ភ្នំពេញៈ ក្រោយកិច្ចប្រជុំជាមួយមាតាបិតាទារករងគ្រោះ និងតំណាងក្រុមហ៊ុននាំចូលផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt កាលពីថ្ងៃទី ៥-៦ ខែតុលា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មបានទុករយៈពេល ១ ខែឱ្យភាគីទាំង ២ ដោះស្រាយគ្នាតាមផ្លូវរដ្ឋប្បវេណី ហើយបើគ្មានលទ្ធផលនឹងបន្តទៅតាមផ្លូវតុលាការ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ៦ ខែតុលាក្រោយកិច្ចប្រជុំមាតាបិតាទារករងគ្រោះពីការប្រើប្រាស់ម្សៅទឹកដោះគោម៉ាក Nutrilatt និងភាគីក្រុមហ៊ុនថាអគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តទុកពេល ១ ខែដល់ភាគីទាំង ២ ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់សំណងដល់ជនរងគ្រោះតាមផ្លូវរដ្ឋប្បវេណី។ ស្របពេលនេះចំនួនមាតាបិតាទារករងគ្រោះបានមកដាក់បណ្ដឹងកើនឡើងពី ១៦ គ្រួសារមកដល់ ២៤ គ្រួសារហើយ។
លោកថ្លែងថា៖ «យើងទុកពេលឱ្យពួកគាត់ដោះស្រាយតាមផ្លូវរដ្ឋប្បវេណីសិន។ ចំពោះដំណោះស្រាយតាមផ្លូវព្រះរាជអាជ្ញាគឺធ្វើនៅតាមក្រោយ។ យើងទុករយៈពេល ១ ខែ ដើម្បីឱ្យពួកគាត់ [ក្រុមហ៊ុន] ធ្វើរបាយការណ៍ ពិនិត្យមើលថាតើការដោះស្រាយសំណងនោះយ៉ាងម៉េចទៅដល់ភាគីមាតាបិតាទារករងគ្រោះគឺទុកឱ្យគាត់ដោះស្រាយតាមនោះទៅ»។
ក្រុមមាតាបិតាទារករងគ្រោះ ក្រោយពីបានប្រើប្រាស់ម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ ប្រភេទ (B/N: 487, 488, 536, 537, 538, 539) បានបង្កឱ្យកូន [ទារក] របស់ពួកគាត់មានសភាពឈឺ ស្លេកស្លាំង និងមានជំងឺខ្វះជាតិដែក ទើបស្នើទៅរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មកាលពីខែកក្កដា និងខែសីហា ដើម្បីស្វែងរកដំណោះស្រាយ។
ក្រោយពីទទួលបណ្ដឹងនៅថ្ងៃទី ២៦ ខែសីហា អគ្គនាយកដ្ឋាន ក.ប.ប បានបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ ប្រភេទខាងលើ បន្ទាប់ពីបានធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យ និងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសិង្ហបុរី។ ការវិភាគបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងម្សៅទឹកដោះគោទាំងនេះមានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដាកូដិចអន្តរជាតិ (Codex International Standard)។
អ្នកស្រី លីវ សំណាង មាតាទារករងគ្រោះម្នាក់ដែលបានប្រើផលិតផលម្សៅទឹកដោះគោនេះប្រាប់កាលពីថ្ងៃទី ៦ តុលាថា ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី ៥ ខែតុលា អគ្គនាយកដ្ឋាន ក.ប.ប បានទុករយៈពេល ១ ខែដល់ភាគីក្រុមហ៊ុន សម្រាប់ការដោះស្រាយសំណងដល់មាតាបិតាទារករងគ្រោះទៅតាមទំហំនៃសំណងផ្សេងៗ ដែលភាគីទាំង ២ បានចរចាគ្នា។
អ្នកស្រីបន្តថា៖ «ដូច្នេះចាប់ពីថ្ងៃទី ៥ ខែតុលានេះរហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា អគ្គនាយកដ្ឋាន ក.ប.ប ទុកពេលឱ្យភាគីទាំង ២ ចរចាជាមួយគ្នា»។
អ្នកស្រី លីវ សំណាង បានឱ្យដឹងថាក្រុមមាតាបិតាទារករងគ្រោះបានទាមទារសំណងទៅតាមរូបមន្ត និងការវិភាគច្បាស់លាស់ក្នុងនោះមានសំណងទៅលើការចំណាយផ្សេងៗ ដែលបង្កឡើងពីការប្រើប្រាស់ម្សៅទឹកដោះគោនេះ និងសំណងទៅលើថ្លៃព្យាបាលទារករងគ្រោះទៅថ្ងៃអនាគតផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ជំងឺខ្វះជាតិដែក និងខ្វះជាតិស័ង្កសី ដែលបណ្ដាលមកពីការប្រើប្រាស់ម្សៅទឹកដោះគោនេះ វាមិនមែនកើតឡើងតែបច្ចុប្បន្ននេះទេ គឺវានឹងជះឥទ្ធិពលរហូតទៅដល់ទារកពេញវ័យ ១៥-១៨ ឆ្នាំ ដូច្នេះយើងបានទាមទារសំណងទៅលើថ្លៃព្យាបាលនេះ។ យើងក៏ទាមទារទៅលើការអប់រំដល់កូនរបស់ពួកយើងផងដែរព្រោះប្រព័ន្ធខួរក្បាលពួកគាត់បានរងផលប៉ះពាល់»។
ក្រុមហ៊ុន NUTRIATT MAS-TER LM.CO.LTD កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ បានចេញលិខិតសុំអភ័យទោសជាសាធារណៈដល់រដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. និងមាតាបិតារបស់ទារក និងកុមាររងផលប៉ះពាល់ពីការប្រើប្រាស់ម្សៅទឹកដោះគោម៉ាក Nutrilatt របស់ខ្លួន។
ក្រុមហ៊ុនបានអះអាងថា ខ្លួនក៏ជាជនរងគ្រោះដោយសារកង្វះខាតលក្ខណៈបច្ចេកទេសក្នុងការផលិត និងត្រួតពិនិត្យគុណភាព ផលិតផលម្សៅទឹកដោះគោនេះដែរ ទើបធ្វើឱ្យក្រុមហ៊ុនទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរ៕
វីដេអូ៖