ភ្នំពេញៈ ដោយ​អម​ជាមួយ​នឹង​សំឡេង​ភ្លេង និង​ការផ្ទុះ​អាវុធ​ក្រុម​បុរស​ដែល​ប្រដាប់​ដោយ​អាវុធ និង​ស្ត្រី​ដែល​បង់ក​ក្រមា​ក្រហម​របស់​ខ្មែរក្រហម​បាន​ដើរ​ឆ្លងកាត់​វាលពិឃាត ហើយ​ពួកគេ​បាន​បាញ់ និង​ភ្ជង់​អាវុធ​របស់​ខ្លួន​ទៅរក​ប្រជាជន​។ ឈុតឆាក​នេះ​បាន​សម្ដែង​ឡើង​ដើម្បី​រំឭក​ដល់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម ហើយ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ដើម្បី​រំឭក​ «​ទិវា​ជាតិ​នៃ​ការចងចាំ​» ដែល​បាន​ក្លាយ​ជា​ទិវា​ជាតិ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នា​ឆ្នាំ​នេះ​។

ពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វាលពិឃាត​ជើងឯក​ក្នុង​ខណ្ឌ​ដង្កោ ជា​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ និង​បោះ​ចូល​ទៅ​ក្នុង​រណ្តៅ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍ ៧០​។ ពិធី​នេះ​មាន​អ្នក​ចូលរួម​ប្រមាណ ២០០០ នាក់​។

អ្នក​ចូលរួម​ក្នុង​ពិធី​នេះ​បាន​និយាយ​ថា​របប​ខ្មែរក្រហម​ដែល​បាន​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ បាន​បង្ខំ និង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ទៅ​រស់នៅ​ជនបទ​សម្លាប់​អ្នក​ចេះដឹង លុប​បំបាត់​ទ្រព្យសម្បត្តិ ទីផ្សារ រូបិយប័ណ្ណ វត្ត​អារាម វិហារ​សាសនា ផ្សឹក​ព្រះសង្ឃ បិទ​មន្ទីរពេទ្យ សាលារៀន ជំនឿ​សាសនា និង​បង្ខំ​ប្រជាពលរដ្ឋ ឲ្យ​ប្រព្រឹត្ត​ល្មើស​នឹង​សាសនា​របស់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើស​កម្លាំង​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ការ​បំបែក​បំបាក់​គ្រួសារ គំរាម​កំហែង បាញ់ និង​សម្លាប់​ជា​រៀងរាល់​ថ្ងៃ​ហើយ​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​អត់ឃ្លាន ទុក្ខសោក ឈឺចាប់ និង​ភាព​អយុត្តិធម៌ ពួកគេ​ត្រូវ​ចាប់​ដាក់​ខ្នោះ អារក វះ​ទ្រូង យក​ថ្លើម វាយ​សម្លាប់​នឹង​ចបកាប់ ពូថៅ គល់​ឫស្សី ដំបង ឆក់​ខ្សែភ្លើង ប្រើ​ធាងត្នោត​សម្លាប់​មនុស្ស និង​ទាញ​ក្រចក ព្យួរក​។

នៅពេល​បន្ទាប់​មក​ពិធី​នេះ​បាន​អបអរ​សមិទ្ធផល​ជាច្រើន​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា​សម្រេច​បាន ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ដែល​បាន​ជួយ​មនុស្ស​ចាស់​ និង​បាន​កសាង​ផ្លូវថ្នល់ និង​ស្ពាន និង​បាន​យក​ឈ្នះ​លើ​របប​ព្រៃផ្សៃ​ខ្មែរក្រហម ថែម​ទាំង​បាន​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រជាធិបតេយ្យ និង​ស្ថិរភាព​នយោបាយ និង​គោរព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​។

គណបក្ស​ប្រជាជន​កម្ពុជា​ ជាយូរ​មក​ហើយ​បាន​ហៅ​ខ្លួនឯង​ថា ជា​អ្នក​នាំ​មក​នូវ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ហើយ​វោហាសាស្ត្រ​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​ញឹកញាប់​ជាពិសេស​នៅ​មុន​ការបោះឆ្នោត​ចូល​មក​ដល់​។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​ថា​វា​សំខាន់​ដែល​ត្រូវការពារ មិន​ឲ្យ​មាន​ការ​បំផ្លាញ​សន្តិភាព​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខិតខំ​ប្រយុទ្ធ​យ៉ាង​លំបាក​ដើម្បី​ទទួល​បាន​។

លោក​បន្ត​ថា​៖ «​ដើម្បី​ការពារ​មិន​ឲ្យ​មាន​របប​នេះ​ត្រឡប់​មក​វិញ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​សូម​រក្សា​សន្តិភាព​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បូជា​តាំងពី​លោក​អាយុ​ ១៨ ​ឆ្នាំ​»​។

លោក​បន្ត​ថា​៖ «​ដើម្បី​រំឭក​ដល់​យុវជន​ទាំងអស់​នៅក្នុង​ជំនន់​ក្រោយ​ដើម្បី​ការពារ មិន​ឲ្យ​របប​នេះ​ត្រឡប់​មក​វិញ ដោយសារ​របប​នេះ​សាហាវ​ព្រៃផ្សៃ និង​សម្លាប់​ពូជសាសន៍​ខ្លួនឯង ដូច​ដែល​បងប្អូន​បាន​ឃើញ​នៅក្នុង​ឆាកសម្តែង សូម្បី​តែ​ម្តាយ​របស់​ខ្លួន​ក៏​ពួកគេ​មិន​ទុក​ជីវិត​ឲ្យ​ដែរ ដោយ​គាត់​ជា​កូន​របស់​អង្គការ គាត់​ត្រូវតែ​សម្លាប់​ម្តាយ​ដោយ​ចោទប្រកាន់​ថា​ក្បត់​អង្គការ​។ នេះ​ជា​ការ​ឈឺចាប់ និង​ពិបាក​នៅក្នុង​របប​ខ្មែរក្រហម ហើយ​យើង​បាន​ជួប​បទពិសោធ​ជាក់ស្តែង ហើយ​នេះ​មិនមែន​ជា​រឿង​ប្រឌិត​ទេ វា​ជា​រឿង​ពិត​ដែល​បាន​កើតឡើង​នៅក្នុង​ទឹកដី​កម្ពុជា​»​។

អ្នក​ចូលរួម​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ត្រូវ​គេ​សម្លាប់​។ហេង ជីវ័ន

លោក​បាន​បន្ថែម​ថា​ប្រជាជន​ដែល​មាន​វ័យ ៥០ ឆ្នាំ​ពួកគាត់​នៅ​ចងចាំ​អំពី​រឿង​នេះ​ហើយ​ពួកគាត់​មិន​ចង់​ឲ្យ​វា​កើតឡើង​ម្តង​ទៀត​ទេ សូម្បី​តែ​យុវជន​ជំនាន់​នេះ​ក៏​មិន​ចង់​ឃើញ​របប​នេះ​កើតឡើង​ម្តង​ទៀត​ដែរ​។

ការ​ថ្លែង​របស់​លោក​ ឃួង ស្រេង នេះ​គឺ​ហាក់បី​ដូចជា​បន្ទរ​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ថា​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​រក​សង្គ្រាម​ម្តង​ទៀត​។

លោក​ ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​អបអរ​ទិវា​នេះ​ថា​៖ «​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ជា​រៀងរហូត​»​។

អ្នកស្រី គីម លាប អាយុ​ ៧០ ​ឆ្នាំ​ក្នុង​អំឡុង​របប​ខ្មែរក្រហម​រស់នៅ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា​៖ «​ថ្ងៃនេះ​របប​នេះ​រុងរឿង​ដោយសារ​សម្តេច​បាន​ជួយសង្គ្រោះ​យើង​ទាន់​ពេលវេលា ដែល​យើង​ទាំងអស់​គ្នា​អាច​នឹង​ត្រូវ​សម្លាប់​ក្នុង​អំឡុង​ខ្មែរក្រហម ហើយ​យើង​ប៊ិះ​នឹង​គេ​យក​ទៅ​សម្លាប់​»​។

លោក ជា វ៉ាន់ថា អាយុ​ ៧០ ​ឆ្នាំ​ដែល​ក្មួយប្រុស​ ៣ ​នាក់ កូន និង​ឪពុកក្មេក បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​តាកែវ​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ថ្លែង​ថា​៖ «​វា​ដូចជា​រូបភាព​ដែល​អ្នក​បាន​ឃើញ​... ពួកគេ​ប្រើ​យើង​ដោយ​មិន​ឲ្យ​អាហារ និង​បាន​បំបែកបំបាក់​យើង​ពី​គ្រួសារ ហើយ​នៅពេល​យើង​ឈឺ យើង​មិន​មាន​ថ្នាំ និង​មិន​មាន​ការព្យាបាល​... ប្រជាពលរដ្ឋ​ស្លាប់ ឬ​រស់នៅ​ជាមួយ​នឹង​ការឈឺចាប់​»​។

«​ទិវា​ជាតិ​នៃ​ការចងចាំ​» ​នេះ​កាលពី​ដំបូង​ត្រូវ​បាន​បង្កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​ ១៩៨៤ ​ដែល​កាល​នោះ​ត្រូវ​បាន​គេ​ហៅថា​ជា​ «​ទិវា​ចងកំហឹង​» គឺ​បង្កើត​ឡើង ដើម្បី​រំឭក​ឲ្យ​មាន​ការ​ចងចាំ ចំពោះ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ជិត​ ២ ​លាន​នាក់​ក្នុង​អំឡុង​ដែល​របប​នេះ​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល ៣ ​ឆ្នាំ ៨ ​ខែ​ ២០ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១៧ ​មេសា​ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ខែ​មករា​ឆ្នាំ​ ១៩៧៩៕ PS