ក្រុមហ៊ុន P.K Light Block Co Ltd ជាក្រុមហ៊ុនកំពុងដើរតួនាទីថ្មីនៅក្នុងវិស័យសម្ភារសំណង់នៅកម្ពុជាកំពុងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើន ដោយការផ្គត់ផ្គង់សម្ភារដែលជួយកាត់បន្ថយពេលវេលាសាងសង់ កាត់បន្ថយការចំណាយនៅឯការដ្ឋានសំណង់។
ក្រុមហ៊ុនផលិតសម្ភារសំណង់នេះ គឺជាក្រុមហ៊ុនដំបូងគេដែលនាំយកបច្ចេកវិទ្យា Autoclaved Aerated Concrete (AAC) មកកាន់ប្រទេស កម្ពុជា។ ឥដ្ឋស្រាល ភីខេ (AAC) ជាផលិតផលសំណង់ ដែលមានទម្ងន់ស្រាល កម្លាំងខ្លាំង រឹងមាំ ធន់ កាត់បន្ថយសំឡេងឆ្លងកាត់ ក៏ដូចជាកាត់បន្ថយទម្ងន់អគារ។
ឥដ្ឋស្រាល ភីខេ ដែលត្រូវបានផលិតដោយក្រុមហ៊ុន P.K Light Block មានទម្ងន់ស្រាល គឺស្រាលជាង ៣ ដង ធៀបទៅនឹងឥដ្ឋក្រហម។ ឥដ្ឋនេះត្រូវបានប្រើប្រាស់នៅក្នុងការសាងសង់សំណង់អគារជាច្រើន ដូចជាអគារលំនៅឋាន អគារពាណិជ្ជកម្ម និងអគារឧស្សាហកម្មជាដើម។
ឥដ្ឋស្រាល ភីខេ (AAC) ជាប្រភេទសម្ភារសំណង់ដែលមានលក្ខណពិសេស ធន់នឹងកម្តៅ ងាយស្រួលប្រើប្រាស់ បើធៀបទៅនឹងឥដ្ឋក្រហម ហើយធាតុផ្សំសំខាន់ៗ រួមមាន ខ្សាច់ ទឹក ថ្មកំបោរ ស៊ីម៉ងត៍ និងម្នាងសិលា។
លោក Khou Youheang ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន P.K Light Block បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ឥដ្ឋស្រាល ភីខេ (ACC) ក៏សមស្របសម្រាប់ការងារ ជួសជុលអគារ ចាស់ៗផងដែរ។ ដោយសារតែអគារចាស់ៗទាំងនោះមិនរឹងមាំ ដូច្នេះនៅពេលពួកគេចង់ជួសជុល ឬពង្រីកអគារ ពួកគេនឹងពិចារណាប្រើប្រាស់ផលិតផលរបស់យើង»។
លោកពន្យល់ថា៖ «ឥដ្ឋស្រាល ភីខេ (ACC) ក៏ជួយឲ្យការប្រើប្រាស់អគារចាស់ៗ សន្សំសំចៃថ្លែចំណាយលើអគ្គិសនីផងដែរ ពីព្រោះវាធន់នឹងកម្ដៅខ្ពស់បើធៀបនឹងសម្ភារដទៃ»។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ មក P.K Light Block ត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនថ្មីៗចូលមកប្រកួតប្រជែង។ ប៉ុន្តែទោះយ៉ាងណា លោក Khou ថ្លែងថា៖ «ខ្ញុំជឿជាក់ថាអតិថិជន នឹងនៅតែត្រឡប់មកប្រើប្រាស់ផលិតផលរបស់យើងវិញ ដោយសារគុណភាពនៃផលិតផលរបស់យើង។ យើងជឿជាក់ [និងវិនិយោគ] ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពីព្រោះយើងតែងតែចង់ក្លាយជាក្រុមហ៊ុនផលិតឥដ្ឋស្រាល AAC ដែលឈានមុខគេ»។
យោងតាមប្រធានគ្រប់គ្រងទូទៅរូបនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការឆ្នាំដំបូងរបស់ក្រុមហ៊ុន P.K Light Block គឺគ្មាននរណាស្គាល់ផលិតផលរបស់ពួកគេទេ ហើយក្រុមហ៊ុនខាតជារៀងរាល់ខែ។
លោកបន្ថែមថា៖ «ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន P.K Light Block មានកំណើនរហូតដល់ ៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ បច្ចុប្បន្នយើងផលិតឥដ្ឋស្រាល (AAC) ចំនួន ១៥០ ០០០ ម៉ែត្រគុប ប្រចាំឆ្នាំ»។
លោក Khou បន្តថាគោលបំណងរបស់ក្រុមហ៊ុន P.K Light Block ក្នុងការចូលរួមពិធីតាំងពិព័រណ៍វិស័យសំណង់ Cambuild''19 គឺដើម្បីឲ្យអតិថិជនកាន់តែច្រើនស្គាល់ក្រុមហ៊ុនមួយនេះ និងផ្សព្វផ្សាយការយល់ដឹងអំពីសម្ភារសំណង់ (AAC) នៅកម្ពុជា។ «គោលដៅរបស់យើង គឺណែនាំផលិតផលថ្មីចូលទៅក្នុងទីផ្សារ គឺបន្ទះ AAC។ ផលិតផលនេះនឹងជួយសន្សំសំចៃការចំណាយកាន់តែច្រើន [បើធៀបទៅនឹងឥដ្ឋស្រាល AAC]។ បន្ទះនេះអាចយកទៅប្រើប្រាស់សម្រាប់រៀបជញ្ជាំងអគារ និងក្រាលកម្រាល»។
លោកបន្ថែមថា៖ «យើងក៏កំពុងសម្លឹងទៅរកការពង្រីករោងចក្រផលិតរបស់យើងផងដែរ ខណៈទំហំបច្ចុប្បន្ននៅមានកម្រិត។ រោងចក្រថ្មីត្រូវបានរំពឹងថានឹងរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយ»។
អគារដែលបានប្រើប្រាស់ឥដ្ឋស្រាល ភីខេ រួមមាន អគារ Courtyard by Marriot Phnom Penh អគារ Sky Villa និងអគារ Vattanac Capital Tower។
ឥដ្ឋស្រាល ភីខេ (AAC) មិនបំពុល ដី ខ្យល់ ឬទឹក។ អំឡុងពេលដំណើរការផលិត កាកសំណល់ពីការកាត់ឥដ្ឋត្រូវបានកែច្នៃជាមួយវត្ថុធាតុដើម និងយកទៅប្រើប្រាស់ឡើងវិញ។
ចំណែកថាមពលប្រើប្រាស់នៅក្នុងដំណើរការផលិត គឺតិចតួចប៉ុណ្ណោះបើធៀបទៅនឹងការផលិតសម្ភារផ្សេងៗ។ ដំណើរការផលិតមិនបញ្ចេញសារធាតុពុល ហើយកាកសំណល់ក៏មិនមានជាតិពុលដែរ។
ឥដ្ឋស្រាល ភីខេ (AAC) ត្រូវបានផលិតពីវត្ថុធាតុដើមធម្មជាតិ។ ការផលិតត្រូវបានគណនាដោយប្រព័ន្ធកុំព្យូទ័រ ដូចនេះគុណភាពមានភាពសុក្រឹត តាមស្តង់ដាអន្តរជាតិ និងមិនប៉ះពាល់ដល់បរិស្ថាន៕