ក្រុមហ៊ុន​ Pensonic Holdings Bhd ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ប្រើប្រាស់​របស់​ម៉ាឡេស៊ី​នៅ​ក្នុង​ឆ្នាំ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ពង្រីក​សាខា​របស់​ខ្លួន។ ក្រុមហ៊ុន​មាន​គោល​បំណង​ពង្រីក​សាខា​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ចំនួន​ ៥ ​ខេត្ត បន្ទាប់​ពី​មើល​ឃើញ​ថា​នៅ​ក្នុង​ប្រទេស ​​កម្ពុជា ​មាន​តម្រូវការ​សម្ភារ​អេឡិចត្រូនិក​កាន់​តែ​មាន​កំណើន​កើន​ឡើង​ខ្លាំង​ជា​ពិសេស​សម្ភារ​ប្រើប្រាស់​តាម​ផ្ទះ​។

បន្ទាប់​ពី​បាន​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ជាង​ ១ ឆ្នាំ​មុន​ពេល​នេះ​ក្រុមហ៊ុន Pensonic កំពុង​សម្លឹង​មើល ខេត្ត​បាត់ដំបង កំពង់ស្ពឺ កំពង់ចាម និង​ខេត្ត​សៀមរាប​ដើម្បី​ជំរុញ​ការ​លក់​ផលិតផល​របស់​ខ្លួន​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្តោត​របស់​យើង​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​របស់​យើង ​និង​ដើម្បី​ពង្រីក​សាខា​ក្រុមហ៊ុន​របស់​យើង​។ យើង​ចង់​ចូល​ទៅ​ដល់​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត បន្ទាប់​ពី​យើង​បាន​ផ្តោត​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​។ យើង​ចង់​ពង្រីក​ឲ្យ​បាន​ ៤ ​ទៅ ​៥ ​ខេត្ត គិត​ត្រឹម​ត្រីមាស​ទី​២ ​និង​ត្រី​មាស​ទី​៣ (​ខែ​មិថុនា​ឬ​កញ្ញា​)​។​

លោក Lim Eu Jin អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Pensonic (Cambodia) Co. Ltd ប្រចាំ​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖​ « នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​ចំនួន​ប្រជាជន​មាន​ច្រើន ​ហើយ​ពួក​គាត់​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទិញ​សម្ភារ​របស់​យើង​យក​ទៅ​ប្រើប្រាស់​។ ​ចំពោះ​ខេត្ត​ផ្សេង​ទៀត​យើង​ក៏​មាន​គម្រោង​បង្កើត​ប្រតិបត្តិការ​ផ្ទាល់​ឬក៏​សហការ​ជា​មួយ​អាជីវករ​លក់ដុំ​ក្នុង​ស្រុក​ផង​ដែរ»​។

ស្ថាបនិក​ក្រុមហ៊ុន​លោក Seri Chew Weng Khak បាន​ផ្លាស់ប្តូរ​ក្រុមហ៊ុន Keat Radio និង ក្រុមហ៊ុន Electrical Co ដែល​បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​ក្រុម​លក់រាយ​នៅ​រដ្ឋ​ប៉េណាំង​ក្នុង​ឆ្នាំ​ ១៩៦៥ ​ឲ្យ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី​។

អាជីវកម្ម​ស្នូល​របស់​ក្រុមហ៊ុន​រួម​មាន ការ​ផលិត ការ​នាំចូល ការ​នាំចេញ ការ​ចែក​ចាយ និង​ការ​ធ្វើ​ទីផ្សារ​សម្ភារ​អគ្គិសនី​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

ការកើនឡើងប្រាក់ចំណូលកំពុងជំរុញឱ្យមានតម្រូវការប្រើប្រាស់ទំនិញនៅក្នុងប្រទេសកម្ពុជា។សហការី

ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​នៅ​រដ្ឋ​ប៉េណាំង​មួយ​នេះ​គឺ​ផលិត​ និង​ចែកចាយ​សម្ភារ​​អគ្គិសនី​ និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ ដែល​មាន​ដូច​ជា​សម្ភារ​ផ្ទះ​បាយ​ ម៉ាស៊ីន​បោក​ខោអាវ ម៉ាស៊ីន​ត្រជាក់​ គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​សម្រាប់​ប្រើប្រាស់​ នៅ​ក្នុង​​អង្គ​ប្រជុំ សិក្ខាសាលា​ឬ​ក្រុមហ៊ុន ហើយ​ក៏​មាន​អំពូល​ភ្លើង​ល្អ​ប្រណីត​​គ្រប់​ប្រភេទ ​គ្រប់​ទម្រង់​ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវ​កា​របស់​អតិថិជន​ហើយ​ផលិតផល​របស់​ក្រុមហ៊ុន Pensonic ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ ៣០ ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​។

នៅ​ក្នុង​ប្រទេស ​កម្ពុជា សម្ភារ​ដែល​លក់​ដាច់​បំផុត​មាន​ដូច​ជា​ឆ្នាំង​ដាំបាយ​អគ្គិសនី ម៉ាស៊ីន​កិន​ទឹក​ក្រឡុក ម៉ាស៊ីន​អាំង​សាច់ ចង្ក្រាន​អគ្គិសនី កំសៀវ​ដាំទឹក​អគ្គិសនី ម៉ាស៊ីន​ម៉ៃក្រូ​វេហ្វ​សម្រាប់​កម្តៅ​ម្ហូប​ជា​ដើម​។

លោក Lim បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​តម្រូវ​ការ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​មាន​ការ​កើន​ឡើង ហើយ​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​កើន​ឡើង​ក៏​ដូច​ជា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ និង​កំណើន​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​មាន​កំណើន​​យ៉ាង​លឿន​។ ប្រជាជន​កម្ពុជា​មាន​ការ​យល់​ដឹង​អំពី​គុណ​តម្លៃ​ម៉ាក​យីហោ​ និង​គុណភាព​ផលិតផល​យ៉ាង​ច្បាស់លាស់ ​ជា​ពិសេស​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស ​ម៉ាឡេស៊ី ​គឺ​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​តម្រូវ​ការ​ខ្ពស់​»​។

លោក​បាន​បន្ថែម​ថា​៖ « កំណើន​ប្រជា​ពលរដ្ឋ​កម្ពុជា​រស់​នៅ​ក្នុង​ទីក្រុង​កាន់​តែ​កើន​ឡើង ចំណូល​ប្រជា​ពលរដ្ឋ​ក៏​កាន់​តែ​ខ្ពស់ ពួក​គាត់​មាន​លទ្ធភាព​ទិញ​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់​យក​ទៅ​ប្រើប្រាស់ ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​កំពុង​កើន​ឡើង ដូច្នេះ​សម្ភារ​ប្រើប្រាស់​ និង​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​គុណភាព​ខ្ពស់ ​គឺ​ជា​ជម្រើស​របស់​ពួក​គាត់​ដើម្បី​ធ្វើ​​ឲ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​កាន់​តែ​មាន​ផាសុកភាព ​និង​ភាព​ងាយ​ស្រួល​»​។

មាន​កត្តា​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា កំណើន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កើន​ឡើង របៀប​រស់​នៅ​តាម​បែប​ទីក្រុង​កើន​ឡើង លទ្ធភាព​ទទួល​បាន​កម្ចី​ពី​ប្រព័ន្ធ​មីក្រូ​ហិរញ្ញវត្ថុ ​និង​កង្វះ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​សម្រាប់​គ្រួសារ​មួយ​ចំនួន​ធំ ទើប​ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​កើន​ឡើង​។

ការ​បញ្ជ្រាប​ចូល​ពី​ផ្សារ​ទំនើប​ធំ​ៗ​ដូច​ជា​ផ្សារ​ទំនើប Aeon Mall របស់​ជប៉ុន​ និង​ផ្សារ​ទំនើប Makro ដែល​ជា​ខ្សែ​ចង្វាក់​លក់​ទំនិញ​លក្ខណ​សកល ដូច្នេះ​តាមរយៈ​ការ​រីក​ចម្រើន​ផ្សារ​ទំនើប​ធំ​ៗ​ទាំង​នោះ​វា​ជា​ការ​ចង្អុល​បង្ហាញ​មួយ​យ៉ាង​ច្បាស់​ថា ​តម្រូវ​ការ​សម្ភារ​ និង​ផលិតផល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​កំពុង​កើន​ឡើង​នឹង​បន្ត​កើន​ឡើង​ខ្លាំង​ថែម​ទៀត​នា​ពេល​ខាង​មុខ​។​

បន្ទប់តាំងផលិតផល​ Pensonic ដែលមានទីតាំងនៅប៉េណាំង។ សហការី

មាន​កត្តា​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ជា ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ដែល​មាន​ការ​បន្ទូរ​បន្ថយ​ការ​យក​ពន្ធ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន និង​ការ​នាំចូល​ផលិតផល​និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​មក​ពី​ជុំវិញ​ពិភព​លោក​យ៉ាង​សម្បូរ​បែប​នឹង​ជំរុញ​ឱ្យ​មាន​តម្រូវ​ការ​កាន់​តែ​ខ្លាំង​ជា​ពិសេស​តម្រូវ​ការ​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​ដែល​កំពុង​មាន​សម្ទុះ​កើន​ឡើង​។

យោង​តាម​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹងថា​ប្រាក់​ចំណូល​ពលរដ្ឋ​កម្ពុជា​ក្នុង​ម្នាក់​បាន​កើន​ឡើង​ដល់ ​១,៣៨៤ ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ​២០១៧ ដែល​នៅ​ក្នុង​ឆ្នាំ ២០១០ មាន​ត្រឹមតែ ​៧៨៥ ​ដុល្លារ​ប៉ុណ្ណោះ ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​សេដ្ឋកិច្ច​មាន​កំណើន​ថេរ ហើយ​ ១ ​ភាគ​ធំ​គឺ​ដោយ​សារ​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ដែល​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​។​

លោក Lim បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​នៃ​ផលិតផល​របស់​យើង​។ វា​នៅ​មាន​គម្លាត​រវាង​ផលិតផល​ដែល​មាន​ម៉ាក​យីហោ​កម្រិត​មធ្យម​ និង​ម៉ាក​យីហោ​ដែល មាន​កម្រិត​ខ្ពស់​។ ​ដូច្នេះ​ហើយ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ក្រុមហ៊ុន Pensonic គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​។

យើង​សូម​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ខ្មែរ​​​​​​ដែល​មាន​បំណង​ទិញ​សម្ភារ​ប្រើប្រាស់ ជា​ពិសេស​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់​សូម​ជ្រើសរើស​យក​សម្ភារ​របស់​ក្រុមហ៊ុន Pensonic ពី​ព្រោះ​ផលិតផល​ក្រុមហ៊ុន​យើង​​មាន​គុណភាព​ខ្ពស់ ល្អ​ឥត​ខ្ចោះ ដែល​សមស្រប​បំផុត​សម្រាប់​គ្រប់​ក្រុម​គ្រួសារ​»៕

បច្ចុប្បន្នផលិតផល​ Pensonic មានការប្រកួតប្រជែងជាមួយផលិតផលល្បីផ្សេងៗទៀតនៅទូទាំងពិភពលោក។ សហការី