ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​ហាក់​មាន​ល្បឿន​យឺត​បន្តិច​ក្តី ក៏​វា​នៅ​តែ​ជា​ទីផ្សារ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគិន និង​អ្នក​លក់រាយ ដោយសារ​តែ​មូលដ្ឋាន​អ្នក​ប្រើប្រាស់ និង​អំណាច​ចំណាយ​ដ៏ធំ​។ ដូច្នេះ​តម្រូវការ​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន​ត្រូវ​បាន​បង្កើន ជាពិសេស​ឥទ្ធិពល​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម WeChat សម្រាប់​វេទិកា​ទីផ្សារ​។

ដោយ​មើល​ឃើញ​ពី​ឱកាស​នេះ អ្នកធ្វើ​បណ្តាញ​ទីផ្សារ WeChat និង​ជា​សហគ្រិន​លោក Warren Teh បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​សហគ្រិន និង​អ្នក​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​នេះ​អំពី​ចំណេះដឹង​អំពី​ទីផ្សារ​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម WeChat ចាប់​តាំងពី​ខែ​មិថុនា​មក​ម្ល៉េះ​។

លោក Teh ៖ WeChat គឺជា​ឧបករណ៍​ទីផ្សារ​ដ៏មាន​ឥទ្ធិពល ។

លោក​ថ្លែង​ថា​៖ «​មិត្តភក្តិ​របស់ខ្ញុំ​ដែល​តែងតែ​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​អាជីវកម្ម​នៅទីនេះ​។ គាត់​បាន​កត់សម្គាល់​ឃើញ​ថា អាជីវកម្ម​ក្នុងស្រុក​ជាច្រើន​នៅ​មិន​ទាន់​បាន​យល់ដឹង​អំពី​វិធី​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ដែល​ធ្វើ​ជំនួញ​ ឬ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​»​។

លោក Teh បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ទៀត​ថា និន្នាការ​របស់​ជនជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កំពុង​មាន​ការកើនឡើង បង្កើត​បាន​ទីផ្សារ​ដែល​អាច​រកប្រាក់​ចំណេញ​បាន​សម្រាប់​សេវាកម្ម​ទីផ្សារ​ដែល​កំពុង​កើនឡើង​នេះ​។ សម្រាប់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​របស់​ខ្ញុំ​គឺ​មាន​ដូចជា​ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ដែល​ចង់​ពង្រីក​សេវាកម្ម​របស់​ពួកគេ​តាមរយៈ​បណ្តាញ​សង្គម WeChat ដើម្បី​ឈាន​ទៅ​ដល់​ទីផ្សារ​ចិនដីគោក​។

ថ្លែង​អំពី​សារៈសំខាន់​របស់ WeChat ដែល​ជា​ឧបករណ៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ជ្រៀត​ចូល​ទីផ្សារ​ចិន​លោក Teh ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​បញ្ជាក់ថា WeChat គឺជា​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​ចិន​។

«​ជាពិសេស​ជាមួយ​នឹង​មុខងារ​ចុងក្រោយ​បំផុត​របស់​វា​គឺ Mini Program ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​បង្កើត​ហាង​អេឡិចត្រូនិក​នៅ​ខាង​ក្នុង​កម្មវិធី WeChat នឹង​មាន​កណ្តឹង​សម្រាប់​ជូនដំណឹង​។ មុខងារ​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​ការបង្ហាញ និង​លក់​ផលិតផល​»​។

លោក​ពន្យល់​ទៀត​ថា​៖ «​នៅពេល​និយាយ​ដល់​ការទិញ​គឺ​វា​កាន់តែ​ងាយស្រួល​ថែមទៀត​។ លោកអ្នក​គ្រាន់​តែ ស្គែន QR កូដ ជាមួយ​កាបូប​ចល័ត WeChat របស់លោក​អ្នក​នោះ​លោកអ្នក​នឹង​អាច​ទិញ​ផលិតផល​នោះ​បាន​ដោយ​ងាយស្រួល​»​។

ចំពោះ​កម្មវិធី Mini Program ក៏​អាច​ភ្ជាប់​ទៅ​នឹង​គណនី​ផ្លូវការ​ដែល​ស្រដៀង​នឹង​ទំព័រ​ហ្វេសប៊ុក​ហ្វ៊ែនផេច ដែល​ផ្តល់​កន្លែង​សម្រាប់​ពាណិជ្ជករ​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​ដូចជា​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​បានដែរ​។

លោក Teh បន្ត​ថា​ការប្រើប្រាស់ WeChat ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន សម្រាប់​ជា​ឧបករណ៍​ធ្វើ​ទីផ្សារ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​អាច​ប្រើប្រាស់​មុខងារ និង​លក្ខណៈ​ពិសេស​ទីផ្សារ​របស់ WeChat យ៉ាង​ពេញលេញ​។ នេះ​ជា​មូលហេតុ​ដែល​វា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ពាណិជ្ជករ​គួរ​ចុះ​ឈ្មោះ​ចូលរួម​វគ្គ​សិក្ខាសាលា​ទីផ្សារ WeChat ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ការធ្វើ​ទីផ្សារ​ជាមួយ​កម្មវិធី​ដ៏មាន​ប្រសិទ្ធភាព​មួយ​នេះ​។

អ្នកជំនួញ និង​អ្នកជំនួញ​តាម​អនឡាញ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន មិន​ទាន់​បាន​ដឹង​ថា វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ដូចជា Google, Facebook, Twitter និង Instagram គឺ​មិន​អាច​ដំណើរការ​បាន​នៅក្នុង​ប្រទេស​ចិន​នោះទេ​។ លោក Teh ថ្លែង​ថា​ដូច្នេះ​ហើយ​អ្នកជំនួញ​ដែល​មិនទាន់​ដឹង​អំពី​បញ្ហា​នេះ​មាន​ជម្រើស​តិចតួច​នៅក្នុង​ការឈោង​ចាប់​អតិថិជន​នៅក្នុង​ទីផ្សារ​ចិន​។

លោក​បញ្ជាក់​ថា​៖ «​ពួកគេ​គ្មាន​ជម្រើស​ទេ ដូច្នេះ​ហើយ​ត្រូវ​សិក្សា​ស្វែងយល់​អំពី​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ហើយ​កម្មវិធី​សង្គម​ធំ​បំផុត​មួយ​ក្នុង​ចំណោម​កម្មវិធី​ដទៃ​ទៀត​គឺ WeChat »​។

«WeChat មិនមែន​គ្រាន់​តែ​ជា​កម្មវិធី​សម្រាប់​ផ្ញើ​សារ​ប៉ុណ្ណោះ​ទេ វា​គឺជា​វេទិកា​ដែល​អាច​ឲ្យ​យើង​ធ្វើ​អ្វីៗ​បាន​ស្ទើរតែ​គ្រប់យ៉ាង​នៅ​លើ​ស្មាតហ្វូន​របស់​យើង​។ ជាមួយ​នឹង​លក្ខណៈពិសេស​នៃ​ការច្នៃប្រឌិត​ជាច្រើន​ដែល​កម្មវិធី​របស់​ប្រទេស​លោក​ខាងលិច​គ្មាន​វា​បាន​ក្លាយ​ជា​បាតុភូត​ដ៏ធំ​បំផុត​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​ដែល​ផ្តល់​នូវ​ឱកាស​ដែល​គ្មាន​ដែន​កំណត់​»​។

លោក​បន្ត​ថា​៖ «​មាន​ពាក្យ​មួយ​គេ​តែងតែ​លើក​ឡើង​ថា​ “​កន្លែង​ណា​ដែល​មាន​ជនជាតិ​ចិន​នៅ​ទីនោះ​គឺមាន WeChat”​។ សិក្សា​ស្វែងយល់​អំពី​ឥទ្ធិពល​នៃ​ការប្រើប្រាស់ WeChat គឺជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការឈាន​ទៅ​រក​អតិថិជន​ចិន​ទាំង​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ចិន​៕