ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក Madi Akmambet អភិបាល​ប្រតិបត្តិ​នៃ​ក្រុម​ព្រឹក្សាភិបាល​ និង​ជា​អតីត​នាយក​ប្រតិបត្តិ​ធ្វើ​ការ​លាត​ត្រដាង​អំពី​ដំណើរការ​វិវឌ្ឍន៍​របស់ ABA នៅ​កម្ពុជា។

សំណួរ​៖ តើ​អ្វីដែល​ធ្វើ​ឲ្យ​ធនាគារ ABA ឈរ​លើ​ធនាគារ​ផ្សេងៗ​នៅ​កម្ពុជា​?

នៅ​កម្ពុជា យើង​មាន​ធនាគារ​ជាង ៥០ ហើយ​ធនាគារ​ខ្លះ​កំពុង​សាង​ខ្លួន​ឲ្យ​ប្លែក​ពី​គ្នា​។ មើល​ចេញ​ពី​ជ្រុង​នេះ ABA មាន​ជំហរ​ខុស​ប្លែក​ពី​ធនាគារ​ផ្សេងៗ​។ នាម​ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ​ជាតិ​កាណាដា ABA ជា​ធនាគារ​មក​ពី​អាមេរិក​ខាង​ជើង​តែ​មួយ​គត់​នៅ​កម្ពុជា​។

ចំណុច​ខុស​ប្លែក​ផ្សេង​របស់​យើង ​គឺ​ការ​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ខុស​ប្លែក​ពី​គេ និង​ការ​រចនា​សាខា​ដ៏​ទំនើប​។​

យើង​ក៏​កំពុង​តែ​កែ​លម្អ​ទាំង​ផលិតផល និង​ដំណើរការ​ធុរកិច្ច​របស់​ខ្លួន​។ លក្ខណ​ពិសេស​របស់​ធនាគារ ABA គឺ​មាន​សេវាកម្ម​តាម​បញ្ជរ ១២/៧ បណ្តាញ​គាំទ្រ​អតិថិជន ២៤ ម៉ោង និង​កម្មវិធី ABA Mobile ដ៏​លេច​ធ្លោ​ជាង​គេ​។

យើង​ជឿ​ជាក់​ថា លក្ខណៈ​ទាំង​អស់​នេះ ព្រម​ជាមួយ​ការ​ផ្តល់​នូវ​ផលិតផល​ដែល​មាន​ភាព​ប្រកួត​ប្រជែង និង​បុគ្គលិក​មាន​ជំនាញ​ខ្ពស់​របស់​យើង នាំ​មក​នូវ​បទពិសោធ​ប្លែក​ជាង​គេ​ជូន​អតិថិជន​។ យ៉ាង​ណា​ក៏​​ដោយ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​លក្ខណៈ​ដោយ​ឡែក​ផ្ទាល់​របស់ ABA​។​

ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ ភាគ​ច្រើន​មាន​សញ្ជាតិ​បារាំង និង​កាណាដា​។ គណៈ​គ្រប់គ្រង​ប្រតិបត្តិ​មាន ចម្រុះ​សាសន៍ ដោយ​មាន​សញ្ជាតិ​កា​ហ្សាក់​ស្ថាន អ៊ូស​បេគីស្ថាន នេ​ប៉ាល់ កូរ៉េខាងត្បូង និង​កាណាដា​។ ប្រាកដ​ណាស់ អ្នក​ជំនាញ​កំពូលៗ​របស់​កម្ពុជា​ក៏​នៅ ក្នុង​នោះ​ដែរ​ ដោយ​មាន​តួនាទី​សំខាន់ៗ​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​របស់​យើង​។ ភាព​ចម្រុះ​គ្នា​នេះ​ធ្វើ​ឲ្យ​ធនាគារ ABA ប្លែក និង​ពិសេស​ដោយ​ឡែក​ពី​គេ ពាក់ព័ន្ធ​នឹង​វប្បធម៌​សាជីវកម្ម គុណ​តម្លៃ​ស្នូល និង​សមត្ថភាព​ប្រតិបត្តិ​។​

បើ​និយាយ​ពី​បេសកកម្ម​របស់​ធនាគារ​ក្នុង​ការ​បម្រើ​ប្រជាជន​កម្ពុជា និង​ផល​ប្រយោជន៍​ដល់​កម្ពុជា ABA ក៏​ពិសេស​ជាង​គេ​ផង​ដែរ ដោយសារ​យើង​ឈរ​លើ​ស្មារតី​នេះ​ជាសំខាន់​ក្នុង​ធុរកិច្ច​របស់​ខ្លួន​។

និយាយ​ដល់​ចំណុច​នេះ យើង​ក៏​បាន​ដឹង​ថា ធនាគារ ABA រួម​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​​ទៀត ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន​នានា​ឲ្យ​ឆ្លង​ផុត​វិបត្តិ​ជំងឺ​កូវីដ ​១៩ នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

ក្រោម​ការ​ណែនាំ និង​ចង្អុល​បង្ហាញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា វិស័យ​ធនាគារ​គួរ​តែ​បន្ត​ធ្វើ​ការងារ ​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ជាតិ​។ តាម​ទស្សនៈ​នេះ ABA ក៏​បាន​ត្រួសត្រាយ​នាំ​មុខ​រួច​ហើយ អាស្រ័យ​ដោយ​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ ការ​អនុវត្ត​តាម​ស្តង់ដា​អន្តរជាតិ និង​ការ​បេ្តជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​។

សំណួរ​៖ តើ​ផ្នែក​អ្វី​ដែល​ជំរុញ​ធុរកិច្ច​របស់​ធនាគារ ABA នៅ​ក្នុង​ទីផ្សារ​កម្ពុជា​? តើ​ផ្នែក​សេវា​ធនាគារ​រូបវន្ត​ដំណើរការ​យ៉ាង​ណា​ដែរ​?

ធនាគារ ABA មាន​យុទ្ធសាស្ត្រ​អាជីវកម្ម​ផ្តាច់​មុខ​មួយ​ដែល​មាន​ផ្នែក​អាជីវកម្ម​ចំនួន ​២។ ផ្នែក​ទី ១ ​ផ្តោត​លើ​រូបវន្ត​បុគ្គល មាន​បញ្ញើ ការ​ផ្ទេរ​ប្រាក់ និង​សេវា​ធនាគារ​គ្រប់គ្រង​គណនី​ផ្សេងៗ​។

ផ្នែក​នេះ​កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ​បំផុត​។ ចំនួន​គណនី​សរុប​កាន់​តែ​កើន​ឡើង​ស្ទើរ​តែ​ទ្វេដង​កាល​ពី​ឆ្នាំ​មុន និង​បាន​ឈាន​ដល់ ​១ ​លាន​ជាង ដែល ​៩៨​ ភាគរយ​ជា​អតិថិជន​រូបវន្ត​។

ផ្នែក​ទី​២ គឺ​ការ​ផ្តល់​កម្ចី ដោយមាន​យុទ្ធសាស្ត្រ​ផ្តោតលើ​អតិថិជន​ជា​អាជីវកម្ម​ខ្នាត​តូច និង​សហគ្រាស ​ធុន​តូច និង​មធ្យម [MSME] ដែល​មាន​ចំនួន ​៩២ ​ភាគរយ​នៃ​ផលបត្រ​កម្ចី​សរុប​របស់​យើង​។

សំណួរ​៖ ផលប​ត្រ​បញ្ញើ​របស់​ធនាគារ ABA បាន​កើន​ឡើងដល់ ៣.៤ ប៊ី​លាន​ដុល្លារ ខណៈ​ដែល​ផ្នែក​កម្ចី​មាន​ចំនួន ២.៨ ប៊ី​លាន​ដុល្លារ​។ តើ​ធនាគារ​អាច​សម្រេច​លទ្ធផល​នេះ​បាន​ដោយ​របៀប​ណា​?

នេះ​ជា​ចក្ខុវិស័យ​របស់​យើង​ដើម្បី​ក្លាយជា​ធនាគារ​ដែល​ប្រជាជន​កម្ពុជា​ទុកចិត្ត សម្រាប់​តម្រូវការ​សេវា​ធនាគារ​​ផ្ទាល់​ខ្លួន និង​អាជីវកម្ម​របស់​ពួក​គេ​។ ដូច្នេះ​យើង​បង្កើត​ក៏​ដូចជា​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​នានា​ដែល​​ចាំបាច់​នៅ​កម្ពុជា​។​

យើង​មាន​ក្រុម​ការងារ​ផ្នែក​លក់​ដ៏​រឹងមាំ បណ្តាញ​សាខា​ទូលំ​ទូលាយ និង​ដំណោះស្រាយ​សេវា​ធនាគារ​ឌីជីថល​ដ៏​ទំនើប​។ ទាំង​នេះ​ផ្តល់​ឲ្យ​យើង​នូវ​សមត្ថភាព «​បណ្តាញ​រួមមួយ (omni channel)» ពេញលេញ​ក្នុង​ការ​បម្រើ​អតិថិជន​។

សរុប​មក កត្តា​ជោគជ័យ​សំខាន់ៗ គឺ​ផ្តោត​លើ​តម្រូវការ​របស់​អតិថិជន​។ យើង​នាំ​មក​នូវ​គុណ​តម្លៃ​ជូន​អតិថិជន ដោយ​បង្កើត​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ប្រយោជន៍ អាច​ទុក​ចិត្ត​បាន និង​នវានុវត្តន៍​។ ដោយ​មាន​ទស្សនៈ​បែប​នេះ ទើប​យើង​អាច​នាំ​ភាព​ជោគជ័យ​ជូន​អតិថិជន​ក្នុង​នាម​ជា​ដៃគូ​។​

សំណួរ​៖ តើ​ប្រាក់​ចំណេញ និង​ចំណូល​កាល​ពី​ឆ្នាំ​មុន​កើន​ឡើង​យ៉ាងម៉េច​ដែរ​?

កាល​ពី​ឆ្នាំ​មុន ធនាគារ ABA ទទួល​បាន​ប្រាក់ចំណេញ​ជាប់​កំណត់ត្រា​។ ចំណេញ​សុទ្ធ​មាន​ចំនួន ១២៧ លាន​ដុល្លារ កើន​ឡើង ៧២ ភាគរយ ធៀប​នឹង​ដំណាច់​ឆ្នាំ ២០១៨​។ ជា​លទ្ធផល អនុបាត​ចំណូល​ធៀប​នឹង​មូលធន (ROE) គឺ ៣៣ ភាគរយ ក្នុង​ឆ្នាំ ២០១៩ ដែល​ខ្ពស់​ខ្លាំង​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។

តាំង​ពី​ចាប់​ផ្តើម​ប្រតិបត្តិការ​មក ​តើ​ធនាគារ​មាន​ដំណើរការ​រីក​ចម្រើន​ដូច​ម្ដេច​ដែរ?

ទោះបី​ជា​ធនាគារ​វឌ្ឍនៈ​អាស៊ី បើក​ដំណើរការ​នៅ​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ក្នុង​ស្រុក​មួយ​ក៏​ពិត​មែន​ក៏​ដំណាក់កាល​ថ្មី​ទើប​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០០៧ នៅ​ពេល​ដែល​ក្រុមហ៊ុន​មូលធន​ឯកជន​មួយ​មក​ពី​​កាហ្សាក់ស្ថាន គឺ​ក្រុមហ៊ុន Visor Group និង​ដៃគូ​របស់​ខ្លួន គឺ​លោក DamirKarassayev​ បាន​ទិញ​យក​ធនាគារ​ដែល​ពេល​នោះ​ មាន​តែ​មួយ​សាខា​ជាមួយ​ទ្រព្យ​សកម្ម​ត្រឹម​តែ ៤០ លាន​ដុល្លារ។ ការ​ទិញ​យក​​នេះ បាន​ក្លាយ​ជា​ការ​វិនិយោគ​ដ៏​សំខាន់​មួយ​មក​លើ​ធនាគារ​នេះ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន និង​​ហេដ្ឋា​រចនា​សម្ពន្ធ។

ធនាគារ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ក្នុង​នាម​ជា​ធនាគារ ABA នៅ​ឆ្នាំ ២០០៩ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​កែ​សម្រួល​អត្តសញ្ញាណ និង​បាន​ដាក់​ឲ្យ​ដំណើរការ​ផលិតផល​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ។ ស្នូល​គ្រឹះ​នៃ​គណៈ​គ្រប់​គ្រង​នាពេល​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​ពី​ទទួល​បាន​ផល​ចំណេញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១០ ធនាគារ​បន្ត​រីក​ចម្រើន​ជាប់​មក​រហូត។

ក្នុង​ឆ្នាំ​ ២០១៤ ធនាគារ​បាន​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​ធនាគារ​ជាតិ​កាណាដា​ដែល​បាន​ក្លាយ​ជា​ភាគហ៊ុនិក ដោយ​បន្ត​ទិញ​យក​ភាគហ៊ុន​របស់​ធនាគារ ABA រហូត​ដល់ ១០០ ភាគរយ (ដក​មួយ​ភាគហ៊ុន)។ ឥឡូវ​នេះ​ធនាគារ ABA ជា​ផ្នែក​មួយ​នៃ​សម្ពន្ធ​ធនាគារ​ជាតិ​កាណាដា​ហើយ​កត្តា​នេះ​នាំ​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ អភិបាលកិច្ច​សាជីវកម្ម និង​ជំហរ​ទីផ្សារ​កាន់​តែ​រឹងមាំ​ជាង​មុន។ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ ABA គិត​ត្រឹម​ដំណាច់​ឆ្នាំ​មុន បាន​ឈាន​ដល់ ៤ ៣៩៥ លាន​ដុល្លារ ឬ​ច្រើន​ជាង ១០០ ដង​នៃ​ទ្រព្យ​សកម្ម​ដែល​មាន​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ទទួល​បន្ទុក​ប្រតិបត្តិការ​នោះ។

ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ ABA បាន​ឈាន​ដល់ ៤.៤ ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ ២០១៩។ តើ​មាន​កត្តា​អ្វី​ខ្លះ​រួម​ចំណែក​ជំរុញ​ឲ្យ​សម្រេច​បាន​ទ្រព្យ​សកម្ម​នេះ?

ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​មាន​សមាសភាព​នៃ​ដើម​ទុន​របស់​ភាគហ៊ុនិក​ជាង ១១ ភាគរយ និង​បញ្ញើ​របស់​អតិថិជន​ចំនួន ៧៧ ភាគរយ។ ក្រៅ​ពី​នេះ គឺ​ជា​កម្ចី និង​បំណុល​ផ្សេងៗ។ នេះ​ជា​រចនា​សម្ពន្ធ​ថវិកា​ទូទៅ​​សម្រាប់​ធនាគារ​ពាណិជ្ជ ហើយ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សាធនភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

តើ​កំណើន​កាល​ពី​ឆ្នាំ​មុន​យ៉ាង​ណា​ដែរ ​ពាក់​ព័ន្ធ​នឹង​ប្រាក់​ចំណេញ និង​ចំណូល?

កាល​ពី​ឆ្នាំ​មុន ធនាគារ ABA ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​កំណត់ត្រា។ ប្រាក់​ចំណូល​សុទ្ធ​មាន​ចំនួន ១២៧ លាន​ដុល្លារ កើន​ឡើង ៧២ ភាគរយ ធៀប​នឹង​ដំណាច់​ឆ្នាំ ២០១៨។ជា​លទ្ធផល​អនុបាត​ចំណូល​ធៀបនឹង​សមធន (ROE) មាន​ចំនួន ៣៣ ភាគរយ ក្នុង​ឆ្នាំ ២០១៩ ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

តើ​អ្វី​ជា​ផលិតផល​សេវា​ធនាគារ ដែល​ពេញ​និយម​បំផុត​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?

ដូច​បាន​លើក​ឡើង​ខាង​លើ នៅ​ពេល​ផ្តល់​កម្ចី ធនាគារ ABA ផ្តោត​លើ​ការ​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​មីក្រូ និង​សហគ្រាស​ធុន​តូច និង​មធ្យម [MSME] ដែល​ជា​សសរស្តម្ភ​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា។ យើង​ក៏​បើក​គណនី​​ថ្មី​រាប់​ពាន់​រៀងរាល់​ថ្ងៃ ដែល​ផ្តល់​នូវបរិយាប័ន្ន​ហិរញ្ញវត្ថុ។ អ្នក​ដែល​មាន​គណនី​អាច​ទទួល​ផល​ប្រយោជន៍​​ពី​សេវាកម្ម​ពេញ​លេញ រួម​មាន គណនី​បញ្ញើ​សន្សំ ឬ​បញ្ញើ​មាន​កាល​កំណត់ សេវា​ផ្ទេរ​ប្រាក់ និង​កាត​ធនាគារ ព្រម​ទាំង​ការ​ផ្តល់​ជូន​ផ្សេងៗ​ជា​ច្រើន​ទៀត។ សេវា​ធនាគារ​ឌីជីថល​ផ្តាច់​មុខ​មាន​តម្រូវការ​ខ្ពស់​​ គឺ​កម្មវិធី ABA Mobile សេវាកម្ម​ធនាគារ​អនឡាញ និង​ទីកន្លែង​ស្វ័យសេវា​របស់​យើង​នៅ​ទូទាំង​ប្រទេស​​។

តើ​ធនាគារ​ចាត់​ទុក​ខ្លួន​ឯង​យ៉ាង​ណា ដើម្បី​បម្រើ​ដល់​ប្រជាជន​វ័យ​ក្មេង?

ជាមួយ​កញ្ចប់​សេវា​ធនាគារ​ឌីជីថល និង​ស្វ័យ​សេវា​ដ៏​ទំនើប ស្ថានភាព​របស់​ធនាគារ ABA មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​ទីផ្សារ ជាពិសេស​ចំពោះ​ប្រជាជន​វ័យ​ក្មេង​ដែល​មាន​ការ​យល់ដឹង​ខ្លាំង​អំពី​បច្ចេកវិទ្យា។ មិន​ថា​អ្នក​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន ឬ​ជាបុគ្គលិក​ក្រុមហ៊ុន ឬ​ក៏​ជា​សិស្សនិស្សិត​នោះ​ទេ សេវា​ធនាគារ​ឥឡូវ​នេះ​ស្ថិត​នៅ​លើ​ចុង​ម្រាម​ដៃ​របស់​អ្នក។

អ្នក​អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយ​ស្រួល​ទៅ​កាន់​ដៃគូ​អាជីវកម្ម គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នក។ អ្នក​អាច​បង់​ទឹក​ភ្លើង​ និង​សំរាម បញ្ចូល​លុយ​ទូរស័ព្ទ និង​បង់​ថ្លៃ​អ៊ីនធឺណិត សាលា ឬសាកល​វិទ្យាល័យ ព្រម​ទាំង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជា​ច្រើន​ទៀត។ លើស​ពី​នេះ មាន​សាច់​ប្រាក់ ២៤/៧ នៅ​តាម​បណ្តាញ ATM ដ៏​ធំ​បំផុត​នៅ​កម្ពុជា។

ជាមួយ​នឹង​ការ​ផ្តល់​កម្ចី​អាជីវកម្ម​របស់​យើង យើង​សង្ឃឹម​ថា​មាន​សហគ្រិន​វ័យ​ក្មេង​ច្រើន​បន្ថែម​ទៀត​ដែល​ជា​អតិថិជន និង​ជា​អតិថិជន​កម្ចី​របស់​យើង​ទទួល​បាន​ផល​ប្រយោជន៍​ពី​អ្វី​ដែល​យើង​មាន​ផ្តល់​ជូន​នោះ។ ហើយ​នេះ​មិន​ត្រឹម​តែ​ជា​ផលិតផល​កម្ចី​របស់​យើង​ទេ​ដែល​ជួយ​លើក​កម្ពស់​សហគ្រិនភាព​វ័យ​ក្មេង​នោះ យើង​ថែម​ទាំង​ចូលរួម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​ដូច​ជា កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ (FLIP) រួម​ជាមួយ​ធនាគារ​ជាតិ​កាណាដា​សមាគម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ការិយាល័យ​កាណាដា​នៅ​ប្រទេស កាណាដា និង​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។

ក្នុង​នាម​ជា​ធនាគារ​បរទេស ​តើ​ធនាគារ ABA រួម​ចំណែក​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដោយ​របៀប​ណា?

ក្នុង​នាម​ជា​ធនាគារ​កំពូល​មួយ និង​ជា​ធនាគារ​អាមេរិក​ខាង​ជើង​ប្រចាំ​នៅ​កម្ពុជា យើង​បន្ត​ដាក់​ឲ្យ​ដំណើរការ​ការ​អនុវត្ត​ល្អៗ​បំផុត​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​សាជីវកម្ម ការ​គ្រប់គ្រង​ហានិភ័យ និង​ការ​ត្រួត​ពិនិត្យ​ការ​ប្រតិបត្តិ​តាម។ យើង​ក៏​បន្ត​កែ​លម្អ និង​នាំ​មក​នូវ​ផលិតផល​ថ្មីៗ​ចូល​ក្នុង​ទីផ្សារ។

ធនាគារ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​កម្ពុជា ដូចជា ការ​នាំ​មក​នូវ​សេវា​ធនាគារ​ពេញ​លេញ​តាម​ទូរស័ព្ទ សេវា​ដក​សាច់​ប្រាក់​មិន​បាច់​ប្រើ​កាត e-Cash និង​ការ​ទូទាត់​ប្រើ​កូដ QR និង​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត។ ដូច្នេះ យើង​ជា​ញឹកញាប់​មិនត្រឹម​តែ​បំពេញ​តម្រូវ​ការ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​នូវ​តម្រូវការ​ថ្មីៗ​ផង​ដែរ។

ដោយ​មាន​ធនាគារ​ជាតិ​កាណាដា​ជា​ភាគហ៊ុនិក​ដែល​អាច​ទុក​ចិត្ត​បាន និង​មាន​កិត្តិនាម​ខ្ពស់​នោះ មាន​ន័យ​​ថា ធនាគារ ABA ទទួល​បាន​ដើម​ទុន និង​ថវិកា​កាន់​តែ​ងាយ​ស្រួល។ កាល​ពី​ឆ្នាំ​មុន យើង​ទទួល​បាន ៥០ លាន​ដុល្លារ ជា​ដើម​ទុន​ភាគហ៊ុនិក និង ៤០ លាន​ដុល្លារ ជា​អនុ​បំណុល​បន្ទាប់​បន្សំ​សម្រាប់​គាំទ្រ​ដល់​កំណើន​របស់​ធនាគារ ABA នៅ​កម្ពុជា។ ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ យើង​បាន​ទទួល​ប្រាក់ត​ម្កល់​ធានា​លើ​ដើម​ទុន​បន្ថែម​ចំនួន ១២០ លាន​ដុល្លារ។

យើង​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ឥណទាន «B+» ដែល​ជា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​មួយ​នៅ​កម្ពុជា​ពី​ទីភ្នាក់ងារ Standard and Poor’s ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ធនាគារ​អាណាព្យាបាល​របស់​យើង​ទទួល​បាន​ចំណាត់​ថ្នាក់​ឥណទាន​អន្តរជាតិ «AA-»។ កត្តា​ទាំង​នេះ ធ្វើ​ឲ្យ​ធនាគារ ABA មាន​សមត្ថភាព​ទទួល​បាន​ឥណទាន​ពី​ធនាគារ​បរទេស និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា ដែល​មាន​ន័យ​ថា​ជា​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​​​សម្រាប់​​កម្ពុជា។

ជា​ចុង​ក្រោយ​និង​សំខាន់​បំផុត យើង​រួម​ចំណែក​ជា​ច្រើន​ដល់​កម្ពុជា តាមរយៈ «ការ​បង្កើត» អ្នក​ជំនាញ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​កាន់​តែ​ច្រើន។ សម្រាប់​គោល​បំណង​នេះ កាល​ពី​ពីរ​បី​ឆ្នាំ​មុន​ យើង​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​ធនាគារ ABA ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​បុគ្គលិក​ទាំង​អស់​របស់​យើង​ជា​ទៀងទាត់។ មជ្ឈមណ្ឌល​នេះ​ជួយ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ក្នុង​ប្រទេស​ទាំង​មូល។

កាល​ពី​ឆ្នាំ​មុន ធនាគារ ABA បាន​បោះផ្សាយ​សញ្ញាបណ្ណ​ដែល​មាន​តម្លៃ ២១ លាន​ដុល្លារ។ តើ​ការ​អនុវត្ត​សាជីវកម្ម​នេះ​ជោគជ័យ​ឬ​អត់ ហើយ​តើ​ថវិកា​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​អ្វី​ដែរ?

ប្រាកដ​ណាស់ យើង​មាន​ភាព​រីករាយ​នឹង​លទ្ធផល​នៃ​ការ​បោះផ្សាយ​សញ្ញាបណ្ណ​នេះ ហើយ​យើង​ចាត់​ទុក​ថា​​ជា​​ភាព​ជោគជ័យ។

សញ្ញាបណ្ណ​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារ ABA ព្រម​ទាំង​សម្រាប់​ទីផ្សារ​ដើម​ទុន​កម្ពុជា។ នេះ​ជា​សញ្ញាបណ្ណ​ដំបូង​ពី​ធនាគារ​ពាណិជ្ជ​ដែល​បាន​ចុះ​បញ្ជី​លក់​នៅ​ផ្សារ​មូលបត្រ​កម្ពុជា និង​ជា​សញ្ញាបណ្ណ​​​កម្ពុជា​ទី ១ ដែល​មាន​កម្រិត​ឥណទាន​អន្តរជាតិ​ពី​ទីភ្នាក់ងារ S&P។

លើស​ពី​នេះ ធនាគារ ABA បាន​ក្លាយ​ជា​ធនាគារ​ដំបូង​ដែល​បោះ​ផ្សាយ​សញ្ញាបណ្ណ​សាជីវកម្ម​លក់​ជូន​វិនិយោគិន​រូបវន្ត​បន្ថែម​លើ​វិនិយោគិន​ដែល​ជា​គ្រឹះស្ថាន។ ក្នុង​ចំណោម​អ្នក​ទិញ​សញ្ញាបណ្ណ​ទាំង​អស់​មាន ៩២ ភាគរយ មក​ពី​ខាង​រូបវន្ត ហើយ​វិនិយោគិន​ភាគ​ច្រើន​ជា​ប្រជាជន​កម្ពុជា។ នេះ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ប្រជាជន​មក​លើ​ធនាគារ និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ពួក​គេ​ក្នុង​ការ​វិនិយោគ​លើ​រូបិយបណ្ណ​ប្រាក់​រៀល​ខ្មែរ (KHR)។

សញ្ញាបណ្ណ​ទាំង​នេះ​ត្រូវ​បាន​បោះផ្សាយ​ជា​រូបិយបណ្ណ​ជាតិ ដើម្បី​ផ្តល់​ថវិកា​ដល់​ការ​ផ្តល់​កម្ចី​របស់​យើង​ជា​ប្រាក់​រៀល។ នេះ​ក៏​បាន​ជួយ​ធនាគារ​សម្រេច​នូវ​គោលដៅ កំណត់​ដោយ​គោលនយោបាយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​មាន​កម្ចី​សរុប​អប្បបរមា ១០ ភាគរយ ជា​ប្រាក់​រៀល​ត្រឹម​ដំណាច់​ឆ្នាំ​មុន។

ក្រៅ​ពី​នេះ ការ​ចុះ​បញ្ជី​ណា​មួយ​លើ​ផ្សារ​ភាគហ៊ុន​ត្រូវ​មាន​តម្លាភាព​ខ្ពស់ ការ​រាយការណ៍​ជាក់​លាក់ និង​សវនកម្ម​ហិរញ្ញវត្ថុ​បន្ថែម។ និយាយ​រួម​មក នេះ​មាន​ន័យ​ថា មាន​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ​កាន់​តែ​ខ្ពស់។

សរុប​មក យើង​ជឿ​ជាក់​ថា សញ្ញាបណ្ណ​របស់​ធនាគារ ABA រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ផ្សារ​ដើម​ទុន ហើយ​នឹង​នាំ​មក​នូវ​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​បន្ថែម​មក​លើ​វិស័យ​នេះ។

សំណួរ​៖ តើ​អ្នក​មាន​ទស្សនៈ និង​ផែនការ​អ្វី​ខ្លះ​សម្រាប់​ឆ្នាំ ២០២០?

នៅ​ពេល​យើង​ពិភាក្សា​ពី​ផែនការ​អាជីវកម្ម​សម្រាប់​នេះ​កាល​ពី​ខែ​ធ្នូ​នោះ សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​រួច​ហើយ​ថា​នឹង​ថយ​ចុះ​បន្តិច​ម្តងៗ ដោយសារ​តម្រូវការ​ទំនិញ​កម្ពុជា​ថយចុះ និង​ការដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប ព្រម​ទាំង​ការ​ធ្លាក់ចុះ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។

ប៉ុន្តែ​យើង​បាន​ព្យាករ​ថា ធនាគារ ABA នឹង​ទទួលបាន​កំណើន​ក្នុង​ឆ្នាំ ២០២០ ក្នុង​រង្វង់ ៣០ ភាគរយ ក្នុង​ទ្រព្យ​សកម្ម កម្ចី និង​បញ្ញើ ធៀប​នឹង ៥០-៦០ ភាគរយ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​។ យើង​ក៏​បាន​រៀបចំ​ផែនការ​បើក​សាខា​ថ្មី​ចំនួន ​២-៣ នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។

ទោះបី​ជា​មាន​ការ​រីករាល​ដាល​​នូវ​ជំងឺ​កូវីដ ​១៩ ក៏​បរិស្ថាន​ធុរកិច្ច​បាន​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។​

យើង​កំពុង​រៀបចំ​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ឡើង​វិញ ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២០ ដោយសារ​យើង​មើល​ឃើញ​ថា អាជីវកម្ម​ជា​ច្រើន​កំពុង​រង​ផល​ប៉ះ​ពាល់​។

ដូច​អ្នក​បាន​ដឹង​ហើយ​កាល​ពី​ខែ​មុន ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សារាចរ​ដោយ​អនុញ្ញាត​ឲ្យ​ធនាគារពាណិជ្ជ​ផ្តល់​នូវ​រយៈពេល​អនុគ្រោះ និង​ការ​រៀបចំ​កាល​វិភាគ​ការ​បង់​កម្ចី​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ​១៩​។

យើង​បាន​ចាប់​ផ្តើម​ផ្តល់​ការ​គាំទ្រ​ដល់​អតិថិជន​កម្ចី​របស់​យើង​តាម​ការ​សមស្រប​រួច​រាល់​ហើយ​។ ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​ដែល​មាន​ឧបសគ្គ​ខ្ពស់​ ប៉ុន្តែ​យើង​បន្ត​ឈាន​ទៅ​មុខ​ដោយ​ទំនុក​ចិត្ត​។ យើង​មាន​ធនធាន​ទាំង​អស់​ក្នុង​ដៃ​សម្រាប់​បន្ត​គាំទ្រ​អាជីវកម្ម​របស់​ប្រជាជន​កម្ពុជា រួម​មាន ថវិកា បណ្តាញ​សាខា និង​បច្ចេកវិទ្យា​។

យើង​ក៏​ជឿជាក់​យ៉ាង​មុតមាំ​លើ​សេដ្ឋកិច្ច​កម្ពុជា​។ វា​មាន​ភាព​ចម្រុះ ភាព​ប្រកួត​ប្រជែង និង​បើក​ចំហ​សម្រាប់​ការ​វិនិយោគ ហើយ​វា​ក៏​មាន​ជំហរ​ល្អ​ក្នុង​ការ​រីក​ចម្រើន​ឡើង​វិញ​ឆាប់ៗ​នេះ​៕