ភ្នំពេញៈជន​ជាប់​ចោទ​៣​នាក់​ កាល​ពី​ម្សិល​មិញ​បាន​បដិ​សេធ​ក្នុង​សវ​នា​ការ​តុលា​ការ​កំពូល​ចំពោះ​ការ​ចោទ​ប្រ​កាន់​ពី​ករណី​ចាប់​​រំលោភ​សេព​សន្ថវៈ​ ​រួច​អារ ក​ សម្លាប់​នារី​ម្នាក់ ​ប្រព្រឹត្ត​នៅ​ភូមិ -ឃុំ ​ត្រពាំង​ថ្ម ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​ ក្នុង​ឆ្នាំ​ ២០១៤​ ជា​សំណុំ​រឿង​ដែល​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ជាប់​គុក​ម្នាក់​ៗ​ ៣០ ​ឆ្នាំ​។

ជន​ជាប់​ចោទ​ទាំង​៣​នាក់​រួម​មាន ឈ្មោះ ​តុ​ប​ ហ៊ីម​ អាយុ​ ៤០​ ឆ្នាំ,​ ឈ្មោះ ​ប៉ិន​ ស៊ង​ អាយុ ​៣០ ​ឆ្នាំ​និង​ឈ្មោះ​ នាង ​សេង​ហ៊ួ​រ អាយុ​ ១៩ ​ឆ្នាំ​ បាន​ឆ្លើយ​ក្នុង​បន្ទប់​សវនា​ការ ​ដូចៗ​គ្នា​ថា ការ​ចោទ​ពួកគេ​ថាចាប់​រំលោភរួចសម្លាប់​ស្ត្រី​រង​គ្រោះ​ឈ្មោះ សិទ្ធិ​គឹម​ស្រូ​យ​ នោះ​មិន​​ពិត​ទេ ព្រោះ​នៅ​ថ្ងៃ​កើត​ហេតុ​​ពួក​គេ​មិន​នៅ​ជុំគ្នា​ទេ​ ប៉ុន្តែ​ថាស្ត្រី​រង​គ្រោះ​រស់​នៅ​ ​ភូមិជា​មួយ​គ្នា​​មែន​ ។

ក្រុម​ជន​ជាប់​ចោទ​ឆ្លើយ​ថា៖​ «ពួក​ខ្ញុំ​ប្តឹង​សារ​ទុក្ខ​មក​តុលា​ការ​កំពូល​ពេល​នេះ​ព្រោះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​រប​ស់​សា​លា​ដំបូង​ខេត្ត​កំពង់​ចាម ​និង​សា​លា​ឧទ្ធរណ៍​ទេ » ។

លោក​ព្រះរាជ​អា​ជ្ញា ឌុ​ច គឹម​សន​ តំណាង​មហា​អយ្យ​ការ​សន្និ​ដ្ឋា​នថា៖ «យោង​តាម​អង្គ​ហេតុ​និង​របាយ​ការណ៍​បង្ហាញ​ថា​យោង​តែ​លើ​ចម្លើយ​របស់​សាក្សី​តែ​ម្នាក់ ​ឈ្មោះ ពៅ ពន្លក ក្នុង​ការ​ឆ្លើយ​ដាក់​បន្ទុក​លើ​ក្រុម​ជន​ជាប់​ចោទ​តែ​ប៉ុណ្ណោះ។ដូច្នេះ​ ខ្ញុំ​ស្នើសុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បង្វិល​សំណុំ​រឿង​ទៅ​សា​លា​ឧទ្ធរ​ណ៍​ដើម្បី​ជម្រះ​ឡើង​វិញ» ។

ក្នុង​បន្ទប់​សវនា​ការ​ លោក​មេ​ធា​វី ម៉ម ស៊ី​ដា​ណា និង​លោក មេធាវី​ ស៊ុន ប៊ុន​ណា​រិ​ទ្ធ ដែលការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទាំង៣​នាក់បាន​​សន្និ​ដ្ឋាន​ថា ក្នុង​រឿង​នេះ​កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​កា​រចោទ​ប្រកាន់​ទេ ព្រោះ​ក្រោយ​ថ្ងៃ​កើត​ នគរ​បាល​ឃុំ​ត្រពាំង​ថ្ម​ បាន​កោះ​ហៅ​កូនក្តី​ ទាំង​៣​នាក់​ទៅឆ្លើយ​បំភ្លឺ​ ហើយ​ក៏​ឲ្យ​ត្រឡប់​មក​ផ្ទះ​រៀងៗ​ខ្លួន​វិញ ដោយ​សមត្ថ​កិច្ច​យល់​ថា ពួក​គេ ​មិន​មែន​ជា​ជន​ដៃ​ដល់​។ ប៉ុន្តែ​ក្រោយ​មក​ ខាង​អាវុធ​ហត្ថ​ស្រុក​ជើង​ព្រៃ​ បាន​កោះ​ហៅ​ពួកគេ​​ម្តង​ទៀត​ ដោយ​មាន​តែ​ក្មេង​ម្នាក់ ​ឈ្មោះ​ ពៅ ពន្លក ឲ្យ​ឆ្លើយ​ជា​សាក្សី​ប៉ុណ្ណោះ​ហើយ​ចាប់​ខ្លួន​ពួក​គេ​តែ​ម្តង​ ។

ទាំង​លោក​ ម៉ម ស៊ី​ដា​ណា និង​លោក ​មេធាវី​ ស៊ុន ប៊ុន​ណា​រិ​ទ្ធ បាន​សន្និ​ដ្ឋាន​ថា៖ « រឿង​នេះ​ខាង​ប៉ូលិស​ដែល​ជា​សមត្ថ​កិច្ច​ជំនាញ​​ព្រហ្ម​ទណ្ឌ ​រក​មិន​ឃើញ​ថា​ កូន​ក្តី​ខ្ញុំ​មាន​កំហុស​ទេ ប៉ុន្តែ​មិន​ដឹង​​យ៉ាង​ម៉េច​ បាន​ជា​ខាង​ប៉េ​អឹម គេ​យក​ក្មេង​ជា​អនីតិ​ជន​មក​ឆ្លើយ​ដាក់​បន្ទុក​កូនក្តី​ខ្ញុំ​វិញ។យ៉ាង​ណា​ ខ្ញុំ​សុំ​តុលា​ការ​បង្វិល​សុំ​ណុំ​រឿងនេះ​ទៅ​សាលា​ឧទ្ធរ​ណ៍​ជំនុំជ​ម្រះ​ឡើង​វិញ »​ ។

បើ​តាម​កំណត់​ហេតុ​តុលា​ការ​បង្ហាញ​ថា កាល​ពី​រសៀល​ថ្ងៃ ២៥ តុលា​ឆ្នាំ ​២០១៤​ នារី​រង​គ្រោះ​ឈ្មោះ ​សិទ្ធិ​ គឹម​ស្រូ ​អាយុ​ ២៤​ ឆ្នាំ​ នៅ​ភូមិ​ត្រ​ពាំង ឃុំ​ត្រពាំង​គ ​ស្រុក​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម​ បាន​ទៅ​ឃ្វាល​គោ​នៅ​វាល​ស្រែ​ក្បែរ​ភូមិ។ ឯ​ជន​ជាប់​ចោទ ​ឈ្មោះ តុ​ប ហ៊ីម​ អាយុ ​៤០​ ឆ្នាំ ​កំពុង​រកត្រី​នៅ​បឹង​ក្បែរ​នោះ ខណៈ​ជន​ជាប់​ចោទ ​២ នាក់​ទៀត​ ឈ្មោះ ប៉ិន ស៊ង អាយុ​ ៣០ ឆ្នាំ​ និង​ឈ្មោះ ​នាង សេង​ហ៊ួ​រ អាយុ ​១៩ ​ឆ្នាំ ក៏​ចិញ្ចឹម​ទា​នៅ​ក្បែរ​នោះ​ដែរ​។

កំណត់​ហេតុ​ដដែល​ថា ​ដោយ​ក្រុម​ជន​ជាប់​ចោទ​ឃើញ​នារី​រងគ្រោះ​នៅ​ម្នាក់​ឯ​ង​ និង​នៅ​ទី​ស្ងាត់​ផង​នោះ ​ពួក​គេ​ក៏​ព្រួត​គ្នា​ចាប់​រំលោភ​រហូត​បានស​ម្រេចរៀ​ងៗខ្លួន​ បន្ទាប់​មក​ក៏​ចាប់​នាង​អា​រ-ក​ សម្លាប់​ចោល​ ដោយ​សារ​ពួកគេ និង​នារី​រង​គ្រោះ​ស្គាល់​គ្នា។​

ក្រោយ​ពី​មាន​ការ​ផ្អើល​ថា​មាន​មនុស្ស​ស្លាប់​នគរ​បាល​ស្រុក​បាន​ចុះ​ស្រាវ​ជ្រាវ​និង​បាន​ឃាត់​ខ្លួន​អ្នកទាំង៣នាក់។

សំណុំ​រឿងនេះ​ ត្រូវ​សា​លា​ដំបូង​ខេត្ត​កំពង់​ចាម​ ផ្តន្ទា​ទោស​កាលពី​ថ្ងៃទី​ ២៧ ខែ​មិថុនា ​ឆ្នាំ ២០១៦ ឲ្យ​ពួក​គេ​ជាប់​គុក​ម្នាក់ៗ​ ៣០​ ឆ្នាំ​ ដោយ​ចោទ​ពី​បទ ​«រំលោភ​សេព​សន្ថវៈ ​និង​ឃាត​កម្ម​គិត​ទុក​ជា​មុន» និង​បង្គាប់​ឲ្យ​រួម​គ្នា​សង​ជំងឺ​ចិត្ត​ទៅ​គ្រួ​សារ​នារី​រង​គ្រោះ ​៨០​ លាន ​រៀល៕