ភ្នំពេញៈ ក្រសួងព័ត៌មាននឹងរៀបចំកម្មវិធី «ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មាន ដែលលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជារយៈពេល ៥ ទសវត្សរ៍មកហើយ ចាប់ពីទសវត្សរ៍ ឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្ន។ ពានរង្វាន់នេះបែងចែកជា ២ គឺពានរង្វាន់ជយលាភីចំនួន ៥ នាក់ និងពានរង្វាន់កិត្តិយសចំនួន ៥ នាក់។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឱ្យដឹងថា នេះជាលើកដំបូងក្នុងការរៀបចំកម្មវិធីសម្រាប់ការលើកទឹកចិត្តអ្នកសារព័ត៌មាន។ គណៈកម្មការរៀបចំកម្មវិធី គ្រោងជ្រើសរើសអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជើងចាស់ដើម្បីសិក្សាអំពីជីវប្រវត្តិ ស្នាដៃ ការងារ និងលក្ខណសម្បត្តិដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។
លោក ផុស សុវណ្ណ ថ្លែងថា៖ «សម្រាប់អ្នកសារព័ត៌មានជើងចាស់ទាំងអស់គឺយើងគិតថា គាត់ធ្វើសារព័ត៌មានតាំងពីពេលនោះមករហូតមកដល់ពេលនេះគាត់អត់ឈប់ទេ ហើយសម្រាប់អ្នកសារព័ត៌មានថ្មីៗនៅទសវត្សរ៍ចុងក្រោយ នេះ គឺរើសតែអ្នកបានសញ្ញាបត្រត្រឹមត្រូវ ហើយកំពុងបំពេញការងារក្នុងអង្គភាពសារព័ត៌មាន»។
បើតាមលោក ផុស សុវណ្ណ ទាក់ទងនឹងការជ្រើសរើសនេះ គណៈកម្មការគ្រោងជ្រើសរើស ១ ទសវត្សរ៍យក ២ នាក់ គឺអ្នកទទួលពានជយលាភីម្នាក់ និងអ្នកទទួលពានកិត្តិយសម្នាក់ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ ១៩៧០ មក។ ការរៀបចំឆ្នាំដំបូងនេះមានគណៈកម្មការចំនួន ៥ រូបដែលមកពីក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា freshnews សារព័ត៌មានថ្មីៗ និងសារព័ត៌មានត្នោត។ កម្មវិធីនេះគ្រោងរៀបចំឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
លោក គង់ វន អ្នកយកព័ត៌មានជើងចាស់កម្ពុជាដែលធ្លាប់ចុះយកព័ត៌មានក្នុងសម័យឆ្នាំ ១៩៧០ ឱ្យដឹងថា ការចុះយកព័ត៌មានក្នុងអំឡុងឆ្នាំ ១៩៧០ គឺប្រកបទៅដោយគ្រោះថ្នាក់ ជាពិសេសនៅពេលអ្នកសារព័ត៌ចូលទៅចំកន្លែង សមរភូមិដែលមិនបានដឹងមុន ហើយអ្នកកាសែតនៅតែមានះចូលទៅដើម្បីស្វែងរកព័ត៌មាន។
«អាជ្ញាធរក្នុងសម័យនោះគឺគេលាក់ការ ជួនកាលមានការប្រយុទ្ធគ្នាខ្លាំង ប៉ុន្តែគេបែរជាប្រាប់ថាអត់សូវមានទេ មានតិចតួចអ៊ីចឹងទៅ។ ហ្នឹងជាឧបសគ្គមួយ តែនៅអាចបានព័ត៌មានខ្លះពីអ្នករត់គេចខ្លួន ចុះឡើងអីហ្នឹងប្រាប់ថា មានគេបាញ់គ្នាខ្លាំងអ៊ីចេះ ១ អ៊ីចុះ ១ អ៊ីចឹងទៅ។ គាត់អត់ព្រមតាមគាត់ចូលទៅគ្រោះថ្នាក់អ៊ីចឹងមែន»។ នេះជាការបញ្ជាក់របស់លោក គង់ វន។
បើតាមលោក គង់ វន អ្នកយកព័ត៌មានក្នុងសម័យ ១៩៧០ គឺមានការប្រកួតប្រជែងដណ្តើមគ្នាចូលយកព័ត៌មាន មិនរវល់គិតខ្លាចគ្រោះថ្នាក់បង្កឡើងដោយប្រការណាមួយឡើយ ទោះបីជាមានអ្នកប្រាប់ថា ខាងមុខមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
អ្នកកាសែតរូបនេះថ្លែងថា៖ «បើឃើញគេឃាត់ថា ឥឡូវខាងមុខមានគេបាញ់គ្នាខ្លាំងអ៊ីចឹង អត់មានអ្នកណាមិនហ៊ានទៅទេ ព្រោះសុទ្ធតែជាអ្នកសារព័ត៌មាន បម្រើឱ្យទីភ្នាក់ងារព័ត៌មាន ដូចជា យូភីអាយ អេភី អាសង់ ហ្វ្រង់ហ្វ្រែសអ៊ីចឹងទៅ ហើយខាងខ្ញុំហ្នឹងក្យូដូ គេមិនឱ្យទៅក៏នៅតែទៅ ចូលៗទៅប៉ះជាប់អ៊ីចឹងទៅហ្នឹងបទពិសោធខ្ញុំ» ។
លោក មណ្ឌល កែវ អ្នកយកព័ត៌មានជើងចាស់ម្នាក់ទៀតដែលចាប់ផ្តើមការងារជាអ្នកកាសែតដំបូងនៅឆ្នាំ ១៩៨៥ បានថ្លែងថាការចុះយកព័ត៌មានក្នុងសម័យនោះ មិនមានភាពងាយស្រួលដូចក្នុងសម័យថ្មីនេះទេ។ កង់ គឺជាមធ្យោបាយធ្វើដំណើរចុះទៅប្រមូលព័ត៌មាន ហើយត្រូវប្រញាប់ត្រឡប់មកទីស្នាក់ការវិញដើម្បីសរសេរព័ត៌មាន សម្រាប់ដាក់ចេញផ្សាយ។
លោកថ្លែងថា៖ «បន្ទាប់ពីយើងថតជួបសម្ភាសបានព័ត៌មានហើយ គឺយើងត្រូវរូតរះជិះកង់ត្រឡប់មកទីស្នាក់ការវិញដើម្បីអង្គុយសរសេរ មិនដូចបច្ចុប្បន្នអាចសរសេរនៅទីណាក៏បាននោះទេ»។
អ្នកកាសែតជើងចាស់រូបនេះសម្តែងការគាំទ្រចំពោះការបង្កើតឱ្យមានកម្មវិធីផ្តល់ពានរង្វាន់ដឹងគុណសម្រាប់អ្នកសារព័ត៌មាន ព្រោះកន្លងមកកម្មវិធីបែបនេះធ្លាប់មានតែលក្ខណៈតូចតាចមិនសមរម្យទៅនឹងគុណបំណាច់អ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «មែនទែនទៅអ្នកសារព័ត៌មានជាអ្នកដែលចូលរួមធំធេងណាស់ក្នុងការកែលម្អសង្គមក្នុងការធ្វើខ្លួនជាកញ្ចក់ ដើម្បីឆ្លុះបញ្ចាំងនូវចំណុចខ្វះខាតរបស់សង្គម គួរណាស់តែត្រូវបានទទួលការគិតគូរ ទទួលនូវគុណបំណាច់របស់អ្នកសារព័ត៌មានក្នុងការកែលម្អសង្គម»។
លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់នៅកម្ពុជាដែរនោះថ្លែងថា ការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅកម្ពុជាជារឿងសំខាន់ ព្រោះអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយទូលំទូលាយដល់មហាជន ពលរដ្ឋទូទៅក៏ដូចជាថ្នាក់ដឹកនាំ។
«មានព័ត៌មានច្រើនណាស់ដែលខ្វះចន្លោះមិនបានទៅដល់ថ្នាក់ដឹកនាំ ហើយមិនបានមកដល់ថ្នាក់ក្រោមវិញ។ អ៊ីចឹងអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ដែលជួយរំលេច ជួយបំភ្លឺ ជួយបំពេញនូវការចង់បាន ចង់ដឹង ចង់ឮពីប្រជាពលរដ្ឋ ហើយនិងថ្នាក់ដឹកនាំដែរ»។ នេះជាការលើកឡើងរបស់លោក ពុយ គា៕