គំនិត​ផ្តួចផ្តើម​គម្រោង​ខ្សែ​ក្រវាត់ ​និង​ផ្លូវ ​(BRI) របស់​របស់​ប្រទេស ​ចិន ត្រូវ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​ជា​ច្រើន​។ គំនិត​ផ្តួចផ្តើម​ដ៏​ធំ​នេះ​មាន​ហួស​ពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ ហើយ​វិស័យ​សុខភាព​បាន​ក្លាយ​ជា​ធាតុ​ដ៏​សំខាន់​មួយ​ទៀត​នៃ​គម្រោង ​BRI នេះ​។

ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ភ្នែក​មក​ពី​តំបន់​ស្វយ័ត​ក្វាងស៊ី ​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​ប្រទេស ​ចិន ​បាន​មក​ជួយ​ព្យាបាល ​និង​សហការ​ជាមួយ​គ្រូពេទ្យ​កម្ពុជា​នៅ​ក្នុង​ខេត្ត​កំពង់ចាម ​ដើម្បី​ផ្តល់​ការ​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ជូន​ដល់​ប្រជាពលរដ្ឋ។ ​

គម្រោង ​«​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​ស្តីពី​ការ​លុប​បំបាត់​ភាព​ពិការ​ភ្នែក​ដោយ​ជំងឺ​ភ្នែក​ឡើង​បាយ​» ​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​​ក្រោម​មជ្ឈមណ្ឌល​ខ្សែ​ក្រវាត់ ​និង​ផ្លូវ ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ ​២០១៨ បាន​ជួយ​ព្យាបាល​អ្នក​ជំងឺ​ភ្នែក​ប្រមាណ ៦ ២០០ នាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ឲ្យ​បាន​ជា​សះស្បើយ​។​

ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ការ​វះ​កាត់​ភ្នែក​នៅ​លើ​រថយន្ត​គ្លីនិក​ចល័ត​ចំនួន ​២ ​​គ្រឿង ដែល​ដាក់​ឲ្យ​ប្រចាំការ​នៅ​ឯ​​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។​

«​យុទ្ធនាការ​លុប​បំបាត់​ជំងឺ​ភ្នែក​ឡើង​បាយ​នេះ គឺ​មាន​រយៈពេល ​១៩ ​ខែ ដែល​វា ​គឺ​ជា​យុទ្ធនាការ​វះ​កាត់​ភ្នែក​រយៈពេល​វែង​បំផុត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ចិន​នៅ​ក្រៅ​ប្រទេស​»​។​

លោក​ C.Y.Leung ​ប្រធាន​មជ្ឈមណ្ឌល​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​នៅ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី ​១៧ ខែធ្នូ កន្លងទៅ​បាន​ថ្លែង​ថា​៖ «​វា​ក៏​ជា​កំណត់ត្រា​របស់​ប្រទេស ​ចិន ​ផង​ដែរ ​សម្រាប់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​។ យុទ្ធនាការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​កម្លាំង​នៃ ​«​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន​» ​នៃ​ប្រទេស​ទាំង ២»​។​

មន្ត្រីកម្ពុជា និងគណៈប្រតិភូបរទេសនៅក្នុងពិធីបិទបញ្ចប់គម្រោង។

លោក​ Leung ​បាន​ឲ្យ​​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​ តប​តាម​យោបល់​របស់​ក្រសួង​ការបរទេស​ចិន ខេត្ត​កំពង់ចាម​ត្រូវ​បាន​​ជ្រើសរើស​ជា​ទីតាំង​អនុវត្ត​គម្រោង​ដំបូង​របស់​ពួក​គេ ​ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ ហើយ​ក្រុម​​គ្រូពេទ្យ​នឹង​​បន្ត​គម្រោង​ទី ​២ ​របស់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង​បន្ត​ទៀត​។​

ឯកឧត្តម យឹម​ ឆៃលី​ ឧបនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​នេះ​ថា​៖ «​ការ​បញ្ចប់​យុទ្ធនាការ​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​​ប្រកប​ដោយ​ជោគជ័យ​នេះ ​គឺ​បាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ឈ្នះ ​ឈ្នះ​ រវាង​កម្ពុជា​ និង​ចិន ​ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់ និង​ផ្លូវ​។

«​គម្រោង​នេះ​បាន​ពង្រឹង​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង ២ ​ហើយ​​ខ្ញុំ​ជឿជាក់​ថា ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ថ្មីៗ​ជាច្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត​»​។​

គ្លីនិក​ចល័ត​ចំនួន ​២ ​នឹង​ត្រូវ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ​ហើយ​នឹង​នាំយក​គ្លីនិក​ចល័ត​ថ្មី​ចំនួន ​២ ​ទៀត ​ដែល​កំពុង​រៀបចំ​សម្រាប់​គម្រោង​នៅ​ខេត្ត​ព្រៃវែង ​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​មីនា ​ឆ្នាំ​ក្រោយ​។​

លោក Leung ថ្លែង​ថា​៖ «​វា​អាច​មាន​ករណី​ថ្មី​ដោយសារ​តែ​ភាព​ចាស់​ជរា ប៉ុន្តែ​ពេល​នេះ​គឺ​មិន​មាន​ទេ​។​ដូច្នេះ យើង​នឹង​ផ្លាស់​ទៅ​កាន់​ខេត្ត​ព្រៃវែង​។ ​ធៀប​នឹង​កម្មវិធី​ផ្សេង​ទៀត គឺ​យើង​មិន​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​នោះ​ទេ​។ ​យើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម ​ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​រហូត​ដល់​ពួក​គេ​បាន​ជា​សះស្បើយ​។​ យើង​បាន​ចាប់​ផ្តើម​កាល​ពី ​២ ឆ្នាំ​មុន ​ហើយ ​១៩ ​ខែ​ក្រោយ​មក​ យើង​បាន​បញ្ចប់​គម្រោង​នេះ​ជាមួយ​នឹង​ការ​ព្យាបាល​អ្នក​ជំងឺ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ [១៣ ធ្នូ​]»​។​

ការវះកាត់ជំងឺភ្នែកឡើងបាយ ត្រូវបានធ្វើឡើងនៅក្នុងគ្លីនិកចល័ត។

លោក​វេជ្ជបណ្ឌិត សាមុត ភីរុណ ឯកទេស​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​បាន​លើក​ឡើងថា ​ការ​វះ​កាត់​ភ្នែក​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ ​ដោយ​មាន​ការ​គាំទ្រ​ពី​គ្រួពេទ្យ​ឯកទេស​ចិន​។ ​លោក​វេជ្ជបណ្ឌិត​បន្ត​ថា​៖ «​យើង​បាន​សហការ​គ្នា​ជាមួយ​គ្រូពេទ្រ​ចិន ហើយ​បាន​ជួយ​អ្នក​ជំងឺ​ជា​ច្រើន​នាក់ ដែល​មាន​បញ្ហា​ភ្នែក​ឲ្យ​បាន​ជា​សះស្បើយ​។ គ្រូ​ពេទ្យ​ចិន​បាន​បង្ហាញ​អំពី​ជំនាញ​វះ​កាត់​ភ្នែក​របស់​ពួក​គេ​»​។

ឯកឧត្តម ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្តម Wang Wentian ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ លោក ​Yum Sui Sang​ ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​ធុរកិច្ច ចិន​ហុងកុង និង​ម៉ាកាវ ​នៅ​កម្ពុជា​រួម​ជាមួយ​ភ្ញៀវ​កិត្តិយស​ប្រមាណ ១ ០០០ ​នាក់​ផ្សេង​ទៀត មាន​​វត្តមាន​នៅ​ក្នុង​ពិធី​បិទ​យុទ្ធនាការ​នេះ​។​

លោក​ សំ​ ហ៊ីម​ អាយុ​ ៧៨ ​ឆ្នាំ​ បាន​រៀបរាប់​ថា​៖«​ពី​មុន​ភ្នែក​របស់​ខ្ញុំ​ងងឹត​ទាំង​សង​ខាង មើល​អ្វី​ក៏​មិន​ឃើញ​ដែរ ទោះបី​ខ្ញុំ​ពាក់​វ៉ែនតា​ក្តី​។ ប៉ុន្តែ​សំណាង​ល្អ មាន​គេ​ប្រាប់​ខ្ញុំ​ឱ្យ​មកជួប​គ្រូពេទ្យ​ចិន​នៅ​ទីនេះ​។ បន្ទាប់​ពី​ការ​ព្យាបាល​រយៈពេល​ខ្លី​ភ្នែក​ខ្ញុំ​អាច​មើល​ឃើញ​ឡើង​វិញ ហើយ​ពេល​នេះ​ទោះ​ខ្ញុំ​មិន​ពាក់​វ៉ែនតា ក៏​អាច​មើល​ឃើញ​ដែរ​​ខ្ញុំ​ពិត​ជា​ត្រេកអរ​ណាស់ ​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​យ៉ាង​ខ្លាំង»៕