សមាជិក​ថ្មី​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​គឺ​ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង (M.G.N Emperor Bank) មាន​បំណង​ក្លាយជា​ធនាគារ​ឌីជីថល​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដោយ​មើល​ឃើញ​សក្តានុពល​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន​ទាំង​នៅ​ក្នុង​ទីក្រុង ​និង​ជនបទ​នោះ ទើប​ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​គោលដៅ​ផ្គត់ផ្គង់​ដល់​ទីផ្សារ​សហគ្រាស​ធុន​តូច ​និង​មធ្យម និង​ប្រមូល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ​។

លោក ឱម វិសាល អគ្គនាយក​ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង បាន​មាន​ប្រសាសន៍​ថា​៖ «​ដំបូង​គឺ​យើង​ផ្តោត​លើ​ការ​រួម​ចំណែក​របស់​យើង​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​សហគ្រាស​ធុន​តូច ​និង​មធ្យម (SME) ​»​។

យោង​តាម​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​ និង​មធ្យម ​(SME) ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី ឆ្នាំ ​២០១៧ ដែល​គ្រប់គ្រង​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ឲ្យ​ដឹង​ថា គម្លាត​ហិរញ្ញវត្ថុ​របស់ SME ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​មាន​ចំនួន ​២១ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា ដែល​មាន​តម្លៃ ​៤,៧ ​ពាន់​លាន​ដុល្លារ​នៅ​ ឆ្នាំ ​២០១៧​។

ក្នុង​នាម​ជា​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អភិវឌ្ឍ​ធនាគារ​ឌីជីថល​នោះ ធនាគារ ​អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង ជឿជាក់​ថា​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) នឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

«​យើង​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ទៅ​ក្នុង​ទម្រង់​អាជីវកម្ម​របស់​យើង​ ហើយ​ដើម្បី​ចាប់​ផ្តើម​ជាមួយ​ការ​ដាក់​បញ្ចូល​នេះ យើង​មាន​គម្រោង​ណែនាំ​នូវ​បច្ចេកវិទ្យា​ឈាន​មុខ​ដែល​ជា​ផ្នែក​មួយ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​យើង ដូចជា​បច្ចេកវិទ្យា​សម្គាល់​ភិនភាគ​ផ្ទៃ​មុខ ដើម្បី​ផ្តល់​បទពិសោធ​ថ្មី​ដល់​អតិថិជន​»​។​

លោក វិសាល បន្ថែម​ថា​៖ «​នេះ​គឺ​ជា​ជំហាន​ទី​មួយ​ដែល​បង្ហាញ​ថា ​យើង​ប្តេជ្ញា​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឌីជីថល​របស់​កម្ពុជា​។ លើស​ពី​នេះ​​ទៀត យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម ដើម្បី​ផ្លាស់ប្តូរ​​ការងារ​ដោយ​ប្រើ​ក្រដាស​ទៅ​ការងារ​ដែល​​ប្រើ​ប្រព័ន្ធ​ឌីជីថល​ជំនួស​វិញ​»​។

ផែនការ​ដ៏​សំខាន់​មួយ​ទៀត​របស់​ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង គឺ​បង្កើត​មជ្ឈមណ្ឌល Emperor Banking Center ដែល​មាន​ចំនួន​ ៣ ​ទីតាំង​ស្ថិត​នៅ​អគារ​ការិយាល័យ​កណ្តាល​របស់​ខ្លួន ហើយ​មជ្ឈមណ្ឌល​នេះ​នឹង​រួចរាល់​សម្រាប់​ប្រតិបត្តិការ​នៅ​ឆមាស​ទី​២ ឆ្នាំ ​២០២០​។

ធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង មាន​បំណង​ក្លាយ​ជា​ធនាគារ​ឌីជីថល​ឈាន​មុខ​គេ​នៅ​កម្ពុជា។

លោក វិសាល ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ទៀត​ថា មជ្ឈមណ្ឌល​នេះ​នឹង​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ទំនើបៗ ជាមួយ​នឹង​បច្ចេកវិជ្ជា​ខ្ពស់ ដែល​គ្រប់គ្រង​ដោយ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​ក្នុង​តំបន់ ដើម្បី​ផ្តល់​សេវា​ធនាគារ One-Stop Service ឲ្យ​បាន​ល្អ​បំផុត​។

ធនាគារ​ក៏​នឹង​បង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​អតិថិជន​លំដាប់​ខ្ពស់​ផង​ដែរ ដើម្បី​កក់​កន្លែង​ចត​យានយន្ត​ និង សម្ភារ​បរិក្ខារ​ទុក​ជា​មុន ជាមួយ​ប្រធាន​​ផ្នែក​ទំនាក់ទំនង និង​ដើម្បី​ពិនិត្យ​មើល​កិច្ចការ​ និង​សកម្មភាព​របស់​​ពួក​គេ​។

សម្រាប់​ទីផ្សារ​ផ្តល់ប្រាក់​កម្ចី​ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង នឹង​រៀបចំ​ឯកសារ ​ឬ​ក្រដាស​ស្នាម​ចាំបាច់​តាម​​ប្រព័ន្ធ​ឌីជីថល​ដើម្បី​កាត់​បន្ថយ​រយៈពេល និង​ពន្លឿន​ការ​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​បាន​ឆាប់​រហ័ស​ ហើយ​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ធនាគារ​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នានា ដើម្បី​សហការ​បង្កើត​ប្រព័ន្ធ​ធនាគារ​ឌីជីថល​។

ទាក់ទង​ទៅ​នឹង​បញ្ហា​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម ជា​ពិសេស​អតិថិជន SME របស់​ខ្លួន​ដែល​មាន​ស្រាប់ លោក​ វិសាល ​បាន​បញ្ជាក់​ថា ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទាំង​អស់​នឹង​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ប្រព័ន្ធ​រក្សា​ទុក​ដែល​ផ្តល់​ឲ្យ​ដោយ​ដៃគូ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

លោក​បន្ថែម​ថា​៖ «​វា​ជួយ​យើង​ឱ្យ​ផ្តល់​កម្ចី​ដល់​ពួក​គេ​ក្នុង​អត្រា​សមរម្យ​ស្រប​ទៅ​នឹង​ការ​វិភាគ​ពី​ហានិភ័យ និង​ក្នុង​រយៈពេល​ខ្លី​»​។​

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​នេះ ធនាគារ អិម ​ជី.​អិន អេមផឹរើរ ប៊ែង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​មកពី​ប្រទេស ​ជប៉ុន ដើម្បី​បំពាក់​នូវ​ម៉ាស៊ីន​ដក ​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (​ម៉ាស៊ីន ATM) ដែល​ប្រើ​បច្ចេកវិជ្ជា​សម្គាល់​ភិន​ភាគ​ផ្ទៃ​មុខ​។ ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង នឹង​ក្លាយជា​ធនាគារ​ដំបូង​គេ ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​ក្នុង​នៅ​កម្ពុជា ហើយ​វា​នឹង​រួច​រាល់​នៅ ខែធ្នូ ឬ​ដើម ឆ្នាំ ​២០២០​។

ដោយ​ពន្យល់​បន្ថែម​អំពី​វិធី​ដែល​ធនាគារ អិ​ម​.​ជី​.​អិន អេមផឹរើរ ប៊ែង នឹង​​អភិវឌ្ឍ​សេវា​ធនាគារ​ឌីជីថល​របស់​ខ្លួន លោក​វិសាល បាន​សង្កត់​ធ្ងន់​ថា ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធនាគារ អិ​ម​.​ជី​.​អិន អេមផឹរើរ ប៊ែង និង​សហគ្រាស​ធុន​តូច ​និង​មធ្យម ដើម្បី​សហការ ​និង​កសាង​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ ដើម្បី​សម្រប​​​ខ្លួន​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​នេះ​។

លោក​បន្ត​ថា​៖ «​នៅ​ពេល​ណា​មួយ អតិថិជន​ថ្មី ​និង​អតិថិជន​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ដែល​មាន​ស្រាប់​របស់​យើង នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​(fintech) ដើម្បី​ធានា​ថា ​គំរូ​អាជីវកម្ម​របស់​ពួក​គេ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​យុគ​ឌីជីថល​នេះ​។ លើស​ពី​នេះ​ទៀត ការ​ផ្លាស់ប្តូរ​នេះ​ក៏​អាច​ជួយ​ឱ្យ​យើង​វាយ​តម្លៃ​អំពី​លទ្ធភាព​ទទួល​កម្ចី ​និង​លទ្ធភាព​សង​ផង​ដែរ​»​។

លោក ​វិសាល ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ នឹង​ជួយ​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​សាជីវកម្ម ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ប្រភព​មូលធន ឧទាហរណ៍ មូលធន​មក​ពី​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ឬ​ការ​ទាក់ទាញ​ដៃគូ​អាជីវកម្ម​យុទ្ធសាស្ត្រ​។​

លោក​សង្ឃឹម​ថា ធនាគារ អិម​.​ជី​.​អិន អេមផឹរើរ ប៊ែង និង​ប្រមូល​ផ្តុំ​បទពិសោធដ៏​មាន​តម្លៃ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ខាង​មុខ ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការ​ពង្រីក​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន៕