វិស័យ​ម្ហូប​អាហារ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល ​១ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ភោជនីយដ្ឋាន​ទាំង​ក្នុង​ទីក្រុង​ និង​តាម​បណ្តា​ខេត្ត​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​ក៏​មាន​ភោជនីយដ្ឋាន​ម្លិះ​ និង​ភោជនីយដ្ឋាន​ខេមា អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​។

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​២០០៤ ជាមួយ​នឹង​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ម្ហូប​ខ្មែរ​ដែល​ធ្លាប់​ល្បីល្បាញ​ឲ្យ​មាន​នៅ​លើ​បញ្ជី​មុខ​ម្ហូប​ខ្មែរ​ឡើង​វិញ ទើប​ភោជនីយដ្ឋាន ម្លិះ​បាន​ខិតខំ​នាំ​មក​នូវ​មុខ​ម្ហូប​ខ្មែរ​ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​ទទួល​បាន​នូវ​បទពិសោធ​នៃ​ម្ហូបអាហារ​ខ្មែរ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប អតិថិជន​អាច​រីករាយ​ជាមួយ​នឹង​បរិយាកាស​ដ៏​មនោរម្យ​អម​ដោយ​សួនច្បារ​ដ៏​ស្រស់​បំព្រង​។​

ក្នុង​នោះ​ផង​ដែរ​ភោជនីយដ្ឋាន​ម្លិះ​ក៏​មាន​ទីធ្លា​ធំទូលាយ ដែល​អតិថិជន​អាច​អង្គុយ​ទទួល​ទាន​អាហារ​ប្រកប​ដោយ​ផាសុកភាព ជាមួយ​នឹង​ជម្រើស​ដ៏​សម្បូរ​បែប ហើយ​ជាន់​ទី​១ ​ត្រូវ​បាន​ពង្រីក​ដែល​អាច​ផ្ទុក​អតិថិជន​បាន​រហូត​ដល់ ​១៤០ ​នាក់ អាច​ទទួល​រៀបចំ​កម្មវីធី​ដូច​ជា​​ជប់លៀង ខួប​កំណើត ឬព្រឹត្តិការណ៍​ផ្សេងៗ​តាម​ត្រូវ​ការ​។

ចំពោះ​ការ​រចនា​ផ្ទៃ​ខាង​ក្នុង ​គឺ​មាន​ភាព​ស្រស់​ស្អាត ទាក់ទាញ អម​ដោយ​ពិដាន​ខ្ពស់ ផ្ទៃ​ក្រាល​ដោយ​ថ្ម​ពណ៌​ប្រផេះ​។ ក្រៅ​ពី​នោះ​ក៏​មាន​ការ​តាំង​បង្ហាញ​វត្ថុ​សិល្បៈ ​និង​សិប្បកម្ម​ខ្មែរ​ដើម្បី​បង្ហាញ​ភ្ញៀវ​ឲ្យ​ដឹង​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​។

ការរចនាហាង និងមុខម្ហូប​ប្រកបដោយ​សោភណភាព​និងប្រណិតភាពជាមួយនឹងបរិយាកាសល្អឥតខ្ចោះ។សហការី

លោកស្រី ​ព្រាប លំភានី ប្រធាន​គ្រប់គ្រង​ភោជនីយដ្ឋាន​ម្លិះ​នៃ​​ក្រុមហ៊ុន​ថាលាស​ Thalias បាន​ឲ្យ​ភ្នំពេញ​​ប៉ុស្តិ៍​ដឹង​ថា​៖

«​ភោជនីយដ្ឋាន​ម្លិះ​មាន​មោទនភាព​ដែល​បាន​នាំ​មក​នូវ​ម្ហូប​ខ្មែរ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​ស្គាល់​នូវ​រសជាតិ​ម្ហូប​ខ្មែរ​ដ៏​សម្បូរ​បែប​នេះ​»​។​

«​ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការ​រៀបចំ​គ្រឿង​ផ្សំ​ក្នុង​ស្រុក ក៏​បាន​ទាក់ទាញ​អតិថិជន​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ឱ្យ​មក​ទទួល​ទាន​អាហារ​ខ្មែរ​ពិតៗ​ជាមួយ​នឹង​បរិស្ថាន​ដ៏​ស្រស់​បំព្រង​របស់​យើង​នេះ​»​។

ការ​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ម្លិះ លោកស្រី លំភានី ​បញ្ជាក់​ថា​ វា​នឹង​ផ្តល់​ឲ្យ​អតិថិជន​នូវ​បទពិសោធ​នៃ​អាហារ​ខ្មែរ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ហើយ​ភ្ញៀវ​ក៏​អាច​ស្វែង​យល់​អំពី​ប្រវត្តិ​ម្ហូប​របស់​ខ្មែរ​ផង​ដែរ​។

«​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម មុខ​ម្ហូប​ប្រពៃណី​ខ្មែរ​ជា​ច្រើន​ដែល​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ​នោះ ​គឺ​ត្រូវ​បាន​បាត់បង់​»​។

លោកស្រី​បន្ត​ថា​៖ «​ភោជនីយដ្ឋាន​ម្លិះ បាន​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​ម្ហូប​ខ្មែរ​ដែល​បាត់បង់​មួយ​ចំនួន​មក​វិញ គឺ​ជា​អ្វី​ដែល​មេ​ចុងភៅ​ដ៏​ឆ្នើម លោក លូ ម៉េង និង​ក្រុម​ការងារ​របស់​លោក​ខិតខំ ​ដើម្បី​ធ្វើ​ឲ្យ​មុខ​ម្ហូប​ទាំង​នោះ​មាន​ឈ្មោះ​ឡើង​វិញ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​សម្រាប់​ពេល​អនាគត​ផង​ដែរ​»​។

ដើម្បី​ចម្អិន​អាហារ​ខ្មែរ​ដ៏​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អតិថិជន គឺ​ភោជនីយដ្ឋាន ប្រើ​គ្រឿង​ផ្សំ​ក្នុង​ស្រុក ​ធម្មជាតិ​ស្រស់ៗ​ដើម្បី​បង្កើត​នូវ​អាហារ​ដែល​មាន​រសជាតិ​ឥត​ខ្ចោះ​។

មាន​មុខ​ម្ហូប​ជា​ច្រើន​ប្រភេទ ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ដូចជា​ត្រី​ដុត មាន់​ដុត សាច់​ជ្រូក​សាច់គោ ​និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត​ដែល​ជា​ជម្រើស​របស់​អតិថិជន។

លោកស្រី លំភានី ថ្លែង​ថា​ភោជនីយដ្ឋាន​ម្លិះ មាន​ការ​ផ្តល់​ជូន​ជាពិសេស ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​បរទេស​ស្វែង​យល់​ និង​ទទួល​ទាន​ម្ហូប​ខ្មែរ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។

ចំណែក​ឯ​ភោជនីយដ្ឋាន ខេមា អង្គរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ​ខេត្ត​សៀមរាប ក៏​ផ្តល់​ជូន​នូវ​បទ​ពិសោធ​នៃ​ការ​ទទួល​ទាន​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​ផង​ដែរ ចំពោះ​អ្នក​ដែល​ស្រឡាញ់​អាហារ​បែប​អឺរ៉ុប ដែល​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​សៀមរាប​តែម្តង​។

«​ភោជនីយដ្ឋាន​នេះ ​គឺ​ជា​កន្លែង​មួយ​ដ៏​សម​ស្រប​បំផុត​ដែល​ភ្ញៀវ​អាច​ចំណាយ​ពេល​ជួបជុំ​ក្រុម​គ្រួសារ ​ឬ​មិត្តភក្តិ ខណៈ​កំពុង​ទទួល​ទាន​ម្ហូប​អាហារ​​ដ៏​ឈ្ងុយឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ​»​។

លោកស្រី Céline ប្រធាន​គ្រប់គ្រង​ភោជនីយដ្ឋាន ​ខេមា អង្គរ ថ្លែង​ថា​៖ «​យើង​​មាន​​អាហារ​អ៊ឺរ៉ុប​ដែល​នាំចូល​ពី​បរទេស ដូច​ជា​ឈីស ហេម ហតដក ផាស្តា នំដុត និង​នំប៉័ង​ជា​ដើម ដែល​អតិថិជន​អាច​ទទួល​ទាន​នៅ​ក្នុង​ភោជនីយដ្ឋាន​ផ្ទាល់ ​ឬ​ក៏​អាច​ទិញ​យក​ទៅ​ទទួល​ទាន​នៅ​គេហដ្ឋាន​ក៏​បាន​»​។

លោកស្រី​បន្ត​ថា ទីធ្លា​ភោជនីយដ្ឋាន​​ដែល​មាន​ភាព​ស្រស់ស្អាត និង​ធំ​ទូលាយ​។

ក្រុមហ៊ុន ថា​លាស ​"Thalias Hospitality Group" ​គឺ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ និង​ភោជនីយដ្ឋាន ខេមា អង្គរ ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​​ខេត្ត​សៀមរាប រួមទាំង​ភោជនីយដ្ឋាន Topaz និង​សណ្ឋាគារ​អារុណរះ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕