ក្រុមហ៊ុនផលិតស្រាបៀរខេមប្រ៊ូវ បានណែនាំនូវផលិតផលស្រាបៀរអង្គររូបរាងថ្មីសម្រាប់អតិថិជន និងបានចាប់ផ្តើមយុទ្ធនាការទីផ្សារ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ» សម្រាប់ម៉ាកយីហោនេះនៅក្នុងប្រទេស កម្ពុជា។ ក្នុងចំណោមក្រុមហ៊ុនផលិតស្រាបៀរធំជាងគេនៅកម្ពុជា ក្រុមហ៊ុនខេមប្រ៊ូវ មានគម្រោងនាំចេញស្រាបៀររូបរាងថ្មីនេះទៅកាន់ប្រទេសជិតខាង និងតំបន់ផ្សេងទៀត។
នៅក្នុងពិធីសម្ពោធផលិតផលស្រាបៀរអង្គររូបរាងថ្មីនេះលោក Michael Jensen នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមប្រ៊ូវបានថ្លែងថា៖ «ក្រុមហ៊ុន ផលិត ស្រាបៀររបស់យើងនៅក្នុងខេត្តព្រះសីហនុជាក្រុមហ៊ុនផលិត ស្រាបៀរមានបទពិសោធខ្ពស់ និងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិតស្រាបៀរប្រចាំឆ្នាំបានចំនួនប្រមាណ ១២ កោដិលីត្រ»។
«យើងមានយុទ្ធសាស្ត្រសាជីវកម្មសកលដែលមានឈ្មោះថា SAIL''22 ដើម្បីណែនាំនៅក្នុងការផ្តោតជាយុទ្ធសាស្ត្ររបស់យើង។ នៅកម្រិតប្រទេសយើងក៏មានគម្រោងយុទ្ធសាស្ត្រ និងផែនការរយៈពេលខ្លី ដើម្បីភាពជោគជ័យ ដោយពិចារណាលើសក្ដានុពលទីផ្សារផ្សេងៗគ្នា និងតម្រូវការអ្នកទទួលទានក្នុងស្រុក»។
លោកបន្តថា ស្រាបៀរអង្គររូបរាងថ្មីគឺជាប្រភពនៃមោទនភាពជាតិសម្រាប់អតិថិជនរាប់លាននាក់ដែលជាគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះម៉ាកសញ្ញាផលិតផលមួយនេះ។
«វាក៏ជាម៉ាកសញ្ញាដ៏ពេញនិយមរបស់អតិថិជនជាច្រើននៅតាមតំបន់នានាក្នុងពិភពលោកផងដែរដូចជានៅសហរដ្ឋអាមេរិក អូស្ត្រាលី ចិន ហុងកុង ថៃ កូរ៉េខាងត្បូង ជប៉ុន បារាំង ហូឡង់ និង នូវែលសេឡង់។ យើងជឿជាក់ថានេះជាអ្វីដែលប្រជាជនកម្ពុជាមានមោទនភាព»។
លោកសង្ឃឹមថានៅពេលក្រុមហ៊ុនខេមប្រ៊ូវចាប់ផ្តើមនាំចេញស្រាបៀរអង្គររូបរាងថ្មីរបស់ខ្លួនក្រុមហ៊ុនផលិតក្នុងស្រុកមកពីឧស្សាហកម្មផ្សេងៗក៏នាំចេញផលិតផលរបស់ពួកគេផងដែរ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Carlsberg បានបង្កើនភាគហ៊ុនរបស់ខ្លួនបន្ថែមនៅក្នុងក្រុមហ៊ុនខេមប្រ៊ូវពី ៥០ ភាគរយទៅដល់ ៧៥ ភាគរយ។ គំនិតផ្តួចផ្តើមបង្កើតស្រាបៀរអង្គររូបរាងថ្មីនេះគឺគ្រាន់តែជាជំហានដំបូងនៅក្នុងចំណោមយុទ្ធសាស្ត្រទីផ្សារជាច្រើនប៉ុណ្ណោះ។
អតិថិជនមានឱកាសអាចចូលរួមធ្វើការសាកល្បងផលិតផលដែលខ្លួនចូលចិត្តនៅតាមហាងមួយចំនួន និងតាមរយៈកម្មវិធីអនឡាញជាមួយគ្នានេះផងដែរ អតិថិជនក៏អាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ផងដែរ ដើម្បីបង្កើនបទពិសោធ និងភាពរីករាយរបស់ពួកគេទ្វេរដង។
លោកថ្លែងថា៖ «លើសពីនេះទៀតក្រុមផ្នែកលក់របស់យើងតាមរយៈយុទ្ធនាការ Market Impact Team (MIT) កំពុងប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត ក្រុងធំៗមួយចំនួនដូចជារាជធានីភ្នំពេញ ខេត្តកណ្តាលសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ដើម្បីបង្កើន និងធានាសេវាកម្មដល់អតិថិជន»។
លោក Jensen បន្តថា៖ «ស្រាបៀរអង្គររូបរាងថ្មីប្រភេទដបមានចំណុះ ៣៣០ ម.ល និង ៦៤០ ម.ល និងប្រភេទកំប៉ុងមានចំណុះ ៣៣០ ម.ល ដែលអាចរកទិញបាននៅគ្រប់ហាង លក់ដុំ លក់រាយ ទាំងអស់នៅទូទាំងប្រទេសកម្ពុជានាដំណាច់ឆ្នាំនេះ»។
លោកបានសង្កត់ធ្ងន់ថាការផ្តោតអារម្មណ៍របស់ក្រុមហ៊ុនខេមប្រ៊ូវនាពេលបច្ចុប្បន្នគឺដើម្បីធានានូវការណែនាំស្រាបៀរអង្គររូបរាងថ្មីនេះប្រកបដោយវិជ្ជាជីវៈនឹងដើម្បីទទួលបានជោគជ័យពេញលេញ។
លោកជឿជាក់ថាការធ្វើបែបនេះនឹងជួយបញ្ជាក់ទីតាំងរបស់ស្រាបៀរអង្គរ ថាជាស្រាបៀរឈានមុខគេនៅកម្ពុជា និងជួយបញ្ជាក់តំណែងរបស់ក្រុមហ៊ុនខេមប្រ៊ូវថា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅក្នុងប្រទេស។
ស្រាបៀរអង្គររូបរាងថ្មីនេះត្រូវបានផលិតឡើងដោយផ្អែកលើគោលការណ៍របស់ Carlsberg Operating Manual (COM) និងប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាទំនើបដូចជា Lean, TPM, 5S ជាដើម។
លោកបន្តថា៖ «ក្រុមខ្សែចង្វាក់ផ្គត់ផ្គង់រួមរបស់យើងគឺមានសមត្ថភាពក្នុងការគាំទ្រដល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងខ្សែចង្វាក់ដ៏មានតម្លៃរបស់យើងរួមទាំងការធានានូវគុណភាពស្រាបៀរល្អឥតខ្ចោះ ក្នុងអំឡុងពេលនៃដំណើរការដឹកជញ្ជូនផងដែរ»៕