ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ផ្នែក​ភេសជ្ជៈ និង​ស្រាបៀរ​ចំនួន​ ៦ ដែល​ត្រូវបាន​អញ្ជើញ​មក​បំភ្លឺ​លើ​ករណី​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ និង​ពន្យល់​អំពី​ច្បាប់​ពាក់ព័ន្ធ​ចំនួន​ ២​។

ជំនួប​រវាង​អគ្គនាយកដ្ឋាន​ និង​ក្រុមហ៊ុន​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​មាត្រា​សំខាន់ៗ​នៃ​ច្បាប់​ពាក់ព័ន្ធ​ចំនួន​ ២ គឺ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​។ អគ្គនាយកដ្ឋាន​ក៏បាន​ស្ដាប់​ការបំភ្លឺ​លើ​ករណី​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​របស់​ក្រុមហ៊ុន​ទាំងនោះ​។

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​បញ្ជាក់ថា​៖ «​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នាពេល​នេះ គឺ​ដើម្បី​ពង្រឹង​ការយល់ដឹង​អំពី​ការផ្សាយ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​តាម​លិខិតបទដ្ឋាន​គតិយុត្ត ដែល​មាន​ជាធរមាន កាត់បន្ថយ​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន ចំពោះ​សុខភាព​ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ និង​ជំរុញ​ការប្រកួតប្រជែង​ដោយ​សុចរិត​ដោយ​ផ្តោត​សំខាន់​លើ​កម្មវិធី និង​គម្រោង​នៃ​ការផ្តល់​រង្វាន់​ច្បាស់លាស់ និង​ត្រឹមត្រូវ​»​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ប្រាប់​ថា អគ្គនាយកដ្ឋាន​បាន​អញ្ជើញ​ក្រុមហ៊ុន​ចំនួន​ ១១ ​ឱ្យ​មក​បំភ្លឺ​អំពី​ការផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន ប៉ុន្តែ​មាន​តែ​ក្រុមហ៊ុន​ចំនួន ៦ ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​កាលពី​ថ្ងៃទី​ ៤ មករា ខណៈ​ដែល​ក្រុមហ៊ុន​ចំនួន​ ៥ ​ទៀត​នឹង​ត្រូវ​ចេញ​លិខិតអញ្ជើញ​លើក​ទី​ ២ ឱ្យមក​ប្រជុំ​នៅ​ថ្ងៃ​ ២០ មករា​។

ក្រុមហ៊ុន​ទាំងនេះ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទៅនឹង​បទប្បញ្ញត្តិ​ទេ ប៉ុន្តែ​លោក​ពន្យល់ថា តាមច្បាប់ ការផ្សាយពាណិជ្ជកម្ម​តម្រូវឱ្យ​ក្រុមហ៊ុន​បង្ហាញ​ពី​គម្រោង​នៃ​ការផ្ដល់រង្វាន់​។ ប្រសិនបើ​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​ពិតជា​ផ្ដល់​រង្វាន់​ពិតប្រាកដ​មែន​នោះ ក្រុមហ៊ុន​ត្រូវ​មាន​ឯកសារយោង​ផ្សេងៗ​ដូច​ដែល​ច្បាប់​បានចែង​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជា​គោលការណ៍ យើង​ផ្សព្វផ្សាយ​ប្រាប់​គាត់​ទុក​ពេល​វេលា​ឱ្យ​គាត់​បង្ហាញ​ឯកសារ ដែល​បញ្ជាក់ថា ការផ្ដល់​រង្វាន់​របស់​គាត់ គឺជា​រឿង​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ​អាច​ថា ១ ​ឆ្នាំ ឬ​ ៦ ​ខែ ពេល​ដែល​គាត់​ផ្សាយពាណិជ្ជកម្ម គាត់​ត្រូវ​បង្ហាញ​ឯកសារ​ពិតប្រាកដ​»​។

លោក​បន្តថា ក្រុមការងារ​អគ្គនាយកដ្ឋាន​តែងតែ​តាមដាន​ការផ្សាយពាណិជ្ជកម្ម​តាម​វិធី​ផ្សេងៗ​ដូចជា​តាម​ទូរទស្សន៍​ជាដើម ហើយ​តែងតែ​ជួប​ជាមួយ​ក្រុមហ៊ុន​ជា​ទៀងទាត់ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ឯកសារ​អំពី​ការប្រកាស​ផ្ដល់​រង្វាន់​របស់ខ្លួន​ព្រមទាំង​ណែនាំ​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ដែល​មាន​លក្ខណៈ​បំភ្លៃ​ហួសហេតុ ឬ​ក្នុង​រូបភាព​ក្លែងបន្លំ ដែល​ប៉ះពាល់​ផលប្រយោជន៍​អ្នកប្រើប្រាស់​។

ករណី​ដែល​ក្រុមហ៊ុន​មិន​ធ្វើតាម​ការផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន អគ្គនាយកដ្ឋាន​នឹង​ចាត់វិធានការ​ទៅតាម​នីតិវិធី​នៃ​ការពិន័យ​អន្តរការណ៍​តាម​លំដាប់​លំដោយ​រហូតដល់​មានការ​បញ្ជូនទៅ​តុលាការ​។ ទោះយ៉ាងណា​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ត្រូវបាន​ជួបប្រជុំ​ពី​ម្សិលមិញ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ថា ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ជំនួញ​ផ្នែក​ភេសជ្ជៈ និង​ស្រាបៀរ​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ថ្លែង​ថា មាន​ផលិតផល​ជាច្រើន​បាន​ផ្សាយពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​ដល់​អ្នកប្រើប្រាស់​។ សម្រាប់​ផលិតផល​គ្រឿង​ស្រវឹង លោក​យល់​ថា​ការប្រកាស​ផ្ដល់​រង្វាន់​អាច​ទាក់ទាញ​ឱ្យមាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​ជាពិសេស​រង្វាន់​ដែល​មិនមែន​ជា​របស់​ផ្សេង​ក្រៅពី​ផលិតផល​គ្រឿង​ស្រវឹង​ដដែល​នោះ​។ «​ឧទាហរណ៍​គាត់​ត្រូវ​ទិញ​តែ​ ២ ​ដប​ផឹក​ទេ​តែ​ត្រូវបាន​ ២ ​ដប​ទៀត គាត់​ត្រូវយក​ទៅណា​គឺ​គាត់​ផឹក​ទៀត​។ បើ​គាត់​ផឹក​ទៀត តើ​អ្វីដែល​នឹង​កើតឡើង​ចំពោះ​គាត់​។ គាត់​ផឹក​ច្រើន គ្រោះថ្នាក់​ច្រើន​។ អ៊ីចឹង​ការផ្ដល់​រង្វាន់​គឺជា​ទម្រង់​មួយ​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ទាក់ទាញ​ដូចគ្នា​ហើយ​ដែល​ខ្ញុំ​គិតថា គួរតែ​ត្រូវបាន​ហាមឃាត់​»៕

វីដេអូ៖