ស្វាយរៀងៈ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងវៀតណាមជាច្រើននាក់ បានចូលរួមសមយុទ្ធរួមគ្នានៅព្រំដែននៃប្រទេសទាំង ២ នៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃម្សិលមិញដើម្បីជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋទាំងសងខាង នៅពេលមានប្រឈមនឹងគ្រោះមហន្តរាយដូចជា ទឹកជំនន់ ការសាយភាយសារធាតុគីមី ការរុករក និងដឹកជញ្ជូនជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និងមណ្ឌលសុខាភិបាល។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសមភាគីវៀតណាមរបស់លោក លោក ង៉ូ ស៊ុនលិច្ស បានចូលរួមធ្វើជាអធិបតីបើក និងបិទលំហាត់ហ្វឹកហ្វឺនរួមគ្នានោះកាលពីម្សិលមិញដែរ។
លោក ទៀ បាញ់ បានថ្លែងទៅកាន់ពិធីបិទលំហាត់ហ្វឹកហ្វឺននាពេលនោះថា ដំណើរការទទួលបានផលប្រកបដោយផ្លែផ្កាទៅតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ដែលបានព្រមព្រៀងគ្នានាពេលកន្លងមកដែលជាមូលដ្ឋានគ្រឹះដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅតាមព្រំដែនគោកកម្ពុជា-វៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀតរួមចំណែកឲ្យកាន់តែស៊ីជម្រៅ ការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងកងទ័ពនៃប្រទេសទាំង ២។
លោក ទៀ បាញ់ ថ្លែងថា៖ «ការសម្តែងទាំងលំហាត់នៅលើទីលាន និងការងារមនុស្សធម៌អម្បាញ់មិញគឺជាការសង្គ្រោះគ្រោះមហន្តរាយដែលបង្កឡើងដោយសារការសាយភាយសារធាតុគីមីគឺជាឧបទ្ទវហេតុដែលតម្រូវឲ្យយើងធ្វើការសហការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់ឲ្យរួចផុតពីគ្រោះថ្នាក់»។
លោក ទៀ បាញ់ បានអះអាងថា ការរៀបចំលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងសំដៅពង្រឹងសមត្ថភាពផ្លាស់ប្តូរបទពិសោធដល់កងទ័ព អាជ្ញាធរពាក់ព័ន្ធ និងប្រជាជននៅតាមព្រំដែនប្រទេសទាំង ២ សម្រាប់ចូលរួមឧបទ្ទវហេតុនៃគ្រោះមហន្តរាយផ្សេងៗទៀតដែលអាចនឹងកើតឡើងជាយថាហេតុ ដោយគ្រោះមហន្តរាយធនធានធម្មជាតិ និងបច្ចេកវិទ្យាដែលត្រូវការទាំងអស់គ្នារួមចំណែកដើម្បីឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «ការផ្លាស់ប្តូរបទពិសោធមួយក្នុងការធ្វើលំហាត់រួមគ្នាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំង ២ និងជាភារកិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំដោយឈរលើមូលដ្ឋានពិធីសារនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង ២»។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «តាមរយៈលំហាត់រួមគ្នានាពេលនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាប្រទេសទាំង ២ កាន់តែមានកម្រិតខ្ពស់ថែមទៀតក្នុងការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហការសម្របសម្រួល សកម្មភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានានៅតាមព្រំដែនដូចជា៖ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការនាំចេញចូលទំនិញខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ជាដើម»។
លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានថ្លែងប្រាប់អ្នកសារព័ត៌មានពេលដែលលោកចុះពិនិត្យទីតាំងរៀបចំលំហាត់នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ ថា គោលការណ៍នៃការធ្វើនេះ គឺដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបប្រទះគ្រោះមហន្តរាយ ឬឧប្បត្តិហេតុផ្សេងៗដែលកើតមានឡើង។
លោកបានបន្តថា៖ «គ្រោះថ្នាក់ គ្រោះមហន្តរាយតាមព្រំដែន វាជារឿងធម្មជាតិដោយគ្រោះធម្មជាតិនេះ វាបានកើតឡើងដោយមិនដឹង និងមិនប្រាប់មុនថា កើតឡើងលើអ្វី ហើយនៅពេលណានោះទេ។ ដូច្នេះដើម្បីជួយប្រជាជននៅតាមតំបន់ព្រំដែន ដែលបានរងគ្រោះដោយសារគ្រោះមហន្តរាយដោយសារធម្មជាតិ»។
លោកថា លំហាត់នោះមានការជួយសង្គ្រោះប្រជាជននៅពេលមានទឹកជំនន់ជន់លិច ការបន្សាបសារធាតុគីមី នាយទាហានជំនាញគីមីសាស្ត្រ ធ្វើសកម្មភាពបន្សាបសារធាតុគីមី នៅពេលមានការសាយភាយជាតិគីមីចេញពីរោងចក្រ និងកាកសំណល់សង្គ្រាម។ ធ្វើការរុករក និងដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងមណ្ឌលសុខភាព៕