ជាមួយនឹងការរីករាលដាលជំងឺ Covid-19 ភោជនីយដ្ឋានជាច្រើនត្រូវបានគេមើលឃើញថាបានបិទទទួលអតិថិជនមកក្នុងហាង ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ខណៈភោជនីយដ្ឋានកាន់តែច្រើនងាកមកផ្តល់ការកុម្ម៉ង់ម្ហូបតាមរយៈសេវាដឹកជញ្ជូនម្ហូបអាហារជំនួសវិញ។
លោក ចាន់ បូរីម៉ា ស្ថាបនិកក្រុមហ៊ុន Nham24 បានឲ្យដឹងថាសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់លោកត្រូវបានមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុសនេះ។
លោក បូរីម៉ា ថ្លែងពីការិយាល័យរបស់លោកនៅក្នុងសង្កាត់ចតុមុខរាជធានីភ្នំពេញថា៖ « Nham24 កំពុងកែលម្អដំណើរការ និងផលិតអត្ថបទ និងវីដេអូអប់រំសម្រាប់ការដឹកជញ្ជូនលក្ខណៈ contactless delivery។ នៅពេលអតិថិជនធ្វើការកាហ្មង់ពួកគេមានជម្រើស «deliver in person ឬ contactless delivery» ។
«ជាមួយជម្រើសនេះ អតិថិជន និងអ្នកដឹកជញ្ជូនត្រូវរក្សាគម្លាតចម្ងាយយ៉ាងតិច ២ ម៉ែត្រ ដូច្នេះនៅពេលអ្នកដឹកជញ្ជូនមកដល់ពួកគេនឹងទូរស័ព្ទទៅអតិថិជន ហើយបន្ទាប់មកកញ្ចប់ម្ហូបអាហារនឹងត្រូវដាក់នៅក្នុងចម្ងាយដែលមានសុវត្ថិភាពបំផុត»។
លោក Drew Price ម្ចាស់ភោជនីយដ្ឋាន Carolina BBQ នៅជិតផ្សារទួលទំពូងថ្លែងថា គាត់សម្រេចបិទកន្លែងទទួលភ្ញៀវនៅក្នុងហាង ដើម្បីធានាសុវត្ថិភាពបុគ្គលិករបស់គាត់។
លោក Price ក៏ដូចជាម្ចាស់ភោជនីយដ្ឋានដទៃទៀតដែរសុទ្ធតែបានលើកឡើងថា ពួកគេបានមើលឃើញសេវាដឹកជញ្ជូនម្ហូបអាហារកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងការផ្ទុះវីរុសនេះ។
កាលពីថ្ងៃទី ២៤ ខែមីនា លោកបានសម្រេចបិទកន្លែងទទួលភ្ញៀវក្នុងហាងជាបណ្តោះអាសន្នដោយបើកលក់តែនៅខាងមុខហាង ឬលក់សម្រាប់អ្នកទិញយកទៅផ្ទះប៉ុណ្ណោះ ដោយសង្ឃឹមថា គ្រាន់តែអាចបានរួចថ្លៃដើមទម្រាំដល់វីរុសនេះបាត់ទៅវិញ។
ប៉ុន្តែជាមួយនឹងការកើនឡើងសេវាដឹកជញ្ជូនម្ហូបអាហារលោក Price បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកសូមកោតសរសើរដល់ក្រុមហ៊ុន Nham24 ពីព្រោះគាត់មិនត្រឹមតែបានចំណូលរួចថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ចំណេញតិចតួចផងដែរនៅក្នុងសប្តាហ៍ដំបូងចាប់តាំងពីការបិទកន្លែងទទួលភ្ញៀវនៅហាង Carolina BBQ។
លោក បូរីម៉ា ធ្វើការកត់សម្គាល់ថា ក្រុមហ៊ុន Nham24 កំពុងមើលឃើញការផ្លាស់ប្តូរនិន្នាការសម្រាប់សេវាកម្មរបស់ខ្លួនអំឡុងពេលនៃការផ្ទុះឡើងវីរុសនេះ។ លោកថ្លែងថាខណៈតម្រូវការពីបុគ្គលិកការិយាល័យនៅតែមានកម្រិតខ្ពស់ ការដឹកជញ្ជូនទៅតាមផ្ទះក៏កំពុងមានការពេញនិយមផងដែរ។
ជាមួយគ្នានេះដែរប្រជាជនកាន់តែច្រើនកំពុងជ្រើសរើសការបង់ថ្លៃទំនិញរបស់ពួកគេតាមរយៈសេវាកម្មទូទាត់បែបឌីជីថលដូចជា SmartLuy, ABA PAY និង Wing ឬកាតឥណទានជាដើម។
លោក បូរីម៉ា លើកឡើងថា៖ «យើងលើកទឹកចិត្តឲ្យអតិថិជនបង់លុយតាមអនឡាញ ប៉ុន្តែប្រសិនបើពួកគេជ្រើសរើសយកការបង់ជាសាច់ប្រាក់ នោះអតិថិជនត្រូវបង់លុយឲ្យអ្នកដឹកជញ្ជូននៅក្នុងចម្ងាយមួយដែលមានសុវត្ថិភាព»។
នៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីការិយាល័យក្រុមហ៊ុន Nham24 ម្ចាស់ភោជនីយដ្ឋាន Masala Dosa Street Kitchen លោក Dharma Gohi ថ្លែងថា គាត់បានសម្រេចជួលអ្នកដឹកជញ្ជូនដើម្បីធានានូវសុខភាពអតិថិជនរបស់គាត់។
ងាកមកការិយាល័យក្រុមហ៊ុន Nham24 វិញស្ថាបនិកររូបនេះបានថ្លែងថា សេវាកម្មដឹកជញ្ជូនដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុកមួយនេះបានប្តេជ្ញាការពារអតិថិជន និងអ្នកដឹកជញ្ជូនដូចគ្នា។
លោក បូរីម៉ា បន្ថែមថាលោកកំពុងជ្រើសរើសអ្នករត់រ៉ឺម៉កកង់បី (តុកតុក) ដើម្បីជួយសម្រាលបន្ទុកអ្នកដែលយល់ថា តម្រូវការជិះតុកតុករបស់ពួកគេធ្លាក់ចុះ។ ក្រុមហ៊ុន Nham24 ផ្តល់ម៉ាស់ និងទឹកអាល់កុលលាងដៃដោយឥតគិតថ្លៃដល់អ្នកដឹកជញ្ជូនរបស់ខ្លួនប្រមាណ ៤០០ នាក់ ដែលគិតជាទឹកប្រាក់ជាង ៣ ០០០ ដុល្លារ។
លោក បូរីម៉ា ថ្លែងថា៖ «នេះមិនមែនជាពេលវេលាដើម្បីក្លាយជាអ្នកមានទេ នេះគឺជាពេលវេលាដើម្បីបម្រើដល់សហគមន៍។ យើងប្តេជ្ញាថានឹងមិនដំឡើងថ្លៃអ្វីទាំងអស់។ ក្នុងពេលវេលាបែបនេះមនុស្សមួយចំនួនអាចចាប់ផ្តើមទាញយកផលប្រយោជន៍ ប៉ុន្តែនេះមិនមែនជាទស្សនវិជ្ជារបស់យើងទេ»៕