ឧត្ដរមានជ័យៈ ក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីនៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុកក្នុងខេត្តឧត្តរមានជ័យបានឡើងដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយគឺ ៣,៩០ ម៉ែត្រ ដែលកម្ពស់ទឹកប្រកាសអាសន្នគឺ ៤,២០ ម៉ែត្រ។
បើយោងតាមរបាយការណ៍របស់ក្រសួង កម្ពស់ទឹកក្នុងអាងទឹកតាម៉ុកនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ បានកើនឡើង ០,០៧ ម៉ែត្របើធៀបនឹងថ្ងៃទី ៩។
លោក ជា ពិសិដ្ឋ អ្នកនាំពាក្យនៃសាលាខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា បើគិតត្រឹមព្រឹកថ្ងៃទី ១០ ខែសីហា នេះ កម្ពស់ទឹកក្នុងអាងទឹកតាម៉ុកបានកើនឡើងខ្ពស់ជិតដល់កម្រិតនៃការប្រកាសអាសន្ន ប៉ុន្តែមិនមានអ្វីគួរឱ្យបារម្ភខ្លាំងនោះទេដោយសារតំបន់នេះជាតំបន់ផ្ទៃរងទឹកភ្លៀង។
លោក ជា ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «នៅសល់តែប្រមាណជា ២ តឹកទៀតប៉ុណ្ណោះទឹកនឹងឡើងដល់កម្រិតនៃការប្រកាសអាសន្ន ប៉ុន្តែមិនមានអ្វីជាការចាប់អារម្មណ៍នោះទេ។ តំបន់នេះជាតំបន់ផ្ទៃរងទឹកភ្លៀងដែលកាលណាភ្លៀងធ្លាក់ខ្លាំងជាប់គ្នាច្រើនថ្ងៃដូចនេះវាធ្វើឱ្យមានទឹកហូរកាត់អាងទឹកនេះចាក់ទៅអាងធម្មជាតិផ្នែកខាងក្រោម។ ដូចនេះនៅពេលដែលភ្លៀងខ្លាំង ទឹកវានឹងបុកមកខ្លាំង ហូរមិនទាន់ក៏ធ្វើឱ្យលិចផ្នែកខាងលើនេះ ប៉ុន្តែទឹកនឹងស្រកវិញប្រសិនបើភ្លៀងរាំង ១ ឬ ២ ថ្ងៃយ៉ាងយូរ»។
មន្ត្រីអ្នកនាំពាក្យខេត្តឧត្តរមានជ័យរូបនេះបាននិយាយទៀតថា ស្ថានភាពបច្ចុប្បន្ននេះមិនទាន់មានការប្រឈមខ្លាំងនោះទេ លើកលែងតែអាងធម្មជាតិខាងក្រោមទឹកពេញនោះអាចនឹងប្រឈមទឹកជំនន់ដែលជាធម្មតាអាងធម្មជាតិទាំងនោះនឹងពេញនៅពាក់កណ្តាល ឬចុងខែកញ្ញា ឬ ដើមខែតុលា។
លោក ជា ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា៖ «ការធ្វើចរាចរណ៍នៅលើស្ពានតាម៉ុកនឹងបិទការធ្វើចរាចរណ៍បណ្តោះអាសន្នប្រសិនបើទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាងនៅក្រៅប្រជុំជនមួយទៀតដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ប៉ុន្តែមកដល់ពេលនេះគឺយើងនៅអនុញ្ញាតឱ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ស្ពាននេះជាធម្មតាដដែល»។
លោកបានបន្តថា នៅថ្ងៃត្រង់ថ្ងៃទី ១១ ខែសីហា កម្ពស់ទឹកអាចនឹងថមថយវិញ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។
អាជ្ញាធរភូមិស្រុកនៅបន្តប្រចាំឃ្លាំមើលស្ថានភាពទឹកនៅអាងទឹកតាម៉ុកនេះជាប់ជាប្រចាំដើម្បីការពារសុវត្ថិភាព និងប្រកាសព័ត៌មានដល់ប្រជាពលរដ្ឋទាន់ពេលវេលានៅពេលដែលទឹកឡើងខ្លាំង។
លោក ជា ពិសិដ្ឋ បានប្រាប់ឱ្យដឹងដែរថា មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ ឬទ្រព្យសម្បត្តិមានការប៉ះពាល់ធ្ងន់ធ្ងរដោយទឹកឡើងនេះនៅឡើយទេ។
លោក ឃុន សុខា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់នៅថ្ងៃចន្ទម្សិលមិញថា សម្រាប់ស្ថានភាពនៃទឹកជំនន់មកដល់ពេលនេះមិនមានអ្វីចោទជាបញ្ហានោះទេ ពិសេសទឹកជំនន់ទន្លេមេគង្គគឺកម្រិតទឹកនៅបាតទន្លេនៅឡើយ ខណៈដែលមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះតែប៉ុណ្ណោះ ដោយសារប្រទេសកម្ពុជាជួបប្រទះនូវព្យុះភ្លៀងមួយរយៈនេះ ប៉ុន្តែមិនបានបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡើយទេ។
លោក សុខា បានមានប្រសាសន៍ថា៖ «ខេត្តដែលទទួលរងនូវជំនន់ទឹកភ្លៀង គឺមាននៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនបានប៉ះពាល់ខ្លាំងនោះទេដោយសារតែទឹកបានស្រកអស់នៅពេលដែលភ្លៀងរាំង»។
ទោះជាយ៉ាងណាក៏ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយនឹងក្រសួងជំនាញ និងតាមដានជាប្រចាំនៅតាមបណ្តាខេត្តទូទាំងប្រទេសពីករណីព្យុះភ្លៀង ដើម្បីបង្ការការពារនូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋដោយមិនអាចធ្វេសប្រហែសបានជាដាច់ខាត។
លោក ឃុន សុខា បានបញ្ជាក់ថា៖ «ពីខែនេះទៅជារដូវដែលអាចប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលយើងកំពុងតែបន្តតាមដានជាប់ជារហូតដោយយើងមិនអាចធ្វេសប្រហែសបាននោះទេ និងធ្វើការទាក់ទងជាមួយខេត្តដែលមានផលប៉ះពាល់ដើម្បីចាត់វិធានការ និងបានធ្វើការណែនាំនៅគ្រប់ខេត្ត ថ្នាក់ក្រោមជាតិឱ្យត្រៀមប្រុងប្រយ័ត្ន និងរៀបចំផែនការសម្រាប់ត្រៀមបម្រុងឆ្លើយតបប្រសិនបើមានករណីយថាហេតុណាមួយកើតមានឡើង»។
តាមការសង្កេតមើលរបស់លោកស្ថានភាពទឹកជំនន់នៅឆ្នាំនេះហាក់មានសភាពឡើងយឺតជាងឆ្នាំមុន ប៉ុន្តែលោកមិនទាន់អាចព្យាករបាននៅឡើយថា វាមានទឹកតូច ឬទឹកធំនៅឡើយទេ ដោយសារការប្រែប្រួលអាកាសធាតុ ការធ្លាក់ភ្លៀងក្នុងអាងទន្លេមេគង្គមានការប្រែប្រួលផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងផងដែរថា នៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២០ នេះ ស្ថានភាពខ្យល់កន្ត្រាក់ដែលបានកើតមានឡើងបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤ ៨៨៦ ខ្នង មានមនុស្សស្លាប់ចំនួន ៤ នាក់ និងរបួសចំនួន ៥១ នាក់។ ចំណែកករណីរន្ទះបាញ់បានធ្វើឱ្យមនុស្សស្លាប់ចំនួន ៤៧ នាក់ និងរបួស ៣៤ នាក់ផងដែរ៕
វីដេអូ៖