កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) បាន​ប្រកាស​ថា​ លោក Anthony Galliano គឺ​ជា​ប្រធាន​ថ្មី​របស់​ខ្លួន​។ លោក Galliano គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management ហើយ​​លោក​នឹង​ចូល​បម្រើ​ការងារ​នៅ AmCham នៅ​ឆ្នាំក្រោយ​។

លោក Galliano គឺ​ជា​អ្នក​ជំនាញ​ខាង​សាជីវកម្ម​ធនាគារ​ជាន់​ខ្ពស់ ​ដែល​មាន​បទពិសោធ​នៅ​លើ​ឆាក​អន្តរជាតិ​រយៈពេល ​២៧ ​ឆ្នាំ និង​ធ្លាប់​បម្រើ​ការងារ​នៅ​ធនាគារ ANZ, Citibank, JP Morgan Chase និង Bank of New York​។

លោក Galliano ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន Hong Kong Securities Industry Group ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ​២០០០ និង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​ក្រុមហ៊ុន Hong Kong Exchanges and និង Clearing Ltd​ ផង​ដែរ។

លោក Galliano ថ្លែង​ថា​៖ «​ខ្ញុំ​រីករាយ​ និង​មាន​កិត្តិយស​ណាស់​ដែល​ទទួល​បាន​ឱកាស​ក្លាយ​ជា​ប្រធាន AmCham និង​ធ្វើ​ការ​ជាមួយ​ក្រុមប្រឹក្សា​ដែល​មាន​ទេពកោសល្យ​ខ្ពស់​។ ខ្ញុំ​ទទួល​បាន​តំណែង​ដ៏​រឹងមាំ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អតីត​ប្រធាន លោក Allen Tan ដែល​បាន​បំពេញ​មុខងារ​ដ៏​អស្ចារ្យ​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​តំណែង​មួយ​នេះ​។ «AmCham បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ជោគជ័យ និង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ស្ថានទូត​អាមេរិក និង​បម្រើ​ផលប្រយោជន៍​ដល់​សមាជិកភាព​របស់​យើង​»​។

លោក Galliano បន្ត​ថា​៖ «​យើង​នឹង​បន្ត​កសាង​សមិទ្ធផល​នេះ និង​បង្កើន​ការ​ផ្តោត​អារម្មណ៍​របស់​យើង​ទៅ​លើ​ការ​ជួយ​ជ្រោមជ្រែង ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​សហគមន៍ និង​បញ្ហា​នានា​ដែល​ទាក់ទង​សមាជិក​របស់​យើង​។ ទោះបី​ស្ថិត​ក្នុង​ពេល​វេលា​ដ៏​លំបាក​ក្តី​ក៏​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ ប្រទេស​កម្ពុជា ​នឹង​មាន​អនាគត​កាន់​តែ​ល្អ​ប្រសើរ ហើយ AmCham អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ភាព​ជោគជ័យ ​និង​ភាព​រុងរឿង​របស់​ប្រទេសជាតិ​»​។

លោក Anthony Galliano ។

លោក Pily Wong ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន ហើយ​លោក Chris McCarthy គឺ​ជា​លេខាធិការ​។ លោកស្រី Tean Ly នឹង​ក្លាយ​ជា​ហេរញ្ញិក​។ លក្ខខណ្ឌ​សម្រាប់​មុខ​តំណែង​ក្រុម​ប្រឹក្សាភិបាល​ទាំង​នេះ​ គឺ​មាន​រយៈពេល​ ១ ឆ្នាំ​។ លោក Wong គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន Hung Hiep (Cambodia) ចំណែក​ឯ លោក McCarthy គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ទីផ្សារ MangoTango Asia លោកស្រី Ly គឺ​ជា​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Seeva Capital​។

លោក Anthony Galliano លោកស្រី Tean Ly លោកស្រី Pauline Teoh លោក Michael Berg លោក Chris McCarthy លោក Pily Wong លោក Ashley Irving លោក Steven Path និង​លោក Sophea Ros ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ថ្មី​នៃ​ក្រុម​ប្រឹក្សាភិបាល​ក្នុង​កិច្ច​ប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​របស់ AmCham (AGM)​ កាល​ថ្ងៃទី ២៤ ខែ​វិច្ឆិកា​។

ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ដោយ​សមាជិក​ថ្មី​ចំនួន​ ៦ ​រូប ត្រូវ​បាន​ជ្រើសរើស​ពី​បេក្ខជន ១៦ ​រូប​។ ​​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​​កម្ពុជា Patrick Murphy បាន​ចូល​កម្មវិធី AGM ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ Raffles Hotel Le Royal អម​ជាមួយ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ថ្លែង​អំណរគុណ​។ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​។

លោក​ឯកអគ្គរដ្ឋទូត Murphy បាន​ថ្លែង​សុន្ទរកថា ​ស្វាគមន៍ និង​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា និង​បាន​ថ្លែង​អំណរគុណ​ដល់ AmCham ដែល​បាន​ជួយ​លើក​កម្ពស់​ធុរកិច្ច​។

លោក Allen Dodgson Tan អតីត​ប្រធាន AmCham ដែល​បាន​បម្រើ​ការងារ​នៅ AmCham ចំនួន ២ អាណត្តិ​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ AmCham។ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​សមាជិក និង​ដៃគូ​ទាំង​អស់​ដែល​បាន​គាំទ្រ​រូប​ខ្ញុំ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​មក​នេះ​។ វា​ពិត​ជា​កិត្តិយស​ណាស់​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ដ៏​ខ្លាំងក្លា​បែប​នេះ​»​។

លោក Tan ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​ដៃ​គូ​របស់​យើង ​គឺ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​ចំពោះ​រាជ​រដ្ឋាភិបាល ដែល​តែងតែ​បន្ត​គាំទ្រ​ដល់​វិស័យ​ឯកជន​ និង AmCham ក្នុង​ការ​ពិគ្រោះ​យោបល់ និង​ភាព​ជា​ដៃគូ​។ ​សូម​​អរគុណ​ចំពោះ​សមាជិក​អាជីវកម្ម​របស់​យើង​ផ្សេង​ទៀត ដែល​ជួយ​យើង​ក្នុង​ការ​កសាង​វិស័យ​ឯកជន​ដ៏​រឹងមាំ​»​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៦ AmCham ជួយ​គាំទ្រ​ និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទាំង​វិស័យ​សាធារណៈ ​និង​ឯកជន ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ក្នុង​តំបន់ និង​ការ​រីក​ចម្រើន​ជា​សកល​នៃ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។

នៅ​ក្នុង​សុន្ទរកថា​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់​សមាជិក AmCham ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ Raffles លោក Tan បាន​ប្រកាស​ដោយ​មោទនភាព​ថា​ សមាគម​នេះ​នឹង​ស្ថិត​នៅ​ក្នុង​ជំហរ​ដ៏​រឹងមាំ​បំផុត​។

ខណៈ​លើក​ឡើង​ពី​ភាព​ជោគជ័យ​របស់​ខ្លួន លោក Tan ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន ដែល​បាន​ជួប​ប្រទះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មេរោគ​រាតត្បាត​កូរ៉ូណា ប៉ុន្តែ​លោក​បាន​បង្ហាញ​អំពី​សុទិដ្ឋិនិយម​នៅ​ពេល​ខាង​មុខ​។

យោង​តាម​ការ​ស្ទង់មតិ​សមាជិកភាព​ឆ្នាំ​ ២០២០ បាន​បង្ហាញ​ថា​ ៩០ ​ភាគរយ ​នៃ​សមាជិក AmCham គឺ​មាន​ការ​ពេញ​ចិត្ត​នឹង​សមាជិកភាព​របស់​ពួក​គេ​។ ​​ការ​ស្ទង់មតិ​នោះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ទោះបី​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​សកល​ក្តី ប៉ុន្តែ​ភាគ​ច្រើន​នៃ​អាជីវកម្ម​របស់​សមាជិក​បាន​បង្ហាញ​អារម្មណ៍​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ពួក​គេ​នៅ​ឆ្នាំ​ ២០២១​។

លោក Tan ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ «​ក្នុង​នាម​ជា​អង្គការ​មួយ ពេល​នេះ​គឺ​គ្មាន​មន្ទិល​ទេ​ដែល​ថា AmCham ដែល​ខ្ញុំ​ឈរ​ជាមួយ​នៅ​ថ្ងៃ​នេះ គឺ​ល្អ​បំផុត​ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន យើង​មាន​ទំនាក់ទំនង​​ដ៏​ល្អ មាន​ភាព​ចម្រុះ និង​មាន​ភាព​ទូលំទូលាយ​»៕