ភ្នំពេញៈ មន្ត្រីក្រសួងការពារជាតិឲ្យដឹងថា កងទ័ពមួកខៀវកម្ពុជាចំនួន ៤ រូបទៀត ដែលស្ថិតក្នុងបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីបានឆ្លងជំងឺកូវីដ ១៩។ ករណីឆ្លងថ្មីនេះបានបង្កើនចំនួនកងទ័ពមួកខៀវកម្ពុជាទាំងអស់កើនឡើងដល់ ១០ នាក់ហើយ ដែលបានឆ្លងជំងឺនេះ។
លោកស្រី កុសល ម៉ាលីដា អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម ប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ២ មិថុនា ថាកម្ពុជាបានទទួលដំណឹងអំពីកងទ័ពមួកខៀវទាំង ៤ នាក់ បានឆ្លងជំងឺកូវីដ ១៩ គឺនៅថ្ងៃជាមួយគ្នាដែលទទួលដំណឹងអំពីមរណភាពកងទ័ពមួកខៀវម្នាក់ដោយសារជំងឺនេះនៅប្រទេសម៉ាលីកាលពីថ្ងៃទី ៣០ ឧសភា។
លោកស្រីបន្តថា មកដល់ពេលនេះកម្ពុជាមានតែកងកម្លាំងមួកខៀវ ១០ នាក់ប៉ុណ្ណោះដែលបានឆ្លងជំងឺកូវីដ ១៩ និងសុទ្ធតែស្ថិតក្នុងប្រទេសម៉ាលី ហើយក្នុងនោះស្លាប់ម្នាក់ ជាសះស្បើយ ២ នាក់ និង ៧ នាក់ទៀតកំពុងសម្រាកព្យាបាល ប៉ុន្តែនៅមានសុខភាព និងកម្លាំងមាំមួននៅឡើយ។
លោកស្រីថា៖ «បច្ចុប្បន្នពួកគាត់ទាំង ៧ នាក់ហ្នឹងគឺមានកាយសម្បទាមាំមួនធម្មតា។ ប៉ុន្តែពួកគាត់កំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក និងស្ថិតក្រោមការព្យាបាលពីគ្រូពេទ្យរបស់អង្គការសហប្រជាជាតិដែលឈរនៅទីនោះ»។
មន្ត្រីរូបនេះបន្តថា កងកម្លាំងមួកខៀវទាំង ១០ នាក់ ដែលបានឆ្លងជំងឺកូវីដ ១៩ គឺសុទ្ធតែជាកម្លាំងដែលមិនអាចខ្វះបានក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រូវធ្វើដំណើររយៈពេលវែងតម្រូវឱ្យស្នាក់នៅតាមផ្លូវ និងស្នាក់នៅតាមស្នាក់ការរបស់អង្គការសហប្រជាជាតិ ស្របពេលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅអាហ្វ្រិក។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានប្រកាសថា ក្នុងចំណោមកងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិជាង ១៣០ នាក់ ដែលបានឆ្លងជំងឺកូវីដ ១៩ ក្នុងនោះមាន ២ នាក់ស្លាប់ ហើយម្នាក់មកពីប្រទេសកម្ពុជាដែលស្លាប់លើកដំបូង ដោយសារកូវីដ ១៩។
លោក អាន់តូនីញ៉ូ បញ្ជាក់ថាបច្ចុប្បន្នអង្គការសហប្រជាជាតិមានកងកម្លាំងរក្សាសន្ដិភាពទាំងបុរស និងស្ដ្រីជាង ៩៥ ម៉ឺននាក់ ដែលកំពុងបម្រើការនៅក្នុងបេសកកម្មចំនួន ១៣ បេសកកម្មនៅទូទាំងពិភពលោក។
ក្រសួងការពារជាតិបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកងកម្លាំងមួកខៀវជាង ៧៨០ នាក់ ដែលបែងចែងជា ៥ កងធំៗ។ ក្នុងនោះ នារីចំនួន ៧៦ នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន ៦ រួមមាន ប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី សាធារណរដ្ឋអាហ្រិកកណ្តាល និងប្រទេសយ៉េមែន។
យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិក កាលពីថ្ងៃទី ២ មិថុនាបង្ហាញថា នៅទ្វីបអាហ្វ្រិកបានរាយការណ៍ករណីឆ្លងជំងឺកូវីដ ១៩ ប្រហែល ១៥ ម៉ឺនករណី។ ក្នុងនោះជាង ៦៣ ពាន់នាក់បានជាសះស្បើយ និងស្លាប់ប្រហែល ៤ ២០០ នាក់។
កាលពីថ្ងៃទី ២ មិថុនា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានរាយការណ៍ ថាគ្មានករណីថ្មីនៃជំងឺកូវីដ១៩នោះទេ ក្រោយពីបានរកឃើញករណីចុងក្រោយនៅថ្ងៃទី ២២ ឧសភា ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១២៥ នាក់ ក្នុងនោះជាសះស្បើយ ១២៣ នាក់ និង ២ នាក់កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២ ខែមិថុនា ក៏បានទទួលជំនួយសម្ភារប្រើប្រាស់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចំនួន ១២ មុខ និងជាការផ្ដល់ជំនួយលើកទី ៤ ពីក្រសួងការពារជាតិប្រទេសចិន៕