ក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ និងក្រុមការងារកំពុងនាំយកបច្ចេកវិទ្យាសម្អាតទឹកស្អាតរបស់ខ្លួនទៅកាន់ទីកន្លែងដែលខ្វះទឹកស្អាតប្រើប្រាស់ខ្លាំងបំផុត។
ក្រុមហ៊ុន Water Environment Venture Co., Ltd (WE Venture) បានខិតខំអភិវឌ្ឍគម្រោងរបស់ខ្លួនយ៉ាងខ្លាំង រួមមានទាំងការសាងសង់ស្ថានីយសម្អាតទឹកតូចៗដែលបង្កើតឡើងដោយសហគ្រិនក្នុងស្រុក ប្រើប្រាស់គំរូអាជីវកម្មសង្គម និងបច្ចេកវិទ្យា ដែលមានតម្លៃទាប។
បច្ចុប្បន្នអ្នកភូមិដែលតែងតែខ្វះខាតទឹកស្អាតប្រើប្រាស់ពួកគាត់អាចមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានតម្លៃសមរម្យ ហើយសមិទ្ធផលនេះអាចសម្រេចទៅបាន គឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។
គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន WE Venture ទាំងសម្រាប់តំបន់ជនបទ និងតាមទីប្រជុំជន គឺផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងស្ថានីយសម្អាតទឹកស្អាត។
លោក ចៃ ឡូ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន We Venture បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ការងាររបស់យើងគឺជួយលើកកម្ពស់សុខភាព និងបិរស្ថាន ដោយកាត់បន្ថយមធ្យោបាយចម្លងមេរោគជាពិសេសទាក់ទងនឹងជំងឺក្រិនដែលកើតលើកុមារ ក៏ដូចជាការកាត់បន្ថយកាកសំណល់ផងដែរ»។
យោងតាមយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ជនបទ (ឆ្នាំ ២០១១-២០២៥) បានឲ្យដឹងថា មានប្រជាជនកម្ពុជាប្រមាណតែ ៥០ ភាគរយប៉ុណ្ណោះ ដែលមានទឹកស្អាតប្រើប្រាស់ គឺប្រមាណជាង ៧,៥ លាននាក់។
រដ្ឋាភិបាលមានផែនការប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីធ្វើឲ្យប្រាកដថា ព្រះរាជាណាចក្រកម្ពុជាទាំងមូលមានទឹកស្អាតសម្រាប់ប្រើប្រាស់ត្រឹមឆ្នាំ ២០២៥។
លោក ចៃ ឡូ ថ្លែងថា៖ «ការទទួលបានស្ថានីយសម្អាតទឹកស្អាតប្រើប្រាស់ គឺជាអ្វីដែលប្រជាជនកម្ពុជាចង់បានបំផុត។ ជាញឹកញាប់ការស្ទង់មតិបានបង្ហាញអំពីតម្រូវការទឹកស្អាត និងឧបករណ៍ចម្រោះទឹកដ៏ខ្លាំងក្លា នៅស្ទើរគ្រប់ទីកន្លែង»។
លោកបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមអាជីវកម្មនេះ គឺស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ ដូច្នេះហើយឱកាសទីផ្សារមានទំហំធំធេងណាស់ (ដោយសារតែប្រជាពលរដ្ឋប្រមាណ ៧,៥ លាននាក់ទៀត នៅខ្វះទឹកស្អាតប្រើប្រាស់)។
ក្រុមហ៊ុន WE Venture គឺជាក្រុមហ៊ុនកូនខ្មែរ ១០០ ភាគរយ ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ ២០១៧ ដោយក្រុមអ្នកដែលមានបទពិសោធមកពីវិស័យផ្សេងៗគ្នា ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ។
នៅក្នុង ឆ្នាំ ២០១៩ នេះក្រុមហ៊ុនបានពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង ហើយបច្ចុប្បន្នកំពុងរៀបចំគម្រោងដំឡើងស្ថានីយសម្អាតទឹកថ្មីចំនួន ៣ ទៀត នៅក្នុងខេត្តបន្ទាយមានជ័យ។
ដើម្បីសម្រេចបានតាមគោលដៅរបស់ខ្លួនក្រុមហ៊ុនគ្រោងនឹងបង្កើតស្ថានីយចម្រោះទឹកចំនួន ៦ នៅក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។
លោក ចៃ ឡូ រៀបរាប់ថា៖ «គំនិតផ្តួចផ្តើមអាជីវកម្មនេះ គឺផ្តោតលើប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ហើយក៏រាប់បញ្ចូលប្រជាពលរដ្ឋដែលមានចំណូលទាបគឺ (អ្នកដែលរកចំណូលបាន ៨ ដុល្លារ ឬតិចជាងនេះ) ផងដែរ»។
លោកបន្តថា៖ «ការផ្តួចផ្តើមនេះ គឺកំណត់គោលដៅទៅលើអ្នកភូមិណាដែលគ្មានលទ្ធភាពទទួលបានសេវា ទឹកស្អាត និងតំបន់ដែលវិនិយោគិនឯកជនមិនចង់វិនិយោគដោយសារតែត្រូវចំណាយច្រើន ហើយទទួល បានចំណូលមកវិញតិច និងប្រើរយៈពេលយូរ»។
ក្រុមហ៊ុន WE Venture ធ្វើការជាមួយប្រតិបត្តិករទឹក និងថាមពលដៃគូអភិវឌ្ឍន៍ធនាគារ ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល ដើម្បីផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
ដោយប្រើប្រាស់អ្នកជំនាញក្នុងស្រុកក្រុមហ៊ុនក៏វិនិយោគលើថាមពលស្អាតផងដែរ ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងផ្តល់នូវដំណោះស្រាយចំពោះការខ្ជះខ្ជាយទឹក។ ចំពោះការសាងសង់ស្ថានីយសម្អាតទឹក ១ កន្លែង គឺត្រូវចំណាយពេលពី ៧ ទៅ ៨ខែ ហើយត្រូវចំណាយចន្លោះពី ២០០ ០០០ ទៅ ២៥០ ០០០ ដុល្លារ៕