វីងម៉លបានកំពុងក្លាយជាទីផ្សារទំនិញតាមអនឡាញធំជាងគេនៅព្រះរាជាណាចក្រក្នុងការផ្តល់នូវបទពិសោធថ្មី និងកាន់តែងាយស្រួល។
ការទិញទំនិញតាមអនឡាញដែលកំពុងកើនឡើងនេះ ភាគច្រើនត្រូវបានទទួលការគាំទ្រដោយអ្នកទិញវ័យក្មេងដែលកំពុងប្រើប្រាស់សេវាកម្មឌីជីថល ហើយពាណិជ្ជកម្មអេឡិចត្រូនិកនឹងក្លាយជាវិស័យមួយទៀតដែលរះនៅក្នុងប្រទេសកម្ពុជា។
លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិកមានប្រសាសន៍ថា៖ «ការទិញទំនិញតាមអ៊ីនធឺណិតជានិន្នាការថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មានឱកាសផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនគ្រប់រូបឱ្យពួកគេអាចកាត់បន្ថយភាពតានតឹងជាមួយបទពិសោធការទិញទំនិញនៅហាង ដោយផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់តែច្រើនជាមួយក្រុមគ្រួសារ និងការងារ»។
«អតិថិជនរបស់យើងមិនចាំបាច់ទៅហាងដោយផ្ទាល់ ឬប្រើក្រដាសប្រាក់ទៀតឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែប្រើម្រាមដៃចុចលើទូរស័ព្ទ នោះទំនិញទាំងអស់នឹងត្រូវបានដឹកជញ្ជូនដល់មាត់ទ្វាររបស់ពួកគេយ៉ាងឆាប់រហ័ស»។
ប្រទេសកម្ពុជាគឺជាទីតាំងដ៏មានសក្កានុពលសម្រាប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ មានប្រជាជនវ័យក្មេងកាន់តែច្រើនមានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាដែលនាំឱ្យការប្រើប្រាស់ស្មាតហ្វូនមានការកើនឡើងយ៉ាងឆាប់រហ័សជាមួយតម្លៃសមរម្យ និងជំរុញឱ្យមានការនាំចូលផលិតផលម៉ាកល្បីៗមកកម្ពុជាកាន់តែច្រើនទោះបីជាមានជំងឺកូវីដកំពុងរាតត្បាតក៏ដោយ។ ដូច្នេះច្បាស់ណាស់គឺវាកំពុងជំរុញដល់វិស័យមួយនេះ។
ចាប់តាំងពីបើកដំណើរការសាកល្បងនៅខែតុលាឆ្នាំមុនមកដល់ពេលនេះ វីងម៉ល មានហាងល្បីៗចំនួន ១០០០ កន្លែងដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិក ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងទៀត។
លើសពីនេះទៅទៀតមានបុគ្គលិកដឹកជញ្ជូនចំនួន ៥០០ នាក់ត្រូវបានដាក់បញ្ចូលបន្ថែមជាមួយបុគ្គលិក វីងម៉ល ដើម្បីធានាថា រាល់ការកុម្ម៉ង់ និងដឹកជញ្ជូន គឺរហ័សទាន់ពេល។
លោក សាក់សាម បន្តថា៖ «គោលដៅរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់អាជីវករតូចៗអាចមានកន្លែងលក់ផលិតផលរបស់ពួកគេ និងជួយពួកគេឱ្យអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។
«យើងនឹងមិនយកតម្លៃជើងសាច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីងនឹងគិតកម្រៃតាមអត្រាធម្មតា និងកម្រិតសមស្របមួយដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឱ្យហាងដៃគូអាជីវកម្មទាំងអស់អាចមានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងរាប់លានអ្នក»។
វីងម៉ល ដាក់ឱ្យដំណើរការដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីង ជាមួយនឹងអាជីវករនានានៅទូទាំងរាជធានីភ្នំពេញ។ វីងម៉ល នឹងពង្រីកប្រតិបតិ្តការរបស់ខ្លួននៅតាមខេត្តផ្សេងទៀតក្នុងអំឡុងឆ្នាំនេះ។
អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការកុម្ម៉ង់ដោយគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីងបន្ទាប់មកជ្រើសរើស “វីងម៉ល” លោកអ្នកនឹងឃើញជម្រើសហាងរាប់រយ ហើយអាចធ្វើការបញ្ជាទិញបានយ៉ាងស្រួល។
អតិថិជននឹងអាចតាមដានការបញ្ជាទិញ បញ្ជាក់ពីការទទួលបានទំនិញលើទូរស័ព្ទរបស់ពួកគេ និងអាចធ្វើការទូទាត់ទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីងបានឆាប់រហ័ស និងមានសុវត្ថិភាព។ វីងម៉លក៏លើកទឹកចិត្តអតិថិជនក្នុងការផ្តល់មតិយោបល់អំពីហាងដៃគូ ឬសេវាដឹកជញ្ជូន ដើម្បីបន្តធានាការរីកចម្រើន និងបំពេញតម្រូវការរបស់អតិថិជន។
ដើម្បីជួយដៃគូពាណិជ្ជកម្មរបស់ខ្លួនឱ្យដំណើរការជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ វីងម៉លត្រូវបានដាក់ឱ្យដំណើរការនៅភ្នំពេញ ហើយអតិថិជននឹងអាចរីករាយជាមួយការដឹកជញ្ជូនទំនិញទាំងអស់ដោយឥតគិតថ្លៃ។
អ្នកទិញទំនិញតាមវីងម៉លអាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេសរបស់ធនាគារឯកទេសវីង។
ដោយមានការបន្ថែមអត្ថប្រយោជន៍អតិថិជនអាចសន្សំពិន្ទុ WingPoints រាល់ពេលទិញទំនិញជាធម្មតា បន្ទាប់មកពួកគេអាចប្រើពិន្ទុទាំងនោះប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងស្រួល។
សម្រាប់អតិថិជនវីងដែលសន្សំបាន ៥០០ ពិន្ទុក្នុង ១ សប្តាហ៍ពួកគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 12 Pro ១ គ្រឿង ហើយអ្នកដែលសន្សំបាន ៥០០០ ពិន្ទុក្នុង ១ ខែក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X ១ គ្រឿងផងដែរ៕