ប្រទេសម៉ាឡេស៊ីគឺជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រលំដាប់កំពូលមួយនៅក្នុងតំបន់អាស៊ាន ទោះបីមានបញ្ហាប្រឈមមួយចំនួនដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ក្តី។
កាលពីឆ្នាំមុនមានជនបរទេសប្រមាណ ១,៣ លាននាក់បានមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការព្យាបាល និងថែទាំសុខភាពធៀបនឹង ១,២ លាននាក់នៅក្នុងឆ្នាំ ២០១៨ ដែលវាគឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់អំពីសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងការផ្តល់សេវាកម្មវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ និងបានធ្វើឱ្យអ្នកស្វែងរកសេវាព្យាបាលដែលជាជនបរទេសកាន់តែមានទំនុកចិត្តខ្លាំងឡើង។
ការផ្ទុះឡើងជំងឺកូវីដ១៩ អាចផ្លាស់ប្តូរដំណើរការព្យាបាល និងថែទាំសុខភាពសម្រាប់ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ត្រនៅទូទាំងពិភពលោក ខណៈការធ្វើដំណើរឆ្លងកាត់ព្រំដែនត្រូវបានរឹតបន្តឹង ហើយប្រទេសម៉ាឡេស៊ីក៏រងផលប៉ះពាល់ដោយសារជំងឺរាតត្បាតមួយនេះដែរ។
ទោះយ៉ាងណាដោយមានហេដ្ឋារចនាសម្ព័ន្ធថែទាំវេជ្ជសាស្ត្រលំដាប់ពិភពលោក ជាមួយនឹងតម្លៃសមរម្យរួមនឹងមន្ទីរពេទ្យស្តង់ដាអន្តរជាតិ និងមានបុគ្គលិកសុខាភិបាលដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ បានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅព្យាបាល និងថែទាំសុខភាពដ៏សំខាន់មួយសម្រាប់អ្នកជំងឺទាំងនៅក្នុងតំបន់ និងមកពីជុំវិញពិភពលោក។
មន្ទីរពេទ្យឯកជនប្រមាណ ៧៦ គាំទ្រវិស័យទេសចរណ៍វេជ្ជសាស្ត្រដោយផ្តល់ជូននូវការព្យាបាលជាច្រើនប្រភេទដូចជាការបង្កកំណើតរោគក្រពះពោះវៀន សុខភាពមាត់ធ្មេញ ប្រព័ន្ធប្រសាទ ថតឆ្លុះជំងឺទូទៅគ្រប់ប្រភេទ ជំងឺបេះដូង មហារីក និងការព្យាបាលជំងឺផ្សេងៗជាច្រើនមុខទៀត។
លោកស្រី Sherene Azli អគ្គនាយកក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) មានប្រសាសន៍ថា៖ «អ្នកជំងឺមកពីជុំវិញពិភពលោកត្រូវបានស្វាគមន៍មកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ សម្រាប់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ»។
«ម៉ាឡេស៊ីគឺជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រលំដាប់កំពូល ដោយសារតែគុណភាពលំដាប់ថ្នាក់ពិភពលោកភាពងាយស្រួលក្នុងការទទួលសេវាព្យាបាល និងមានតម្លៃសមរម្យ។ យើងមានមន្ទីរពេទ្យសម្រាប់បម្រើសេវាកម្មវេជ្ជសាស្ត្រល្អបំផុតបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងមានអ្នកជំនាញវេជ្ជសាស្ត្រដ៏សម្បូរបែប ដើម្បីផ្តល់ជូនការព្យាបាល និងថែទាំសុខភាពអ្នកជំងឺល្អបំផុត»។
«ទន្ទឹមនឹងការផ្តល់ជូនការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រដ៏ល្អវិស័យសុខាភិបាលម៉ាឡេស៊ីក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ជំងឺឱ្យមានដំណើរការទៅដោយរលូនផងដែរ»។
លោកស្រី Sherene ថ្លែងថា៖ «នេះរួមបញ្ចូលទាំងការស្វាគមន៍អ្នកដំណើរស្វែងរកសេវាវេជ្ជសាស្ត្រនៅឯព្រលានយន្តហោះ ជួយសម្រួលគ្រប់ជំហាននៃការធ្វើដំណើររហូតដល់ពួកគេត្រឡប់ទៅប្រទេសកំណើតវិញ»។
ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាគោលដៅ «Destination of the Year» ដោយទិនានុប្បវត្តិវេជ្ជសាស្ត្រអន្តរជាតិ International Medical Travel Journal រយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០១៥ ដល់ ២០១៧។ ប្រទេសម៉ាឡេស៊ីគឺជាទិសដៅសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រលំដាប់លេខ ១ ផ្អែកលើបរិមាណ។ នេះបើយោងតាមរបាយការណ៍ទីផ្សារពិភពលោកឆ្នាំ ២០១៨ ដែលផលិតដោយស្ថាប័ន Laing Buisson។
«យើងក៏មានអ្នកជំនាញខាងថែទាំវេជ្ជសាស្ត្រដែលមានបទពិសោធខ្ពស់ទាំងក្នុងស្រុក និងអន្តរជាតិ ដែលអាចផ្តល់ការពិគ្រោះយោបល់ និងការព្យាបាលដ៏ល្អក្នុងតម្លៃសមរម្យ។ មិនថា អ្នកជំងឺជ្រើសរើសមន្ទីរពេទ្យណាមួយដើម្បីទទួលការព្យាបាលគឺពួកគេនឹងត្រូវបានស្វាគមន៍ពីបុគ្គលិកវេជ្ជសាស្ត្រដែលមានសមត្ថភាពខ្ពស់យ៉ាងកក់ក្តៅ»។
លោកស្រី Sherene មានប្រសាសន៍ថា៖ «កន្លែងផ្តល់សេវាវេជ្ជសាស្ត្រល្អបំផុតដែលប្រទេសម៉ាឡេស៊ីមានបានធ្វើម៉ាឡេស៊ីក្លាយជាគោលដៅព្យាបាល និងថែទាំសុខភាពដ៏ទាក់ទាញសម្រាប់ជនបរទេសដែលកំពុងស្វែងរកការព្យាបាលជំងឺជាច្រើនប្រភេទប្រកបដោយសុវត្ថិភាព អាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់»។
លោកស្រីបន្តថា៖ «យើងស្វាគមន៍អ្នកជំងឺមកពីជុំវិញពិភពលោកចូលមកប្រទេសម៉ាឡេស៊ីដើម្បីទទួលការព្យាបាល។ ទោះជាយ៉ាងណាដោយសារការរីករាលដាលជំងឺកូវីដ១៩ បច្ចុប្បន្ន MHTC បានដាក់បញ្ចូលនូវនីតិវិធីប្រតិបត្តិស្តង់ដា (SOPs) ដ៏ហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនម៉ាឡេស៊ី និងអ្នកជំងឺដែលជាជនបរទេស»។
ប្រព័ន្ធថែទាំវេជ្ជសាស្ត្ររបស់ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយទស្សនាវដ្តី International Living ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដែលមាន «សេវាវេជ្ជសាស្ត្រល្អបំផុតនៅលើពិភពលោក» ដោយផ្អែកលើសន្ទស្សន៍ Global Retirement Index ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ។
អ្នកដំណើរស្វែងរកការព្យាបាល និងថែទាំសុខភាព នឹងកាន់តែមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង ពីព្រោះបុគ្គលិកវេជ្ជសាស្ត្រម៉ាឡេស៊ីអាចនិយាយបានច្រើនភាសាក្នុងនោះមានភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិន និងភាសាឥណ្ឌាជាដើម ខណៈការរៀបចំសម្រាប់អ្នកបកប្រែគឺកាន់តែមានភាពងាយស្រួល។
បន្ថែមពីលើការផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ពិភពលោកមានភាពងាយស្រួល និងតម្លៃសមរម្យ ហើយនោះប្រទេសម៉ាឡេស៊ីក៏បានវិនិយោគយ៉ាងច្រើនទៅលើការនាំយកបច្ចេកវិទ្យាថ្មីៗមកកាន់មន្ទីរពេទ្យរបស់ខ្លួន ដើម្បីឱ្យពួកគេអាចបន្តផ្តល់ការព្យាបាលដល់អ្នកជំងឺអន្តរជាតិប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ប្រទេសម៉ាឡេស៊ីបានក្លាយជាទិសដៅទេសចរណ៍វេជ្ជសាស្ត្រកំពូលមួយនៅក្នុងតំបន់ ដែលកំពុងមានការប្រកួតប្រជែងជាមួយប្រទេសមួយចំនួនដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម៕