ក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ គីសែ គឺជាក្រុមហ៊ុនចែកចាយឧបករណ៍ និងសម្ភារជាង សំណង់ និងកសិកម្មដ៏ធំនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងលើកកម្ពស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនផងដែរ។
ដោយបង្កើតឡើងតាំងពីឆ្នាំ ១៩៩១ ក្រុមហ៊ុនមានលក់ឧបករណ៍ និងសម្ភារជាច្រើនមុខដែលមានគុណភាពខ្ពស់ ដើម្បីបម្រើឲ្យវិស័យជាងសំណង់ និងកសិកម្មនៅទូទាំងប្រទេសកម្ពុជា និងចង់បញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបៃតងនៅក្នុងអាជីវកម្មរបស់ខ្លួន។
លោក ប៊ុន ចាន់សុភាព អគ្គនាយកក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ គីសែ បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «តាមរយៈការតាំងពិព័រណ៍អគារ និងសំណង់ Cambuild’19 នេះគឺយើងសង្ឃឹមនឹងទាក់ទាញអតិថិជនថ្មីៗ ហើយយើងណែនាំផលិតផលដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន។ ផលិតផលទាំងនោះគឺផ្តោតលើបច្ចេកវិទ្យាបៃតង (Green technology) ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលជាការរួមចំណែកជួយគាំទ្រដល់ការការពារបរិស្ថាន»។
ក្រុមហ៊ុនក៏ឆ្លៀតយកឱកាសនៃការតាំងពិព័រណ៍ក្នុងវិស័យសំណង់ Cambuild’19 ដែលនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនោះ ដើម្បីផ្សព្វផ្សាយ និងណែនាំផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។
ពិធីតាំងពិព័រណ៍វិស័យសំណង់ និងអគារដ៏ធំនេះនឹងមានក្រុមហ៊ុនជាង ៥០០ ក្រុមហ៊ុន និងម៉ាកសញ្ញាមកពីជាង ២០ ប្រទេសមកបង្ហាញផលិតផល សេវាកម្ម និងបច្ចេកវិទ្យាចុងក្រោយរបស់ពួកគេចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា។
នៅក្នុងពិធីតាំងពិព័រណ៍នោះដែរក្រុមហ៊ុន ធី ខេ អេស គ្រុប នឹងមាន ៨ ស្តង់ ហើយផលិតផលជាច្រើននឹងត្រូវបង្ហាញក្នុងនោះរួមមានផលិតផល Makita ស៊េរីថ្មីរបស់ជប៉ុន ប្រើថ្ម គុណភាពខ្ពស់ មិនប៉ះពាល់បរិស្ថាន និងមានសុវត្ថិភាព។ គោលនយោបាយរបស់ក្រុមហ៊ុន Makita គឺប្រើប្រាស់ថាមពលបៃតង (Green Power) ដើម្បីជួយការពារបរិស្ថាន»។
លោក សុភាព បន្ថែមថា៖ « Makita នាំមកនូវបច្ចេកវិទ្យាថ្មីគឺផលិតផលប្រើថ្ម ជំនួសឲ្យការប្រើខ្សែ ប៉ុន្តែគុណភាព និងកម្លាំងដូចទៅនឹងផលិតផលដែលប្រើភ្លើងដែរនឹងមានសុវត្ថិភាពខ្ពស់ ពីព្រោះផលិតផល Makita គោរពតាមស្តង់ដាអន្តរជាតិ។ ក្នុងនោះគោលដៅរបស់ក្រុមហ៊ុន Makita គឺ ៥ ឆ្នាំទៅមុខទៀត ផលិតផលរបស់ខ្លួនទាំងអស់នឹងផ្ទេរទៅប្រើថ្ម ដើម្បីការការពារបរិស្ថាន»។
សម្រាប់ទីផ្សារក្នុងស្រុកក្រុមហ៊ុន ធី ខេ អេស គ្រុបមានលក់ឧបករណ៍ និងសម្ភារជាច្រើនដូចជា ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ ម៉ូទ័រស្វាន ម៉ូទ័រខាត់ ម៉ូទ័រខាត់ដែក ម៉ូទ័រឆាប និងគ្រឿងបន្លាស់គ្រប់ប្រភេទ ដើម្បីចែកចាយជូនដល់អតិថិជនជាផលិតផលប្រកបដោយគុណភាព ស្របតាមស្តង់ដាអន្តរជាតិ។
លោកបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ទាល់ពីក្រុមហ៊ុន Makita របស់ជប៉ុនដែលផ្តោតសំខាន់លើគុណភាព។ បច្ចុប្បន្នក្រុមហ៊ុន ធី ខេ អេស គ្រុប ហៅ គីសែ មានដៃគូចែកចាយទូទាំង ២៥ ខេត្តក្រុង ហើយក្រុមហ៊ុនក៏កំពុងសិក្សាអំពីលទ្ធភាពបង្កើតរោងចក្រផលិតសម្ភារមួយចំនួនផងដែរ ដោយកំពុងស្វែងរកដៃគូសហការ។
លោក សុភាព បន្តថា៖ «កំណើនរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំគឺកើនចំនួន ២០ ភាគរយ។ មូលហេតុគឺដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ចំណូលប្រជាជនកាន់តែច្រើន ដូច្នេះអតិថិជនងាកពីផលិតផលដែលគ្មានគុណភាពមករកផលិតផលដែលមានគុណភាព»។
លោកលើកឡើងថា៖ «ចំពោះបញ្ហាប្រឈមរបស់ក្រុមហ៊ុនគឺរឿងផលិតផលក្លែងក្លាយ ជាពិសេសផលិតផល Makita។ ប៉ុន្តែក្រុមហ៊ុន Makita បានចុះទៅពន្យល់ផ្ទាល់ដល់អ្នកប្រើប្រាស់ឲ្យដឹងអំពីផលិតផលក្លែងក្លាយ និងផលិតផលពិតប្រាកដ។ រឿងផលិតផលក្លែងក្លាយនេះពីមុនជាបញ្ហាចោទមួយ ប៉ុន្តែបច្ចុប្បន្នដោយសារប្រជាជនយើងពួកគាត់មានជីវភាពកាន់តែប្រសើរ ពួកគាត់ចាប់ផ្តើមងាកមកប្រើប្រាស់ផលិតផលពិតដែលមានគុណភាពល្អជំនួសវិញ»៕