នៅក្នុងសប្តាហ៍នេះកាសែតភ្នំពេញប៉ុស្តិ៍ផ្នែក Post Focus ផ្តោតលើក្រុមហ៊ុនខ្មែរចំនួន ៣ ដែលនឹងបង្ហាញខ្លួននៅក្នុងពិធីផ្សព្វផ្សាយផលិតផល និងម្ហូបអាហារខ្មែរ (KCFF) នៅថ្ងៃសៅរ៍ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្អែកនេះ។ កម្មវិធី KCFF នេះធ្វើឡើងដើម្បីលើកកម្ពស់ ស្នាដៃ សិល្បៈ សិប្បកម្ម ម្ហូបអាហារ និងអាជីវកម្មខ្នាតតូចដែលជាសហគ្រាស ឬក្រុមហ៊ុនក្នុងស្រុក ជាពិសេសគឺដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ និងផលិតផលផ្សេងៗដែលផលិតដោយកូនខ្មែរ និងជាស្នាដៃសិល្បៈដើម ជាពិសេសគឺម្ហូបអាហារ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅពេញ ១ ថ្ងៃគឺនៅថ្ងៃសៅរ៍ទី ២៣ ខែកុម្ភៈលើផ្លូវលេខ ៣៣០ នៅជិតសារមន្ទីរទួលស្លែង ក្រុងភ្នំពេញ។ ពិធីនេះត្រូវបានបង្កើតឡើងនឹងរៀបចំដោយអង្គការ NOMI network និងអង្គការ Villageworks ។
សមាគមរចនាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ដោយអង្គការមួយដែលធ្វើសកម្មភាពជួយដល់ប្រជាជនខ្មែរដែលភៀសខ្លួននៅជំរំក្នុងទឹកដីថៃដើម្បីឲ្យពួកគេអាចស្វែងរកប្រាក់ចំណូលបន្ថែម។ រហូតដល់ឆ្នាំ ២០០២ ក៏បានក្លាយជាសហគ្រិនសង្គមមួយជាសមាគមដែលមិនស្វែងរកប្រាក់ចំណេញ ជាសមាគមឯករាជ្យស្វែងរកប្រាក់ចំណូលទ្រទ្រង់សមាគមដោយខ្លួនឯង។ លោកស្រី ញ៉ុក និមល ប្រធានគ្រប់គ្រងទូទៅរបស់សមាគមរចនាបានឲ្យកាសែតភ្នំពេញ ប៉ុស្តិ៍ដឹងថា៖ «សមាគមរចនាបានប្រើប្រាស់សម្បកគ្រាប់កាំភ្លើងយកទៅកែច្នៃធ្វើជាគ្រឿងអលង្ការ។ ដោយសម័យសង្គ្រាមបានបន្សល់ទុកនូវសំណល់គ្រាប់កាំភ្លើងជាច្រើនដូច្នេះហើយទើបសមាគមរចនាចង់ផ្លាស់ប្តូរសម្បកគ្រាប់កាំភ្លើងទាំងនោះទៅធ្វើគ្រឿងអលង្ការ ឬវត្ថុដែលមានតម្លៃសម្រាប់ជាការរំឭកពីអតីតកាល។ ការរំឭកនេះគឺដោយសារតែយើងមិនចង់មានសង្គ្រាម យើងចង់បានសន្តិភាព យើងស្រឡាញ់សន្តិភាព។ ក្រៅពីផលិតគ្រឿងអលង្ការដ៏ល្អប្រណីតហើយ សមាគមរចនាក៏មានផលិតក្រមា និងគ្រឿងស្មួនផ្សេងធ្វើពីដីឥដ្ឋផងដែរដូចជាពែង ចាន ឬ វត្ថុផ្សេងៗតាមការចង់បានរបស់អតិថិជន។ បច្ចុប្បន្នសមាគមរចនាមានបុគ្គលិកចំនួន ២២ នាក់។ បុគ្គលិកភាគច្រើនគឺជាជនពិការដែលត្រូវការទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។ លោកស្រី និមល បន្ថែមថា៖ «យើងក៏បានជួយបណ្តុះបណ្តាលប្រជាសហគមន៍នៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួយចេញម៉ូដឲ្យពួកគាត់សម្រាប់តម្រូវការទីផ្សារ។ នៅរាជធានីភ្នំពេញសមាគមរចនា មានទីតាំងចំនួន ២ កន្លែង ទី ១ នៅទួលទំពូង ខណ្ឌចំការមន និង ១ កន្លែងទៀតស្ថិតនៅផ្លូវ ២៤០ ក្នុងខណ្ឌដូនពេញ ហើយនៅក្រុងសៀមរាបក៏មានហាង ១ កន្លែងដែរ។ ផលិតផលរបស់សមាគមក៏មានតម្រូវការខ្ពស់នៅក្រៅប្រទេសផងដែរដូចជានៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបណ្តាដទៃទៀតនៅក្នុងទ្វីបអឺរ៉ុប។ បុគ្គលិករបស់សមាគមរចនានៅរង់ចាំទទួលស្វាគមន៍អតិថិជនទាំងអស់ដោយក្តីរីករាយបំផុតនៅក្នុងពិធីផ្សព្វផ្សាយផលិតផលនឹងម្ហូបអាហារខ្មែរ (KCFF) ៕ |
---|
សិប្បកម្មឈ្លាសវៃផលិតកាបូបប្រើប្រាស់គ្រប់ប្រភេទដែលកែច្នៃពីពោះវៀនរថយន្ត កែបម៉ូតូ និងសម្បកបាវស៊ីម៉ងត៍ចាស់ៗដែលជាផលិតផលកែច្នៃនៅក្នុងស្រុក។ លោក ឡាវ ចំរើន ស្ថាបនិកសិប្បកម្មឈ្លាសវៃបានពន្យល់ពីតួនាទីរបស់លោកនៅក្នុងសិប្បកម្មឈ្លាសវៃថា៖ «ខ្ញុំគឺជាស្ថាបនិក និងជាអ្នកគ្រប់គ្រងសិប្បកម្មនេះផ្ទាល់តែម្តង លើសពីនេះទៀតខ្ញុំក៏ជាអ្នករចនាម៉ូដ និងជាអ្នកស្វែងរកទីផ្សារសម្រាប់ផលិតផលផងដែរ»។ លោកថ្លែងថា៖ «ខ្ញុំបានចាប់ផ្តើមអាជីវកម្មមួយនេះដោយខ្លួនឯង ធ្វើការតែម្នាក់ឯងអស់រយៈពេលប្រហែល ១ ឆ្នាំ បន្ទាប់មកក៏បើកសិប្បកម្មនេះឡើងក្នុងឆ្នាំ ២០១២។ ខ្ញុំចង់ស្វែងរកវត្ថុធាតុដើម ឬសម្ភារចាស់ៗដែលគេបោះបង់ចោលយកមកកែច្នៃជាវត្ថុមានតម្លៃផ្សេងៗជាពិសេសគឺការច្នៃជាកាបូបគ្រប់ប្រភេទ»។ «ផលិតផលដែលសិប្បកម្មឈ្លាសវៃកែច្នៃឡើងគឺសុទ្ធសឹងកែច្នៃពីវត្ថុចាស់ៗ។ កាបូបគ្រប់ប្រភេទយើងបានកែច្នៃចេញពីពោះវៀនរថយន្ត កែបម៉ូតូ និងសម្បកស៊ីម៉ងត៍ចាស់ៗដែលមាន ដូចជា កាបូប ស្ពាយ កាបូបយួរដៃ កាបូបដាក់លុយសម្រាប់បុរស ស្ត្រី»។ លោក ចំរើន ថ្លែងថា៖ «ខ្ញុំជួយជនពិការដែលជាជនរងគ្រោះដោយសារគ្រាប់មីន ជាពិសេសប្រជាជនក្រីក្រនៅតាមជនបទ យើងផ្តល់ការបណ្តុះបណ្តាលដល់ពួកគាត់ និងទីតាំងលក់ផលិតផល។ ជាការពិតណាស់ សហគមន៍ទទួលបានអត្ថប្រយោជន៍ច្រើនពីការខិតខំប្រឹងប្រែងរបស់ខ្ញុំ តាមរយៈការកែច្នៃកាកសំណល់នៅក្នុងសហគមន៍ដែលវាបានជួយកាត់បន្ថយការបំពុលបរិស្ថាន និងជួយធ្វើឲ្យបរិស្ថានស្អាតបានមួយកម្រិត»។ អតិថិជនអាចរកទិញផលិតផលរបស់សិប្បកម្មឈ្លាសវៃបាននៅតាមហាងនានាក្នុងរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួន ឬក៏អាចចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់សិប្បកម្មដើម្បីធ្វើការបញ្ជាទិញផ្ទាល់តែម្តង។ លោក ចំរើន បានបន្ថែមទៀតថា៖ «សិប្បកម្មឈ្លាសវៃមានអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះទៀតអតិថិជនក៏អាចរកទិញផលិតផលរបស់សិប្បកម្មឈ្លាសវៃបាននៅក្នុងកម្មវិធី KCFF ដើម្បីជាការគាំទ្រដល់ផលិតផលដែលធ្វើដោយដៃពីសិប្បករខ្មែរក៏ដូចជាដើម្បីរួមចំណែកដល់ការជួយកាត់បន្ថយការបំពុលបរិស្ថាន និងជួយលើកកម្ពស់ជីវភាពជនពិការ»៕ |
ហាងលក់សម្លៀកបំពាក់ CARINO ជាហាងលក់សម្លៀកបំពាក់ដែលច្នៃម៉ូដដោយកូនខ្មែរ និងមានការច្នៃប្រឌិតខ្ពស់ ពិសេសគឺលោកស្រី ទឹម លក្ខិណា ដែលជាប្រធានគ្រប់គ្រងផលិតកម្ម និងជាប្រធានច្នៃម៉ូដសម្លៀកបំពាក់ម៉ាក CARINO នេះផ្ទាល់តែម្តង។ លោកស្រី លក្ខិណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាអ្វីដែលធ្វើឱ្យសម្លៀកបំពាក់ម៉ាកនេះខុសប្លែកពីសម្លៀកបំពាក់ដទៃគឺដោយសារតែវាត្រូវបានច្នៃម៉ូដដោយជាងច្នៃម៉ូដខ្មែរដែលមានគំនិតច្នៃប្រឌិតខ្ពស់។ លោកស្រីបានបន្ថែមថា៖ «ចំណុចទី ១ ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តបើកអាជីវកម្មមួយនេះគឺដោយសារតែខ្ញុំមានទេពកោសល្យនៅក្នុងការច្នៃម៉ូដ។ ចំណុចទី ២ គឺដោយសារតែនៅក្នុងប្រទេសកម្ពុជាមិនសូវមានអ្នកច្នៃម៉ូដច្រើន ដូច្នេះវាជាឱកាសសម្រាប់ខ្ញុំដើម្បីចាប់ផ្ដើមបើកហាងលក់សម្លៀកបំពាក់ម៉ាក CARINO នេះឡើង។ កង្វះការច្នៃម៉ូដសម្លៀកបំពាក់នៅលើទីផ្សារនេះហើយទើបផ្តល់ឱកាសដ៏ច្រើនដល់ហាង CARINO ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាតប្រកបដោយគុណភាព និងសោភណភាពខ្ពស់សម្រាប់អតិថិជន»។ លើសពីនេះទៀតអាជីវកម្មមួយនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្តល់ការងារដល់ប្រជាជនកម្ពុជាមួយចំនួនហើយអតិថិជនក៏ពួកគាត់ទទួលបាននូវម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងល្អប្រណីតដែលជាស្នាដៃកូនខ្មែរពិតៗ។ លោកស្រីបន្ថែមថា៖ «ជាទូទៅប្រជាពលរដ្ឋតែងតែទិញសម្លៀកបំពាក់ដែលជាផលិតផលសម្រេចនាំចូលពីក្រៅប្រទេសដែលពិបាកតម្រូវតាមរូបរាងរបស់ពួកគាត់ ដូច្នេះហើយទើបហាង CARINO ជួយពួកគាត់បានតាមរយៈការច្នៃម៉ូដដ៏ស្រស់ស្អាតតម្រូវតាមរូបរាងរបស់អតិថិជនគ្រប់រូបជាមួយនឹងតម្លៃសមរម្យ»។ ម្យ៉ាងវិញទៀតហាងលក់សម្លៀកបំពាក់ CARINO ក៏កំពុងជួយដល់សហគមន៍មូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសសម្រាប់ស្ត្រី និងស្ត្រីមេម៉ាយតាមរយៈការប្រើប្រាស់ជំនាញកាត់ដេររបស់ពួកគាត់។ ហាងលក់សម្លៀកបំពាក់ CARINO ក៏នឹងចូលរួមដាក់តាំងបង្ហាញលក់ផលិតផលរបស់ខ្លួននៅក្នុងកម្មវិធី KCFF នៅថ្ងៃសៅរ៍ស្អែកនេះដែរ ប៉ុន្តែបើអតិថិជនមិនបានទៅចូលរួមទេ អតិថិជនក៏អាចទៅដល់ហាង ដើម្បីមើលម៉ូដសម្លៀកបំពាក់ស្អាតៗ និងគួរឲ្យទាក់ទាញដោយផ្ទាល់បាន។ ហាងលក់សម្លៀកបំពាក់ CARINO មានទីតាំងស្ថិតនៅផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ |