ក្រុមហ៊ុន Silverlake Axis ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី កំពុងព្យាយាមហក់ចូលក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងរីកចម្រើន ជាវិស័យដែលបានត្រៀមខ្លួនជាស្រេចសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើឱ្យឧស្សាហកម្មមួយនេះកាន់តែរីកចម្រើន។
ក្រុមហ៊ុន Silverlake Axis ជាក្រុមហ៊ុនជំនាញក្នុងការផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាធនាគារបានរៀបចំសិក្ខាសាលាមួយដែលមានឈ្មោះថា៖ «ការតភ្ជាប់ទៅកាន់ពិភពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅឯស្ថានទូតម៉ាឡេស៊ីក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅសម្រាប់សហគមន៍ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ សេវាកម្មធនាគារតាមទូរស័ព្ទ សេវាផ្ទេរប្រាក់ឆាប់រហ័ស និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កំពុងធ្វើឱ្យប្រព័ន្ធអេកូហិរញ្ញវត្ថុមានចំនួនកាន់តែច្រើនឡើង ដោយមានក្រុមហ៊ុនជាច្រើនត្រូវបានបង្កើតឡើង ដើម្បីនាំបរិយាប័ន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់អ្នកមិនទាន់មានគណនីធនាគារ។
បច្ចេកវិទ្យាហិរញ្ញវត្ថុនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ នេះបើយោងតាមអ្នកជំនាញខាងឧស្សាហកម្មមួយនេះ ប៉ុន្តែវាទំនងឈានទៅរកការរីកចម្រើនខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈរដ្ឋាភិបាល និងវិស័យឯកជនបានធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពឲ្យទៅដល់បណ្តាខេត្តឆ្ងាយៗ។
«ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ (FinTech) នៅកម្ពុជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ខណៈគំនិតផ្តួចផ្តើមភាគច្រើនត្រូវបានគេសង្កេតឃើញមានតែនៅក្នុងវិស័យធនាគារប៉ុណ្ណោះ ជាពិសេសក្នុងប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់»។
លោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលានោះថា៖ «ដូច្នេះខ្ញុំគិតថាដំណើរវិវឌ្ឍន៍នឹងលឿន នៅពេលប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានអភិវឌ្ឍកាន់តែខ្លាំង និងគាំទ្រគ្នាទៅវិញទៅមកជាប្រព័ន្ធ។ តាមពិតសមាសធាតុចាំបាច់ជាច្រើនសម្រាប់អភិវឌ្ឍប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុគឺមានរួចហើយនៅក្នុងប្រទេសកម្ពុជា»។
ប្រទេសកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់នៅក្នុងប្រព័ន្ធទូទាត់បែបឌីជីថល ហើយធនាគារកណ្តាលមានមហិច្ឆតាក្នុងការពង្រឹងប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនវ័យក្មេងដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេស។
ជាមួយនឹងធនាគារពាណិជ្ជប្រមាណ ៤០ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៧៨ ដែលកំពុងប្រតិបត្តិការរួមគ្នានៅក្នុងសេដ្ឋកិច្ចកម្ពុជា ដើម្បីផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសដែលកំពុងរីកចម្រើននោះ ការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃគឺពិតជាសំខាន់ណាស់។
សាច់ប្រាក់នៅតែជាកម្លាំងជំរុញដ៏សំខាន់ ខណៈប្រតិបត្តិការគណនីប្រមាណ ៧០ ភាគរយជាសាច់ប្រាក់។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តមមានប្រសាសន៍ថា៖ «មានការលើកទឹកចិត្តកាន់តែច្រើនសម្រាប់ធនាគារ ដើម្បីលើកកម្ពស់បទពិសោធរបស់អតិថិជនតាមរយៈបច្ចេកវិទ្យា និងឌីជីថល ធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមិនត្រឹមតែជាឧបករណ៍ធនាគារតាមអនឡាញដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យដំណើរការកាន់តែប្រសើរ ដើម្បីកាត់បន្ថយតម្លៃប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការផងដែរ។ ដូច្នេះយើងមើលឃើញអនាគតដ៏ភ្លឺស្វាងសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា»។
ថ្លែងនៅក្នុងពិធីនោះដែរលោក Andrew Tan នាយកគ្រប់គ្រងក្រុមហ៊ុន Silverlake Axis បានបន្ថែមថា៖ «កំណើនបច្ចេកវិទ្យាហិរញ្ញវត្ថុ ការផ្លាស់ប្តូរតម្រូវការរបស់អតិថិជន និងកំណើនទិន្នន័យបានធ្វើឲ្យគ្រប់គ្នាផ្លាស់ប្តូរទៅរកសេវាធនាគារបែបឌីជីថល»។
លោកថ្លែងថា៖ «យើងទទួលស្គាល់ថាធនាគារបានវិវត្តច្រើននារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាមួយនឹងស្ថានភាពនៃប្រព័ន្ធកេរដំណែលផ្ទាល់ខ្លួន។ ដោយបានធ្វើការនៅក្នុងទីផ្សារនេះអស់រយៈពេល ៣០ ឆ្នាំមកហើយនោះ យើងមានជំហររឹងមាំនៅក្នុងការជួយធនាគារឲ្យធ្វើការផ្ទេរប្រតិបត្តិការបែបប្រពៃណីរបស់ពួកគេ ទៅប្រតិបត្តិការតាមបែបឌីជីថលវិញ»។
ក្រុមហ៊ុនមានផ្តល់ជូននូវវេទិកាដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់ធនាគារភាគច្រើន គឺកម្មវិធី Straight through Banking platform, Mobius និង Symmetri ៕