សណ្ឋាគារ Memoire Hotels & Resorts (MHR) មានគោលបំណងបំពេញនូវភាពជោគជ័យរបស់សមាជិកខ្លួន ដូច្នេះហើយទើបកាលពីពេលថ្មីៗនេះ សណ្ឋាគារ MHR បានឧបត្ថម្ភ លោក ម៉ី សុធាវុធ ដែលជាអ្នកជំនាញខាងស្ស៉ា និងជាប្រធាន Memorie Spa Wellness Center ដែលជាបុត្រសម្ព័ន្ធរបស់ សណ្ឋាគារ Memoire Hotels & Resorts ឲ្យសម្រេចបំណងរបស់លោក ក្នុងការឡើងភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់ជាងគេនៅលើពិភពលោក។
គោលបំណងឡើងភ្នំអេវើរ៉េសរបស់ លោក សុធាវុធ អាយុ ៤៥ ឆ្នាំ រូបនេះ គឺលោកចង់បង្ហាញពីសមត្ថភាពរបស់លោក្នុងនាមជាអ្នកជំនាញយូហ្គា សមាធិ និងស្ប៉ាក៏ដូចជាចង់នាំដួងព្រលឹងរបស់លោក លឹម ពិសិដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងនាមជាកូនខ្មែរដំបូងគេដែលប៉ុនប៉ងឡើងទៅលើកំពូលភ្នំអេវើរ៉េស កាលពីឆ្នាំ ២០១២ ផងដែរ ដោយពេលនោះលោកបានឡើងដល់រយៈកម្ពស់ប្រមាណ ៤,០០០ ម៉ែត្រ។
លោក សុធាវុធ ចង់ឃើញទង់ជាតិរបស់កម្ពុជាត្រូវបានយកទៅដោតនៅលើកំពូលភ្នំអេវើរ៉េសដែលមានកម្ពស់ ៨,៨៤៨ ម៉ែត្រ ប៉ុន្តែគាត់នៅមិនប្រាកដទេថាតើគាត់នឹងអាចធ្វើវាបាន ដែរឬយ៉ាងណា?
លោក សុធាវុធ ឲ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សណ្ឋាគារ Memoire Hotels & Resorts សម្រាប់ការឧបត្ថម្ភ និងលើកទឹកចិត្តរូបខ្ញុំ ហើយក៏សូមអរគុណដល់ក្រុមគ្រួសារ មិត្តរួមការងារ អ្នកគាំទ្រ និងមិត្តភក្តិរបស់ខ្ញុំទាំងអស់សម្រាប់ការគាំទ្ររបស់ពួកគេ»។
លោកបានឡើងភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដល់រយៈកម្ពស់ ៥,៣៨០ ម៉ែត្រ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ មុនពេលវិលត្រឡប់មកកាន់មាតុប្រទេសវិញដែលធ្វើឱ្យលោកក្លាយជាពលរដ្ឋខ្មែរដែលឡើងកំពូលភ្នំនោះបានខ្ពស់ជាងគេ។
លោកបន្ថែមថា៖ «មនុស្សតែងតែចង់បង្ហាញហេតុផងមួយថា ហេតុអ្វីបានជាពួកគេអាចធ្វើអ្វីមួយដែលអស្ចារ្យបាន? ប៉ុន្តែសម្រាប់ខ្ញុំគឺវាមានច្រើនជាងនេះ។ ខ្ញុំចង់ឲ្យវិញ្ញាណក្ខន្ធលោក លឹម ពិសិដ្ឋ បានស្ងប់ ហើយខ្ញុំក៏ចង់សាកល្បងការអត់ធ្មត់ និងតស៊ូរបស់ខ្ញុំផងដែរ ជាពិសេសដើម្បីដឹងថាអ្វីដែលខ្ញុំបង្រៀននៅឯសណ្ឋាគារពិតជាមានប្រយោជន៍ដល់ទាំងរាងកាយ ផ្លូវចិត្ត និងសុខុមាលភាពពិតប្រាកដមែន»។
លោក Philip Kao ដែលជាស្ថាបនិក និងជាអគ្គនាយករបស់សណ្ឋាគារ MHR ថ្លែងថា៖ «ដើម្បីគាំទ្រសកម្មភាពបែបនេះ ឬកម្មវិធីស្រដៀងគ្នានេះយើងក៏នឹងគាំទ្រដល់ក្តីសុបិនរបស់សមាជិកក្រុមរបស់យើងផងដែរ ដើម្បីសម្រេចបានតាមក្តីសុបិនរបស់ពួកគេដែលវាស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់យើង»។
លោក Kao បន្តថា៖ «វាក៏ជាផ្នែកមួយនៃគម្រោងរបស់ពួកយើងផងដែរ ដើម្បីបង្កើតការយល់ដឹងទាំងក្នុងប្រទេស និងអន្តរជាតិ ដើម្បីបញ្ជាក់ថាក្រុមហ៊ុនបានជួយចូលរួមចំណែកដល់សហគមន៍យ៉ាងដូចម្តេចខ្លះ?»។
បច្ចុប្បន្ន បេសកកម្មរបស់សណ្ឋាគារ Memoire Hotels and Resorts គឺដើម្បីគាំទ្រដល់គម្រោងបរិស្ថានប្រកបដោយនិរន្តរភាព និងគម្រោងអភិវឌ្ឍវិស័យការអប់រំនៅក្នុងខេត្តសៀមរាប ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន។
ចំពោះការលើកកម្ពស់បរិស្ថានប្រកបដោយចីរភាព សណ្ឋាគារ Memoire Palace Resort (MPR) កំពុងអនុវត្តគម្រោងមិនប្រើប្រាស់ប្លាស្ទិក។ ជំនួសឲ្យការប្រើប្រាស់កែវទឹកធ្វើពីប្លាស្ទិក សណ្ឋាគារ MHR ប្រើប្រាស់កែវទឹកធ្វើពីកែវថ្មជំនួសវិញ ហើយជំនួសឲ្យការប្រើទុយោប្លាស្ទិក គឺសណ្ឋាគារប្រើទុយោធ្វើពីស្លឹកគ្រៃ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺក្នុងបន្ទប់ទាំងអស់មានតែដបទឹកធ្វើពីកែវថ្មប៉ុណ្ណោះ។ សណ្ឋាគារផ្តល់ដបទឹកធ្វើពីកែវថ្មដល់បុគ្គលិករបស់ខ្លួនប្រើប្រាស់នឹងហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិកណាមួយនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ។
លើសពីនេះទៀត សណ្ឋាគារក៏បានតាំងបង្ហាញវត្ថុសិល្បៈផ្សេងៗ របស់វិចិត្រករខ្មែរផងដែរ ដែលវត្ថុសិល្បៈទាំងនោះកែច្នៃឡើងពីប្លាស្ទិក ដើម្បីបង្កើនការយល់ដឹងដល់បុគ្គលិក អតិថិជនក៏ដូចជាសាធារណជនទូទៅ។
Memoire Palace Resort & Spa ចូលរួមយ៉ាងសកម្មជាមួយអង្គការក្រៅរដ្ឋាភិបាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋាភិបាលតាមរយៈការចុះកម្មសិក្សា ក៏ដូចជាបញ្ជួនអ្នកស្ម័គ្រចិត្តទៅបណ្តុះបណ្តាល និងបង្រៀនដល់សិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីឧស្សាហកម្មបដិសណ្ឋារកិច្ច។
MPR ក៏បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើនដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និងព្រឹត្តិការណ៍សប្បុរសធម៌ផ្សេងៗជាច្រើនថែមទៀតផង។
លោក Philip Kao ជឿជាក់ថា អាជីវកម្មនេះមិនមែនគ្រាន់តែដើម្បីស្វែងរកប្រាក់ចំណេញនោះទេប៉ុន្តែវាក៏ជាការចូលរួមចំណែករបស់ខ្លួនជាមួយនឹងសហគមន៍ផងដែរ ដើម្បីធានាឱ្យមានកំណើនប្រកបដោយនិរន្តរភាព។
ជាមួយនឹងការប្តេជ្ញាចិត្ដដ៏មោះមុតបែបនេះ លោក Phillip Kao ក៏បានចូលរួមជាមួយអង្គការជាច្រើនផ្សេងទៀតដើម្បីជួយគាំទ្រ និងជំរុញដល់វិស័យទេសចរណ៍ឲ្យកាន់តែមាននិរន្តរភាព។ ដូច្នេះហើយវាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដែលលោក Kao ជាប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបនោះ៕ Bartholomew Sinos, Siem Reap