ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ទំនង​កើន​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បើក​សម្ពោធ​យុទ្ធនាការ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ឆ្នាំ ២០២០ (Visit Malaysia 2020) ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​កម្សាន្ត​តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​។

ប្រទេស ​ម៉ាឡេស៊ី ​កំពុង​កំណត់​ទិសដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន ​៣០ ​លាន​នាក់ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល​ប្រមាណ ​១០០ ​ពាន់​លាន​រីងហ្គីត ​នៅ​ឆ្នាំ​ក្រោយ​។​

ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ការ​ផ្តល់​ទិដ្ឋាការ​ពេល​មក​ដល់ និង​ការ​បង្កើន​ការ​តភ្ជាប់​ផ្លូវ​អាកាស ត្រូវ​បាន​កំណត់​ជា​អាទិភាព​ដើម្បី​ជំរុញ​របៀបវារៈ​របស់​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេស ​ម៉ាឡេស៊ី ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​។

ទេសចរ​កម្ពុជា​ប្រមាណ ​៩០ ០០០ ​នាក់ បាន​ទៅ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ឆ្នាំ​មុន ពោល​គឺ​កើន​ឡើង​ចំនួន ១១៤,៤ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ នៅ​ក្នុង​រយៈពេល ​៥ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ គឺ​គិត​ពី​ខែ​មករា រហូត​ដល់​ខែ​ឧសភា ភ្ញៀវ​ទេសចរ​កម្ពុជា​ចំនួន ៤៣ ២២១ ​នាក់ ​បាន​ទៅ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ដែល​មាន​កំណើន​ចំនួន ១៩,៤ ​ភាគរយ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​តាម​ជន​បទ​ដ៏​សម្បួរ​បែប។ រូបថត Tourism Malaysia ​

«​នឹង​មាន​ផលិតផល​ក៏​ដូចជា​សេវាកម្ម​ថ្មី ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​របស់​ពួក​គេ (​ទេសចរ​កម្ពុជា​) ក្នុង​តម្លៃ​សមរម្យ​។ ដើម្បី​លើក​កម្ពស់​ចំណុច​នេះ យើង​គ្រោង​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច Mega Fam សម្រាប់​មិត្តភក្តិ​កម្ពុជា​របស់​យើង​ ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នក​សរសេរ​ប្លុក​បុគ្គល​ល្បីល្បាញ និង​អ្នក​ដែល​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​

លោកស្រី សៅ រដ្ឋា ប្រធាន​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុម​ប្រឹក្សា​ជំរុញ​ទេសចរណ៍​ម៉ាឡេស៊ី​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​យើង​រីករាយ​ណាស់​ក្នុង​ការ​បង្ហាញ​ប្រទេស ​ម៉ាឡេស៊ី ដែល​មាន​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ ប្រជាជន អាហារ និង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង ហើយ​ពិតណាស់​ប្រជាជន​ម៉ាឡេស៊ី​គឺ​មាន​ភាព​រួសរាយ​រាក់ទាក់​»​។

កាល​ពី​ថ្ងៃ​ចន្ទ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​យុទ្ធនាការ ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ឆ្នាំ ​២០២០ (Visit Malaysia 2020) នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ​។

លោក Mahathir ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា​៖ «​យុទ្ធនាការ​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី ឆ្នាំ ​២០២០ (Visit Malaysia 2020) គឺ​ជា​ឱកាស​មួយ​សម្រាប់​យើង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​កាន់​តែ​ច្រើន មក​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​គោលដៅ​នៃ​ជម្រើស ដំណើរ​កម្សាន្ត និង អាជីវកម្ម​សម្រាប់​ភ្ញៀវ​ទេសចរ​»​។

ប្រទេស ម៉ាឡេស៊ី ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​កម្ពុជា។សហការី

ដើម្បី​ជំរុញ​ដល់​ការ​តភ្ជាប់​ផ្លូវ​អាកាស និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់​តែ​ច្រើន​មក​ទស្សនា​ប្រទេស ​ម៉ាឡេស៊ី អាជ្ញាធរ​ទេស​ចរណ៍​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Malaysia Airports Holdings Berhad បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ជា​ច្រើន​ដូចជា​ក្រុមហ៊ុន​អាកាសចរ Condor Air, Air Arabia និង Busan Air ដើម្បី​ចាប់​ផ្តើម​ផ្លូវ​ហោះហើរ​ថ្មី​។

«​ប្រទេស​ទាំង ២ ម៉ាឡេស៊ី ​និង​កម្ពុជា ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ទ្វេភាគី​។ ក្នុង​ចំណោម​លក្ខណ​សម្បត្តិ​ទាំង​នេះ ​គឺ​ភាព​ស្រដៀង​គ្នា​របស់​យើង ដូចជា​អាកាសធាតុ ពេលវេលា និង​ម្ហូបអាហារ​ហាឡាល់ សម្រាប់​ភ្ញៀវ​ទេសចរ​ជា​សាសនិក​អ៊ិស្លាម​»​។​

លោកស្រី ​រដ្ឋា ​បន្ថែម​ថា​៖ «​លើស​​ពី​នេះ​ទៀត​ចម្ងាយ​ធ្វើ​ដំណើរ​មាន​រយៈពេល​ខ្លី និង​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ក្នុង​រយៈពេល ​៣០ ​ថ្ងៃ បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង ២ ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្នាក់នៅ​រយៈពេល​ខ្លី​ និង​វែង​។

នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ក្នុង​ហេតុផល​ជា​ច្រើន​ទៀត​ដែល​យើង​មាន​ទំនុក​ចិត្ត​ថា ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​យើង​ទាំង ២ ​នឹង​មាន​ភាព​រឹងមាំ​»​។

បច្ចុប្បន្ន​មាន​ជើង​ហោះហើរ​សរុប​ចំនួន ​៥៩ ​ជើង ​ក្នុង​មួយ​សបា្ដហ៍ ពី​រាជធានី​ភ្នំពេញ ​ខេត្ត សៀមរាប និង​ក្រុង​ព្រះសីហនុ ភ្ជាប់​ជាមួយ​ទីក្រុង​គូឡាឡាំពួ​។​

នៅ​ក្នុង​ឆ្នាំ ​២០១៨ ប្រទេស ​ម៉ាឡេស៊ី ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​សរុប​ចំនួន ២៥,៨ លាន​នាក់ ​ខណៈ​រយៈពេល ​៥ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ១០ ៩៥៤ ០១៤ នាក់ ​ពោល​គឺ​កើន​ឡើង​ចំនួន ៤,៨ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕