កំពង់ស្ពឺៈ សមយុទ្ធយោធារួមគ្នារវាងចិន និងកម្ពុជាដែលមានឈ្មោះថា នាគមាសត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលយោធាមកពីប្រទេសទាំង ២ ធ្វើសមយុទ្ធរួមគ្នាបាញ់គ្រាប់ពិតនៅឯភ្នំធំម្រះព្រៅក្នុងខេត្តកំពង់ស្ពឺហើយមន្ត្រីមកពីប្រទេសទាំង ២ បានសម្តែងការសរសើរដល់ការពង្រីកទំនាក់ទំនងនេះ។
ការធ្វើសមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមីនាក្រោមប្រធានបទប្រឆាំងភេរវកម្ម និងមនុស្សធម៌។ ក្នុងសមយុទ្ធនោះទាហានរាប់រយនាក់បានចូលរួមបាញ់គ្រាប់ពិតចំនួន ២០ ០០០ គ្រាប់។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទថ្លែងថា សមយុទ្ធលើទីលានមានស៊ើបការណ៍ភូមិសាស្ត្រ ការរាវមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកគីមី ការបន្សាបសារធាតុគីមីពុល និងប្រតិបត្តិការវាយកម្ទេចជំរំភេរវករតាមរយៈការបាញ់ពីលើឧទ្ធម្ភាគចក្រ កាំភ្លើងត្បាល់បាញ់គាំទ្រ រថពាសដែក ថ្មើរជើងវាយកម្ទេចទីតាំង ព្រមទាំងប្រើឧទ្ធម្ភាគចក្រទម្លាក់កម្លាំងដើម្បីរំដោះចំណាប់ខ្លាំង និងការងារមនុស្សធម៌ជាដើម។ មានការសម្តែងលោតឆត្រយោងពីលើអាកាស ការសម្តែងក្បាច់គុនដែលទាហានកម្ពុជា និងចិនរាប់រយនាក់ចូលរួម មុនពេលក្បួនឧទ្ធម្ភាគចក្រ ៨ គ្រឿងហោះសំកាំងពីលើវេទិកា ជាមួយទង់ជាតិប្រទេសទាំង ២ ជាដើម។
រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនលោក Xiong Bo បានធ្វើការត្រួតពិនិត្យប្រតិបត្តិការនេះកាលពីព្រឹកម្សិលមិញ។
លោក ទៀ បាញ់ថ្លែងនៅក្នុងសុន្ទរកថាថា៖ «ជាជំនួយរបស់ចិនមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យ និងការពារអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។ ទំនាក់ទំនងកម្ពុជា-ចិន ដែលមានភាពគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍស៊ីជម្រៅបានផ្ដល់ប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន និងកងទ័ពប្រទេសទាំង ២ រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក»។
លោកបន្តថា៖ «កងយោធពលខេមរភូមិន្ទនៅតែចាត់ទុកថា លំហាត់ហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍសមត្ថភាពយោធិន ដែលជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើតសមត្ថភាព វិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ បូរណភាពដែនដី សន្តិភាព សន្តិសុខ សុត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា»។
នៅក្នុងសន្និសីទរួមគ្នាក្រោយបិទបញ្ចប់ការធ្វើសមយុទ្ធយោធានោះសំនួរត្រូវបានគេរៀបចំរួចជាស្រេចដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយសាកសួរ។
នៅពេលសួរអំពីគោលបំណងនៃការធ្វើសមយុទ្ធនេះមេបញ្ជាការរងនៃកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនលោក ចូវ សុងហឺរ (Zhou Songhe) បានថ្លែងថាសម្ព័ន្ធមិត្តទាំង ២៖ «ចង់បង្ហាញប្រទេសខាងក្រៅថា ចិន និងកម្ពុជានឹងសហការគ្នាដើម្បីរក្សាសន្តិសុខ និងសន្តិភាព»។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «យើងចង់ឲ្យប្រទេសខាងក្រៅមើលឃើញពីលំហាត់នាគមាសឆ្នាំនេះ យើងមានប្រធានបទសំខាន់ៗ គឺប្រឆាំងភេរវកម្ម ហើយការប្រឆាំងភេរវកម្មជាប្រធានបទនៃប្រទេសលើសកលលោក។ យើងចង់បង្ហាញឲ្យប្រទេសក្រៅឃើញថា ប្រទេសចិន និងប្រទេសកម្ពុជាមានការសហការគ្នាក្នុងការរក្សាសន្តិសុខ សន្តិភាពរបស់ប្រទេសជាតិ។ ទី ២ គឺដើម្បីបង្ហាញឲ្យឃើញថាប្រទេសយើងទាំង ២ មានសមត្ថភាពប្រឆាំងភេរវកម្ម។ សារៈសំខាន់សមយុទ្ធលើកនេះត្រូវតែឲ្យភេរវករលើពិភពលោកមានការភ័យខ្លាច»។
កម្ពុជាបានងាកទៅរកទីក្រុងប៉េកាំងវិញកាន់តែខ្លាំង ខណៈដែលដៃគូអភិវឌ្ឍន៍របស់ខ្លួនគឺប្រទេសលោកខាងលិចកំពុងរិះគន់យ៉ាងខ្លាំងចំពោះការបង្ក្រាបលើគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។
លោក Jon Grevatt អ្នកវិភាគផ្នែកកិច្ចការការពារជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថាការធ្វើសមយុទ្ធយោធានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបានកើនឡើងជាញឹកញាប់ជាពិសេសជាមួយប្រទេសចិនដែលបានធ្វើសមយុទ្ធបែបនេះស្ទើរតែគ្រប់ប្រទេសទៅហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
លោក Grevatt បន្តថា៖ «ការធ្វើសមយុទ្ធនេះគឺមិនមែនត្រឹមតែបង្ហាញកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីទំនាក់ទំនងរវាងមន្ត្រីយោធាជាន់ខ្ពស់ និងកម្រិតនៃការសន្ទនាថែមទៀតផង»។ លោកបានកត់សម្គាល់ថា ការលុបចោលការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីកាលពីពេលថ្មីៗនេះគឺវាបានបង្ហាញអំពីយុទ្ធសាស្ត្រជិតស្និទ្ធរបស់ខ្លួនក្នុងការងាកទៅរកប្រទេសចិន។
លោក Grevatt បន្តថា៖ «ពួកគេកំពុងបង្ហាញភាពជាដៃគូជិតស្និទ្ធ និងរឹងមាំហើយពួកគេមានជំនាញ ជាពិសេសកម្លាំងយោធាបំពាក់សម្ភារគ្រប់គ្រាន់»។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Xiong Bo បានលើកឡើងអំពីតម្រូវការសម្រាប់ការគាំទ្ររបស់កម្ពុជាចំពោះបញ្ហាប្រឈមក្នុងតំបន់។ លោកក៏ចាត់ទុកកម្ពុជាជាមិត្តចិត្តមួយថ្លើមមួយ។
លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «ចំនួនទាហាន និងទ្រង់ទ្រាយបរិក្ខារនៃកងទ័ពទាំង ២ បានឈានដល់កម្រិតប្រវត្តិសាស្ត្រមួយនេះ នាយទាហាន និងពលទាហានប្រទេសទាំង ២ សហការគ្នាយ៉ាងជិតស្និទ្ធ ដោយធ្វើការចម្រុះគ្នាដែលបានទទួលភាពជោគជ័យក្នុងលំហាត់...។ តាមរយៈលំហាត់លើកនេះភាគីទាំង ២ បានលើកកម្ពស់ដោយប្រសិទ្ធភាព និងគុណភាពនយោបាយ និងយោធា បច្ចេកទេស វិទ្យាសាស្ត្ររៀងៗខ្លួន ហើយក៏បានបង្កើតមិត្តភាពរវាងទាហាននៃប្រទេសទាំង ២ ពង្រឹងសមត្ថភាពប្រយុទ្ធរវាងទាហាននៃកងទ័ពប្រទេសទាំង ២ ។ ខ្ញុំសង្ឃឹមថា កងទ័ពទាំង ២ កាន់តែស៊ីជម្រៅនៃការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការបន្តបន្ទាប់ដើម្បីរួមចំណែកនៅក្នុងការជំរុញទំនាក់ទំនងប្រទេសទាំង ២ អភិវឌ្ឍ និងរួមគ្នាប្រឈមបញ្ហាក្នុងតំបន់ និងរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់»៕ NS