ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​ដែល​ផ្តោត​លើ​វិស័យ ម្ហូប​អាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និង​សំណង់ (Angkor Food and Hotel and Angkor Build) ២០១៩ នឹង​ត្រឡប់​មក​ប្រទេស ​កម្ពុជា ​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​នឹង​ជួយ​ពង្រឹង​បន្ថែម​ដល់​វិស័យ​បដិសណ្ឋារកិច្ច​ និង​សំណង់​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។

វិស័យ​ទាំង ២ ​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​រីក​ចម្រើន ដែល​ភាគ​ច្រើន​គឺ​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ដែល​មាន​កំណើន​ប្រមាណ ​៧ ​ភាគរយ ​ក្នុង ​១ ឆ្នាំ ហើយ​កម្ពុជា​កំពុង​ក្លាយជា​ទីផ្សារ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគិន​បរទេស ​និង​ក្នុង​ស្រុក​។​

នៅ​ក្នុង​ឆ្នាំ​នេះ ខេត្ត​សៀមរាប​ដែល​ជា​ទឹកដី​ទាក់ទាញ​ទេសចរណ៍​ដ៏​ល្បីល្បាញ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ដ៏​ធំ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា​សៀមរាប ចាប់​ពី​ថ្ងៃទី ​១០​ ដល់ ​១២ ខែ តុលា ឆ្នាំ ​២០១៩​។

«​ការ​តាំង​ពិព័រណ៍​នេះ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​ខេត្ត​សៀមរាប​បង្កើត​បាន​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​យ៉ាង​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»​។

មន្ត្រី​កំពុង​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​តាំង​ពិព័រណ៍​ដែល​នឹង​ធ្វើឡើង​នៅ​ពេល​ខាង​មុខ។ ​

លោក ធិម សេរីវុឌ្ឍ ប្រធាន​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ការ​តាំង​ពិព័រណ៍​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី ​១០ ​ខែ ​កក្កដា ​ថា​៖ «[​ការ​តាំង​ពិព័រណ៍​] ​នេះ នឹង​ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​សេវាកម្ម​ទេសចរណ៍​ក៏​ដូច​ជា​សិល្បៈ​នៃ​ការ​រៀបចំ​ម្ហូបអាហារ​ និង​ភេសជ្ជៈ និង​បង្កើន​នូវ​ជំនាញ​បដិសណ្ឋារកិច្ច​របស់​ប្រតិបត្តិករ​ទេសចរណ៍​ដែល​បាន​ធ្វើការ​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ក៏​ដូចជា​ដើម្បី​ពង្រឹង​ឲ្យ​គុណភាព នៃ​សេវាកម្ម​របស់​យើង​កាន់​តែ​មាន​គុណភាព ស្រប​តាម​ស្តង់ដា​ជាតិ​ និង​អន្តរជាតិ​»​។

ពិព័រណ៍​វិស័យ​ម្ហូប​អាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និង​សំណង់ (Angkor Food and Hotel and Angkor Build) ២០១៩ នេះ​គឺ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី AMB Tarsus Events Group ដោយ​រំពឹង​ថា ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ជាង ​៣០០ ​ក្រុមហ៊ុន​មក​ពី ​១៨ ប្រទេស​ផ្សេងៗ​គ្នា​។

ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ការ​តាំង​ពិព័រណ៍​ដ៏​ធំ​រយៈពេល ​៣ ថ្ងៃ​នេះ​នឹង​មាន​ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​ផ្នែក​ចំអិន​ម្ហូប​អាហារ​ និង​បដិសណ្ឋារ​កិច្ច​លក្ខណៈ​អន្តរជាតិ​របស់​កម្ពុជា​ដែល​រៀបចំ​ដោយ​សមាគម​ចុងភៅ​កម្ពុជា ក្នុង​គោលបំណង ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ម្ហូប​អាហារ ​និង​ភេសជ្ជៈ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស ​កម្ពុជា ជា​ពិសេស​ដើម្បី​ពង្រឹង​វិស័យ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​។

លោក ចាន់ សុភា ស្ថាបនិក​សមាគម​ចុង​ភៅ​កម្ពុជា​ឲ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​តាំង​ពិព័រណ៍​នេះ ​គឺ​ដើម្បី​បង្ហាញ​ដល់​ពិភព​លោក​ថា​ ជនជាតិខ្មែរ​មាន​សក្តានុពល ក្នុង​ការ​បម្រើ​ម្ហូប​អាហារ ​និង​ភេសជ្ជៈ​ដែល​អាច​បំពេញ​តាម​ស្តង់ដា​អន្តរជាតិ ​និង​បំពេញ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​។

លោក សុភា ថ្លែងថា​៖ «​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​មិនមែន​មាន​តែ​ការ​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្ហូប​អាហារ​ក៏​ជា​រឿង​ដ៏​សំខាន់​បំផុត​ដែរ​។ យើង​ចង់​បង្ហាញថា​ ខេត្ត​សៀមរាប​គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ភាព​ទាក់ទាញ មាន​សក្តានុពល យើង​ចង់​លើក​កម្ពស់​គោលដៅ​ទេសចរណ៍​»​។

លោក សេរីវុឌ្ឍ (រូបទី៣ រាប់​ពី​ឆ្វេង)៖ ការ​តាំង​ពិព័រណ៍​នេះ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​ទេសចរណ៍។ ​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​អន្ដរជាតិ​មក​ចូលរួម​តាំង​ពិព័រណ៍ ​ឬ​មាន​ចុងភៅ​មក​ពី​ទូទាំង​ពិភព​លោក​មក​ប្រកួត​ធ្វើ​ម្ហូប ពេល​នោះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់​តែ​ច្រើន​»​។

លោក Andrew Siow ប្រធាន​ក្រុមហ៊ុន AMB Tarsus បាន​ថ្លែង​ថា​៖ «​ខេត្ត​សៀមរាប​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​កន្លង​មក​មិន​មាន​អ្នក​ខេត្ត​សៀមរាប​ច្រើន​ប៉ុន្មាន​ទេ​បាន​ទៅ​ចូលរួម​ការ​តាំង​ពិព័រណ៍​បែប​នេះ​នៅ​ទីក្រុង​ភ្នំពេញ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​ហើយ​បាន​ជា​យើង​មក​កាន់​នៅ​ទីនេះ ខេត្ត​សៀមរាប​។ យើង​នឹង​អញ្ជើញ​ភ្ញៀវ​មក​ពី​តំបន់​ជុំវិញ​ឲ្យ​មក​ចូលរួម ហើយ​ពួក​គេ​នឹង​មាន​ឱកាស​ចូលរួម​ការ​តាំង​ពិព័រណ៍​លក្ខណៈ​អន្តរជាតិ​»​។​

ព្រឹតិ្តការណ៍​មួយ​ចំនួន​ទៀត មាន​ដូច​ជា​ការ​ប្រកួត​ធ្វើ​នំ​ខេក ការ​រចនា​នំ ការ​ធ្វើ​ម្ហូប ការ​តុបតែង​ម្ហូប ការ​រៀបចំ​តុ ការ​តុបតែង​បន្លែ ​និង​ផ្លែឈើ​ជា​ដើម​។

ការ​តាំង​ពិព័រណ៍​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍ សមាគម​ចុងភៅ​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​​កម្ពុជា និង​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​។

កាល​ពី​ឆ្នាំ​មុន​ ការ​តាំង​ពិព័រណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ចូលរួម​ជាង ​៨ ​ពាន់​នាក់ ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ អ្នក​រៀបចំ​រំពឹង​ថា ​នឹង​មាន​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​ប្រមាណ ​១ ​ម៉ឺន​នាក់ ​ចូលរួម​។

«​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ដូច​ជា​អ្នក​ផ្គត់ផ្គង់ អ្នក​បច្ចេកវិទ្យា នឹង​រៀនសូត្រ​អំពី​បទពិសោធ​នេះ ហើយ​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​យើង​»​។

លោក Philip Kao ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា​៖ «​ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​អាច​​បង្ហាញ​ដល់​ពិភព​លោក​អំពី​វិស័យ​បដិសណ្ឋារកិច្ច​របស់​យើង​ផង​ដែរ​»៕