សហគ្រាសខ្នាតតូចមួយដែលចាប់ផ្តើមពីដំបូងជាមួយស្ត្រីចំនួន ១០ នាក់ ដើម្បីផលិតសូត្រ និងស៊ឹង ធ្វើដោយដៃ នោះបច្ចុប្បន្នបានរីកចម្រើនក្លាយទៅជាអាជីវកម្មពេញលេញជាមួយស្ត្រីតម្បាញជាង ២០០ នាក់ រួមទាំងបុគ្គលិកផ្នែកលក់ និងគ្រប់គ្រងបន្ថែមនៅសង្កាត់កោះដាច់ និងឧកញ៉ាតី ដែលត្យាញសូត្រ និងស៊ឹងគ្រប់ប្រភេទសម្រាប់ ទីផ្សារក្នុងស្រុក និងសម្លឹងមើលទៅរកការនាំចេញនាពេលអនាគតផងដែរ។
ស្ថាបនិកសិប្បកម្មកីតម្បាញខ្មែរ លោកស្រី ចេន សុភាព ដែលធ្លាប់ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល បានផ្លាស់ប្តូរអាជីវកម្មខ្នាតតូចរបស់លោកស្រីឲ្យក្លាយជាអាជីវកម្មដ៏ធំមួយនៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោកស្រី សុភាព បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងមានបំណងពង្រឹង និងពង្រីកមុខរបរតម្បាញឲ្យមានការប្រើប្រាស់ទូលំទូលាយជាងមុនតាមរយៈគុណភាព សោភណភាព សេវាកម្ម ចូលរួមកាត់បន្ថយ ការធ្វើចំណាកស្រុករបស់ស្ត្រីទៅកាន់ប្រទេសជិតខាង ហើយជាមួយគ្នាផងដែរ គឺដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្ត្រី នៅក្នុងគ្រួសារក៏ដូចជាសង្គម ជាពិសេសស្ត្រីដែលមានចំណេះដឹងទាប មិនចេះអក្សរគឺត្រូវបានគាំទ្រ លើកទឹកចិត្ត ក្នុងការចូលរួមក្នុងសមាគមកីតម្បាញខ្មែរ ដើម្បីរៀនសូត្រ ចែករំលែកចំណេះដឹង បទពិសោធរួបរួមសាមគ្គីគ្នា ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនទាំងមុខរបរ ទាំងខ្លួនឯង ព្រមទាំងក្រុមគ្រួសារ ។
យើងមានបំណងចង់ឃើញស្ត្រីតម្បាញរបស់យើងរស់នៅលើសពីរបរតម្បាញ ដោយមានភាពជាម្ចាស់លើខ្លួនឯង មានភាពក្លាហានក្នុងការធ្វើសេចក្តីសម្រេចចិត្ត ជាពិសេសគឺដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ»។
ការវិនិយោគរបស់លោកស្រីនៅក្នុងសហគ្រាសសង្គមបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំ ប៉ុណ្ណោះ។ សព្វថ្ងៃសហគ្រាសផលិត ស៊ឹង ផាមួង ក្រមាខ្មែរ បានប្រមាណពី ៥០០ ទៅ ៧០០ ដុំ ក្នុង ១ ខែ ដោយមិនគិតទៅលើការច្នៃជាសម្លៀកបំពាក់ អាវ បុរស នារី ទាំងបុរាណ សម័យ ហើយលោកស្រីមានមហិច្ឆតាពង្រីកកម្លាំងពលកម្មឲ្យបានរហូតដល់ ៥០០ នាក់ នៅឆ្នាំក្រោយ។
លោកស្រីបន្ថែមថា៖ «សមត្ថភាពផលិត ស៊ឹង ផាមួង ហូល ក្រមាដែលធ្វើពីអំបោះ និងសូត្ររបស់យើងគឺនៅមានកម្រិត វាពិបាកក្នុងការពង្រីក ទំហំផលិតកម្មដោយសារការធ្វើដោយដៃមិនដូចម៉ាស៊ីន រីឯបច្ចេកទេសក្នុងការផលិតនៅមានកម្រិតចំពោះស្ត្រីតម្បាញមួយចំនួនទាំងល្បឿន និងគុណភាព។ យើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលចម្លងនាំចូលដែលមានរូបរាង និងឈ្មោះ ស្ទើរតែដូច និងដូចទាំងស្រុង ដែលធ្វើដោយម៉ាស៊ីននៅក្នុងរោងចក្រដែលលក់ដុំ និងរាយ នៅលើទីផ្សារក្នុង តម្លៃទាបបំផុតបើធៀបនឹង ស៊ឹង និង សូត្រដែលធ្វើដោយដៃដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក»។
យោងតាមលោកស្រី សុភាព បានឲ្យដឹងថា សមាគមកីតម្បាញខ្មែរផលិតសូត្រចំនួន ២ ប្រភេទ គឺសូត្រសុទ្ធ និងសូត្រ ៥០ ភាគរយ លាយជាមួយកប្បាសដែលប្រើសម្រាប់ផលិតផាមួងខ្មែរ។
«យើងផលិតស៊ឹងខ្មែរគ្រប់ប្រភេទ ដែលធ្វើពីអំបោះ និងក្រមាខ្មែរដែល ផលិតពីសូត្រ និងអំបោះដែលមានគុណភាព។ យើងក៏ផលិតអាវបុរស អាវធំ និង សម្លៀកបំពាក់ ស្ត្រីជាច្រើនប្រភេទផងដែរ ទៅតាមតម្រូវការរបស់អតិថិជនដោយសហការជាមួយជាង កាត់ដេរដែលជាដៃគូអាជីវកម្មរបស់យើង»។
លោកស្រីបន្ថែមថា៖ «គោលបំណងចម្បងរបស់ខ្ញុំមុនដំបូងបំផុត គឺផ្សព្វផ្សាយស៊ឹងខ្មែរឲ្យបានទូលំទូលាយ នៅទូទាំងប្រទេស នៅក្នុងតំបន់ ក៏ដូចជា ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ ពីព្រោះស៊ឹងខ្មែរគឺសឹងតែបាត់ឈ្មោះលែងមានអ្នកស្គាល់ និងដឹងថាជាផលិតផលដែលមិនសូវមានអ្នកគាំទ្រ។ បន្ទាប់មក ក៏ចាប់ផ្តើមបន្ថែមផាមួង និងក្រមា ហើយយើងមានគម្រោងនឹងផលិតបន្ថែមផលិតផលច្រើនទៀតដូចជាហូលជាដើម។ ស្ត្រីដែលជាអ្នកតម្បាញទាំងអស់ធ្វើការតាមផ្ទះរបស់ ពួកគេរៀងៗខ្លួនដើម្បីមានពេលវេលាសម្រាប់មើលថែកូនតូចៗ និងរៀបចំម្ហូបអាហារសម្រាប់គ្រួសារ ព្រមទាំងសម្រាប់កូនៗពេលមកពីសាលារៀនផងដែរ»។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្នសូត្រ និងអំបោះកប្បាសត្រូវបាននាំចូលពីប្រទេស ចិន ហើយមួយចំនួន នាំចូល មកពីប្រទេស វៀតណាម និង ថៃ ដោយសារតែវត្ថុធាតុដើម ដូចជាអំបោះកប្បាស ដែលផលិតនៅក្នុងស្រុក មិនគ្រប់គ្រាន់ និងមិនទាន់មានដើម្បីបំពេញតាមតម្រូវការក្នុងស្រុកគ្រប់គ្រាន់នៅឡើយ។
សូត្រអាចត្រូវបានប្រើប្រាស់ដើម្បីផលិត ផលិតផលជាច្រើនប្រភេទ ដូចជា ក្រវាត់ក សម្លៀកបំពាក់ កាបូប គ្រឿងតុបតែងផ្ទះ សណ្ឋាគារ ហាង និងសម្ភារជាច្រើនមុខទៀត។
លោកស្រីថ្លែងថា៖ «យើងមិនទាន់ធ្វើការនាំចេញនៅឡើទេ។ កីតម្បាញខ្មែរ ធ្លាប់បានចូលរួមនៅក្នុងកម្មវិធី តាំងពិព័រណ៍ជាច្រើនទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីស្វែងរកទីផ្សារថ្មីបន្ថែម ហើយយើងសង្ឃឹមថានឹងធ្វើការនាំចេញនៅក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ »។
ប្រភពផលិតផលរបស់កីតម្បាញខ្មែរក៏មានមកពីខេត្តតាកែវ និងសៀមរាបផងដែរ ដែលផលិតដោយក្រុមសហគមន៍នៅក្នុងតំបន់ទាំងនោះ៕