ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​នៃ​ក្រសួងពាណិជ្ជកម្ម​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការធ្វើ​ធុរកិច្ច​ប្រេងឥន្ធនៈ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​ទូទាំង​ ២៥ ​រាជធានី-ខេត្ដ ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ចំណេះដឹង​ពី​លិខិត​បទដ្ឋាន​នានា​មុន​នឹង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ពិន័យ​អន្តរកាល​។

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។ ផ្តល់នូវ​ទំនុកចិត្ត និង​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុចរិតភាព​ទទួល​បាន​ភាពយុត្តិធម៌​ក្នុង​ការប្រកួតប្រជែង​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​យុទ្ធនាការ​នេះ នៅ​ទូទាំង​ ២៥ ​រាជធានី-ខេត្ដ​ដោយ​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​មាន​ធុរកិច្ច​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​ទាំងអស់​ចូលរួម​។ យើង​បាន​ចាប់ផ្ដើម​យុទ្ធនាការ​នេះ កាលពី​ចុងខែ​កញ្ញា និង​គ្រោង​បិទបញ្ចប់​នៅ​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំ​នេះ​»​។

លោក​ ផាន អូន បន្ថែមថា​៖ «​ក្រោយ​បញ្ចប់​យុទ្ធនាការ​នេះ យើង​នឹង​ចាប់ផ្ដើម​អនុវត្ដ​វិធានការ​ពិន័យ​អន្តរកាល​ទៅលើ​អ្នក​ប្រព្រឹត្ដ​ល្មើស​ក្នុង​វិស័យ​ធុរកិច្ច​ប្រេងឥន្ធនៈ​នេះ​»​។

បើ​តាម​មន្ត្រី​រូបនេះ​គឺ​តាមរយៈ​យុទ្ធនាការ​នេះ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប. នឹង​ផ្សព្វផ្សាយ​ខ្លឹមសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ទទួល​បាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​រកឃើញ​ភាពមិន​អនុលោម​តាមច្បាប់​កំណត់ យើង​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​មួយចំនួន​រួចហើយ​ដែរ​។ ដូច្នេះ​តាមរយៈ​យុទ្ធនាការ​នេះ យើង​បាន​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ម្ដងទៀត​មុនពេល​ដែល​យើង​អនុវត្ដ​វិធានការ​ពិន័យ​អន្តរកាល​»​។

បើ​តាម​លោក​ ផាន អូន ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា យន្តការ​នៃ​ការត្រួតពិនិត្យ​ផលិតផល​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​លក់រាយ​ប្រេងឥន្ធនៈ និង​ទោសប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​មិន​សុចរិត​ក្នុង​អាជីវកម្ម​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​ដែលមាន​ការបន្លំ​ជា​បរិមាណ គុណភាព​ជាដើម​នឹង​ត្រូវ​លើកឡើង​មក​ផ្សព្វផ្សាយ​នៅក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។

អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យ​ដឹងថា កន្លងមក​បាន​ផ្សព្វផ្សាយ​នូវ​ខ្សែ​វីដេអូ​អប់រំ​អំពី​សុវត្ថិភាព​ម្ហូបអាហារ ខ្សែ​វីដេអូ​អប់រំ​ការយល់ដឹង​អំពី​ការទិញ​ទំនិញ​តាម​ប្រព័ន្ធ Online ផ្ទាំង​រូបភាព​អប់រំ​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​ខិត្តប័ណ្ណ​អប់រំ​អំពី​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​។

កាលពី​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ​ ២០២០ អគ្គនាយកដ្ឋាន ក.ប.ប. បាន​ជួបពិភាក្សា​ការងារ និង​ផ្សព្វផ្សាយ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេងឥន្ធនៈ​ដល់​បណ្តា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ចំនួន​ ១០ ​រួច​មក​ហើយ​ដែរ​។

ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ការបើក​យុទ្ធនាការ​នេះ ព្រោះ​កន្លងមក​ពួកគាត់​បាន​ជួប​បញ្ហា ការកេងបន្លំ​របស់​ម្ចាស់​ធុរកិច្ច​ក្នុង​វិស័យនេះ​។ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ សុភា នីតា បានស្នើ​ដល់​ក្រុមការងារ​ធ្វើយុទ្ធនាការ​នេះ​កុំឱ្យ​មាន​អំពើ​ពុករលួយ​នៅក្នុង​អង្គភាព​ការងារ​។ ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ​ មួង អង្គារ៉ា លើក​ឡើង​ថា​៖ «​ខ្ញុំ​គាំទ្រ ព្រោះ​រឿង​ប្រេងឥន្ធនៈ​នេះ​ពិតជា​ជួប​នូវ​បញ្ហា​លួច​បន្លំ​ច្រើនណាស់ ទាំង​គុណភាព និង​បរិមាណ​»៕