រដ្ឋប៉េណាំង​ (Penang) ​នៃ​ប្រទេស​ ម៉ាឡេស៊ី​ បាន​បន្ថែម​លក្ខណពិសេស​មួយទៀត​ដល់​អាជីវកម្ម​ទេសចរណ៍រ​បស់​ខ្លួន​។

ដោយ​ភាពល្បីល្បាញ និង​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ពី​អាហារ លក្ខណៈ Street Food ដ៏ឈ្ងុយឆ្ងាញ់ តំបន់​បេតិកភណ្ឌ និង​ឆ្នេរខ្សាច់​ដ៏ស្រស់ស្អាត​ពេលនេះ​រដ្ឋ​ប៉េណាំង​កំពុង​ផ្សព្វផ្សាយ​ទេសចរណ៍​សម្រាប់​ការព្យាបាល និង​ថែទាំ​សុខភាព (health tourism) ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​រដ្ឋ​នេះ​កាន់តែ​ច្រើន​។

ជាមួយ​គោលបំណង​ធ្វើ​ឲ្យ​រដ្ឋ​ប៉េណាំង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ការព្យាបាល និង​ថែទាំ​សុខភាព​លំដាប់​ខ្ពស់​មួយ​នៅក្នុង​តំបន់ និង​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ដូចជា​ប្រទេស​ ថៃ និង​សិង្ហបុរី ដែល​ល្បីល្បាញ​ខាង​សេវា​ព្យាបាល និង​ថែ​ទាំង​សុខភាព​មាន​គុណភាព​ខ្ពស់​។

លោកស្រី Yoon Pauline ប្រធាន​ទេសចរណ៍​សកល​នៃ​រដ្ឋ​ប៉េណាំង​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​មាន​សេវា​ព្យាបាល​ និង​វេជ្ជបណ្ឌិត​ល្អ​បំផុត ហើយ​យើង​កំពុង​ព្យាយាម​លើកកម្ពស់​វិស័យ​ទេសចរណ៍​សម្រាប់​ការព្យាបាល​និង​ថែទាំ​សុខភាព (medical tourism)​។ យើង​កំពុង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ហើយ​ក៏​កំពុង​ធ្វើការ​ជាមួយ​ទេសចរណ៍​ម៉ាឡេស៊ី ដើម្បី​មើលថា​តើ​យុទ្ធនាការ​ណា​ដែល​អាចជួយ​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​មក​ទស្សនា​រដ្ឋ​ប៉េណាំង​។ នៅ​ប៉េណាំង​ភ្ញៀវទេសចរ​មាន​ភាពងាយស្រួល ដោយសារ​យើង​និយាយ​ច្រើន​ភាសា ហើយ​កន្លែង​ស្នាក់នៅ​គឺ​មាន​តម្លៃថោក​ជាង​ប្រទេស​សិង្ហបុរី​»​។

មន្ទីរពេទ្យភាគច្រើននៅរដ្ឋប៉េណាំងបំពាក់ដោយសម្ភារ និងបរិក្ខារទំនើប ជាពិសេសផ្ដល់ជូននូវសេវាកម្មល្អបំផុត។ រូបថត សហការី

ទេសចរណ៍​សម្រាប់​ការព្យាបាល​ និង​ពិនិត្យ​សុខភាព​គឺជា​អាជីវកម្ម​ដែល​កំពុង​រីកលូតលាស់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋ​ប៉េណាំង​។ កាលពី​ឆ្នាំ​មុន​ជនបរទេស​ប្រមាណ​ ១,២ ​លាន​នាក់​បានមក​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ការព្យាបាល​ជំងឺ និង​ពិនិត្យ​សុខភាព និង​បាន​ផ្តល់​ចំណូល​ចំនួន​ ១,៥ ​ពាន់​លាន​រីងហ្គីត​។

យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹងថា​វិស័យ​ព្យាបាល​ និង​ពិនិត្យ​សុខភាព​របស់​រដ្ឋ​ប៉េណាំង​បង្កើត​ប្រាក់ចំណូល​បាន​ចំនួន ១៦៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​។

បណ្តា​ប្រទេស​អាស៊ាន​កំពុង​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​ព្យាបាល​ និង​ថែទាំ​សុខភាព ខណៈ​ប្រាក់​ចំណូល​របស់​ប្រជាជន​កំពុង​កើនឡើង​ស្រប​នឹង​ការរីកចម្រើន​សេដ្ឋកិច្ច​បូករួម​នឹង​ការកើនឡើង​នៃ​ការយល់ដឹង​អំពី​សេវា​ព្យាបាល​ដែល​មាន​គុណភាព​ខ្ពស់​នៅក្រៅ​ប្រទេស វា​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម ស្វែងរក​ការព្យាបាល​នៅក្រៅ​ប្រទេស​កាន់តែ​ច្រើន ខណៈ​តំបន់​អាស៊ាន​មាន​ប្រជាជន​រហូត​ដល់​ ៦៣០ ​លាន​នាក់​។

យោងតាម​របាយការណ៍ AEC Blueprint 2025 Analysis របស់​វិទ្យាស្ថាន​ស្រាវជ្រាវ CIMB Asean Research Institute ដែល​បានចេញ​ផ្សាយ​កាលពី​​ ២ ​ឆ្នាំមុន​បាន​ឲ្យ​ដឹងថា ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ​គឺជា​គោលដៅ​ដ៏ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្វែងរក​ការព្យាបាល និង​ពិនិត្យ​សុខភាព​ដោយ​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ាន​។

របាយការណ៍​នោះបាន​បន្តថា​ឥណ្ឌូនេស៊ី​បានរួម​ចំណែក​ដ៏ធំ​ចំពោះ​ទេសចរ​ដែល​ស្វែងរក​ការព្យាបាល​ និង​ពិនិត្យ​សុខភាព​នៅក្នុង​តំបន់​ដោយ​បាន​ចំណាយ​ប្រមាណ​ ១១,៥ ​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ភាគច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី​។

មន្ទីរពេទ្យភាគច្រើននៅរដ្ឋប៉េណាំងបំពាក់ដោយសម្ភារ និងបរិក្ខារទំនើប ជាពិសេសផ្ដល់ជូននូវសេវាកម្មល្អបំផុត។ រូបថត សហការី

ដោយ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អាស៊ាន និង​មាន​ការតភ្ជាប់​ល្អ ការព្យាបាល​មានតម្លៃ​សមរម្យ អ្នកជំនាញ​វេជ្ជសាស្ត្រ​ទទួល​បាន​ការបណ្តុះបណ្តាល​ខ្ពស់ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​គឺ​វា​បានរួម​ចំណែក​ដល់​ការលូតលាស់​វិស័យ​ទេសចរណ៍​សម្រាប់​ការព្យាបាល​របស់​រដ្ឋ​ប៉េណាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។

លោកស្រី Yoon ថ្លែងថា​៖ «​យើង​ផ្តល់​របាយការណ៍​សុខភាព​ដល់​អ្នកជំងឺ​នៅ​ថ្ងៃ​តែមួយ​។ យើង​មាន​គ្រូពេទ្យ​ប្រចាំការ​នៅក្នុង​នៅ​មន្ទីរពេទ្យ​ជាប្រចាំ ហើយ​វេជ្ជបណ្ឌិត​ទទួល​បាន​ការបណ្តុះបណ្តាល​ខ្ពស់​នៅ​ក្រៅ​ប្រទេស​។ មាន​ជើងហោះហើរ​ត្រង់​ច្រើន​មក​កាន់​ប៉េណាំង ចំណាយពេល​តិច ហើយ​ការពិនិត្យ​ និង​ព្យាបាល​គឺមាន​តម្លៃ​សមរម្យ​»​។

សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​រដ្ឋ​ប៉េណាំង គឺ​ផ្តល់ជូន​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​សំខាន់ៗ​ជាច្រើន​ដូចជា ការវះកាត់​ខួរក្បាល ភ្នែក បេះដូង វះកាត់​កែ​សម្ផស្ស និង​មាន​សេវាកម្ម​ជាច្រើន​ទៀត​។ នៅ​ឆ្នាំក្រោយ​ប្រទេស​ម៉ាឡេស៊ី​នឹង​ផ្សព្វផ្សាយ​យុទ្ធនាការ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​ ២០២០ ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​ ៣០ ​លាន​នាក់ ហើយ​សង្ឃឹមថា​នឹង​ទទួលបាន​ចំណូល​ប្រមាណ​ ១០០ ​ប៊ីលាន​រីងហ្គីត ពី​វិស័យ​ទេសចរណ៍​។

កាលពី​ឆ្នាំមុន ម៉ាឡេស៊ី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ២៥,៨ ​លាន​នាក់​។ យុទ្ធនាការ​នេះ​ទំនង​ជំរុញ​មហិច្ឆតា​របស់​រដ្ឋ​ប៉េណាំង​បន្ថែម​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ស្វែងរក​ការព្យាបាល​ និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​កាន់តែ​ច្រើន​៕