សិស្ស និស្សិត និង​អាណាព្យាបាល​ជាង​ ២០០០ ​នាក់​ត្រូវបាន​រំពឹងថា​នឹងចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​ការងារ​ប្រចាំឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​អប់រំ IDP Education នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​នៅក្នុង​សណ្ឋាគារ​ឈានមុខ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

IDP ជា​ស្ថាប័ន​អប់រំ​ធំជាងគេ​លើ​ពិភពលោក​ក្នុង​ការបញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏ធំ​នេះ​ឡើង ដើម្បី​លើកកម្ពស់​ការសិក្សា​ប្រកប​ដោយ​គុណភាព​សម្រាប់​សិស្ស​និស្សិត កម្ពុជា​ដែល​ចង់​បន្ត​ការសិក្សា​នៅ​បរទេស ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ​វា​គឺជា​ឱកាស​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធីសិក្សា​នានា​។

សិស្ស​និស្សិត​មាន​ឱកាស​ជួប​ជាមួយ​អ្នក​ប្រឹក្សា​មកពី​ស្ថាប័ន​អន្តរជាតិ​ដោយផ្ទាល់ ។

លោក ឈាង វ៉ាន់តាក់ អ្នកគ្រប់គ្រង​ផ្នែក​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP Education (Cambodia) បាន​មានប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ការធ្វើការ​សម្រេចចិត្ត​ខុស​ក្នុង​ការសិក្សា​ធ្វើឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ជាច្រើន ដូច្នេះ​យើង​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​សិស្ស និស្សិត និង​អាណាព្យាបាល​មក​ចូលរួម ពិព័រណ៍​ការសិក្សា និង​ការងារ​ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​មុន​ធ្វើការ​សម្រេចចិត្ត​។ អ្នក​ប្រឹក្សា​យើងខ្ញុំ​នឹង​ណែនាំ​សិស្ស និស្សិត ទាក់ទង​នឹង​ជម្រើស​សិក្សា​ដែល​សមស្រប​ទៅនឹង​តម្រូវការ និង​បំណង​ទៅ​ថ្ងៃ​អនាគត​របស់​បុគ្គល​រៀងៗ​ខ្លួន​»​។

ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​ជម្រើស​សិក្សា​ស្តង់ដា​ពិភពលោក​ចាប់ពី​កម្រិត​វិទ្យាល័យ​រហូត​ដល់​កម្រិត​បច្ចេកទេស​ និង​ឧត្តមសិក្សា​។ ពិព័រណ៍​ការសិក្សា​និង​ការងារ​ដ៏ធំ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​​ ២៦ ខែ​តុលា ឆ្នាំ​ ២០១៩ ចាប់ពី​ម៉ោង​ ៩ ព្រឹក​ដល់​ម៉ោង ៤ ល្ងាច​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​។ កម្មវិធី​នេះ​ត្រូវបាន​បើក​សម្រាប់​ឱ្យ​សាធារណជន​ចូលរួម​ដោយ​ឥតគិតថ្លៃ​។

លើសពីនេះ​ទៀត សិស្ស និស្សិត​ និង​អាណាព្យាបាល​ទទួល​បាន​ព័ត៌មាន​ពី​កម្មវិធីសិក្សា ការណែនាំ និង​ជំនួយ​នៅក្នុង​ការរៀបចំ​ឯកសារ​ទាក់ទង​ទៅនឹង​ការដាក់​ពាក្យ​ចូលរៀន ដំណើការ​សុំ​ទិដ្ឋាការ និង​ការដាក់​អាហារូបករណ៍​ពី​សំណាក់​ស្ថាប័ន​សិក្សា​នានា​។

អ្នកចូលរួម​មាន​ឱកាស​ជួប​ជាមួយ​អ្នក​ប្រឹក្សា​មកពី​ស្ថាប័ន​អន្តរជាតិ​ដោយផ្ទាល់ ។

ក្នុងនោះ​មាន​ស្ថាប័ន​សិក្សា​ប្រមាណ​ជាង​ ៧០ ស្ថាប័ន​មកពី​ជុំវិញ​ពិភពលោក រួមមាន​ប្រទេស​អូស្ត្រាលី កម្ពុជា កាណាដា អៀរឡង់ នូវែលសេឡង់ ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក សិង្ហបុរី និង​ប្រទេស​ថៃ​។

សិស្ស និស្សិត និង​អាណាព្យាបាល​ក៏​អាច​ចូលរួម​ក្នុង​កិច្ចពិភាក្សា និង​ស្តាប់​ការធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​អតីត​និស្សិត​មកពី​បរទេស តំណាង​អាហារូបករណ៍ និង​តំណាង​មកពី​ស្ថានទូត និង​សង្គម​ស៊ីវិល​ផ្តោត​លើ​ប្រធានបទ​ដែល​ផ្តល់នូវ​ចំណេះដឹង​ដ៏ទូលំទូលាយ​ស្តីអំពី​ការអភិវឌ្ឍ​ជំនាញ គោលដៅ​សម្រាប់​ការងារ និង​ជម្រើស​សិក្សា​អន្តរជាតិ ដែល​ជួយ​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល​ក្នុង​ការរៀបចំ​គម្រោង​សិក្សា​ទៅ​ថ្ងៃ​អនាគត​ឲ្យ​បានល្អ​ប្រសើរ​។

សិស្ស និស្សិត​កម្ពុជា​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ការសិក្សា​នៅ​ក្រៅ​ប្រទេស ។

ស្ថាប័ន IDP Education មាន​ការិយាល័យ​ជាង ១០០ នៅក្នុង​ ៣០ ​ប្រទេស​ជុំវិញ​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា​ការិយាល័យ​ផ្តល់​សេវាកម្ម​បញ្ជូន​សិស្ស និស្សិត​ទៅ​រៀន​នៅ​បរទេស​របស់​ស្ថាប័ន IDP មាន​ទីតាំងនៅ​គ្រប់​សាខា​ទាំង​ ៥ ​របស់​សាលា ACE (Australian Centre for Education) ដែល​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ ការប្រឹក្សា​ និង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។

សូមបញ្ជាក់ថា ស្ថាប័ន IDP Education បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន​ ៣៨ និង​ជា​ស្ថាប័ន​ធំជាងគេ​លើ​ពិភពលោក​ក្នុង​ការបញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​៕