ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ឱ្យ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និង​អាជីវករ​ផ្ដល់ព័ត៌មាន បើ​សង្ស័យ​ករណី​មាន​ជនខិលខូច​បន្លំ​ខ្លួន​ជា​មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប ទៅ​ដើរ​ជំរិត​ទារប្រាក់​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ជនខិលខូច​មួយចំនួន​បាន​បន្លំ​ខ្លួន​ជា​មន្ត្រី​អតីត​កាំកុងត្រូល ឬ​ជា​មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប យក​តួនាទី និង​ភារកិច្ច​ថ្មី​នេះ ដើរ​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និង​អាជីវករ ដោយ​ធានា​ជួយ​ដោះស្រាយ​បញ្ហា​ ឬ​សម្របសម្រួល​លើ​បាតុភាព​ណាមួយ ឬ​ជា​ថ្នូរ​នឹង​ការមិន​ចុះ​ត្រួតពិនិត្យ​ពី​មន្ដ្រី​ជំនាញ​ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​បាន​ដក​កាំ​កុងត្រូល ចេញ​អស់ហើយ​តាំងពី​ឆ្នាំ​ ២០១៩ គឺ​មិន​អនុញ្ញាត​ឱ្យ​យកលុយ​គេ​ទេ​។ ឥឡូវ​មន្ដ្រី​យើង មានលទ្ធភាព​តែ​ក្នុងការ​អនុវត្ដច្បាប់ ការផ្សព្វផ្សាយ​ច្បាប់ និង​ការតាក់តែង​ឯកសារ​ច្បាប់​មួយចំនួន ទាក់ទង​នឹង​កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ក្នុង​ការត្រៀម​លក្ខណៈ​ដើម្បី​អនុវត្ដ​បន្ត​»​។

លោក ផាន អូន បញ្ជាក់​ថា បើសិន​ជា​ពាណិជ្ជករ អាជីវករ ឃើញ​មាន​ករណី​ការទាមទារ​ប្រាក់​ណាមួយ​ដែល​កើតឡើង​ត្រូវ​កំណត់​អត្ដសញ្ញាណ​បុគ្គល​នោះ​ឱ្យបាន​រួច​ផ្ដល់​អត្តសញ្ញាណ​មកកាន់​អគ្គនាយកដ្ឋាន ក.ប.ប​។ អគ្គនាយកដ្ឋាន ក.ប.ប នឹង​ចេញ​ការពិន័យ​អន្តរការណ៍​មួយទៀត​ដែល​ត្រូវ​ពិន័យ​ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម មិន​សុចរិត​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុងតែ​ពិភាក្សា​ជាមួយ​អន្តរក្រសួង​មាន​ក្រសួង​យុត្ដិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​។ បើសិន​ជា​ជនខិលខូច ដែល​ជំរិត​ទារប្រាក់​នោះ​ជា​មន្ដ្រី យើង​នឹង​អនុវត្ដ​ទោស​តាមច្បាប់​មន្ដ្រីរាជការ និង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន ក.ប.ប កាលពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ឆបោក​ខាងលើ និង​ដើម្បី​វែកមុខ​ជនខិលខូច​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ប្រសិន​បើ​ម្ចាស់​អាជីវកម្ម អាជីវករ និង​សាធារណជន​មាន​ការសង្ស័យ​ជាយថាហេតុ​ណាមួយ សូម​ផ្តល់​ព័ត៌មាន​មក​អគ្គនាយកដ្ឋាន ក.ប.ប តាមរយៈ ហ្វេសប៊ុក «​អគ្គ.ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (CCF)» ឬ​លេខ​ទូរស័ព្ទ ០២៣ ២៣១ ៨៥៦/០១២ ៥២៦ ៦៦០/០១២ ៩២៥ ៣១៧/០១២ ៨២៨ ២៣២/០៩២ ៨៣០ ៨៥៦​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នៅ​រៀងរាល់​ពេលចេញ​ប្រតិបត្តិការ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន មន្ត្រី​ជំនាញ​របស់​ ក.ប.ប ប្រើប្រាស់​ឯកសណ្ឋាន​ការងារ សញ្ញា​សម្គាល់ សញ្ញាស័ក្ដិ ដោយមាន​ភ្ជាប់​ស្លាក​ឈ្មោះ និង​លេខ​សម្គាល់​ខ្លួន និង​មាន​លិខិត​បញ្ជា​បេសកកម្ម​ត្រឹមត្រូវ​ក្នុងករណី​ប្រតិបត្តិការ​ការងារ​ក្រៅ​ដែន​សមត្ថកិច្ច​។

បច្ចុប្បន្ន អគ្គនាយកដ្ឋាន ក.ប.ប ត្រូវ​បានផ្តល់​អាណត្តិ​ដោយ​ច្បាប់​ចំនួន ២ គឺ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​មួយចំនួន​ទៀត ដើម្បី​អនុវត្ត​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​សំដៅ​ជំរុញ​ឱ្យ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ប្រកប​ដោយ​សុចរិត ការប្រកួតប្រជែង​ដោយ​ស្មើភាព ទប់ស្កាត់​ និង​បង្ក្រាប​ការក្លែងបន្លំ ពាណិជ្ជកម្ម​ធានា​​គុណភាព​សុវត្ថិភាព និង​អនុលោមភាព​នៃ​ផលិតផល​ទំនិញ​ និង​សេវា ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ និង​លោកស្រី កែវ មុំ តំណាង​សមាគម​ឧស្សាហកម្ម ធុន​តូច​ និង​មធ្យម​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ព្រោះ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​៕

វីដេអូ៖