
លោក Nazri Wong Abdullah នាយក Etiqa General Insurance (Cambodia) Plc និង លោក Clarence Lit ។
បន្ទាប់ពីពង្រីកទៅកាន់ទីផ្សារជាច្រើននៅទូទាំងតំបន់អាស៊ាន ក្រុមហ៊ុនធានារ៉ាប់រង Etiqa Insurance ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានមកកាន់ទីផ្សារកម្ពុជាដោយផ្តល់ជូននូវផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ ខណៈប្រជាជនកម្ពុជាតិចជាង ៣ ភាគរយប៉ុណ្ណោះដែលមានធានារ៉ាប់រង។
ក្រុមហ៊ុនធានារ៉ាប់រងដែលជាបុត្រសម្ព័ន្ធនៃធនាគារ Malayan Banking Bhd មានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ Etiqa បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃទី ៩ ខែមីនាជាមួយនឹងបាវចនា «នាំយកធានារ៉ាប់រងងាយស្រួល និងឆាប់រហ័សដល់ប្រជាជនកម្ពុជា» ដែលភាគច្រើនប្រើប្រាស់វេទិកាឌីជីថល។
«ក្រុមហ៊ុន Etiqa បានចាប់ផ្តើមពង្រីកនៅតំបន់អាស៊ានក្រៅពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរីក្នុងឆ្នាំ ២០១៥។ រហូតមកដល់ពេលនេះយើងបានពង្រីកទៅកាន់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីមុនពេលចូលមកកាន់ប្រទេសកម្ពុជា ជាទីផ្សារកំពុងរីកចម្រើនដែលយើងគិតថា មានសក្តានុពលនៃកំណើនដ៏ល្អប្រសើរ»។
លោក Clarence Lit អគ្គនាយកក្រុមហ៊ុន Etiqa Life Insurance Cambodia បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ក្រុមហ៊ុន Etiqa តែងតែផ្តល់នូវដំបូន្មានល្អបំផុតដើម្បីឆ្លើយតបនឹងតម្រូវការនៃរបៀបរស់នៅរបស់អតិថិជន និងផ្តល់នូវធានារ៉ាប់រងឆាប់រហ័ស និងងាយស្រួលដល់អតិថិជនរួមមានការទិញធានារ៉ាប់រង ការទូទាត់ និងការគាំទ្រផ្សេងៗ។ យើងកំពុងនាំយកនូវធានារ៉ាប់រងដ៏ងាយស្រួល និងឆាប់រហ័សដើម្បីបម្រើដល់ប្រជាជនកម្ពុជា»។

ក្រុមហ៊ុន Etiqa មើលឃើញសក្តានុពលរបស់ប្រជាជនកម្ពុជាវ័យក្មេង។
ទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានច្រើន ខណៈប្រជាជនប្រមាណ ៩០ ភាគរយនៅមិនទាន់មានធានារ៉ាប់រងនៅឡើយ ដូច្នេះវាជាទីផ្សារមួយដែលមានភាពទូលំទូលាយសម្រាប់ក្រុមហ៊ុនដែលនៅក្នុងឧស្សាហកម្មមួយនេះ។
លើសពីនេះទៀតកត្តាប្រជាសាស្ត្រដោយ ៦៥ ភាគរយនៃប្រជាជនកម្ពុជាមានអាយុក្រោម ៣៥ ឆ្នាំហើយអ្នកដែលមានចំណូលមធ្យមកំពុងកើនឡើង ដូច្នេះវាទាមទារឲ្យមានសេវាថែទាំសុខភាពល្អប្រសើរ ការត្រៀមសម្រាប់ការចូលនិវត្តន៍បូករួមជាមួយនឹងការយល់ដឹងកាន់តែច្រើនទាក់ទងនឹងសារៈសំខាន់នៃធានារ៉ាប់រងដែលកំពុងជំរុញឲ្យផលិតផលធានារ៉ាប់រងកើនឡើង។
បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសរុបចំនួន ៩ កំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៤ ផ្សេងទៀតកំពុងផ្តល់ជូននូវសេវាកម្មជាច្រើនរាប់ចាប់តាំងពីធានារ៉ាប់រងម៉ូតូ រហូតដល់ធានារ៉ាប់រងអគ្គិភ័យ។
យោងតាមសមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំមុនបុព្វលាភសរុបមានចំនួន ១៤៣ លានដុល្លារ បើប្រៀបធៀបទៅនឹង ១០០ លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលមានកំណើនចំនួន ៤២,៤ ភាគរយ។
ទន្ទឹមនឹងនេះដែរការធានាបានកើន ៤៩ ភាគរយឡើងដល់ ១០ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៨ មានចំនួន ៦,៨ ពាន់លានដុល្លារ។

ស្នាក់ការកណ្តាលក្រុមហ៊ុន Etiqa នៅទីក្រុងគូឡាឡាំពួ។
លោកថ្លែងថា៖ «យើងគិតថាឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតកំពុងឈានទៅរកការរីកចម្រើន ខណៈប្រជាជនមានការយល់ដឹងកាន់តែច្រើនអំពីតម្រូវការធានារ៉ាប់រង ដូច្នេះឱកាសនឹងកើនឡើង។ ការផ្តោតអារម្មណ៍របស់យើងគឺប្រជាជនដែលមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូច្នេះយើងមើលឃើញឱកាសច្រើននៅក្នុងផ្នែកដ៏ធំនេះ»។
លោកបន្ថែមថា ផលិតផលដែលពេញនិយមនៅកម្ពុជាមានដូចជាគម្រោងធានារ៉ាប់រងសន្សំ ហើយក្រុមហ៊ុន Etiqa មានបំណងផ្តល់ជូននូវផលិតផលការពារប្រកបដោយភាពច្នៃប្រឌិតបន្ថែមដែលគ្របដណ្តប់លើជំងឺធ្ងន់ធ្ងរ។
«យើងបានគិតរួចហើយថាយើងត្រូវការផ្តល់ផលិតផលឲ្យមានលក្ខណៈប្លែកពីក្រុមហ៊ុនដទៃ។ ចំពោះគោលបំណងនេះគឺយើងនឹងផ្តល់នូវផលិតផល និងសេវាកម្មងាយស្រួល និងឆាប់រហ័សជាមួយនឹងដំបូន្មានល្អបំផុតដល់អតិថិជនរបស់យើង។ ប៉ុន្តែតើចំណុចនេះមានន័យដូចម្តេច?
លោក Lit បានបន្តថា៖ «យើងនឹងប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតរួមមានការលក់តាមរយៈអាយផេត (iPads) និងកម្មវិធីវិភាគតម្រូវការអតិថិជនដើម្បីធានាថាអតិថិជនម្នាក់ៗត្រូវបានផ្តល់អនុសាសន៍អំពីផលិតផលដ៏ត្រឹមត្រូវជាមួយនឹងព័ត៌មានលម្អិត និងត្រឹមត្រូវនៅក្នុងប្រព័ន្ធរបស់យើង។ យើងក៏នឹងពង្រីកការផ្តល់ជូនរបស់យើងតាមរយៈអនឡាញផងដែរ៕