នៅក្នុងទីក្រុងសៀមរាបដែលជាតំបន់នៃគោលដៅទេសចរណ៍ដ៏ពេញនិយម ផ្សារ ហេរីថេក (Heritage) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Metro Lifestyle Development Co. Ltd ដែលផ្តល់ជូននូវបទពិសោធកម្សាន្តថ្មីដ៏អស្ទារ្យដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរក៏ដូចជាអ្នកដំណើរអន្តរជាតិមកពីគ្រប់ទិសទី។
ប្រជាពលរដ្ឋក្នុងតំបន់ ឬក៏ភ្ញៀវទេសចរអាចចូលទស្សនាផ្សារ ហេរីថេក (Heritage) ដ៏ធំជាងគេបំផុតនៅក្នុងខេត្តសៀមរាបបានយ៉ាងងាយ ស្រួលពីព្រោះផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រចំកណ្តាលទីក្រុងសៀមរាបតែម្តង គឺនៅជិត Pub Street និង Royal Gardens ដែលហ៊ុមព័ទ្ធដោយផ្ទះសំណាក់ និងសណ្ឋាគារជាច្រើន។
ចាប់តាំងពីបើកដំណើរការជាផ្លូវការកាលពី ៨ ខែមុនរហូតមកដល់បច្ចុប្បន្នផ្សារទំនើបនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់រូបជាពិសេសយុវវ័យ និងភ្ញៀវទេសចរ។
អាគារផ្សារទំនើបនេះត្រូវបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលក្លាយជាទីចាប់អារម្មណ៍ពីសំណាក់អតិថិជនគ្រប់រូបព្រមទាំងភ្ញៀវទេសចរបរទេសផងដែរ។ ផ្សារទំនើបនេះមានទំហំធំទូលាយដែល មានហាងជាច្រើនបានបង្ហាញវត្តមានរបស់ពួកគេរាប់ចាប់ពីហាងកាហ្វេអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងហាងប៊្រេនៗទំនើបៗជាច្រើនទៀត។ ក្នុងនាមជាផ្សារទំនើបដែលធំជាងគេនៅក្នុងខេត្តសៀមរាប ផ្សារហេរីថេក (Heritage) គឺជាទិសដៅដ៏ពេញនិយមសម្រាប់ការដើរទិញទំនិញ ការកម្សាន្តទទួលទានអាហារមើលកុន ឬលម្ហែកាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។
ហាងល្បីៗដែលកំពុងបម្រើសេវាកម្មដល់អតិថិជនមកពីគ្រប់ទិសទីនៅផ្សារហេរីថេក (Heritage) មានដូចជាហាងអាហារ និងភេសជ្ជៈគ្រប់ប្រភេទហាងនំភីស្សា Pizza Company, ហាងអាហារជប៉ុន ដឹហាស៊ិក ហាងតែគជ់ទំនើប Koi ហាងនំ Tous Les Jours ហាងកាហ្វេ Starbucks ហាងការ៉េម Swensen''s និងហាងលក់ទំនិញគ្រប់ប្រភេទជាច្រើនទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងភ្ញៀវទេសចរអន្ដរជាតិ និងយុវវ័យមកពីគ្រប់ទិសទី។
លើសពីនេះទៀតអតិថិជនដែលមកទស្សនា និងទិញទំនិញនៅផ្សារទំនើបនេះក៏អាចទទួលបាននូវការកម្សាន្តដ៏រីករាយជាមួយរោងកុន Legends Cinema ដ៏ទំនើបដែលមានសាលចំនួន ៥ មានកៅអីសម្រាប់ទស្សនិកជន ទស្សនារហូតដល់ ១ ០០០ កៅអី។
លោក សុខុម សំអុល ប្រធានគ្រប់គ្រងទូទៅរបស់ផ្សារទំនើប The Heritage Walk បានឲ្យដឹងថា៖ «ផ្នែកសំខាន់ៗរបស់ផ្សារហេរីថេក (Heritage) គឺហាងលក់អាហារភេសជ្ជៈ និងកន្លែងកម្សាន្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រៅពីហាងអាហារ និងភេសជ្ជៈក៏មានហាងលក់ទំនិញល្បីជាច្រើនទៀតប្រមាណ ៥០ ដែលជាហាងលក់សម្ភារទំនើបៗគ្រប់ប្រភេទ។ គោលបំណងរបស់យើងគឺ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានសម្បូរបែប»។
លោក សំអុល បានបន្តថា៖ «ជាងនេះទៀត ផ្សារ ហេរីថេក (Heritage) មានកន្លែងក្មេងលេងកម្សាន្ត និងកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ។ទាំងនេះ គឺមាននៅក្នុងផ្សារទំនើបមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិគ្រួសារ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ»។
នៅពេលអនាគតដ៏ខ្លីខាងមុខផ្សារទំនើបនេះនឹងមានស្កាយបារ៍ ផាប់ និងកន្លែងកម្សាន្តផ្សេងទៀត ដែលនឹងបើកដំណើរការចាប់ពីម៉ោង ១០ ព្រឹក រហូត ដល់ម៉ោង ១០ យប់។
ក្រៅពីមានហាងលក់ម្ហូបអាហារភេសជ្ជៈ និងហាងលក់ទំនិញគ្រប់ប្រភេទហើយនោះលក្ខណពិសេសមួយទៀតនៃផ្សារហេរីថេក (Heritage) គឺជាស្ថាបត្យកម្មរបស់វាដែលរួមបញ្ចូលរចនាប័ទ្មខ្មែរ និងរចនាប័ទ្មទំនើប ដែលរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មខ្មែរ Five Arc ធ្វើឲ្យផ្សារទំនើបមួយនេះមើលទៅកាន់តែទំនើបទាន់សម័យ និងល្អឥតខ្ចោះជាពិសេសការរចនាផ្ទៃខាងក្នុងមានភាពធំទូលាយ និងទាន់សម័យ។
ផ្សារទំនើបនេះមានទំហំចំនួន ៨ ០០០ ម៉ែត្រការ៉េ បំពាក់ដោយសម្ភារទំនើបពាក់កណ្តាល នៃផ្ទៃអគារមានដើមឈើដ៏ខៀវស្រងាត់ និងការតុបតែងមានភាពប្រណីតដែលបង្កើតបានបរិយាកាសធម្មជាតិមួយដ៏ស្រស់បំព្រង។
ផ្សារ ហេរីថេក (Heritage) បានបន្ថែមនូវជម្រើសកន្លែងកម្សាន្តដ៏សម្បូរបែបនៅក្នុងក្រុងសៀមរាប ដែលពីមុនមានតែតំបន់ផាប់ស្ទ្រីត និងសណ្ឋាគារប៉ុណ្ណោះ សម្រាប់ផ្តល់ជូនភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
ខេត្តសៀមរាប គឺជាតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែល មានប្រាង្គប្រាសាទដ៏ល្បីល្បាញជា ពិសេសប្រាសាទអង្គរវត្ត។ ផ្សារហេរីថេក (Heritage) គឺជាផលិតផលទេសចរណ៍កំពុងទាក់ទាញខ្លាំងនៅក្នុងខេត្តសៀមរាបដ៏មានសក្តានុពល ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្ថែមភាពសប្បាយរីករាយ និងជម្រើសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី៕