ថៃ​ដែល​ជា​ប្រទេស​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​កំពុង​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​លើក​​កម្ពស់ «​ស្ថាបត្យកម្ម​បៃតង​» ​និង​យក​ផ្នត់​គំនិត​នេះ​ទៅ​ហួស​ពី​ព្រំដែន​របស់​ខ្លួន ខណៈ​ការ​ការពារ​បរិស្ថាន ​គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​។

ការ​កើន​ឡើង​សីតុណ្ហភាព កង្វះ​ខាត​ទឹក​នៅ​ក្នុង​ទីក្រុង ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​កសិកម្ម​នៅ​តាម​តំបន់​ជនបទ ប៉ុន្តែ​មាន​ការ​ឆ្លើយតប​យ៉ាង​ស្វាហាប់​ពី​សំណាក់​អ្នក​បង្កើត​គោល​នយោបាយ នៅ​ទូទាំង​ពិភព​លោក ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​។​

ប្រទេស ​ថៃ បាន​ធ្វើ​លើស​ពី​ការ​លើក កម្ពស់​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន ​៣៨ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន​។ ប្រទេស ​ថៃ ​ក៏​កំពុង​មមាញឹក​ក្នុង​ការ​លើក​កម្ពស់​ស្ថាបត្យកម្ម​បៃតង​ដោយ​ធ្វើ​ការ​តាំង​ពិព័រណ៍​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​បាងកក​។

រាជធានី​របស់​ប្រទេស​នេះ​កំពុង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​បៃតង​ជា​បណ្តើរៗ ​ដែល​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៅ​ក្នុង​តំបន់ ខណៈ​វិស័យ​សាធារណៈ ​និង​ឯកជន​បាន​ជួយ​លើក​កម្ពស់​យ៉ាង​ខ្លាំងក្លា​នូវ​ស្ថាបត្យកម្ម​បៃតង​នេះ​ដើម្បី​ទប់ស្កាត់​ ការ​បំភាយ​ឧស្ម័ន​កាបូនិច​ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ដែល​មាន​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នេះ​កាន់​តែ​រស់​រវើក​។

ចំនួន​អគារ​បៃតង​នៅ​ក្នុង​ប្រទេស ​ថៃ ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី ​៥៥ ​ទៅ​ដល់ ​២៤០ ​អគារ​កាល​ពី​ឆ្នាំ​មុន​។

ប្រទេស ​ថៃ ​កំពុង​ត្រៀម​ខ្លួន​រៀបចំ​ការ​តាំង​ពិព័រណ៍ ​«​ការ​រស់នៅ​បៃតង​» ​លើក​ទី​៣៣ ​ដែល​រៀបចំ​ដោយ​សមាគម​ស្ថាបត្យករ​សៀម (ASA) ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​ពី Royal Patronage និង​សហការ​ជាមួយ​ក្រុមហ៊ុន​រៀបចំ​ការ​តាំង​ពិព័រណ៍ N.C.C​។

លោកស្រី Acharawan Chutarat ប្រធាន​គណៈកម្មការ​ពិព័រណ៍​ស្ថាបត្យកម្ម ២០១៩ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្នុង​បទសម្ភាស​មួយ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃទី ​២៧​ ខែ​មីនា​កន្លង​ទៅ​ថា​៖ «​យើង​ត្រូវ​សន្សំ​សំចៃ​ធនធាន​ហើយ​មិន​គួរ​រំខាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​នោះ​ទេ​។ យើង​អញ្ជើញ​អ្នក​ធ្វើ​គោល​នយោបាយ​អ្នក​ផ្តល់​ការ​អប់រំ​អ្នក​ផលិត ​និង​អ្នក​ផ្គត់ផ្គង់​មក ​ដើម្បី​ពិភាក្សា​គ្នា​អំពី ​«​ស្ថាបត្យកម្ម​បៃតង​»​។ វា​គឺជា​វេទិកា​ដ៏​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ទីក្រុង​ឆ្លាត​វៃ​ និង​អគារ​បៃតង​សម្រាប់​អនាគត​ប្រកប​ដោយ​និរន្តរភាព​»​។

លោក​ Ajinveat Vhonthong អ្នក​គ្រប់គ្រង់​គម្រោង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​រៀបចំ​តាំង​ពិព័រណ៍ N.C.C ថ្លែង​ថា៖ ពិព័រណ៍​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទាក់ទាញ​ក្រុមហ៊ុន​តាំង​ពិព័រណ៍​ថៃ​ និង​អន្តរជាតិ​មក​ពី​ជាង ​៤០ ​ប្រទេស​ដែល​មាន​ប្រមាណ ​៨៥០ ​ក្រុមហ៊ុន នឹង​មក​ដាក់​តាំង​បង្ហាញ​ផលិតផល​ស្ថាបត្យកម្ម​ និង​សេវាកម្ម​របស់​ពួក​គេ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

មជ្ឈមណ្ឌលតាំងពិព័រណ៍ The IMPACT។សហការី

លោកស្រី​ថ្លែង​ថា​៖ «​គោល​បំណង​របស់​យើង​គឺ​បង្កើត​ការ​យល់​ដឹង​ និង​ផ្ញើសារ​ទៅ​សហគមន៍​អំពី​ស្ថាបត្យកម្ម​បៃតង​និង​បន្ត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​រួមគ្នា​នៅ ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន ​និង​ការ​ច្នៃ​ប្រឌិត​អគារ​បៃតង​»​។

លោកស្រី​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​ចង់បាន​អគារ​បៃតង ប៉ុន្តែ​បើ​មនុស្ស​មិន​បាន​ដឹង នោះ​មិន​អាច​ទៅ​រួច​ទេ​។ បៃតង​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​ជា​វិធី​ដែល​យើង​ប្រើ​ធនធាន ការ​រក្សា​ទុក​ទឹក របៀប​ដែល​បរិភោគ​អាហារ​ទាំង​ក្នុង​ស្រុក ​ឬ​នាំចូល របៀប​ដែល​យើង​ស្លៀកពាក់ របៀប​ដែល​យើង​ប្រើប្រាស់​ផលិតផល​នានា គឺ​ទាំង​អស់​នេះ​សុទ្ធ​តែ​ប៉ះពាល់​ដល់​បរិស្ថាន​។

លោ​ស្រី Acharawan លើក​ឡើងថា ការ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ ​ឬ​តាម​រថយន្ត​ឯកជន​របស់​បុគ្គល​ម្នាក់ៗ គឺ​មាន​ឥទ្ធិពល​ដល់​ការ​បំភាយ​ឧស្ម័ន​កាបូនិច ដូច្នេះ​ហើយ​យើង​ត្រូវ​រចនា​អគារ​ដែល​ប្រើប្រាស់​ថាមពល​តិច​ខណៈ​ម៉ាស៊ីន​ត្រជាក់​ស៊ី​ថាមពល​ច្រើន​។

​អ្នករៀបចំ​កម្មវិធី​ថៃ ជួយ​លើកកម្ពស់​ស្ថាបត្យកម្ម ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​ ២៧​ ខែ មីនា។សហការី

ព្រឹត្តិការណ៍​ដ៏​ធំ​អស្ទារ្យ​នេះ​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ IMPACT Exhibition and Convention Centre ដែល​មាន​ទំហំ ​៦ ​ម៉ឺន​ម៉ែត្រការ៉េ​នៅ​ក្នុង​ទីក្រុង​បាងកក ចាប់​ពី​ថ្ងៃ​ទី ​៣០ ​ខែ មេសា​ដល់​ថ្ងៃទី ​៥​ ខែ ឧសភា​។ ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​ នឹង​មាន​ផលិតផល​ពិសេសៗ​ជា​ច្រើន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន រាប់​ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ​ដោយ​មិន​ប្រើ​ក្រដាស រថយន្ត​អគ្គិសនី ការ​សន្សំ​សំចៃ​ទឹក និង​ការ​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក​​ជា​ដើម​។

សេចក្តី​ថ្លែងការណ៍​រួម​ពី​អ្នក​រៀបចំ​បាន លើក​ឡើង​ថា​ទស្សនៈ​​ «​រស់នៅ​បៃតង​» ​គឺ​ដើម្បី​លើក​កម្ពស់​គំនិត​នៃ​ការ​រចនា​ស្ថាបត្យកម្ម​ និង​វត្ថុធាតុ​ដើម​សាងសង់​អគារ​ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​អាច​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​មួយ​នេះ ​ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ជាមួយ​ នឹង​ដំណោះស្រាយ​ដែល​មាន​និរន្តរភាព​។

ព្រះអង្គម្ចាស់​ក្សត្រី​មហាចក្រី សារិន​ថន (Maha Chakri Sirindhorn) ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​យាង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​នៅ​ថ្ងៃ​ទី ​៣០​ ខែ មេសា ​ខាង​មុខ​នេះ​។

ពិព័រណ៍​ស្ថាបត្យកម្ម ២០១៩ គឺ​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ធំជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​។ ការ​តាំង​ពិព័រណ៍​នេះ​មាន​គោល​បំណង​បង្ហាញ​អំពី​ការ​រីក​ចម្រើន​នៃ​ការ​រចនា​ស្ថាបត្យកម្ម​ដែល​ឆ្លុះ​បញ្ចាំង​អំពី​សក្តានុពល​របស់​សហគ្រិន​ និង​តួនាទី​របស់​ស្ថាបត្យករ​នៅ​ក្នុង​សង្គម​។​

លោក Ajaphol Dusitnanond ប្រធាន​​សមាគម​ស្ថាបត្យករ ASA ថ្លែងថា​៖ «ពិព័រណ៍​ស្ថាបត្យកម្ម ២០១៩ នេះ​មិន​ត្រឹមតែ​បង្ហាញ​អំពី​ជំនាញ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ​ក៏​បើក​ទូលំទូលាយ​ដល់​វិស័យ​ដែល​ពាក់ព័ន្ធ​នានា ក៏​ដូច​ជា​សាធារណជន​ទូទៅ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​រចនា​អគារ​ និង​ការ​សាងសង់​ផង​ដែរ​»៕

លោក Ajaphol Dusitnanond ប្រធាន​​សមាគម​ស្ថាបត្យករ ASA។

​លោកស្រី Acharawan និយាយថា​ វា​ជាការ​ទទួលខុសត្រូវរ​បស់​សង្គម​នៅក្នុង​ការការពារ​បរិ​ស្ថាន។សហការី

អ្នក​គ្រប់គ្រង់​គម្រោង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​រៀបចំ​តាំង​ពិព័រណ៍ N.C.C។