនៅទូទាំងពិភពលោក»។
លោកបន្ថែមថា៖ «នៅពេលយើងបានទទួលព័ត៌មានអំពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ យើងជឿជាក់ថានឹងអាចផ្តល់ការអភិវឌ្ឍដល់យុវជនកម្ពុជា ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការចូលរួមចំណែកដល់កិច្ចការដ៏អស្ចារ្យមួយនេះដោយបានផ្តល់ជូនឧបករណ៍ចាំបាច់ ដើម្បីជាជំនួយបញ្ចេញសក្តានុពល និងបើកផ្លូវសម្រាប់អនាគតកាន់តែប្រសើរ»៕