ការ​ធ្វើ​អ្វីៗ​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​បាន​ផ្តល់​នូវ​ភាគ​លាភ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ​ខណៈ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​សម្រេច​បាន​ទ្រព្យ​សកម្ម​សរុប​ជាង ​១ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

លេខ ​៧ ​នៅ​តែ​ជា​លេខ​នៃ​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ចងចាំ​របស់​ប្រជាជន​កម្ពុជា ​នៅ​ពេល​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ជាមួយ​ការ​សម្រេច​បាន​ទ្រព្យសកម្ម​សរុប​កើន​ឡើង​ដល់ ​១ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​

ទទួល​បាន​ការ​ជំរុញ​ឲ្យ​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​ផ្អែក​លើ​អាយុកាល​ដែល​បាន​សាកល្បង​វេទិកា​ធនាគារ​ប្រៃសណីយ៍​ និង​បន្ទាប់​ពី​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​មួយ​ចំនួន​ជា​កន្លែង​ដែល​ធនាគារ​ប្រៃសណីយ៍​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​និង​ជោគជ័យ ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវសែ ក៏​សម្រេច​ចិត្ត​ចាប់​ផ្តើម​ស្ថាប័ន​សេវាកម្ម​ធនាគារ ​និង​ហិរញ្ញវត្ថុ​មួយ​នេះ​ឡើង​ដែល​មាន​លក្ខណៈ​ពិសេស ​និង​ប្លែក​ពី​គេ​។​

ដូច្នេះ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ ​២០១១ និង ២០១២ លោក​បាន​ចូល​ជួប​ប្រៃសណីយ៍​កម្ពុជា​ដែល​ជា​ស្ថាប័ន​ស្វយ័ត គ្រប់គ្រង​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ភ្ជាប់​ជាមួយ​នឹង​សំណើ​មួយ​។ បន្ទាប់​ពី​ការ​ពិភាក្សា​ជាច្រើន​លើក​ច្រើនសា​ កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​បង្កើត​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ដោយ​មាន​ការ​អនុម័ត​យល់ព្រម​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។​

បន្ទាប់​មក​អាជ្ញា​ប័ណ្ណ​បើក​ធនាគារ​ត្រូវ​បាន​ផ្តល់​ឱ្យ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​នៅ​ថ្ងៃទី ​២០ ខែ កញ្ញា​ឆ្នាំ ២០១៣ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​​ ឈរ​លើ​គោលការណ៍​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ជាតិ​។ ​បច្ចុប្បន្ន​បន្ទាប់​ពី​ប្រតិបត្តិការ​អស់​រយៈពេល ​៧ ​ឆ្នាំ​ ធនាគារ​ប្រៃសណីយ៍​សម្រេច​បាន​ទ្រព្យ​សកម្ម​លើស ​១ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​

លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​បង្ហាញ​ពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​ប្រារព្ធ​ពិធី​អបអរ​ជា​ប្រវត្តិសាស្ត្រ​របស់​ធនាគារ​មួយ​នេះ​ថា​៖ «​ការ​សម្រេច​បាន​ទ្រព្យសកម្ម​ចំនួន ​១ ​ពាន់​លាន​ដុល្លារ​អាមេរិក ​គឺ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ទារ្យ​សម្រាប់​ធនាគារ​ប្រៃសណីយ៍​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​នោះ ​គឺ​ថា​យើង​អាច​សម្រេច​បាន​ក្នុង​រយៈពេល ​៧ ​ឆ្នាំ​។ ​ជោគជ័យ​នេះ​សម្រេច​បាន​ដោយ​មាន​កត្តា​ជា​ច្រើន​រួមផ្សំ​គ្នា​ដូចជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ កម្លាំង​ហិរញ្ញវត្ថុ​ និង​ធនធាន​មនុស្ស​»​។​

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា។

«​ភាព​ខ្លាំង​របស់​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​យើង​រួម​មាន​ក្រុមហ៊ុន​កាណាឌីយ៉ា​អ៊ិនវេសមិន​ហូលឌីង​ប្រៃសណីយ៍​កម្ពុជា និង​ក្រុមហ៊ុន ​Fullerton Financial Holdings ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Temasek Group គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សិង្ហបុរី​ គឺ​ជា​អ្វី​ដែល​ផ្តល់​ឱ្យ​យើង​នូវ​យុទ្ធសាស្ត្រ​ និង​កម្លាំង​ហិរញ្ញវត្ថុ​។​ ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាតិ ​និង​អន្ដរជាតិ​ឈាន​មុខ​ បាន​ផ្តល់​ឱ្យ​យើង​នូវ​ចំណេះដឹង​ ជំនាញ និង​បទពិសោធ ​ដើម្បី​ឈាន​ដល់​គោលដៅ ​និង​បំណង​ប្រាថ្នា​របស់​យើង​»​។​

លោក ចៅចេក មាន​ប្រសាសន៍​ថា​៖ «​ចំពោះ​ធនធាន​មនុស្ស​កម្លាំង​ការងារ​របស់​យើង​ភាគ​ច្រើន ​គឺ​ជា​អ្នក​ជំនាញ​ខាង​ធនាគារ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​ជនជាតិ​ខ្មែរ ពី​ព្រោះ​យើង​ជឿជាក់​ថា ​មាន​តែ​អ្នក​មាន​សមត្ថភាព​ក្នុងស្រុក​ប៉ុណ្ណោះ​ ដែល​អាច​យល់​ច្បាស់​អំពី​ទីផ្សារ​ប្រទេស​កម្ពុជា​»​។ ​

ការ​រួម​បញ្ចូល​គ្នា​នៃ​ភាពជា​ដៃគូ​ដ៏​ល្អ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ ​និង​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឱ្យ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​សម្រេច​បាន​ទ្រព្យសកម្ម​សរុប​ជាង ​១ ​ពាន់​លាន​ដុល្លារ​។​

គិត​មក​ដល់​ពេល​នេះ ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​​បាន​កើន​ដល់​ ១,០០៧ ​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​នាម​ជា​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ស្រុក​ ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​យល់​ពី​ទីផ្សារ​កម្ពុជា ​និង​មើល​ឃើញ​ឱកាស​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​របស់​ខ្លួន​ដល់​សហគមន៍​ជនបទ​។ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធនាគារ​ពាណិជ្ជ​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​អតិថិជន​ដែល​នៅ​តំបន់​ដាច់​ស្រយាល​។​

ធានាគារ​ប្រៃសណីយ៍​កម្ពុជា​ក៏​មាន​មោទនភាព​ផង​ដែរ​ក្នុង​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​នៅ​ក្នុង​ប្រទេស​។​ ធនាគារ​ប្រៃសណីយ៏​កម្ពុជា​មាន​បុគ្គលិក​ប្រមាណ ​១ ​ពាន់​នាក់ ​បូក​រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​Funan Microfinance ដែល​មាន​បុគ្គលិក​ជិត ​៦០០ ​នាក់​។​

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​ការ​អភិវឌ្ឍ​ទេពកោសល្យ​ផ្នែក​សេដ្ឋកិច្ច ​និង​ហិរញ្ញ​​វត្ថុ​របស់​ប្រទេស​ជាតិ​។​ ការ​អភិវឌ្ឍ​ទេពកោសល្យ​ក្នុង​តំបន់​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​មិន​ត្រឹមតែ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្កើន​កម្រិត​ជំនាញ​វិជ្ជាជីវៈ​ ក្នុង​ចំណោម​អ្នក​ជំនាញ​ខាង​សេវាកម្ម​ធនាគារ ​និង​ហិរញ្ញវត្ថុ​ក្នុងប្រទេស​ផង​ដែរ​។ ទេពកោសល្យ​ទាំង​នេះ អាច​ឱ្យ​យើង​គាំទ្រ​ប្រទេស​ទាំងមូល ​និង​ទទួល​បាន​ម្ចាស់​គណនី​ច្រើន​ជាង ​១ ​សែន​នាក់​។​

ធនាគារប្រៃសណីយ៍កម្ពុជាមាន ៥៥ សាខានៅទូទាំងប្រទេស។

«​ការ​ចូលរួម​ចំណែក​របស់​យើង​មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ប្រាក់​កម្ចី​ដែល​យើង​ផ្តល់​ជូន​ប្រជាជន និង​អាជីវកម្ម​ទាំង​នៅ​តាម​តំបន់​ជនបទ និង​ទីក្រុង​ អនុញ្ញាត​ឱ្យ​អតិថិជន​របស់​យើង​លើក​កម្ពស់​កម្រិត​ជីវភាព ​និង​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ថែម​ទៀត​ផង​»​។​

យោង​តាម​ស្ថិតិ​ថ្មីៗ​បាន​បង្ហាញ​ថា ​បច្ចុប្បន្ន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ​និង​ធនាគារ​ពាណិជ្ជ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​មាន​គណនី​កម្ចី ២,២ ​លាន​គណនី​ និង ​១,២ ​លាន​ជា​គណនី​សន្សំ​។ ​តាមរយៈ​ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា ​មាន​គ្រួសារ​ជាច្រើន​ដែល​មាន​គណនី​ប្រាក់​កម្ចី​ជាជាង​គណនី​សន្សំ​។ ​វា​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​អតិថិជន​ទាំង​នោះ​​មាន​គណនី​កម្ចី​ច្រើន​ជាង​គណនី​សន្សំ​។

លោក ​ចៅចេក បាន​ថ្លែង​ថា​៖ «​ដូច្នេះ​យើង​បាន​ចាប់​ផ្តើម​គំនិត​ផ្តួចផ្តើម ​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន​ឱ្យ​បើក​គណនី​សន្សំ​កាល​ពី​ឆ្នាំ​មុន​ជាពិសេស​អតិថិជន​របស់​យើង​នៅតាម​ជនបទ​។

គំនិត​ផ្តួច​ផ្តើម​នោះ​ដូច​ជា​ការ​ផ្តល់​នូវ​ការ​បើក​គណនី​បើក​ប្រាក់​បៀវត្សរ៍​ដល់​និយោជិត​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​នៅ​តាម​ជនបទ និង​នៅ​ទីក្រុង​។​ លើស​ពី​នេះ​ទៀត ​ដើម្បី​គាំទ្រ​ដល់​ម្ចាស់​គណនី​ដែល​ទទួល​ប្រាក់​ខែ​យើង​បាន​លើក​ទឹក​ចិត្ត ​និង​បណ្តុះបណ្តាល​ពួក​គេ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ដែល​រួម​មាន​ការ​ផ្ទេរ​ប្រាក់​ទៅ​ឪពុកម្តាយ​ និង​ក្រុម​គ្រួសារ​នៅ​តាម​ខេត្ត​។​ កម្មវិធី​នេះ​វា​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​យុទ្ធនាការ ​“គ្រួសារ​មួយ​គណនី​មួយ​” យុទ្ធនាការ​របស់​យើង​បង្កើត​ឡើង ​ដើម្បី​បង្កើន​ការ​បើក​គណនី​សន្សំ ​និង​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ​”។​

លោក ចៅចេក ​ថ្លែង​ថា ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​នឹង​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ថ្មីៗ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព ដូចជា​ការ​ដក​ទុក​ក្រដាស​ប្រាក់ ១ ដុល្លារ ​និង ៥ ដុល្លារ ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រឹងមាំ​។​

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ ​គឺ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​នឹង​ជំរុញ​មោទនភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​របស់​យើង​»៕