ធនាគារ​ឯកទេស​វីង ត្រូវ​បានទទួល​រង្វាន់​ជា​អន្តរជាតិ​សម្រាប់​ការយកចិត្ត​ទុកដាក់​របស់​ខ្លួន​ចំពោះ​បុគ្គលិក​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​១៩​។

ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត ត្រូវបាន​ទទួលស្គាល់​ជាមួយ​នឹង​ពានរង្វាន់​ចំនួន​ ៣ ​សម្រាប់​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​និយោជិត​នៅ​ឆ្នាំ​ ២០២០ ខណៈពេល​មាន​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត​។ ការទទួល​ស្គាល់​ទាំងនេះ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​វីង​ដើម្បី​ជំរុញ​ឱ្យ​មាន​បរិយាកាស​ការងារ​ល្អប្រសើរ​សម្រាប់​បុគ្គលិក​ទាំងអស់​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

លោក ឡៅ សៀងហៃ នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ​ឯកទេស​វីង បាន​មាន​ប្រសាសន៍​ថា​៖ «​សុវត្ថិភាព​របស់​បុគ្គលិក​គឺជា​អាទិភាព​សំខាន់​របស់​យើង​។ ខណៈពេល​ដែល​ឆ្នាំ​ ២០២០ យើង​បាន​ប្រឈម​នូវ​បញ្ហា​ជាច្រើន​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​នេះ យើង​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​ធានា ថា​និយោជិត​របស់​យើង​អាចបំពេញ​ភារកិច្ច​របស់​ពួកគេ​ប្រកប​ដោយ​សុវត្ថិភាព និង​ស្ថិរភាព​»​។

ពានរង្វាន់​វីង​ទទួលបាន​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០​។

នៅក្នុង​ការទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ​វីង​បានទទួល​ពានរង្វាន់​ «​ស្លាក​យីហោ​និយោជក​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ ២០២០» ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ស្លាក​យីហោ​និយោជក​លើក​ទី​ ១៤ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន Employer Branding Institute នៃ World HRD Congress & Stars of the Industry Group​។

វីង​ក៏​ត្រូវបាន​គេ​ទទួលស្គាល់​ផងដែរ​ជាមួយ​នឹង​ពានរង្វាន់​ស្លាក​យីហោ​និយោជក​ឆ្នើម​អាស៊ី (Asia’s Best Employer Brand award) ក្នុង​ពិធី​ដែល​បាន​រៀបចំឡើង​ដោយ​ស្ថាប័ន World HRD Congress កាលពី​ខែតុលា ឆ្នាំមុន​។

កាលពី​ពេល​ថ្មីៗ​នេះ វីង​ត្រូវ​បានផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់​ «​ក្រុមហ៊ុន​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​នៅ​អាស៊ី​» ដោយ HR Asia 2020 សម្រាប់​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​និយោជិត​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ វីង​រួម​ជាមួយ​សែលកាត​ត្រូវបាន​ផ្តល់ជូន​ដោយ​ទស្សនាវដ្តី Asia HR ដែលជា​ទស្សនាវដ្តី​មួយ​ឈានមុខ​នៅក្នុង​ឧស្សាហកម្ម​នេះ​។ ពានរង្វាន់​នេះ​គ្របដណ្តប់​ដល់​ប្រទេស​ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ ចិន​ (​តៃវ៉ាន់​) ​វៀតណាម និង​មជ្ឈិមបូព៌ា​។

បុគ្គលិក​របស់​វីង​តែងតែ​បាន​ចូលរួម​បរិច្ចាគ​ឈាម​ជាប្រចាំ​។

ចាប់តាំងពី​ឆ្នាំ​មុន​មក ដោយ​អនុលោម​ទៅតាម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​កូវីដ​-១៩​នៅ​ប្រទេស​កម្ពុជា បុគ្គលិក​វីង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ដើម្បី​រក្សា​គម្លាត​សង្គម​នៅក្នុង​ការិយាល័យ​។ សម្រាប់​ការងារ​នៅក្នុង​ការិយាល័យ​វីង​ផ្តល់​ម៉ាស់​ និង​អាល់កុល​ដោយ​ឥតគិតថ្លៃ​ហើយ​បាន​អនុវត្ត​ការត្រួតពិនិត្យ​សុខភាព​ជាប្រចាំ និង​ការស្ទង់មតិ​ប្រចាំថ្ងៃ​ដែល​ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំមុន​រហូតដល់​បច្ចុប្បន្ន​។

ក្រៅពី​វិធានការ​ដែល​ទាក់ទង​ទៅនឹង​កូវីដ​១៩ វីង​ក៏បាន​បន្ត​វិនិយោគ​ជា​បន្តបន្ទាប់​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​ផងដែរ​។

ក្នុង​រយៈពេល​តែ​ ១ ​ឆ្នាំ​ប៉ុណ្ណោះ វីង​បាន​ចំណាយពេល​ជាង​ ២ ០០០ ​ម៉ោង​ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​បុគ្គលិក​ទាំងចាស់​ និង​ថ្មី​។ និយោជិត​ម្នាក់ៗ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូលរួម​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រួមមាន​វគ្គ​សិក្សា​ផ្សេងៗ អំពី​ការងារ​ប្រចាំថ្ងៃ និង​ការអភិវឌ្ឍ​ខ្លួន​រយៈពេល​វែង​។ ជា​រៀងរាល់​ឆ្នាំ វីង​បង្កើត​ឱកាស​សម្រាប់​សិស្ស​និស្សិត​មកពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ចុះ​កម្មសិក្សា​ និង​ទទួល​បាន​នូវ​បទពិសោធ​ដ៏មាន​តម្លៃ​។ ជា​លទ្ធផល​នៃ​បរិយាកាស​ការងារ​ដ៏ល្អ​នៃ​វីង ៧៦% ​នៃ​អ្នក​ហាត់ការ​ជាមួយ​វីង​បាន​ក្លាយជា​បុគ្គលិក​ពេញ​ម៉ោង​នៅក្នុង​ឆ្នាំ​ ២០២០ ។

វីង​ចូលរួម​ដាំ​ដើមឈើ​ដើម្បី​ការពារ​បរិស្ថាន​នៅ​ខេត្តកំពង់ស្ពឺ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង បាន​មាន​ប្រសាសន៍​ថា​៖ «​វីង​តែងតែ​ប្តេជ្ញា​ផ្តល់ជូន​បុគ្គលិក​នូវ​បទពិសោធ​ល្អ​បំផុត​នៅទីនេះ តាមរយៈ​ការយកចិត្ត​ទុកដាក់​ និង​បណ្តុះបណ្តាល​សមត្ថភាព​ដល់​ពួកគេ​។ យើង​តែងតែ​ផ្តោតលើ​ការផ្តល់​ឱ្យ​និយោជិត​នូវ​ឱកាស​ដែល​ផ្តល់នូវ​ផលប្រយោជន៍​សម្រាប់​ពួកគេ អាជីវកម្ម​ និង​សហគមន៍​ទាំងមូល​»​។

ការយកចិត្ត​ទុកដាក់​ចំពោះ​សហគមន៍​បាន​ស្ថិតនៅ​ក្នុងការ​តាំងចិត្ត​របស់​វីង​ជានិច្ច តាមរយៈ​ការដឹកនាំ​បុគ្គលិក​ឱ្យចូល​រួម​ក្នុង​សកម្មភាព​ការទទួល​ខុសត្រូវ​សង្គម​ជាច្រើន​។

កាលពី​ឆ្នាំមុន​វីង​បាន​សម្របសម្រួល​ការរៃអង្គាស​ប្រាក់​សម្រាប់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍ ដែល​រង​ប៉ះពាល់​ដោយ​កូវីដ​១៩ ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្ត​សៀមរាប​សាងសង់​ផ្លូវ​នៅ​កំពង់ស្ពឺ ឧបត្ថម្ភ គាំទ្រ​ដល់​ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​របស់​បុគ្គលិក​។

វីង​ក៏បាន​សហការ​ជាមួយ​អង្គការ​ស្នាមញញឹម​កម្ពុជា ដើម្បី​ផ្តល់​ការវះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ ដែល​មាន​បញ្ហា​ពិការភាព​មុខមាត់​ពី​កំណើត ការបរិច្ចាគ​កុំព្យូទ័រ​យួរដៃ និង​សម្ភារ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​មជ្ឈមណ្ឌល​រក្សា​កុមារ​ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា (FGACCCC) នៅក្នុង​ខេត្តកំពង់ស្ពឺ គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​កូវីដ​ ១៩​។

វីង​ក៏​បម្រើ​សេវា​ផ្តល់​មូលនិធិ​គាំពារ​សង្គម​ដល់​ប្រជាជន​ក្រីក្រ​ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ផង​ដែរ​៕

វីង​តែងតែ​ផ្តល់​បទពិសោធ​ល្អ​បំផុត​ដល់​បុគ្គលិក​របស់ខ្លួន​។