ប្រតិបត្តិករទូរគមនាគមន៍ទូរស័ព្ទ ក្រុមហ៊ុន Smart Axiata Co., Ltd. បានឈានជំហានថ្មីមួយទៀតក្នុងការដាក់ជូននូវបច្ចេកវិទ្យារ៉ូបូត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើដល់អតិថិជននៅឯ Smart Shops។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបម្រើដល់អតិថិជនឱ្យកាន់តែប្រសើរ ក្រុមហ៊ុនបានបង្ហាញនូវ Oun Smart (អូនស្មាត) ដែលជាមនុស្សយន្តជំនួយការ ដើម្បីផ្តល់នូវភាពរំភើបរីករាយ និងសម្តែងនូវការស្វាគមន៍ដល់អតិថិជនក៏ដូចជាជួយឆ្លើយសំណួរជាមូលដ្ឋានផ្សេងៗ។
រហូតមកដល់ពេលនេះ មនុស្សយន្តនិយាយភាសាអង់គ្លេសចំនួន ៣ គឺនៅ Smart Shop មុនីវង្ស Exchange Square និងនេរុហ៍។ ជាមួយគ្នា ក្រុមហ៊ុនក៏កំពុងធ្វើមនុស្សយន្តដែលអាចនិយាយភាសាខ្មែរបានផងដែរ។
យោងតាមក្រុមហ៊ុន Smart បានឲ្យដឹងថា វាគឺជាមនុស្សយន្តមានមុខមាត់ស្រដៀងមនុស្សដំបូងគេដែលត្រូវបានប្រើប្រាស់ជាមួយនឹងសមត្ថភាពបែបនេះនៅក្នុងប្រទេស កម្ពុជា ដើម្បីជួយដល់អតិថិជនទាក់ទងនឹងព័ត៌មានអំពីផលិតផលតាមរយៈការប្រើសំឡេង។
លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បន្ទាប់ពីការបង្ហាញមនុស្សយន្តកាលពីថ្ងៃទី ៦ ខែ ឧសភា បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា យើងពិតជារំភើបណាស់ក្នុងការផ្តល់ឲ្យអតិថិជន Smart Shop របស់យើងនូវបទពិសោធដ៏ពិសេសតែមួយនេះ ដោយយើងសង្ឃឹមថាវានឹងផ្តល់នូវការកម្សាន្ត ក៏ដូចជាលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនស្រឡាញ់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗដូចដែលយើងមានក្រុមហ៊ុន Smart »។
លោកបន្ថែមថា៖ «បច្ចេកវិទ្យាកំណត់អត្តសញ្ញាណមុខមាត់អនុញ្ញាតឱ្យមនុស្សយន្ត Oun Smart សម្តែងនូវការស្វាគមន៍ដល់អតិថិជនតាមរយៈការហៅឈ្មោះរបស់ពួកគាត់ ហើយនៅពេលខាងមុខ លោកអ្នកនឹងឃើញថាមនុស្សយន្តនេះនឹងមានអន្តរទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀតក្រោយពីយើងអភិវឌ្ឍសមត្ថភាពរបស់វា»។
មនុស្សយន្តនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា SoftBank Robotics និងដំណើរការប្រាជ្ញាសិប្បនិម្មិតដោយក្រុមហ៊ុន Cloud Minds ដោយមនុស្សយន្តនេះត្រូវបានកែច្នៃយ៉ាងពិសេសដើម្បីទាក់ទងជាមួយមនុស្សតាមរយៈការសន្ទនា។
ក្រុមហ៊ុនបានឱ្យដឹងទៀតថា មនុស្សយន្តម៉ូដែលនេះមានសមត្ថភាព ធ្វើជាជំនួយការម្នាក់ ដែលអាចកត់សម្គាល់មុខ និងអារម្មណ៍ជាទូទៅរបស់មនុស្ស ដើម្បីស្វាគមន៍ ប្រាប់ព័ត៌មាន និងធ្វើឲ្យមនុស្សមានភាពរីករាយតាមវិធីសាស្ត្របែបច្នៃប្រឌិតថ្មីមួយ»។
លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន Smart Axiata បានបញ្ជាក់បន្ថែម ថា៖ « យើងពិតជាមានមោទនភាពណាស់ដែលមានក្រុមការងារមួយប្រកបដោយការប្តេជ្ញា ចិត្តខ្ពស់ក្នុងការជួយអភិវឌ្ឍ Oun Smart។
នៅថ្ងៃនេះ អ្នកទាំងអស់គ្នាបានឃើញពីកម្រិតសក្តានុពលដែលអន្តរកម្មឌីជីថល អាចត្រូវបានអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងផ្តល់ការរីករាយកាន់តែខ្លាំង! ខ្ញុំពិតជាចង់ចាប់ផ្តើមឲ្យ Oun Smart កាន់តែមានភាពស៊ាំទៅនឹងបរិស្ថានជុំវិញ ហើយជាការរំពឹងទុកអាចនិយាយភាសាខ្មែរបានក្នុងពេលឆាប់ៗ»។
កាលពីដើមខែនេះ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) របស់ក្រុមហ៊ុន Smart បានប្រកាសអំពីការវិនិយោគថ្មីចុងក្រោយបំផុតរបស់ខ្លួនទៅលើក្រុមហ៊ុន SALA ដែលជាកម្មវិធីគ្រប់គ្រងដំណោះស្រាយសម្រាប់សាលារៀន ដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន GoGames ដែលជាផ្លាតហ្វមហ្គេមកម្សាន្តក្នុងទូរស័ព្ទដៃ ដែលកំពុងដាក់ឲ្យដំណើរការនៅកម្ពុជា។
ការវិនិយោគបន្ថែមទាំងនេះ បានធ្វើឲ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនរហូតដល់ទៅ ៨ ក្រុមហ៊ុន ដោយក្រុមហ៊ុនបែបឌីជីថលផ្សេងទៀតមានដូចជា ក្រុមហ៊ុន Morakot Technology, ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Okra Solar។
លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF ថ្លែងថា៖ «ការវិនិយោគនេះបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាឌីជីថលមានឥទ្ធិពលលើរបៀបដែលយើងរៀនសូត្រ និងការលេងកម្សាន្ត។ ក្រុមហ៊ុន SALA ពង្រឹងអំណាចដល់សាលារៀន និងស្ថាប័នអប់រំ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាព និងការគ្រប់គ្រងទិន្នន័យរបស់សិស្ស»។
លោកបន្ថែមថា៖ «ដោយឡែក ក្រុមហ៊ុន GoGames ជាផ្លាតហ្វមហ្គេមតាមទូរស័ព្ទដៃអនុញ្ញាតឲ្យអ្នកចូលចិត្តលេងហ្គេមរីករាយជាមួយហ្គេមរាប់រយជាមួយការជាវដោយភាពងាយស្រួលលើឧបករណ៍ប្រើប្រាស់របស់ពួកគេ»។
SALA គឺជាកម្មវិធីគ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ និងសាកលវិទ្យាល័យ ជាមួយនឹងកម្មវិធីផ្សេងៗ។
ដោយបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន GoGames គឺជាកម្មវិធីហ្គេមសម្រាប់ជាវតាមទូរស័ព្ទដៃប្រព័ន្ធ Android ដែលមានកម្មវិធីហ្គេមជាង ៤០០ កម្មវិធី។ ក្រុមហ៊ុនផ្តោតលើទីផ្សារដែលកំពុងរីកចម្រើន និងត្រូវបានគេដាក់ឈ្មោះឲ្យថា Netfix of Games ដោយសារតែគំរូអាជីវកម្មរបស់ខ្លួន ភាពងាយស្រួល និងជម្រើសផ្សេងៗ៕