ឌីសប៊ុក (D''s Books) ជា​ហាង​លក់​សៀវភៅ​ឯករាជ្យ​ដែល​ដំណើរការ​ជា​យូរ​មកហើយ​នៅក្នុង​ទីក្រុង​ភ្នំពេញ កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា Phsar Book ដាក់តាំង​លក់​នៅ​អគារ Raintree​។

លោកស្រី ឌុក វ៉ាន់ថា ដែល​គ្រប់គ្នា​ស្គាល់​ថា «Mom» គឺជា​ម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​ហាង​ឌីសប៊ុក​បាន​ឱ្យដឹងថា សព្វថ្ងៃនេះ​សៀវភៅ​គឺមាន​តម្រូវការ​ច្រើន​ជាង​ពេលណាៗ​ទាំងអស់​។

លោកស្រី​ថ្លែងថា​៖ «The Phsar Book ដែល​បានដាក់​លក់​នៅ​អគារ Raintree គឺជា​ជោគជ័យ​ដ៏ធំ​មួយ​។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មី​តាមរយៈ​សៀវភៅ ហើយ​ខ្ញុំ​សង្ឃឹមថា ការចូលចិត្ត​សៀវភៅ​របស់​ពួកគេ​វិញ ហើយ​ពួកគេ​បន្ត​ត្រឡប់​មក​វិញ​ដើម្បី​មើលសៀវភៅ​របស់​យើង​ទាំងអស់​»​។

ហាង​មាន​លក់​សៀវភៅ​ជាង​ ៥ ​ម៉ឺន​ក្បាល​។

«​សៀវភៅ​គឺមាន​សារៈសំខាន់​ណាស់ ជាពិសេស​នៅ​គ្រា​លំបាក​នេះ​។ ខណៈ​ដែល​មនុស្ស​ជាច្រើន​មានការ​ភ័យខ្លាច​ក្នុងការ​ចេញទៅ​ក្រៅ​ដោយសារ​តែ​ជំងឺ​កូវីដ ដូច្នេះ​សៀវភៅ​ជួយ​ពួកគេ​ឆ្លងកាត់​ពេលវេលា​ដ៏តឹងតែង​នេះ​ដែល​អាចធ្វើឱ្យ​អ្នក​ជួប​មនុស្ស​ថ្មី និង​ក្រឡេកមើល​ពិភពលោក​ថ្មី​»​។

Phsar Book ត្រូវ​បាន​រៀបចំឡើង​នៅ​អគារ​ការិយាល័យ​ជួល​ទំនើប​របស់ Raintree នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ១៣-១៥ ខែមករា​។

គ្រប់គ្នា​គឺអាច​ចូល​ទស្សនា​បាន​ដោយ​សេរី​ព្រឹត្តិការណ៍​រយៈពេល ៣ ថ្ងៃ​នេះ​ត្រូវបាន​ចូលរួម​ដោយ​អ្នកជំនាញ​ដែល​ធ្វើការ​នៅក្នុង​អគារ Raintree និង​អ្នកធ្វើការ​នៅ​អគារ​ការិយាល័យ​ក្បែរ​នោះ ក៏ដូចជា​និស្សិត​សាកលវិទ្យាល័យ​ផងដែរ​។

Raintree សរសើរ Mom ដែល​បាន​និយាយថា បេសកកម្ម​ជីវិត​របស់គាត់​គឺ​កសាង​វប្បធម៌​អាន​សម្រាប់​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​មើលឃើញ​ពិភពលោក​ដ៏ស្រស់ស្អាត​នៅ​ខាងក្រៅ​ខ្លួន​ពួកគេ ដែល​នេះ​គឺជា​ការបំផុស​គំនិត​មួយ​។

«​យើង​ត្រូវបាន​បំផុសគំនិត ដោយសារ​តែ​ភាពស្វាហាប់​បំពេញ​ការងារ​របស់លោក​ស្រី ឌុក វ៉ាន់ថា ដែលជា​ម្ចាស់​ហាង​ឌីសប៊ុក ដែល​ធ្វើឱ្យ​សៀវភៅ​លំដាប់​ពិភពលោក​មាន​តម្លៃ​សមរម្យ និង​សម្រាប់​គ្រប់គ្នា​នៅក្នុង​ប្រទេស​អាច​រកបាន​»​។

ហាង​មាន​លក់​សៀវភៅ​ជាង​ ៥ ​ម៉ឺន​ក្បាល​។

លោកស្រី Penhleak Chan អ្នកគ្រប់គ្រង (Community Manager) នៅ Raintree បាន​បន្ថែមថា​៖ «Raintree គាំទ្រ​ដល់​ការរៀនសូត្រ និង​ការអភិវឌ្ឍ​សហគមន៍​របស់​យើង រួមទាំង​វប្បធម៌​នៃ​ការអាន​នៅ​កម្ពុជា​។ ឌីសប៊ុក ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហគ្រិន​ស្ត្រី ហើយ​ក៏​ជា​អ្នកគាំទ្រ​បេសកកម្ម​របស់ Raintree ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ក្នុងស្រុក និង​សហគ្រិន​ស្ត្រី​ផងដែរ​»​។

កិច្ចសហការ​ជាមួយ Raintree គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​សម្រាប់​ឌីសប៊ុក ជាមួយ​នឹង​ផែនការ​ដ៏រឹងមាំ ក៏ដូចជា​ការលក់​តាម​អនឡាញ និង​ហ្វេសប៊ុក និង​ការនាំយក​សៀវភៅ​ទៅ​លក់​នៅ​តាម​បណ្តា​តូប និង​នៅតាម​បណ្តាញ​ហាង​កាហ្វេ​ធំៗ​ជាដើម​។

ហាង​លក់​សៀវភៅ​ដ៏រឹងមាំ​មួយ​នេះ​គឺ​សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ទាំងអស់ ដែល​លោកស្រី Mom បាន​និយាយ​ថា បច្ចុប្បន្ន​ឌីសប៊ុក​មាន​សៀវភៅ​ជាង​ ៥ ​ម៉ឺន​ក្បាល ដែល​បាន​បើក​លក់​ដំបូង​នៅលើ​ផ្លូវ ២៤០ ក្នុង​ឆ្នាំ​ ២០០៤​។

«​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Derrick Goos ដើមឡើយ​បាន​បើកហាង​លក់​សៀវភៅ D''s Books​។ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​នៅ​ទីនោះ​ចាប់តាំងពី​ថ្ងៃ​ដំបូង ក្នុងនាម​ជា​បុគ្គលិក​ផ្នែក​សេវាកម្ម​អតិថិជន ដែល​នៅចាំ​ជួយ​អតិថិជន​រក​សៀវភៅ និង​អ្នក​មើលថែ​ហាង​ឱ្យ​ស្អាត​ និង​មាន​សណ្តាប់ធ្នាប់​។ ខ្ញុំ​ចូលចិត្ត​ហាង​សៀវភៅ​នេះ​ចាប់តាំងពី​នាទី​ដំបូង​ពីព្រោះ​ខ្ញុំ​ចូលចិត្ត​សៀវភៅ​ដ៏អស្ចារ្យ​នេះ​ណាស់​»​។

Mom បាន​រំឭកថា​៖ «​លោក Derrick បាន​មើលឃើញ​អំពី​ចំណង់ចំណូលចិត្ត​របស់ខ្ញុំ ហើយ​នៅពេល​ដែល​តួនាទី​ផ្នែក​គ្រប់គ្រង​ហាង​នៅ​ទំនេរ ដែល​ពីមុន​កាន់កាប់​ដោយ​ជនបរទេស គាត់​ក៏បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​គ្រប់គ្រង​ហាង​នេះ​បានទេ​? ពេលនោះ​ខ្ញុំ​ក៏​យល់ព្រម​ភ្លាម​»​។

«​បន្ទាប់ពី​ជិត​ ១០ ​ឆ្នាំ​លោក Derrick បានសម្រេច​ចិត្ត​លក់​អាជីវកម្ម​ផ្សេងៗ​របស់គាត់ ហើយ​ខ្ញុំ​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការទិញ​ឌីសប៊ុក​នេះដែរ​។ ហាង​ និង​សៀវភៅ​របស់​យើង​គឺ​ហាក់ដូចជា​កូនៗ​របស់ខ្ញុំ​អ៊ីចឹង​។ ខ្ញុំ​នៅតែ​ស្រឡាញ់​ឌីសប៊ុក និង​សៀវភៅ​របស់​យើង​ទាំងអស់ ដូច​ដែល​ខ្ញុំ​មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ហើយ​»​។

លោកស្រី ឌុក វ៉ាន់ថា ម្ចាស់​ហាង​លក់​សៀវភៅ​ឌីសប៊ុក។

«​សៀវភៅ​របស់​យើង​លក់ដាច់​គ្រប់​ប្រភេទ ដូចជា សៀវភៅ​បែប​បុរាណ សៀវភៅ​ជីវប្រវត្តិ សៀវភៅ​អក្សរសាស្ត្រ​ទំនើប សៀវភៅ​វិទ្យាសាស្ត្រ និង​សៀវភៅ​សម្រាប់​កុមារ​ជាដើម​។ យើង​មាន​លក់​សៀវភៅ​គ្រប់​ប្រភេទ​សម្រាប់​គ្រប់គ្នា​»​។

លោកស្រី Mom បាន​បន្ថែមថា​៖ «​សៀវភៅ​សម្រាប់​កុមារ​របស់​យើង​គឺ​ពេញនិយម​ណាស់ ពីព្រោះ​មិនមាន​ហាង​ច្រើន​ទេ​ដែល​ផ្តល់ជូន​សៀវភៅ​ច្រើន​ប្រភេទ​បែបនេះ​ក្នុងតម្លៃ​សមរម្យ ហើយ​យើង​ក៏បាន​ផ្គត់ផ្គង់​សៀវភៅ​ដល់​សាលា​ធំៗ​ទាំងអស់​នៅ​ភ្នំពេញ​ផងដែរ​»​។

ទីផ្សារ​សៀវភៅ​កំពុង​រីកចម្រើន ខណៈ​វប្បធម៌​នៃ​ការអាន​នៅ​កម្ពុជា​កំពុងមាន​ការរីកចម្រើន​។ The Big Bad Wolf Sales កាលពី​ខែមករា​ឆ្នាំមុន​បាន​នាំយក​សៀវភៅ​ថ្មីៗ​ជា​ភាសា​អង់គ្លេស​ជាង​ ១ ​លាន​ក្បាល​មក​កម្ពុជា ខណៈ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​ ៨ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​បណ្ណាល័យ​ជាតិ បាន​ទាក់ទាញ​អ្នកទស្សនា ១៧០ ០០០ ​នាក់​។

«​អ្វីដែល​បានឃើញ​ក្នុង​រយៈពេល​ ៥ ​ទៅ​ ៨ ​ឆ្នាំ​ចុងក្រោយ​នេះ គឺថា​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្តើម​អាន​សៀវភៅ​នឹង​មកកាន់​ហាង​ច្រើន​ឡើងៗ​។ ពួកគេ​ចង់​អាន​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​នឹង​ចំណាយពេល​ជាង​ ១ ​ម៉ោង​ដើម្បី​ជ្រើសរើស និង​អាន​សៀវភៅ​ផ្សេងៗ​។ ពួកគេ​ទាក់ទង​មក​យើង​ច្រើន ដើម្បី​សួរនាំ​អំពី​សៀវភៅ​ដែលមាន​ក្នុង​ស្តុក និង​សៀវភៅ​ដែល​ពួកគេ​កំពុង​ស្វែងរក​»​។

«​វា​ពិតជា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ចាំបាន​ថា​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​នៅពេល​ខ្ញុំ​ចាប់​ផ្តើមដំបូង ដោយ​អាន​ចំណងជើង​ និង​ក្របសៀវភៅ​រាប់រយ​ក្បាល ហើយ​ខ្ញុំ​តែងតែ​អាន​នៅពេល​ដែល​ខ្ញុំ​ទំនេរ​។ មើលឃើញ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​មាន​ចំណង់ចំណូល​ចិត្ត​ដូច​ខ្ញុំ​ចំពោះ​សៀវភៅ គឺ​ពិតជា​អស្ចារ្យ​ណាស់​ហើយ វា​ធ្វើឱ្យ​ខ្ញុំ​សប្បាយរីករាយ​យ៉ាងខ្លាំង​»៕